អេសាយ
ជំពូក 34
ឱអស់ទាំងសាសន៍អើយ ចូរឲ្យចូលមកជិត និងស្តាប់ចុះ អស់ទាំងប្រជាជាតិអើយ ចូរផ្ទៀងត្រចៀកចុះ ត្រូវឲ្យផែនដី និងរបស់សព្វសារពើនៅលើផែនដីស្តាប់ដែរ ព្រមទាំងលោកីយ៍ និងរបស់ទាំងប៉ុន្មានដែលកើតចេញពីនោះផង
2 ពីព្រោះព្រះយេហូវ៉ាទ្រង់មានសេចក្ដីគ្នាន់ក្នាញ់នឹងគ្រប់ទាំងសាសន៍ ហើយទ្រង់ក្រោធចំពោះពលទ័ពទាំងប៉ុន្មានរបស់គេដែរ ទ្រង់បានបំផ្លាញគេអស់រលីង ក៏បានប្រគល់គេទៅឲ្យត្រូវស្លាប់
3 ខ្មោចរបស់គេដែលត្រូវសម្លាប់នោះ នឹងបានបោះចោលទៅ ក្លិនស្អុយពីសាកសពទាំងនោះនឹងសាយឡើង ហើយភ្នំទាំងប៉ុន្មាននឹងត្រូវរលាយទៅដោយឈាមគេ
4 ឯបណ្តាពលបរិវារនៅលើមេឃនឹងត្រូវរៀវសូន្យទៅ ផ្ទៃមេឃនឹងត្រូវមូរឡើងដូចជារមូរសៀវភៅ ហើយគ្រប់ទាំងពួកពលបរិវារ នោះនឹងរោយរុះទៅ ដូចជាស្លឹកទំពាំងបាយជូរក្រៀមជ្រុះចាកដើម ក៏ដូចជាស្លឹកស្រពោនជ្រុះចាកដើមល្វាដែរ
5 ដ្បិតដាវរបស់អញបានឆ្អែតហើយ នៅលើមេឃ មើល នឹងចុះមកលើស្រុកអេដុម គឺលើសាសន៍ដែលអញបានដាក់បណ្តាសា ដើម្បីនឹងធ្វើទោសដល់គេទៀត
6 ដាវរបស់ព្រះយេហូវ៉ា បានប្រឡាក់ឈាមដាប ក៏ជោកដោយខ្លាញ់ គឺដោយឈាមកូនចៀម និងពពែ ព្រមទាំងខ្លាញ់ដែលជាប់នៅអង្គញ់នៃចៀមឈ្មោល ពីព្រោះព្រះយេហូវ៉ាទ្រង់មានការថ្វាយយញ្ញបូជានៅក្រុងបុសរ៉ា ក៏មានការសង្ហារយ៉ាងសម្បើមនៅក្នុងស្រុកអេដុម
7 ឯពួកទន្សោងនឹងដួលចុះជាមួយនឹងគេ ព្រមទាំងគោស្ទាវ និងគោចាស់ផង ស្រុកគេនឹងបានដាបដោយឈាម ហើយធូលីដីនឹងបានជោកដោយខ្លាញ់។
8 ដ្បិតព្រះយេហូវ៉ាទ្រង់មានថ្ងៃសម្រាប់សងសឹក មានឆ្នាំសម្រាប់ស្នងដល់គេជំនួសក្រុងស៊ីយ៉ូន
9 ជ្រោះទឹកនៅស្រុកអេដុមនឹងត្រឡប់ជាជ័រ ធូលីដីនឹងត្រឡប់ជាស្ពាន់ធ័រ ហើយស្រុកគេនឹងមានពេញជាជ័រឆេះ
10 ភ្លើងនោះនឹងមិនរលត់ទាំងយប់ទាំងថ្ងៃ ហើយផ្សែងនឹងហុយឡើងជាដរាបទៅ ស្រុកនោះនឹងនៅជាកំឡោចគ្រប់ទាំងដំណនៃមនុស្សតទៅ ឥតដែលមានអ្នកណាដើរកាត់តាមនោះទៀតឡើយ
11 តែទុង និងប្រមា នឹងបានស្រុកនោះជាលំនៅវិញ ហើយគូក និងក្អែក នឹងអាស្រ័យនៅទីនោះដែរ ទ្រង់នឹងសន្ធឹងខ្សែវាស់នៅលើស្រុកនោះ ឲ្យត្រូវខូចបង់ ហើយស្ទង់កូនតឹង ឲ្យត្រូវសូន្យទទេ
12 គេនឹងហៅពួកត្រកូលខ្ពស់មកឲ្យតាំងរាជ្យឡើង តែនឹងគ្មានអ្នកណាមកឡើយ ឯពួកចៅហ្វាយទាំងប៉ុន្មាននឹងផុតអស់ទៅ
13 បន្លានឹងដុះឡើងនៅក្នុងព្រះរាជដំណាក់ ហើយអញ្ចាញ និងដំបងយក្ខ នឹងដុះនៅក្នុងបន្ទាយរបស់គេដែរ ស្រុកនោះនឹងបានជាទីលំនៅនៃឆ្កែព្រៃ ហើយជាព្រះរាជរោងសម្រាប់សត្វអូសទ្រីច
14 អស់ទាំងសត្វដែលនៅទីរហោស្ថាននឹងជួបជុំជាមួយនឹងហ្វូងចចក ហើយពពែព្រៃនឹងស្រែកឆ្លើយគ្នា ឯឪឡនឹងចុះមកទំនៅទីនោះ ហើយនិងធ្វើសំបុកនៅដែរ
15 ពស់វែកនឹងធ្វើសំបុកនៅទីនោះ ព្រមទាំងពង ហើយញាស់កូនផង រួចប្រមូលកូនមកការពារ អើ ពួករអាតនឹងមកទាំងគូៗប្រជុំនៅទីនោះដែរ។
16 ចូរស្វែងរកក្នុងគម្ពីររបស់ព្រះយេហូវ៉ា ហើយមើលចុះ នឹងគ្មានសត្វណាមួយនេះខានមក ហើយនិងគ្មានណាមួយឥតគូឡើយ ពីព្រោះព្រះឱស្ឋទ្រង់បានបង្គាប់ហើយ ព្រះវិញ្ញាណទ្រង់ក៏បានប្រមូលមកដែរ
17 ទ្រង់បានបោះឆ្នោតឲ្យពួកសត្វទាំងនោះ ហើយព្រះហស្តទ្រង់បានវាស់ចែកស្រុកឲ្យ វារាល់គ្នានឹងបានស្រុកនោះ ជារៀងរាបដរាប ហើយនិងអាស្រ័យនៅ ដរាបដល់អស់ទាំងដំណមនុស្សតរៀងទៅ។