អេសាយ
ជំពូក 36
រីឯនៅឆ្នាំទី១៤ក្នុងរាជ្យស្តេចហេសេគា នោះសានហេរីប ជាស្តេចស្រុកអាសស៊ើរ ទ្រង់ឡើងមកច្បាំងយកបានអស់ទាំងទីក្រុងមានកំផែងនៅស្រុកយូដា
2 រួចស្តេចអាសស៊ើរទ្រង់ចាត់រ៉ាបសាកេ ឲ្យនាំពលទ័ពយ៉ាងធំពីក្រុងឡាគីស ទៅឯស្តេចហេសេគា នៅក្រុងយេរូសាឡឹម លោកក៏ឈរនៅត្រង់ប្រឡាយទឹកនៃស្រះខាងលើ តាមផ្លូវទៅឯចម្ការជាងប្រមោក
3 នោះអេលាគីម កូនហ៊ីលគីយ៉ាជាឧកញ៉ាវាំង និងសេបណា ជាស្មៀនហ្លួង ហើយយ៉ូអាកូនអេសាភ ជាអ្នកតែងពង្សាវតារ ក៏ចេញទៅឯលោក។
4 រ៉ាបសាកេប្រាប់គេថា ចូរទៅប្រាប់ហេសេគាឥឡូវ ថាស្តេចដ៏ជាធំ គឺស្តេចស្រុកអាសស៊ើរ ទ្រង់មានព្រះបន្ទូលដូច្នេះ តើទីពឹងណាដែលឯងទុកចិត្តនេះ
5 អញថា គំនិតរបស់ឯង និងកម្លាំងសម្រាប់ច្បាំង នោះជាឥតប្រយោជន៍ទទេ ចុះតើឯងពឹងដល់អ្នកណា បានជាឯងបះបោរនឹងអញដូច្នេះ
6 មើល ឯងពឹងដល់ស្រុកអេស៊ីព្ទទុកជាឈើច្រត់ គឺជាដើមត្រែងកំបាក់នោះ ដែលបើកាលណាផ្អែកទៅលើ នោះនឹងចាក់ទម្លុះដៃវិញ គឺផារ៉ោន ជាស្តេចអេស៊ីព្ទ គេបែបយ៉ាងនោះ ដល់អស់អ្នកណាដែលពឹងដល់គេ
7 តែបើឯងនិយាយមកអញថា យើងរាល់គ្នាទុកចិត្តដល់ព្រះយេហូវ៉ាជាព្រះនៃយើងវិញ នោះតើមិនមែនជាព្រះនោះឯង ដែលហេសេគាបានបំបាត់អស់ទាំងទីខ្ពស់ និងអាសនៈទ្រង់ចេញទេឬអី ដោយប្រាប់ដល់ពួកសាសន៍យូដា និងពួកក្រុងយេរូសាឡឹមថា ត្រូវឲ្យឯងរាល់គ្នាថ្វាយបង្គំនៅមុខអាសនៈ១នេះវិញ
8 ដូច្នេះ ចូរឯងចុះសន្យានឹងស្តេចស្រុកអាសស៊ើរ ជាចៅហ្វាយរបស់អញឥឡូវចុះ នោះអញនឹងឲ្យសេះ២ពាន់ដល់ឯង បើឯងរកអ្នកជិះបាន
9 បើយ៉ាងនោះ ធ្វើដូចម្តេចឲ្យឯងឈ្នះមេទ័ព១យ៉ាងតូច ក្នុងពួកអ្នកបម្រើរបស់ចៅហ្វាយអញបាន ទាំងទុកចិត្តនឹងស្រុកអេស៊ីព្ទឲ្យបានរទេះចម្បាំង និងទ័ពសេះទៀត
10 តើអញបានឡើងមកច្បាំងបំផ្លាញស្រុកនេះ ដោយឥតព្រះយេហូវ៉ាឬអី គឺព្រះយេហូវ៉ាទេតើ ដែលទ្រង់បានមានព្រះបន្ទូលបង្គាប់អញថា ចូរឡើងទៅច្បាំងបំផ្លាញស្រុកនេះចុះ។
11 ឯអេលាគីម សេបណា និងយ៉ូអា ក៏ឆ្លើយតបទៅរ៉ាបសាកេថា សូមមានប្រសាសន៍ជាភាសាអើរ៉ាមមកយើងខ្ញុំប្របាទវិញ ដ្បិតយើងខ្ញុំស្តាប់បាន សូមកុំមានប្រសាសន៍ជាភាសាយូដាមកយើងខ្ញុំ ឲ្យពួកបណ្តាជនដែលនៅលើកំផែងស្តាប់ផងនោះឡើយ
12 តែរ៉ាបសាកេតបថា ចុះតើចៅហ្វាយអញបានចាត់អញ ឲ្យមកនិយាយសេចក្ដីទាំងនេះ ចំពោះតែចៅហ្វាយឯង ហើយនិងខ្លួនឯងប៉ុណ្ណោះឬអី គឺបានចាត់អញឲ្យមក និយាយនឹងមនុស្សដែលអង្គុយនៅលើកំផែងវិញទេតើ ដើម្បីឲ្យគេបានស៊ីលាមក ហើយផឹកទឹកនោមរបស់ខ្លួន ជាមួយនឹងឯងដែរ។
13 នោះរ៉ាបសាកេក៏ឈរបន្លឺឡើង ជាភាសារបស់ពួកសាសន៍យូដា ប្រាប់ថា ចូរស្តាប់ព្រះបន្ទូលនៃស្តេចដ៏ជាធំ គឺស្តេចអាសស៊ើរចុះ
14 ទ្រង់មានព្រះបន្ទូលដូច្នេះថា កុំបណ្តោយឲ្យហេសេគាបញ្ឆោតឯងរាល់គ្នាឡើយ ដ្បិតវាមិនអាចនឹងជួយឲ្យឯងរាល់គ្នារួចបានទេ
15 ក៏កុំឲ្យហេសេគានាំឲ្យឯងរាល់គ្នាទុកចិត្តដល់ព្រះយេហូវ៉ា ដោយថា ព្រះយេហូវ៉ាទ្រង់នឹងជួយឲ្យយើងរាល់គ្នារួចជាមិនខាន ទីក្រុងនេះនឹងមិនត្រូវប្រគល់ទៅ ក្នុងកណ្តាប់ដៃនៃស្តេចអាសស៊ើរនោះឡើយ
16 កុំឲ្យស្តាប់តាមហេសេគាឲ្យសោះ ដ្បិតស្តេចអាសស៊ើរទ្រង់មានព្រះបន្ទូលដូច្នេះថា ចូរចងជាស្ពានមេត្រីនឹងអញ ហើយចេញមកឯអញចុះ នោះនឹងបានស៊ីផលចម្ការទំពាំងបាយជូរ និងផលដើមល្វា ក៏នឹងផឹកទឹកអណ្តូងរបស់ខ្លួនគ្រប់គ្នា
17 ដរាបដល់អញមកនាំឯងរាល់គ្នាទៅនៅឯស្រុក១ ដូចជាស្រុករបស់ឯងរាល់គ្នានេះ ជាស្រុកមានស្រូវ និងទឹកទំពាំងបាយជូរ ជាស្រុកមាននំបុ័ង និងចម្ការទំពាំងបាយជូរផង
18 ចូរប្រយ័តក្រែងហេសេគាបបួលឯងរាល់គ្នាដោយពាក្យថា ព្រះយេហូវ៉ាទ្រង់នឹងជួយឲ្យរួចជាមិនខាន តើមានព្រះរបស់សាសន៍ដទៃណា ដែលជួយស្រុកគេ ឲ្យរួចពីកណ្តាប់ដៃនៃស្តេចអាសស៊ើរបាន
19 តើព្រះរបស់ពួកក្រុងហាម៉ាត និងក្រុងអើផាឌនៅឯណា តើព្រះរបស់ពួកក្រុងសេផាវែមនៅឯណា តើព្រះទាំងនោះជួយពួកសាម៉ារីឲ្យរួចពីកណ្តាប់ដៃអញបានឬ
20 ក្នុងបណ្តាព្រះទាំងប៉ុន្មាននោះ តើមានព្រះណាដែលជួយស្រុកគេ ឲ្យរួចពីកណ្តាប់ដៃអញបាន បានជាព្រះយេហូវ៉ាទ្រង់នឹងជួយឲ្យក្រុងយេរូសាឡឹម រួចពីកណ្តាប់ដៃអញបានដែរ។
21 ប៉ុន្តែ គេនៅតែស្ងៀម ឥតឆ្លើយដល់លោកសូម្បីតែ១ម៉ាត់ផង ដ្បិតស្តេចទ្រង់បានហាមថា កុំឲ្យឆ្លើយនឹងគេឡើយ
22 នោះអេលាគីម កូនហ៊ីលគីយ៉ា ជាឧកញ៉ាវាំង និងសេបណា ជាស្មៀនហ្លួង ហើយយ៉ូអា កូនអេសាភ ជាអ្នកតែងពង្សាវតារ គេវិលមកគាល់ហេសេគាវិញ ទាំងអាវរហែក ក៏ទូលទ្រង់តាមពាក្យរបស់រ៉ាបសាកេទាំងអស់។