អេសេគាល

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48


ជំពូក 44

រួច​លោក​នាំ​ខ្ញុំ​វិល​ទៅ​តាម​ផ្លូវ​នៃ​ទ្វារ​ខាង​ក្រៅ​របស់​ទី​បរិសុទ្ធ ដែល​បើក​ទៅ​ទិស​ខាង​កើត ទ្វារ​នោះ​បិទ​នៅ
2 ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា ទ្វារ​នេះ​ត្រូវ​នៅ​ជា​បិទ ឥត​បើក​ឡើយ ក៏​មិន​ត្រូវ​ឲ្យ​មនុស្ស​ណា​ចូល​តាម​ទ្វារ​នេះ​ដែរ ដ្បិត​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ទ្រង់​បាន​យាង​ចូល​តាម​ទ្វារ​នេះ​ហើយ ហេតុ​នោះ​នឹង​ត្រូវ​បិទ​នៅ
3 ឯ​ព្រះ‌អម្ចាស់​ដ៏​ឧត្តម ទ្រង់​នឹង​គង់​នៅ​ទី​នោះ​ទុក​ជា​ព្រះ‌អម្ចាស់ ដើម្បី​នឹង​សោយ​ព្រះ‌ស្ងោយ នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​យាង​ចូល​តាម​ផ្លូវ​បាំង‌សាច​នៃ​ទ្វារ​កំផែង ហើយ​និង​យាង​ចេញ​ទៅ​វិញ​តាម​ផ្លូវ​ដដែល។
4 បន្ទាប់​មក លោក​នាំ​ខ្ញុំ​ទៅ​តាម​ផ្លូវ​នៃ​ទ្វារ​ខាង​ជើង ពី​មុខ​ព្រះ‌វិហារ នោះ​ខ្ញុំ​ក្រឡេក​មើល​ទៅ​ឃើញ​សិរី‌ល្អ​នៃ​ព្រះ‌យេហូវ៉ា នៅ​ពេញ​ក្នុង​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា រួច​ខ្ញុំ​ដួល​ផ្កាប់​មុខ​ចុះ
5 ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា កូន​មនុស្ស​អើយ ចូរ​ផ្ចង់​ចិត្ត​ចុះ ត្រូវ​ឲ្យ​មើល​ដោយ​ភ្នែក ហើយ​ស្តាប់​ដោយ​ត្រចៀក តាម​គ្រប់​ទាំង​សេចក្ដី​ដែល​អញ​និយាយ ពី​ដំណើរ​បៀប​ទាំង​ប៉ុន្មាន ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា ហើយ​ពី​អស់​ទាំង​ច្បាប់​ផង ហើយ​ផ្ចង់​ចិត្ត​ចំពោះ​ផ្លូវ​ចូល​ព្រះ‌វិហារ និង​អស់​ទាំង​ផ្លូវ​ចេញ​ពី​ទី​បរិសុទ្ធ​ផង
6 រួច​ត្រូវ​ឲ្យ​ឯង​ប្រាប់​ដល់​ពួក​រឹង‌ចចេស គឺ​ដល់​ពួក​វង្ស​អ៊ីស្រា‌អែល​ថា ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ ឲ្យ​ពួក​វង្ស​អ៊ីស្រា‌អែល​អើយ ត្រូវ​ឲ្យ​ការ​គួរ​ស្អប់​ខ្ពើម​របស់​ឯង​បាន​ល្មម​ដល់​ឯង​ប៉ុណ្ណឹង​ចុះ
7 គឺ​ជា​ការ​ដែល​ឯង​រាល់​គ្នា​បាន​នាំ​ពួក​សាសន៍​ដទៃ ជា​មនុស្ស​ដែល​មិន​ទទួល​កាត់​ស្បែក​ខាង​ចិត្ត ហើយ​ខាង​រូប​សាច់​ផង ឲ្យ​ចូល​មក​នៅ​ក្នុង​ទី​បរិសុទ្ធ​របស់​អញ ដើម្បី​នឹង​បង្អាប់​ទី​លំនៅ​របស់​អញ ក្នុង​កាល​ដែល​ឯង​រាល់​គ្នា​បាន​ថ្វាយ​នំបុ័ង​របស់​អញ ព្រម​ទាំង​ខ្លាញ់ និង​ឈាម​ផង ហើយ​បាន​ផ្តាច់​សេចក្ដី​សញ្ញា​របស់​អញ ដោយ​អស់​ទាំង​អំពើ​គួរ​ស្អប់​ខ្ពើម​ដែល​ឯង​ប្រព្រឹត្ត​នោះ
8 ហើយ​ឯង​រាល់​គ្នា​មិន​បាន​រក្សា​បញ្ញើ​នៃ​របស់​បរិសុទ្ធ​ដែល​អញ​ផ្ញើ​ទុក​នឹង​ឯង គឺ​បាន​តាំង​គេ​ឲ្យ​រក្សា​បញ្ញើ​របស់​អញ នៅ​ទី​បរិសុទ្ធ​តាម​អំពើ​ចិត្ត​ឯង​វិញ។
9 ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា មិន​ត្រូវ​ឲ្យ​មាន​សាសន៍​ដទៃ​ណា​មួយ ក្នុង​ពួក​សាសន៍​ដទៃ​ដែល​នៅ​កណ្តាល​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ជា​អ្នក​ដែល​មិន​ទទួល​កាត់​ស្បែក​ខាង​ចិត្ត និង​ខាង​រូប​សាច់​ផង បាន​ចូល​ទៅ​ក្នុង​ទី​បរិសុទ្ធ​របស់​អញ​ឡើយ។
10 ឯ​ពួក​លេវី​ដែល​បាន​ឃ្លាត​ឆ្ងាយ​ពី​អញ ក្នុង​កាល​ដែល​ពួក​អ៊ីស្រា‌អែល​វង្វេង​ចេញ គឺ​ដែល​គេ​បាន​លះ​ចោល​អញ ទៅ​តាម​រូប​ព្រះ​ទាំង​ប៉ុន្មាន​របស់​គេ គេ​នឹង​ត្រូវ​រង​ទ្រាំ​សេចក្ដី​ទុច្ចរិត​របស់​ខ្លួន
11 ប៉ុន្តែ គេ​នឹង​បាន​ជា​អ្នក​ធ្វើ​ការ‌ងារ​នៅ​ក្នុង​ទី​បរិសុទ្ធ​របស់​អញ ព្រម​ទាំង​មាន​អំណាច​ត្រួត‌ត្រា​នៅ​អស់​ទាំង​ទ្វារ​នៃ​ព្រះ‌វិហារ ហើយ​ទាំង​ធ្វើ​ការ‌ងារ​ក្នុង​ព្រះ‌វិហារ​ផង គេ​ត្រូវ​សម្លាប់​តង្វាយ​ដុត និង​យញ្ញ‌បូជា​សម្រាប់​បណ្តា‌ជន ហើយ​ត្រូវ​ឲ្យ​គេ​ឈរ​នៅ​មុខ​បណ្តា‌ជន ដើម្បី​ធ្វើ​ការ‌ងារ​ជំនួស
12 ហេតុ​ដោយ​ព្រោះ​គេ​បាន​ធ្វើ​ការ‌ងារ​ឲ្យ នៅ​ចំពោះ​រូប​ព្រះ​របស់​គេ ហើយ​បាន​ត្រឡប់​ជា​សេចក្ដី​ទុច្ចរិត ដែល​នាំ​ឲ្យ​ពួក​វង្ស​អ៊ីស្រា‌អែល​ចំពប់​ដួល បាន​ជា​ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា អញ​បាន​លើក​ដៃ ទាស់​នឹង​គេ ហើយ​គេ​នឹង​ត្រូវ​រង​ទ្រាំ​សេចក្ដី​ទុច្ចរិត​របស់​ខ្លួន
13 គេ​មិន​ត្រូវ​ចូល​មក​ជិត​អញ ដើម្បី​ធ្វើ​ការ‌ងារ​ជា​សង្ឃ​ដល់​អញ ឬ​ចូល​ទៅ​ជិត​របស់​បរិសុទ្ធ​ណា​មួយ ក្នុង​អស់​ទាំង​វត្ថុ​បរិសុទ្ធ​បំផុត​របស់​អញ​ឡើយ គឺ​គេ​ត្រូវ​រង​ទ្រាំ​សេចក្ដី​ខ្មាស​របស់​ខ្លួន និង​អំពើ​គួរ​ស្អប់​ខ្ពើម​ដែល​គេ​បាន​ប្រព្រឹត្ត​នោះ
14 ប៉ុន្តែ អញ​នឹង​តាំង​គេ​ជា​អ្នក​រក្សា​បញ្ញើ​នៃ​ព្រះ‌វិហារ សម្រាប់​គ្រប់​ការ‌ងារ​ទាំង​នោះ និង​គ្រប់​អស់​ទាំង​ការ​ដែល​ត្រូវ​ធ្វើ​ក្នុង​ទី​នោះ​ដែរ។
15 ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ឯ​ពួក​លេវី​ដែល​ជា​សង្ឃ ជា​កូន​សាដុក ដែល​បាន​រក្សា​បញ្ញើ​ទី​បរិសុទ្ធ​របស់​អញ នៅ​វេលា​ដែល​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​បាន​វង្វេង​ចាក​ចេញ​ពី​អញ ពួក​នោះ​នឹង​ចូល​មក​ជិត​អញ ដើម្បី​នឹង​ធ្វើ​ការ‌ងារ​ដល់​អញ​វិញ ព្រម​ទាំង​ឈរ​នៅ​មុខ​អញ ដើម្បី​ថ្វាយ​ខ្លាញ់ និង​ឈាម​ផង
16 គេ​នឹង​ចូល​មក​ក្នុង​ទី​បរិសុទ្ធ​របស់​អញ ក៏​ចូល​មក​ជិត​តុ​របស់​អញ ដើម្បី​នឹង​ធ្វើ​ការ‌ងារ​ដល់​អញ ព្រម​ទាំង​រក្សា​បញ្ញើ​របស់​អញ​ផង
17 កាល​ណា​គេ​ចូល​ទៅ​តាម​ទ្វារ​កំផែង​ទីលាន​ខាង​ក្នុង នោះ​គេ​នឹង​ត្រូវ​ស្លៀក‌ពាក់ ដោយ​សំពត់​ទេស​ឯក ឥត​មាន​ស្លៀក‌ពាក់​អ្វី​ធ្វើ​ពី​រោម​ចៀម កំពុង​ដែល​គេ​ធ្វើ​ការ‌ងារ នៅ​ខាង​ក្នុង​ទ្វារ​ទីលាន​ខាង​ក្នុង ហើយ​ក្នុង​ព្រះ‌វិហារ​ឡើយ
18 គេ​ត្រូវ​ជួត​ឈ្នួត​ធ្វើ​ពី​សំពត់​ទេស​ឯក​នៅ​លើ​ក្បាល ហើយ​ស្លៀក‌ពាក់​ខោ​ស្នាប់​ភ្លៅ​ទេស​ឯក​ដែរ គេ​មិន​ត្រូវ​ក្រវាត់​ខ្លួន​ដោយ​អ្វី​ដែល​នាំ​ឲ្យ​បែក​ញើស​ទេ
19 រួច​កាល​ណា​គេ​ចេញ​ទៅ​ឯ​ទីលាន​ខាង​ក្រៅ គឺ​ទៅ​ឯ​បណ្តា‌ជន​ដែល​នៅ​ទីលាន​ខាង​ក្រៅ នោះ​គេ​ត្រូវ​ដោះ​សម្លៀក‌បំពាក់​ដែល​គេ​ស្លៀក‌ពាក់​សម្រាប់​ធ្វើ​ការ‌ងារ​ចេញ ដាក់​ទុក​ក្នុង​បន្ទប់​បរិសុទ្ធ​ទាំង​ប៉ុន្មាន ហើយ​ត្រូវ​ស្លៀក‌ពាក់​ផ្សេង​វិញ ដើម្បី​មិន​ឲ្យ​គេ​ញែក​បណ្តា‌ជន​ចេញ​ជា​បរិសុទ្ធ ដោយ‌សារ​សម្លៀក‌បំពាក់​របស់​គេ
20 គេ​ក៏​មិន​ត្រូវ​កោរ​សក់ ឬ​ទុក​ឲ្យ​សក់​ដុះ​វែង​ដែរ គេ​នឹង​គ្រាន់​តែ​កាត់​ដំរឹម​ប៉ុណ្ណោះ
21 មិន​ត្រូវ​ឲ្យ​សង្ឃ​ណា​មួយ​ផឹក​ស្រា​ទំពាំង‌បាយ‌ជូរ ក្នុង​កាល​ដែល​ចូល​ទៅ​ក្នុង​ទីលាន​ខាង​ក្នុង​ឡើយ
22 ក៏​មិន​ត្រូវ​យក​ស្រី​មេម៉ាយ ឬ​ស្រី​ប្ដី​លែង​ធ្វើ​ជា​ប្រពន្ធ​ខ្លួន​ដែរ គឺ​ត្រូវ​យក​តែ​ស្រី​ក្រមុំ​ក្នុង​ពូជ​វង្ស​អ៊ីស្រា‌អែល ឬ​ស្រី​មេម៉ាយ​ណា​ដែល​ជា​ប្រពន្ធ​របស់​សង្ឃ​ពី​កាល​ដើម​ប៉ុណ្ណោះ
23 គេ​ត្រូវ​បង្រៀន​រាស្ត្រ​អញ​ឲ្យ​ចេះ​សម្គាល់​របស់​បរិសុទ្ធ និង​របស់​ធម្មតា ហើយ​ឲ្យ​គេ​មើល​ដឹង​របស់​ស្អាត និង​របស់​ដែល​មិន​ស្អាត
24 ឯ​ក្នុង​រឿង​ទាស់‌ទែង​គ្នា នោះ​ត្រូវ​ឲ្យ​គេ​ឈរ​ជំនុំ‌ជម្រះ​សេចក្ដី ត្រូវ​ឲ្យ​គេ​ជំនុំ‌ជម្រះ​ការណ៍​នោះ​តាម​សេចក្ដី​យុត្តិ‌ធម៌​របស់​អញ ព្រម​ទាំង​រក្សា​អស់​ទាំង​ក្រឹត្យ‌ក្រម និង​បញ្ញត្ត​ច្បាប់​របស់​អញ នៅ​អស់​ទាំង​បុណ្យ​មាន​កំណត់​របស់​អញ​ផង ហើយ​ត្រូវ​ឲ្យ​គេ​រក្សា​ថ្ងៃ​ឈប់​សម្រាក​របស់​អញ ទុក​ជា​បរិសុទ្ធ​ដែរ
25 មិន​ត្រូវ​ឲ្យ​គេ​ចូល​ទៅ​ជិត​ខ្មោច​ស្លាប់​ណា ឲ្យ​ខ្លួន​ត្រូវ​សៅ‌ហ្មង​ឡើយ វៀរ​តែ​ខ្មោច​ឪពុក ឬ​ម្តាយ កូន​ប្រុស ឬ​កូន​ស្រី បង​ប្អូន​ប្រុស ឬ​បង​ប្អូន​ស្រី ដែល​មិន​ទាន់​មាន​ប្ដី​នៅ​ឡើយ នោះ​គេ​នឹង​ឲ្យ​ខ្លួន​សៅ‌ហ្មង ដោយ​ព្រោះ​ខ្មោច​អ្នក​ទាំង​នោះ​បាន
26 រួច​កាល​ណា​បាន​សម្អាត​ខ្លួន​វិញ​ហើយ នោះ​ត្រូវ​រាប់​៧​ថ្ងៃ​ដល់​សង្ឃ​នោះ
27 លុះ​ដល់​ថ្ងៃ​ដែល​ចូល​ទៅ​ក្នុង​ទីលាន​ខាង​ក្នុង​នៃ​ទី​បរិសុទ្ធ ដើម្បី​នឹង​ធ្វើ​ការ‌ងារ​ក្នុង​ទី​បរិសុទ្ធ នោះ​ត្រូវ​ថ្វាយ​តង្វាយ​លោះ​បាប​របស់​ខ្លួន នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់​យេហូវ៉ា។
28 ត្រូវ​ឲ្យ​គេ​មាន​មរដក​ដែរ គឺ​អញ​ជា​មរដក​របស់​គេ ឯង​រាល់​គ្នា​មិន​ត្រូវ​ឲ្យ​គេ​មាន​កេរ‌អាករ​នៅ​ក្នុង​ស្រុក​អ៊ីស្រា‌អែល​ឡើយ ដ្បិត​អញ​ជា​កេរ‌អាករ​របស់​គេ​ហើយ
29 គេ​នឹង​ស៊ី​តង្វាយ​ម្សៅ តង្វាយ​លោះ​បាប និង​តង្វាយ​ដែល​ថ្វាយ​ដោយ​ព្រោះ​ការ​រំលង ហើយ​គ្រប់​របស់​ទាំង​អស់ ដែល​បាន​ថ្វាយ​ដាច់​ដល់​ព្រះ នៅ​ក្នុង​ពួក​អ៊ីស្រា‌អែល នោះ​នឹង​បាន​ជា​របស់​ផង​គេ​ទាំង​អស់
30 ឯ​ចំណែក​ដំបូង​ពី​ផល​ដំបូង​គ្រប់​យ៉ាង និង​អស់​ទាំង​តង្វាយ ដែល​ថ្វាយ​ដោយ​លើក​ចុះ​ឡើង​គ្រប់​មុខ ពី​អស់​ទាំង​តង្វាយ​លើក​ចុះ​ឡើង​របស់​ឯង​រាល់​គ្នា នោះ​សុទ្ធ​តែ​ជា​របស់​ផង​ពួក​សង្ឃ​ឯង​រាល់​គ្នា ក៏​ត្រូវ​ឲ្យ​ម្សៅ​ដំបូង​របស់​ឯង ដល់​ពួក​សង្ឃ​ដែរ ដើម្បី​ឲ្យ​បាន​ព្រះ‌ពរ​ស្ថិត​លើ​ផ្ទះ​ឯង
31 ពួក​សង្ឃ​មិន​ត្រូវ​ស៊ី​អ្វី​ដែល​ស្លាប់​ដោយ​ខ្លួន​ឯង ឬ​ដែល​សត្វ​ណា​បាន​ហែក‌ហួរ ទោះ​បើ​ជា​សត្វ​ហើរ ឬ​សត្វ​ជើង​៤​ក្តី។