អេសាយ
ជំពូក 42
មើល នេះនែអ្នកបម្រើរបស់អញ ដែលអញទប់ទល់ គឺជាអ្នកជ្រើសរើសរបស់អញ ដែលជាទីរីករាយដល់ចិត្តអញ អញបានដាក់វិញ្ញាណអញឲ្យសណ្ឋិតលើទ្រង់ ហើយទ្រង់នឹងសម្ដែងចេញ ឲ្យគ្រប់ទាំងសាសន៍បានឃើញសេចក្ដីយុត្តិធម៌
2 ទ្រង់នឹងមិនស្រែក ឬបន្លឺឡើង ឬឲ្យអ្នកណាឮសំឡេងនៅក្នុងផ្លូវឡើយ
3 ទ្រង់នឹងមិនផ្តាច់ដើមត្រែងដែលបាក់ទេ ក៏មិនលត់ប្រឆេះដែលនៅហុយដែរ ទ្រង់នឹងសម្ដែងចេញនូវសេចក្ដីយុត្តិធម៌ ដោយសេចក្ដីពិត
4 ទ្រង់នឹងមិនដែលអន់ថយ ឬរសាយចិត្តដរាបដល់បានតាំងសេចក្ដីយុត្តិធម៌ឡើងនៅផែនដី ហើយកោះទាំងប៉ុន្មាននឹងសង្ឃឹមដល់ក្រឹត្យក្រមរបស់ទ្រង់។
5 ឯព្រះដ៏ជាព្រះយេហូវ៉ាជាព្រះដែលបានបង្កើតអស់ទាំងជាន់ផ្ទៃមេឃ ហើយបានលាតផង គឺជាព្រះដែលបានក្រាលផែនដី និងរបស់សព្វសារពើដែលចេញពីនោះមក គឺព្រះអង្គដែលប្រទានឲ្យប្រជាជាតិទាំងប៉ុន្មាននៅផែនដីមានដង្ហើម ព្រមទាំងឲ្យមនុស្សទាំងឡាយដែលដើរក្នុងលោកមានវិញ្ញាណផង ទ្រង់មានព្រះបន្ទូលថា
6 អញនេះគឺជាយេហូវ៉ា អញបានហៅឯងមកដោយសេចក្ដីសុចរិត អញនឹងកាន់ដៃឯង ហើយថែរក្សាឯង អញនឹងតាំងឯងឡើង ទុកជាសេចក្ដីសញ្ញាដល់បណ្តាជន ហើយជាពន្លឺភ្លឺដល់អស់ទាំងសាសន៍
7 ដើម្បីនឹងធ្វើឲ្យភ្នែកមនុស្សខ្វាក់បានភ្លឺឡើង និងនាំពួកត្រូវចាប់ចងចេញពីគុកងងឹត ហើយឲ្យពួកអ្នកដែលអង្គុយនៅក្នុងទីងងឹត បានចេញរួចពីទីឃុំឃាំង
8 អញជាយេហូវ៉ា នេះហើយជាឈ្មោះរបស់អញ អញមិនព្រមប្រគល់សិរីល្អរបស់អញដល់អ្នកណាទៀត ឬឲ្យសេចក្ដីសរសើររបស់អញដល់រូបឆ្លាក់ឡើយ
9 មើលការខាងដើមទាំងប៉ុន្មានបានកន្លងទៅហើយ គឺជាការថ្មីដែលអញថ្លែងប្រាប់នេះ អញប្រាប់ពីការទាំងនោះ ដល់ឯងរាល់គ្នា មុនដែលកើតមកផង។
10 ឯងរាល់គ្នាដែលចុះទៅឯសមុទ្រ ហើយទាំងអស់ដែលនៅក្នុងនោះ ព្រមទាំងកោះ និងពួកអ្នកនៅកោះទាំងនោះផង ចូរច្រៀងបទថ្មីថ្វាយព្រះយេហូវ៉ា ហើយសេចក្ដីសរសើរដល់ទ្រង់ពីចុងផែនដីចុះ
11 ឯទីរហោស្ថាន និងទីអាស្រ័យនៅក្នុងនោះទាំងប៉ុន្មាន ចូរបន្លឺឡើង ព្រមទាំងបណ្តាភូមិដែលពួកកេដារនៅទាំងអស់ផង ត្រូវឲ្យពួកអ្នកនៅក្រុងសេឡាច្រៀងឡើង ត្រូវឲ្យគេស្រែកពីកំពូលភ្នំចុះ
12 ត្រូវឲ្យគេថ្វាយកិត្តិសព្ទដល់ព្រះយេហូវ៉ា ហើយបញ្ចេញសេចក្ដីសរសើររបស់ទ្រង់ដល់អស់ទាំងកោះ
13 ព្រះយេហូវ៉ាទ្រង់នឹងយាងចេញទៅ ដូចជាមនុស្សខ្លាំងពូកែ ទ្រង់នឹងបណ្តាលសេចក្ដីឧស្សាហ៍ឡើងដូចជាមនុស្សថ្នឹកចម្បាំង ទ្រង់នឹងស្រែកឡើង អើ ទ្រង់នឹងស្រែកជាខ្លាំង ហើយនិងបង្ក្រាបពួកសត្រូវដោយឫទ្ធានុភាព។
14 អញបានអត់ទ្រាំជាយូរមកហើយ អញបាននៅស្ងៀម ហើយបានទប់ចិត្ត ឥឡូវនេះ អញនឹងស្រែកឡើងដូចជាស្រីដែលឈឺនឹងសម្រាលកូន អញនឹងដកដង្ហើមគំហុកចូល រួចទម្លាយចេញតែម្តង
15 អញនឹងបំផ្លាញទាំងភ្នំធំ និងភ្នំតូច ហើយឲ្យស្មៅនៅលើនោះស្វិតក្រៀមទៅ អញនឹងធ្វើឲ្យទន្លេទាំងប៉ុន្មានទៅជាកោះវិញ ហើយឲ្យអស់ទាំងត្រពាំងទឹករីងគោកទៅ
16 អញនឹងនាំពួកមនុស្សខ្វាក់តាមផ្លូវ១ដែលគេមិនស្គាល់ អញនឹងដឹកគេតាមផ្លូវច្រកដែលគេមិនធ្លាប់ដើរ អញនឹងធ្វើឲ្យសេចក្ដីងងឹតបានភ្លឺឡើងនៅមុខគេ ហើយផ្លូវក្ងិចក្ងក់ឲ្យទៅជាត្រង់វិញ គឺការទាំងនេះដែលអញនឹងធ្វើ ហើយមិនបោះបង់ចោលគេឡើយ
17 ឯពួកអ្នកដែលទុកចិត្តនឹងរូបឆ្លាក់ ហើយដែលនិយាយទៅរូបសិតថា លោកជាព្រះរបស់យើងខ្ញុំ នោះនឹងត្រូវបែរខ្នងចេញវិញ ហើយនិងមានសេចក្ដីខ្មាសជ្រប់មុខផង។
18 ឱមនុស្សដំឡង់អើយ ចូរស្តាប់ចុះ ហើយពួកកង្វាក់អើយ ចូរមើល ដើម្បីឲ្យបានឃើញ
19 តើអ្នកណាជាអ្នកខ្វាក់ បើមិនមែនជាអ្នកបម្រើរបស់អញ ឬថ្លង់ ដូចជាអ្នកនាំដំណឹងដែលអញចាត់ប្រើ តើអ្នកណាខ្វាក់ភ្នែកដូចជាអ្នកដែលមេត្រីនឹងអញ ហើយខ្វាក់ដូចជាអ្នកបម្រើរបស់ព្រះយេហូវ៉ា
20 ឯងឃើញការជាច្រើនយ៉ាង តែមិនពិចារណាទេ ត្រចៀកនៅចំហ តែស្តាប់មិនឮសោះ
21 ព្រះយេហូវ៉ាទ្រង់បានសព្វព្រះហឫទ័យ នឹងលើកតម្កើងក្រឹត្យវិន័យ ហើយឲ្យមានកិត្តិសព្ទ ដោយយល់ដល់សេចក្ដីសុចរិតរបស់ទ្រង់
22 ប៉ុន្តែ សាសន៍នេះជាសាសន៍ ដែលត្រូវគេរឹបជាន់ ហើយប្លន់យក គេសុទ្ធតែជាប់អន្ទាក់នៅក្នុងរូង ហើយក៏លាក់ទុកនៅក្នុងគុក គេសម្រាប់ជារំពា ឥតមានអ្នកណាដោះឲ្យរួច ហើយសម្រាប់ជារបឹប ឥតមានអ្នកណាថា ចូរប្រគល់ទៅឲ្យគេវិញនោះឡើយ។
23 តើមានអ្នកណាក្នុងពួកឯងរាល់គ្នា ដែលនឹងផ្ទៀងត្រចៀកស្តាប់សេចក្ដីទាំងនេះ ដែលនឹងប្រុងស្តាប់ ហើយឮសម្រាប់គ្រាទៅខាងមុខនោះ
24 តើអ្នកណាបានប្រគល់ពួកយ៉ាកុបឲ្យទៅជារបឹប ហើយពួកអ៊ីស្រាអែលដល់ពួកចោរដូច្នេះ តើមិនមែនជាព្រះយេហូវ៉ាទេឬ ដែលយើងរាល់គ្នាបានធ្វើបាបនឹងទ្រង់ ឥតព្រមដើរតាមផ្លូវទ្រង់ ឬស្តាប់តាមក្រឹត្យវិន័យទ្រង់ឡើយ
25 គឺហេតុនោះបានជាទ្រង់ចាក់ភ្លើងនៃសេចក្ដីក្រោធរបស់ទ្រង់ទៅលើគេ ហើយនិងអំណាចនៃសង្គ្រាមផង នោះក៏បញ្ឆេះគេនៅព័ទ្ធជុំវិញ តែមិនបានដឹងទេ ភ្លើងនោះបានបញ្ឆេះគេ តែគេមិនបានយកចិត្តទុកដាក់ឡើយ។