អេសេគាល

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48


ជំពូក 6

ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​បាន​មក​ដល់​ខ្ញុំ​ថា
2 កូន​មនុស្ស​អើយ ចូរ​តម្រង់​មុខ​ទៅ​ឯ​ភ្នំ​ស្រុក​អ៊ីស្រា‌អែល ហើយ​ទាយ​ប្រាប់​គេ​ថា
3 ម្នាល​ភ្នំ​ស្រុក​អ៊ីស្រា‌អែល​អើយ ចូរ​ស្តាប់​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់​យេហូវ៉ា ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដល់​ទាំង​ភ្នំ​ធំ ភ្នំ​តូច ទាំង​ជ្រោះ​ទឹក និង​ច្រក​ភ្នំ​ទាំង​ប៉ុន្មាន​ថា មើល អញ គឺ​អញ​នេះ​ហើយ នឹង​នាំ​ដាវ​មក​លើ​ឯង​រាល់​គ្នា ហើយ​អញ​នឹង​បំផ្លាញ​អស់​ទាំង​ទី​ខ្ពស់​របស់​ឯង​បង់
4 អស់​ទាំង​អាសនៈ​របស់​ឯង​នឹង​ត្រូវ​ខូច​លាញ ហើយ​រូប​ព្រះ‌អាទិត្យ​របស់​ឯង​នឹង​ត្រូវ​បាក់​បែក អញ​នឹង​បោះ​ពួក​ឯង​ដែល​ត្រូវ​ស្លាប់​ចុះ នៅ​មុខ​រូប​ព្រះ​របស់​ឯង
5 អញ​នឹង​ផ្តេក​សាក‌សព​របស់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល នៅ​មុខ​រូប​ព្រះ​របស់​គេ ហើយ​និង​កម្ចាត់‌កម្ចាយ​ឆ្អឹង​ឯង នៅ​ជុំវិញ​អាសនៈ​របស់​ឯង
6 នៅ​អស់​ទាំង​ទី​ណា​ដែល​ឯង​រាល់​គ្នា​អាស្រ័យ​នៅ នោះ​ទី​ក្រុង​ទាំង​ប៉ុន្មាន​នឹង​ត្រូវ​ខូច​បង់ ហើយ​អស់​ទាំង​ទី​ខ្ពស់​នឹង​ត្រូវ​ចោល​ស្ងាត់ ដើម្បី​ឲ្យ​អាសនៈ​ទាំង​ប៉ុន្មាន​របស់​ឯង​ត្រូវ​បំផ្លាញ ហើយ​នៅ​ស្ងាត់‌ច្រៀប និង​ឲ្យ​រូប​ព្រះ​របស់​ឯង​ទាំង​ប៉ុន្មាន​ត្រូវ​បាក់​បែក ហើយ​លែង​មាន​ទៀត ព្រម​ទាំង​ឲ្យ​រូប​ព្រះ‌អាទិត្យ​របស់​ឯង​ត្រូវ​កាប់​រំលំ​ផង ប្រយោជន៍​ឲ្យ​ស្នាដៃ​ទាំង​ប៉ុន្មាន​របស់​ឯង​បាន​សាប‌សូន្យ​ទៅ
7 ពួក​អ្នក​ដែល​ត្រូវ​សម្លាប់ គេ​នឹង​ដួល​នៅ​កណ្តាល​ឯង នោះ​ឯង​រាល់​គ្នា​នឹង​ដឹង​ថា អញ​នេះ​ជា​ព្រះ‌យេហូវ៉ា​ពិត។
8 ប៉ុន្តែ អញ​នឹង​ឲ្យ​មាន​សល់​នៅ​ខ្លះ ដើម្បី​ឲ្យ​ឯង​រាល់​គ្នា​មាន​អ្នក​ខ្លះ​ដែល​នឹង​រួច​ពី​ដាវ​នៅ​កណ្តាល​សាសន៍​ដទៃ ក្នុង​កាល​ដែល​ឯង​រាល់​គ្នា​ត្រូវ​ខ្ចាត់​ខ្ចាយ​ទៅ នៅ​អស់​ទាំង​ស្រុក
9 ឯ​ពួក​អ្នក​ដែល​រួច គេ​នឹង​នឹក​ចាំ​ពី​អញ​នៅ​កណ្តាល​អស់​ទាំង​សាសន៍ ដែល​គេ​ត្រូវ​ដឹក‌នាំ​ទៅ​ជា​ឈ្លើយ​នោះ គឺ​នឹក​ពី​អញ ដែល​បាន​បំបាក់​ចិត្ត​កំផិត​របស់​គេ ដែល​បាន​ប្រាស​ចេញ​ពី​អញ​ទៅ ព្រម​ទាំង​ភ្នែក​គេ​ដែល​ផិត​តាម​រូប​របស់​ព្រះ​ខ្លួន​ផង នោះ​គេ​នឹង​មើល​ខ្លួន ដោយ​ខ្ពើម​ឆ្អើម ព្រោះ​អំពើ​អាក្រក់​ដែល​គេ​បាន​ប្រព្រឹត្ត ក្នុង​អស់​ទាំង​ការ​គួរ​ស្អប់​ខ្ពើម​របស់​គេ
10 គេ​នឹង​ដឹង​ថា អញ​នេះ​ជា​ព្រះ‌យេហូវ៉ា​ពិត ហើយ​ដែល​អញ​បាន​ថា នឹង​ធ្វើ​ការ​អាក្រក់​ទាំង​នេះ​ដល់​គេ នោះ​មិន​មែន​ជា​ពាក្យ​លេង​ទេ។
11 ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា ចូរ​ទះ​ដៃ ហើយ​តន្ត្រំ​ជើង​ចុះ ដោយ​ពាក្យ​ថា វរ‌ហើយ ដោយ​ព្រោះ​ការ​គួរ​ស្អប់​ខ្ពើម​ដ៏​អាក្រក់​របស់​ពូជ‌ពង្ស​អ៊ីស្រា‌អែល ដ្បិត​គេ​នឹង​ត្រូវ​ដួល​ដោយ​ដាវ ដោយ​អំណត់​អត់ ហើយ​ដោយ​អាសន្ន‌រោគ
12 អ្នក​ណា​ដែល​នៅ​ឆ្ងាយ នឹង​ស្លាប់​ដោយ​អាសន្ន‌រោគ អ្នក​ដែល​នៅ​ជិត នឹង​ស្លាប់​ដោយ​ដាវ ហើយ​ពួក​សល់​នៅ​ក្នុង​ទី​ក្រុង ដែល​ត្រូវ​គេ​ឡោម‌ព័ទ្ធ នោះ​នឹង​ស្លាប់​ដោយ​អំណត់​អត់​វិញ គឺ​យ៉ាង​នោះ​ដែល​អញ​នឹង​សម្រេច​សេចក្ដី​ក្រោធ​របស់​អញ​ដល់​គេ
13 ឯង​រាល់​គ្នា​នឹង​ដឹង​ថា អញ​នេះ​ជា​ព្រះ‌យេហូវ៉ា​ពិត ក្នុង​កាល​ដែល​ពួក​អ្នក​ដែល​ត្រូវ​គេ​សម្លាប់ បាន​ដេក​រណែល​កណ្តាល​អស់​ទាំង​រូប​ព្រះ​របស់​ខ្លួន នៅ​ជុំវិញ​អាសនៈ លើ​គ្រប់​ទាំង​ទួល​ខ្ពស់​គ្រប់​ទាំង​កំពូល​ភ្នំ នៅ​ក្រោម​គ្រប់​ទាំង​ដើម​ឈើ​ខៀវ​ខ្ចី និង​នៅ​ក្រោម​គ្រប់​ទាំង​ដើម​ម៉ៃសាក់​ញឹក​ស្នឹត ជា​កន្លែង​ដែល​គេ​បាន​ដុត​គ្រឿង​ក្រអូប ថ្វាយ​ដល់​រូប​ព្រះ​ទាំង​ប៉ុន្មាន​របស់​គេ
14 អញ​នឹង​លូក​ដៃ​ទៅ​លើ​គេ និង​ធ្វើ​ឲ្យ​ស្រុក​គេ​ត្រូវ​ខូច​បង់ ហើយ​ស្ងាត់‌ច្រៀប លើស​ជាង​ទី​រហោ‌ស្ថាន​ដែល​នៅ​ខាង​ឌីបឡា​ទៅ​ទៀត គឺ​នៅ​គ្រប់​ទាំង​ទី​កន្លែង​ណា​ដែល​គេ​អាស្រ័យ​នៅ​ផង នោះ​គេ​នឹង​ដឹង​ថា អញ​នេះ​ជា​ព្រះ‌យេហូវ៉ា​ពិត។