អេសាយ
ជំពូក 31
វេទនាដល់ពួកអ្នកដែលចុះទៅឯស្រុកអេស៊ីព្ទដើម្បីរកគេជួយ ព្រមទាំងពឹងដល់សេះ ហើយទុកចិត្តនឹងរទេះចម្បាំង ដោយព្រោះគេមានជាច្រើន ហើយនិងពលសេះផង ដោយព្រោះគេមានកម្លាំងណាស់ ឥតសង្ឃឹមដល់ព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែល ឬស្វែងរកព្រះយេហូវ៉ាសោះ
2 ឯទ្រង់វិញ ទ្រង់ក៏មានប្រាជ្ញាដែរ ទ្រង់នឹងនាំសេចក្ដីវេទនាមក ហើយមិនព្រមដកព្រះបន្ទូលទ្រង់វិញឡើយ គឺទ្រង់នឹងក្រោកឡើងទាស់នឹងពួកវង្សរបស់អ្នកដែលប្រព្រឹត្តអាក្រក់ ហើយទាស់នឹងអស់អ្នកដែលចូលដៃជាមួយនឹងពួកប្រព្រឹត្តអំពើទុច្ចរិតនោះ
3 រីឯពួកសាសន៍អេស៊ីព្ទគេគ្រាន់តែជាមនុស្សប៉ុណ្ណោះ មិនមែនជាព្រះទេ ហើយសេះរបស់គេគ្រាន់តែជាសាច់ឈាមដែរ មិនមែនជាវិញ្ញាណឡើយ ដូច្នេះ កាលណាព្រះយេហូវ៉ាទ្រង់លូកសន្ធឹងព្រះហស្តទៅ នោះទោះទាំងអ្នកដែលជួយក៏នឹងចំពប់ ហើយអ្នកដែលគេជួយ ក៏នឹងដួលដែរ គេនឹងត្រូវវិនាសទៅទាំងអស់គ្នា។
4 ដ្បិតព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលមកខ្ញុំដូច្នេះថា ព្រះយេហូវ៉ានៃពួកពលបរិវារទ្រង់នឹងយាងចុះមកច្បាំងលើភ្នំស៊ីយ៉ូន ហើយលើទីទួលនៃភ្នំនោះ ប្រៀបដូចជាសិង្ហ និងកូនវា ដែលគ្រហឹមពីលើរំពា ទោះបើគេហៅពួកអ្នកគង្វាលជាច្រើនមកបង្ក្រាបវាក៏ដោយ គង់តែវាមិនភ័យខ្លាចដោយឮសំឡេងគេ ឬក្រាបចុះ ដោយព្រោះសូរយុកយាក់របស់គេឡើយ
5 ព្រះយេហូវ៉ានៃពួកពលបរិវារទ្រង់នឹងការពារក្រុងយេរូសាឡឹម ដូចជាសត្វស្លាបដែលហើររេរាការពារសំបុកដែរ ទ្រង់នឹងការពារ ហើយជួយឲ្យរួច ទ្រង់នឹងហោះពីលើ ហើយរារាំងផង
6 ឱពួកកូនចៅអ៊ីស្រាអែលអើយ ចូរត្រឡប់មកឯព្រះអង្គ ដែលអ្នករាល់គ្នាបានបះបោរនឹងទ្រង់ជាខ្លាំងទៅហើយ
7 ពីព្រោះនៅគ្រានោះ គ្រប់មនុស្សទាំងអស់នឹងបោះចោលរូបព្រះធ្វើពីប្រាក់ ហើយពីមាស ដែលដៃអ្នករាល់គ្នាបានធ្វើសម្រាប់ខ្លួន ជាការដែលរាប់ជាអំពើបាបពិត
8 នោះពួកអាសស៊ើរនឹងដួលស្លាប់ដោយដាវ មិនមែនជាដាវរបស់មនុស្សដែរ ហើយដាវនោះដែលមិនមែនជារបស់មនុស្សនឹងផ្តិលគេបង់ គេនឹងរត់ពីដាវ ហើយពួកកំលោះៗរបស់គេនឹងត្រូវធ្វើជាឈ្លើយ
9 ឯថ្មដារបស់គេនឹងបាត់ទៅ ដោយព្រោះសេចក្ដីតក់ស្លុត ហើយពួកចៅហ្វាយរបស់គេនឹងស្រយុតចិត្ត ដោយព្រោះទង់ជ័យ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា ដែលភ្លើងរបស់ទ្រង់កំពុងឆេះនៅក្រុងស៊ីយ៉ូន ហើយគុកភ្លើងរបស់ទ្រង់ក៏នៅក្រុងយេរូសាឡឹមដែរ។