អេសេគាល

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48


ជំពូក 40

នៅ​ឆ្នាំ​២៥ ដែល​យើង​រាល់​គ្នា​នៅ​ជា​ឈ្លើយ លុះ​ដល់​ថ្ងៃ​១០​ខែ​ដើម​ឆ្នាំ គឺ​ក្នុង​ឆ្នាំ​ទី​១៤ តាំង​ពី​ទី​ក្រុង​ត្រូវ​គេ​វាយ​មក នៅ​ថ្ងៃ​នោះ​ឯង ព្រះ‌ហស្ត​នៃ​ព្រះ‌យេហូវ៉ា​បាន​សណ្ឋិត​នៅ​លើ​ខ្ញុំ ហើយ​ទ្រង់​នាំ​ខ្ញុំ​ទៅ​ឯ​ទី​នោះ
2 ទ្រង់​បាន​នាំ​ខ្ញុំ​ទៅ​ក្នុង​ស្រុក​អ៊ីស្រា‌អែល ដោយ​ការ​ជាក់‌ស្តែង​របស់​ព្រះ ហើយ​បាន​ដាក់​ខ្ញុំ​ចុះ​លើ​ភ្នំ​១​យ៉ាង​ខ្ពស់ ដែល​នៅ​ភ្នំ​នោះ មាន​សណ្ឋាន​ដូច​ជា​ទី​ក្រុង នៅ​ប៉ែក​ខាង​ត្បូង
3 ទ្រង់​នាំ​ខ្ញុំ​ទៅ​ឯ​ទី​នោះ ខ្ញុំ​ក៏​ឃើញ​មាន​មនុស្ស​ម្នាក់​មាន​ភាព​ដូច​ជា​លង្ហិន ដែល​កាន់​ខ្សែ​ខ្លូត‌ទេស​នៅ​ដៃ និង​បបុស​សម្រាប់​វាស់​ផង លោក​ឈរ​នៅ​ក្នុង​ទ្វារ
4 មនុស្ស​នោះ​ក៏​និយាយ​មក​ខ្ញុំ​ថា កូន​មនុស្ស​អើយ ចូរ​ពិនិត្យ​ដោយ​ភ្នែក ហើយ​ស្តាប់​ដោយ​ត្រចៀក​ចុះ រួច​យក​ចិត្ត​ទុក​ដាក់​នឹង​គ្រប់​ទាំង​អស់​ដែល​អញ​បង្ហាញ​ដល់​ឯង ដ្បិត​បាន​នាំ​ឯង​មក​នៅ​ទី​នេះ ប្រយោជន៍​ឲ្យ​អញ​បាន​បង្ហាញ​ទាំង​អស់​នេះ​ដល់​ឯង​ហើយ ដូច្នេះ ចូរ​ប្រាប់​ទាំង​អស់​ដែល​ឯង​ឃើញ ដល់​ពួក​វង្ស​អ៊ីស្រា‌អែល​ផង។
5 នោះ​ក៏​ឃើញ​មាន​កំផែង​នៅ​ព័ទ្ធ​ជុំវិញ ខាង​ក្រៅ​នៃ​ព្រះ‌វិហារ ហើយ​នៅ​ដៃ​មនុស្ស​នោះ មាន​បបុស​សម្រាប់​វាស់​ប្រវែង​៦​ហត្ថ ដែល​ក្នុង​១​ហត្ថ​នោះ ត្រូវ​ជា​១​ហត្ថ​១​ទះ ដូច្នេះ លោក​ក៏​វាស់​កំរាស់​កំផែង​នោះ​ត្រូវ​ជា​១​ខ្នាត​បបុស ហើយ​កំពស់​ក៏​១​ខ្នាត​នោះ​ដែរ
6 រួច​លោក​ទៅ​ដល់​ទ្វារ​ដែល​បើក​ទៅ​ទិស​ខាង​កើត ក៏​ឡើង​ជណ្តើរ​ទ្វារ​នោះ ទៅ​វាស់​ទទឹង​មាត់​ទ្វារ​បាន​១​ខ្នាត ហើយ​ទទឹង​១​ទៀត​ក៏​បាន​១​ខ្នាត​ដូច​គ្នា
7 គ្រប់​ទាំង​បន្ទប់ មាន​បណ្តោយ​១​ខ្នាត និង​ទទឹង​១​ខ្នាត ឯ​ប្រឡោះ​កណ្តាល​បន្ទប់​ទាំង​នោះ មាន​៥​ហត្ថ ហើយ​មាត់​ទ្វារ​បាំង‌សាច​នៃ​ទ្វារ​ខាង​ក្នុង​ក៏​១​ខ្នាត​ដែរ
8 លោក​ក៏​វាស់​បាំង‌សាច​ទ្វារ​ខាង​ក្នុង​បាន​១​ខ្នាត
9 រួច​លោក​វាស់​បាំង‌សាច​បាន​៨​ហត្ថ ហើយ​សសរ​បាំង‌សាច​នោះ​បាន​២​ហត្ថ ឯ​បាំង‌សាច​នៃ​ទ្វារ​កំផែង​នោះ​នៅ​ខាង​ក្នុង
10 បន្ទប់​ទាំង​ប៉ុន្មាន​របស់​ទ្វារ​ខាង​កើត នោះ​មាន​៣​ខាង​នេះ ហើយ​៣​ខាង​នោះ គ្រប់​ទាំង​៣​មាន​ទំហំ​ដូច​គ្នា ហើយ​សសរ​ខាង​នេះ និង​នៅ​ខាង​នោះ ក៏​មាន​ទំហំ​ដូច​គ្នា​ដែរ
11 លោក​ក៏​វាស់​ទទឹង​នៃ​ផ្លូវ​ចូល​តាម​ទ្វារ​កំផែង​បាន​១០​ហត្ថ ហើយ​បណ្តោយ​បាន​១៣​ហត្ថ
12 ក៏​មាន​របង​១​ហត្ថ នៅ​ពី​មុខ​បន្ទប់​នីមួយៗ ទាំង​ខាង​នេះ និង​ខាង​នោះ​ផង បន្ទប់​ទាំង​នោះ​មាន​ទំហំ​៦​ហត្ថ​៤​ជ្រុង​ស្មើ
13 លោក​ក៏​វាស់​ទ្វារ​ពី​ដំបូល​បន្ទប់​១ ដល់​ដំបូល​បន្ទប់​ម្ខាង​បាន​ទទឹង​២៥​ហត្ថ មាន​ទ្វារ​ទល់​មុខ​នឹង​ទ្វារ
14 លោក​ក៏​ធ្វើ​សសរ​បាន​៦០​ហត្ថ ហើយ​ទីលាន​ក៏​ត្រឹម​សសរ​ទាំង​នោះ នៅ​ព័ទ្ធ​ជុំវិញ​ទ្វារ​កំផែង
15 ចាប់​តាំង​ពី​មុខ​ទ្វារ​កំផែង​ត្រង់​ផ្លូវ​ចូល រហូត​ដល់​មុខ​បាំង‌សាច​ខាង​ក្នុង​នៃ​ទ្វារ​នោះ​បាន​៥០​ហត្ថ
16 បន្ទប់​ទាំង​នោះ​មាន​បង្អួច​បិទ ព្រម​ទាំង​នៅ​សសរ​ខាង​ក្នុង​ទ្វារ​កំផែង​ព័ទ្ធ​ជុំវិញ ហើយ​នៅ​ក្នុង​ខ្លោង‌ទ្វារ​ផង មាន​បង្អួច​នៅ​ព័ទ្ធ​ជុំវិញ​ខាង​ក្នុង ហើយ​នៅ​សសរ​នីមួយៗ មាន​ឆ្លាក់​ជា​ដើម​លម៉ើ។
17 រួច​លោក​នាំ​ខ្ញុំ​ទៅ​ឯ​ទីលាន​ខាង​ក្រៅ នោះ​ឃើញ​មាន​បន្ទប់ ហើយ​កម្រាល​ថ្ម​ដែល​ធ្វើ​សម្រាប់​ទីលាន​នៅ​ជុំវិញ គឺ​មាន​បន្ទប់​៣០ នៅ​លើ​កម្រាល​ថ្ម​នោះ
18 កម្រាល​ថ្ម​នោះ​ក៏​នៅ​ក្បែរ​ទ្វារ ត្រូវ​នឹង​ប្រវែង​ទ្វារ នោះ​ជា​កម្រាល​ថ្ម​ជាន់​ក្រោម
19 រួច​លោក​វាស់​ទទឹង​ទីលាន​ពី​ខាង​ក្រៅ ចាប់​តាំង​ពី​មុខ​ទ្វារ​កំផែង​ខាង​ក្រោម រហូត​ដល់​មុខ​ទីលាន​ខាង​ក្នុង​បាន​១០០​ហត្ថ ទាំង​ខាង​កើត និង​ខាង​ជើង​ផង។
20 លោក​ក៏​វាស់​បណ្តោយ និង​ទទឹង​នៃ​ទ្វារ​កំផែង​របស់​ទីលាន​ខាង​ក្រៅ ដែល​បើក​ទៅ​ខាង​ជើង
21 ហើយ​មាន​បន្ទប់​៣​ខាង​នេះ និង​៣​ខាង​នោះ​ដែរ ឯ​សសរ និង​ខ្លោង‌ទ្វារ​នោះ ក៏​មាន​ទំហំ​ត្រូវ​គ្នា​នឹង​ទ្វារ​ទី​១ គឺ​បណ្តោយ​៥០​ហត្ថ ទទឹង​២៥​ហត្ថ
22 អស់​ទាំង​បង្អួច និង​ខ្លោង‌ទ្វារ ហើយ​ក្បាច់​ដើម​លម៉ើ​ក៏​មាន​ទំហំ​ដូច​ជា​ទ្វារ​កំផែង ដែល​បើក​ទៅ​ទិស​ខាង​កើត មាន​ជណ្តើរ​៧​ថ្នាក់​ឡើង​ទៅ​ដល់​ទ្វារ​នោះ រួច​មាន​ខ្លោង‌ទ្វារ​ពី​មុខ​ដែរ
23 ក៏​មាន​ទ្វារ​ចូល​ទៅ​ក្នុង​ទីលាន​ខាង​ក្នុង ដែល​ប្រទល់​មុខ​នឹង​ទ្វារ​នោះ​ទាំង​ខាង​ជើង និង​ខាង​កើត​ផង រួច​លោក​វាស់​ពី​ទ្វារ​១​ទៅ​ទ្វារ​១​ទៀត​បាន​១០០​ហត្ថ។
24 លោក​ក៏​នាំ​ខ្ញុំ​ទៅ​ខាង​ត្បូង នោះ​ឃើញ​មាន​ទ្វារ​១ ដែល​បើក​ទៅ​ទិស​ខាង​ត្បូង​ដែរ លោក​វាស់​សសរ និង​ខ្លោង‌ទ្វារ​ទាំង​នោះ ក៏​ត្រូវ​នឹង​ទំហំ​ទាំង​នោះ
25 ក៏​មាន​បង្អួច​នៅ​ទី​នោះ ហើយ​នៅ​ខ្លោង‌ទ្វារ​ព័ទ្ធ​ជុំវិញ ដូច​ជា​បង្អួច​ពី​មុន ទ្វារ​នោះ​បណ្តោយ​បាន​៥០​ហត្ថ ហើយ​ទទឹង​២៥​ហត្ថ
26 ក៏​មាន​ជណ្តើរ​៧​ថ្នាក់​ឡើង​ទៅ​ដល់​ទ្វារ និង​ខ្លោង‌ទ្វារ​ពី​មុខ​នោះ​ដែរ នៅ​សសរ​ទាំង​សង​ខាង មាន​ក្បាច់​ដើម​លម៉ើ​១​ខាង​នេះ ហើយ​១​ខាង​នោះ
27 ក៏​មាន​ទ្វារ​១​បើក​ទៅ​ក្នុង​ទីលាន​ខាង​ក្នុង ដែល​នៅ​ទិស​ខាង​ត្បូង ហើយ​លោក​វាស់​ពី​ទ្វារ​កំផែង​១ ទៅ​ដល់​ទ្វារ​កំផែង​១​ទៀត ខាង​ត្បូង​នោះ​បាន​១០០​ហត្ថ។
28 រួច​លោក​នាំ​ខ្ញុំ​ទៅ​ដល់​ទីលាន​ខាង​ក្នុង ក្បែរ​ទ្វារ​កំផែង​ខាង​ត្បូង លោក​វាស់​ទ្វារ​ខាង​ត្បូង ក៏​ត្រូវ​នឹង​ទំហំ​ទាំង​នោះ
29 ឯ​បន្ទប់​ទាំង​ប៉ុន្មាន និង​សសរ ហើយ​ខ្លោង‌ទ្វារ​នោះ​មាន​ទំហំ​ដូច​គ្នា​ដែរ មាន​បង្អួច​នៅ​ទី​នោះ ហើយ​នៅ​ខ្លោង‌ទ្វារ​ព័ទ្ធ​ជុំវិញ ទ្វារ​នោះ​ក៏​បណ្តោយ​៥០​ហត្ថ និង​ទទឹង​២៥​ហត្ថ​ដូច​គ្នា
30 ហើយ​មាន​ខ្លោង‌ទ្វារ​នៅ​ជុំវិញ​បណ្តោយ​២៥​ហត្ថ និង​ទទឹង​៥​ហត្ថ
31 ខ្លោង‌ទ្វារ​ទាំង​នោះ​ក៏​បែរ​ទៅ​ខាង​ទីលាន​ខាង​ក្រៅ ហើយ​មាន​ក្បាច់​ដើម​លម៉ើ នៅ​សសរ​ទាំង​ប៉ុន្មាន ឯ​ជណ្តើរ​ឡើង​ទៅ​ឯ​ទ្វារ​នោះ​មាន​៨​ថ្នាក់​វិញ។
32 បន្ទាប់​មក លោក​នាំ​ខ្ញុំ​ទៅ​ឯ​ទីលាន​ខាង​ក្នុង ដែល​នៅ​ទិស​ខាង​កើត លោក​ក៏​វាស់​ទ្វារ​នោះ​មាន​ទំហំ​ត្រូវ​គ្នា​ដែរ
33 ឯ​បន្ទប់​ទាំង​ប៉ុន្មាន និង​សសរ ហើយ​ខ្លោង‌ទ្វារ ក៏​ត្រូវ​តាម​ទំហំ​ទាំង​នោះ​ទៀត មាន​ទាំង​បង្អួច​នៅ​ទី​នោះ ហើយ​នៅ​ខ្លោង‌ទ្វារ​ព័ទ្ធ​ជុំវិញ ទ្វារ​នោះ​ក៏​មាន​បណ្តោយ​៥០​ហត្ថ ទទឹង​២៥​ហត្ថ
34 ឯ​ខ្លោង‌ទ្វារ​ក៏​បែរ​ទៅ​ឯ​ទីលាន​ខាង​ក្រៅ មាន​ក្បាច់​ដើម​លម៉ើ នៅ​សសរ​សង​ខាង ខាង​ឯ​ជណ្តើរ​ដែល​ឡើង​ទៅ​ឯ​ទ្វារ​នោះ​មាន​៨​ថ្នាក់​ដែរ។
35 រួច​លោក​នាំ​ខ្ញុំ​ទៅ​ឯ​ទ្វារ​ទិស​ខាង​ជើង ក៏​វាស់​ទ្វារ​នោះ មាន​ទំហំ​ត្រូវ​គ្នា​ដែរ
36 បន្ទប់​ទាំង​ប៉ុន្មាន និង​សសរ ហើយ​ខ្លោង‌ទ្វារ​ផង ក៏​មាន​បង្អួច​នៅ​ជុំវិញ ទ្វារ​នោះ​បណ្តោយ​៥០​ហត្ថ ទទឹង​២៥​ហត្ថ​ដូច​គ្នា
37 សសរ​ទាំង​ប៉ុន្មាន​ក៏​បែរ​ទៅ​ឯ​ទីលាន​ខាង​ក្រៅ ហើយ​មាន​ក្បាច់​ដើម​លម៉ើ​ទាំង​សង​ខាង ឯ​ជណ្តើរ​ដែល​ឡើង​ទៅ​ឯ​ទ្វារ​នោះ ក៏​មាន​៨​ថ្នាក់​ដែរ។
38 មាន​បន្ទប់​១​ដែល​មាន​ទ្វារ​ក្បែរ​សសរ នៅ​ត្រង់​ទ្វារ​កំផែង គឺ​ជា​ទី​នោះ​ដែល​គេ​លាង​តង្វាយ​ដុត
39 ហើយ​នៅ​បាំង‌សាច​នៃ​ទ្វារ​កំផែង មាន​តុ​២​នៅ​ខាង​នេះ ហើយ​២​ខាង​នោះ សម្រាប់​នឹង​សម្លាប់​តង្វាយ​ដុត យញ្ញ‌បូជា​លោះ​បាប និង​យញ្ញ‌បូជា ដែល​ថ្វាយ​ដោយ​ព្រោះ​ការ​រំលង
40 ឯ​ខាង​ក្រៅ ដែល​ឡើង​ទៅ​ឯ​ផ្លូវ​ចូល​ទ្វារ​កំផែង​ទិស​ខាង​ជើង នោះ​មាន​តុ​២​ម្ខាង ហើយ​២​ម្ខាង​ទៀត​របស់​បាំង‌សាច​នៃ​ទ្វារ​កំផែង​នោះ
41 មាន​តុ​៤​ខាង​នេះ ហើយ​៤​ខាង​នោះ ដែល​នៅ​ខាងៗ​នៃ​ទ្វារ​កំផែង គឺ​ទាំង​អស់​មាន​តុ​៨ សម្រាប់​នឹង​សម្លាប់​យញ្ញ‌បូជា
42 ក៏​មាន​តុ​៤​ដាប់​ពី​ថ្ម​ប្រវែង​១​ហត្ថ​កន្លះ ទទឹង​១​ហត្ថ​កន្លះ ហើយ​កំពស់​១​ហត្ថ​សម្រាប់​តង្វាយ​ដុត ជា​កន្លែង​ដែល​ដាក់​គ្រឿង​ប្រដាប់​សម្រាប់​សម្លាប់​តង្វាយ​ដុត និង​យញ្ញ‌បូជា​នោះ
43 ហើយ​មាន​ទំពក់​ប្រវែង​១​ទះ​ភ្ជាប់​នឹង​ជញ្ជាំង​ជុំវិញ ឯ​សាច់​នៃ​តង្វាយ​ក៏​នៅ​លើ​តុ​ទាំង​នោះ។
44 នៅ​ខាង​ក្រៅ​នៃ​ទ្វារ​ខាង​ក្នុង នោះ​មាន​បន្ទប់​សម្រាប់​ពួក​ចម្រៀង នៅ​ក្នុង​ទីលាន​ខាង​ក្នុង ដែល​នៅ​ត្រង់​ទ្វារ​ទិស​ខាង​ជើង ឯ​បន្ទប់​ទាំង​នោះ​បើក​ទៅ​ខាង​ត្បូង ហើយ​មាន​១​ទៀត នៅ​ត្រង់​ទ្វារ​ខាង​កើត ដែល​បើក​ទៅ​ទិស​ខាង​ជើង
45 លោក​ក៏​ប្រាប់​ខ្ញុំ​ថា បន្ទប់​១​នេះ​ដែល​បើក​ទៅ​ខាង​ត្បូង នោះ​សម្រាប់​ពួក​សង្ឃ​ដែល​រក្សា​បញ្ញើ​នៃ​ព្រះ‌វិហារ
46 ហើយ​បន្ទប់​១​ដែល​បើក​ទៅ​ខាង​ជើង នោះ​សម្រាប់​ពួក​សង្ឃ​ដែល​រក្សា​បញ្ញើ​នៃ​អាសនៈ ឯ​ពួក​ទាំង​នោះ គឺ​ជា​កូន​ចៅ​របស់​សាដុក ក្នុង​ពួក​កូន​ចៅ​លេវី ដែល​ចូល​ទៅ​ជិត​ព្រះ‌យេហូវ៉ា ដើម្បី​ធ្វើ​ការ‌ងារ​ថ្វាយ​ទ្រង់
47 លោក​ក៏​វាស់​ទីលាន​បាន​ប្រវែង​១០០​ហត្ថ ទទឹង​១០០​ហត្ថ ៤​ជ្រុង​ស្មើ ហើយ​អាសនៈ​ក៏​នៅ​ពី​មុខ​ព្រះ‌វិហារ។ ទី​សក្ការៈ
48 រួច​លោក​នាំ​ខ្ញុំ​ទៅ​ឯ​បាំង‌សាច​នៃ​ព្រះ‌វិហារ លោក​វាស់​សសរ​បាំង‌សាច​នោះ​បាន​៥​ហត្ថ​ខាង​នេះ និង​៥​ហត្ថ​ខាង​នោះ ហើយ​ទទឹង​ទ្វារ​នោះ​បាន​៥​ហត្ថ​ខាង​នេះ និង​៣​ហត្ថ​ខាង​នោះ
49 ប្រវែង​របស់​បាំង‌សាច​នោះ មាន​២០​ហត្ថ និង​ទទឹង​១១​ហត្ថ ហើយ​គេ​ឡើង​ទៅ​ឯ​បាំង‌សាច​នោះ ដោយ​ថ្នាក់​ជណ្តើរ ក៏​មាន​បង្គោល​នៅ​ក្បែរ​សសរ​ទាំង​នោះ ១​ខាង​នេះ ហើយ​១​ខាង​នោះ។