អេសាយ
ជំពូក 29
វេទនាដល់អើរាល គឺអើរាល ជាទីក្រុងដែលដាវីឌបានគង់នៅ ចូរឲ្យគេធ្វើបុណ្យទាំងខួបៗរាល់តែឆ្នាំតទៅចុះ
2 នោះអញនឹងធ្វើទុក្ខដល់អើរាល ហើយគេនឹងកើតមានសេចក្ដីសោយសោក និងការយំទួញ ឯទីក្រុងនឹងបានដូចជាជើងក្រាននៃអាសនៈដល់អញ
3 អញនឹងបោះទ័ពឡោមព័ទ្ធឯង ព្រមទាំងដាក់ទាហានបង្ខាំងនៅជុំវិញ ហើយចាត់ចែងគ្រឿងចម្បាំងច្បាំងនឹងឯង
4 នោះឯងនឹងត្រូវបន្ទាបចុះ ហើយនិយាយចេញពីដីមក សំដីឯងនឹងឮខ្សាវៗមកពីធូលីដី សំឡេងឯងនឹងចេញពីដីមកដូចជាសំឡេងរបស់គ្រូខាប គឺសំដីឯងនឹងឮខ្សឹបចេញពីធូលីដីមកយ៉ាងនោះឯង។
5 ប៉ុន្តែ ពួកខ្មាំងសត្រូវដ៏មានច្រើនក្រៃលែងរបស់ឯង នឹងដូចជាផង់ធូលីដី ហើយពួកគួរស្ញែងខ្លាចដ៏មានច្រើនក្រៃលែង គេនឹងដូចជាអង្កាមដែលកន្លងបាត់ទៅ អើ ការនោះនឹងកើតមកភ្លាម១រំពេចផង
6 ព្រះយេហូវ៉ានៃពួកពលបរិវារទ្រង់នឹងធ្វើទោសដល់ទីក្រុងដោយផ្គរ កក្រើកដី សូរគ្រាំគ្រេង ខ្យល់កួច ព្យុះសង្ឃរា និងអណ្តាតភ្លើងដែលឆេះបំផ្លាញ
7 នោះពួកដ៏មានច្រើនក្រៃលែង ពីគ្រប់ទាំងសាសន៍ដែលច្បាំងនឹងអើរាល គឺអស់អ្នកដែលច្បាំងនឹងទីក្រុង ហើយនិងបន្ទាយផង ជាពួកអ្នកដែលធ្វើទុក្ខដល់ទីក្រុង គេនឹងប្រៀបដូចជាសប្តិ គឺជាការជាក់ស្តែងនៅពេលយប់ទេ
8 នោះនឹងបានដូចជាកាលមនុស្សឃ្លាន គេយល់សប្តិឃើញថា ខ្លួនបានបរិភោគ តែលុះភ្ញាក់ឡើង នោះចិត្តនឹកឃ្លានវិញ ឬដូចជាកាលណាមនុស្សដែលស្រេកបានយល់សប្តិឃើញថា ខ្លួនកំពុងតែផឹក តែគេភ្ញាក់ឡើង ហើយមើល គេល្វើយ ហើយចិត្តនឹកស្រេកណាស់ ឯពួកដ៏មានច្រើនក្រៃលែងពីគ្រប់ទាំងសាសន៍ដែលច្បាំងនឹងភ្នំស៊ីយ៉ូន គេនឹងដូច្នោះដែរ។
9 ចូរឲ្យអ្នករាល់គ្នានៅជាស្ទាក់ស្ទើរ ហើយភាំងឆ្ងល់ចុះ ចូរឲ្យបិទភ្នែក ហើយធ្វើជាមនុស្សខ្វាក់ទៅ គេស្រវឹង តែមិនមែនដោយស្រាទំពាំងបាយជូរទេ គេទ្រេតទ្រោតទៅ តែមិនមែនដោយគ្រឿងស្រវឹងឡើយ
10 ដ្បិតព្រះយេហូវ៉ាទ្រង់បានចាក់វិញ្ញាណដែលបណ្តាលឲ្យលក់ស៊ប់មកលើអ្នករាល់គ្នា ក៏បានបិទភ្នែកអ្នករាល់គ្នា ជាពួកហោរា ហើយបានគ្របភ្ជិតក្បាលអ្នករាល់គ្នា ជាពួកមើលឆុត
11 ការជាក់ស្តែងទាំងអស់បានត្រឡប់ដូចជាពាក្យក្នុងសៀវភៅដែលបិទត្រាហើយដល់អ្នករាល់គ្នា ជាសៀវភៅដែលគេជូនដល់ម្នាក់មានចំណេះ ដោយពាក្យថា សូមអ្នកមើលសៀវភៅនេះទៅ តែអ្នកនោះឆ្លើយតបថា ខ្ញុំមើលមិនបានទេ ពីព្រោះបិទត្រាហើយ
12 រួចគេបញ្ជូនឲ្យដល់ម្នាក់ដែលគ្មានចំណេះ ដោយពាក្យថា សូមអ្នកមើលសៀវភៅនេះ តែអ្នកនោះឆ្លើយតបមកវិញថា ខ្ញុំមិនចេះអក្សរទេ។
13 ព្រះអម្ចាស់ទ្រង់ក៏មានព្រះបន្ទូលថា ហេតុដោយព្រោះសាសន៍នេះគេចូលមកជិតអញ ហើយគោរពប្រតិបត្តិដល់អញ ដោយសំដី នឹងបបូរមាត់របស់គេ តែបានដកចិត្តចេញទៅឆ្ងាយពីអញ ហើយការដែលគេកោតខ្លាចដល់អញគ្រាន់តែជាបង្គាប់របស់មនុស្សដែលបង្រៀនគេប៉ុណ្ណោះ
14 ហេតុនោះ មើល អញនឹងធ្វើការ១យ៉ាងអស្ចារ្យនៅកណ្តាលសាសន៍នេះទៀត ជាការអស្ចារ្យ ហើយចម្លែក នោះប្រាជ្ញានៃពួកអ្នកប្រាជ្ញរបស់គេនឹងត្រូវសាបសូន្យទៅ ហើយយោបល់នៃពួកវាងវៃរបស់គេនឹងត្រូវបិទបាំងដែរ។
15 វេទនាដល់ពួកអ្នកដែលលាក់គំនិតរបស់ខ្លួនពីព្រះយេហូវ៉ា ហើយដែលធ្វើការនៅក្នុងទីកំបាំង ដោយថា តើមានអ្នកណាបានឃើញ តើមានអ្នកណាបានស្គាល់យើង
16 យីអើ អ្នករាល់គ្នាយល់ផ្ទុយអីម៉្លេះ តើនឹងរាប់ជាងស្មូនទុកដូចជាដីឥដ្ឋដែរឬ បានជារបស់ដែលគេបានបង្កើតមកហើយ នឹងពោលពីអ្នកដែលបានបង្កើតខ្លួនថា គេមិនបានបង្កើតអញទេ ឬរបស់ដែលគេសូនធ្វើឡើង នឹងពោលពីអ្នកដែលបានសូនធ្វើនោះថា គេឥតមានតម្រិះយោបល់អ្វីឡើយដូច្នេះ។
17 នៅតែបន្តិចទៀតប៉ុណ្ណោះទេ នោះព្រៃល្បាណូន នឹងត្រឡប់ទៅជាចម្ការដុះដាល ហើយចម្ការដុះដាលនឹងបានរាប់ទុកដូចជាព្រៃវិញ
18 នៅគ្រានោះ មនុស្សត្រចៀកថ្លង់នឹងឮព្រះបន្ទូលក្នុងគម្ពីរ ហើយភ្នែករបស់មនុស្សខ្វាក់នឹងមើលឃើញពីក្នុងសភាពជាងងឹត ហើយសូន្យសុង
19 មនុស្សរាបសានឹងមានសេចក្ដីអំណរចម្រើនឡើងក្នុងព្រះយេហូវ៉ា ហើយពួកអ្នកក្រីក្រក្នុងបណ្តាមនុស្ស គេនឹងរីករាយដោយសារព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែល
20 ពីព្រោះមនុស្សដែលគួរស្ញែងខ្លាចបានសូន្យបាត់ទៅ ហើយក៏លែងមានមនុស្សចំអកមើលងាយ ឯពួកមនុស្សដែលរកតែឱកាសនឹងធ្វើការទុច្ចរិត គេនឹងត្រូវកាត់ចេញអស់រលីង
21 គឺជាពួកអ្នកដែលចាប់ពាក្យមនុស្សឲ្យគេមានទោស ហើយដាក់អន្ទាក់សម្រាប់ចាប់ពួកមនុស្សដែលក្រើនរំឭកនៅត្រង់ទ្វារក្រុង ព្រមទាំងបង្វែរមនុស្សសុចរិតចេញ ដោយរឿងដែលមិនជាហេតុផង។
22 ហេតុនោះព្រះយេហូវ៉ាជាព្រះដែលប្រោសលោះអ័ប្រាហាំ ទ្រង់មានព្រះបន្ទូលពីដំណើរពួកវង្សយ៉ាកុបថា ឥឡូវនេះ ពួកយ៉ាកុបមិនត្រូវខ្មាសទៀតឡើយ ក៏មិនត្រូវស្លុតស្លាំងទៀតដែរ
23 តែកាលណាកូនចៅគេបានឃើញការដែលដៃអញនឹងធ្វើនៅកណ្តាលពួកគេ នោះគេនឹងរាប់ឈ្មោះអញជាបរិសុទ្ធ អើ ក៏នឹងរាប់ព្រះដ៏បរិសុទ្ធនៃយ៉ាកុបទុកជាបរិសុទ្ធដែរ ព្រមទាំងកោតខ្លាចដល់ព្រះនៃសាសន៍អ៊ីស្រាអែលផង
24 ឯពួកអ្នកដែលប្រព្រឹត្តខុសខាងវិញ្ញាណ គេនឹងមានយោបល់វិញ ហើយមនុស្សដែលរទូរទាំនឹងទទួលសេចក្ដីប្រៀនប្រដៅ។