អេសាយ
ជំពូក 58
ចូរស្រែកឲ្យពេញបំពង់ក កុំសំចៃឡើយ ចូរបន្លឺសំឡេងឡើងដូចជាត្រែ ហើយប្រកាសប្រាប់ដល់រាស្ត្រអញពីអំពើរំលងរបស់គេ និងដល់ពូជពង្សនៃយ៉ាកុបពីអំពើបាបរបស់គេ
2 រាល់តែថ្ងៃ គេស្វែងរកអញជានិច្ច ហើយក៏ពេញចិត្តចង់ស្គាល់អស់ទាំងផ្លូវរបស់អញ គេសូមសេចក្ដីវិនិច្ឆ័យដ៏សុចរិតពីអញ ទុកដូចជាសាសន៍ណាមួយដែលប្រព្រឹត្តដោយសុចរិត ឥតបោះបង់ចោលសេចក្ដីយុត្តិធម៌របស់ព្រះនៃគេឡើយ គេរីករាយចិត្តដោយចូលទៅជិតព្រះ
3 គេពោលថា យើងខ្ញុំបានតមអត់ ហេតុអ្វីបានជាទ្រង់មិនឃើញសោះ យើងខ្ញុំបានបញ្ឈឺចិត្តខ្លួន ហេតុអ្វីបានជាទ្រង់មិនយកចិត្តទុកដាក់ដូច្នេះ នេះពីព្រោះតែនៅថ្ងៃដែលឯងរាល់គ្នាតមអត់នោះ គឺឯងធ្វើដើម្បីជាប្រយោជន៍ដល់ខ្លួនវិញ ហើយក៏សង្កត់សង្កិនពួកអ្នកដែលធ្វើការឈ្នួលផង
4 មើល ឯងរាល់គ្នាតមអត់ឲ្យតែបានរឿងជជែក និងការទាស់ទែងគ្នា ហើយវាយដំដោយអំពើអាក្រក់ប៉ុណ្ណោះ ការដែលឯងតមអត់នោះ គឺមិនមែនមានប្រយោជន៍ឲ្យសំឡេងឯងបានឮទៅដល់ស្ថានលើឡើយ
5 តើជាការតមអត់បែបយ៉ាងនោះ គឺជាថ្ងៃដែលមនុស្សបញ្ឈឺចិត្តខ្លួនដូច្នេះ ដែលជាទីពេញចិត្តដល់អញឬ ដែលគ្រាន់តែឱនក្បាលដូចជាដើមបបុស ហើយក្រាលសំពត់ធ្មៃ និងរោយផេះនៅក្រោមខ្លួន តើល្មមប៉ុណ្ណោះឬ នេះឬដែលឯងហៅថា ការតមអត់ ជាថ្ងៃដែលគួរឲ្យព្រះយេហូវ៉ាសព្វព្រះហឫទ័យនោះ
6 តើមិនមែនជាការតមអត់យ៉ាងនេះវិញ ដែលអញពេញចិត្តទេឬអី គឺឲ្យដោះច្រវាក់ដែលឯងដាក់គេដោយអំពើអាក្រក់ ឲ្យស្រាយចំណងដែលឯងបានចងគេ ហើយឲ្យអ្នកដែលឯងបានសង្កត់សង្កិនបានរួចចេញទទេ ព្រមទាំងបំបាក់គ្រប់ទាំងនឹមផង
7 តើមិនមែនឲ្យឯងបានចែកអាហារដល់អ្នកដែលឃ្លាន ហើយនាំមនុស្សក្រដែលត្រូវដេញពីផ្ទះគេមកឯផ្ទះឯងទេឬអី ឬបើកាលណាឯងឃើញមនុស្សឥតមានសម្លៀកបំពាក់ នោះតើមិនមែនឲ្យឯងបិទបាំងឲ្យគេ ឥតដែលពួនខ្លួននឹងសាច់ញាតិរបស់ឯងទេឬអី
8 យ៉ាងនោះទើបពន្លឺរបស់ឯងនឹងលេចមកដូចជារស្មីអរុណ ហើយសេចក្ដីសុខស្រួលរបស់ឯងនឹងលេចឡើងជាយ៉ាងឆាប់ ឯសេចក្ដីសុចរិតរបស់ឯង នោះនឹងនាំមុខឯង ហើយសិរីល្អនៃព្រះយេហូវ៉ានឹងការពារពីក្រោយឯង
9 គ្រានេះ បើឯងអំពាវនាវ ព្រះយេហូវ៉ាទ្រង់នឹងតបឆ្លើយ បើឯងស្រែករក នោះទ្រង់នឹងមានព្រះបន្ទូលថា អញនៅឯណេះហើយ គឺបើឯងចោលនឹមរបស់ឯងចេញ លែងជន្លកំហែង ព្រមទាំងលែងពោល ដោយកាចអាក្រក់ផង
10 ហើយបើឯងផ្តល់សេចក្ដីសប្បុរសដល់មនុស្សស្រេកឃ្លាន ទាំងចម្អែតចិត្តនៃអ្នកដែលមានទុក្ខវេទនា នោះពន្លឺរបស់ឯងនឹងភ្លឺឡើងក្នុងទីងងឹត ហើយសេចក្ដីងងឹតរបស់ឯងនឹងបានភ្លឺដូចជាវេលាថ្ងៃត្រង់
11 ព្រះយេហូវ៉ាទ្រង់នឹងនាំផ្លូវឯងជានិច្ច ហើយនិងចម្អែតព្រលឹងឯងនៅក្នុងទីហួតហែង ទ្រង់នឹងធ្វើឲ្យឆ្អឹងឯងបានមាំមួន ឯងនឹងបានដូចជាសួនច្បារដែលគេស្រោចទឹក ហើយដូចជាក្បាលទឹកដែលមិនខានហូរឡើយ
12 ហើយពួកអ្នកដែលនឹងកើតពីឯងមក គេនឹងសង់ទីចាស់ដែលខូចបង់ឡើងជាថ្មី ឯងនឹងសង់ឡើងលើជើងជញ្ជាំង ដែលមាននៅតាំងពីច្រើនដំណតមកហើយ ក៏នឹងមានឈ្មោះថា ជាអ្នកជួសជុលទីបាក់បែក គឺជាអ្នកដែលរៀបចំផ្លូវទៅឯទីលំនៅឡើងវិញ។
13 បើឯងឃាត់ជើងឯងមិនឲ្យបែរចេញពីថ្ងៃឈប់សម្រាក គឺមិនឲ្យធ្វើតាមអំពើចិត្តនៅថ្ងៃបរិសុទ្ធរបស់អញ បើឯងរាប់ថ្ងៃឈប់សម្រាកទុកជាទីរីករាយចិត្ត ហើយលើកថ្ងៃបរិសុទ្ធរបស់ព្រះយេហូវ៉ា ទុកជាថ្ងៃគួរគោរព ព្រមទាំងប្រតិបត្តិតាមផង ឥតធ្វើតាមអំពើចិត្តរបស់ខ្លួន ឬស្វែងរកសេចក្ដីអំណរដល់ខ្លួនឯង ឬពោលតែពាក្យរបស់ផងខ្លួនឡើយ
14 គ្រានោះ ឯងនឹងបានចិត្តរីករាយក្នុងព្រះយេហូវ៉ា ហើយអញនឹងបញ្ជិះឯងនៅលើទីខ្ពស់នៃផែនដី ហើយនិងចិញ្ចឹមឯងដោយមរដករបស់យ៉ាកុប ជាអយ្យកោឯង ដ្បិតព្រះឱស្ឋនៃព្រះយេហូវ៉ាបានចេញវាចាហើយ។