អេសេគាល
ជំពូក 28
ព្រះបន្ទូលនៃព្រះយេហូវ៉ាក៏មកដល់ខ្ញុំម្តងទៀតថា
2 កូនមនុស្សអើយ ចូរប្រាប់ដល់ម្ចាស់ដ៏ធំនៃក្រុងទីរ៉ុសថា ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះ ដោយព្រោះឯងកើតមានចិត្តធំ ហើយបានពោលថា អញជាព្រះ អញអង្គុយលើបល្ល័ង្ករបស់ព្រះនៅកណ្តាលសមុទ្រ ប៉ុន្តែ ឯងជាមនុស្សទេ មិនមែនជាព្រះឡើយ ទោះបើឯងបានតាំងចិត្តដូចជាព្រះហឫទ័យព្រះក៏ដោយ
3 មើល ឯងមានប្រាជ្ញាលើសជាងដានីយ៉ែលទៅទៀត គ្មានការសម្ងាត់ណាដែលលាក់កំបាំងនឹងឯងសោះ
4 ឯងបានប្រមូលទ្រព្យសម្បត្តិ ហើយបានមាសប្រាក់ដាក់ក្នុងឃ្លាំង ដោយប្រាជ្ញា និងយោបល់របស់ឯង
5 ឯងបានចម្រើនទ្រព្យសម្បត្តិដោយសារប្រាជ្ញាដ៏ជ្រាលជ្រៅរបស់ឯង និងការជំនួញផង ហើយចិត្តឯងបានស្ទួយឡើង ដោយព្រោះទ្រព្យសម្បត្តិរបស់ឯង
6 ហេតុនោះ ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា ដោយព្រោះឯងបានតាំងចិត្ត ឲ្យបានដូចជាព្រះហឫទ័យនៃព្រះ
7 នោះមើល អញនឹងនាំសាសន៍ដទៃ គឺជាពួកអ្នកគួរស្ញែងខ្លាច នៅកណ្តាលគ្រប់ទាំងសាសន៍មកលើឯង គេនឹងហូតដាវទៅទាស់នឹងលំអនៃប្រាជ្ញារបស់ឯង ព្រមទាំងបង្អាប់រស្មីរបស់ឯងផង
8 គេនឹងទម្លាក់ឯងទៅក្នុងជង្ហុកធំ ហើយឯងនឹងត្រូវស្លាប់ដូចជាពួកអ្នកដែលត្រូវគេចាក់សម្លាប់ នៅកណ្តាលសមុទ្រ
9 នៅគ្រានោះតើឯងនឹងនៅតែពោល នៅមុខអ្នកដែលសម្លាប់ឯង ថា អញជាព្រះ ទៀតឬអី ប៉ុន្តែ នៅក្នុងកណ្តាប់ដៃនៃអ្នកដែលសម្លាប់ឯង នោះឯងជាមនុស្សទេ មិនមែនជាព្រះឡើយ
10 ឯងនឹងត្រូវស្លាប់ ដូចជាពួកអ្នកមិនកាត់ស្បែកដែរ គឺដោយដៃនៃពួកសាសន៍ដទៃ ដ្បិតអញបានចេញវាចារួចហើយ នេះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា។
11 ព្រះបន្ទូលនៃព្រះយេហូវ៉ាបានមកដល់ខ្ញុំទៀតថា
12 កូនមនុស្សអើយ ចូរផ្តើមពាក្យទំនួញពីដំណើរស្តេចក្រុងទីរ៉ុស ហើយប្រាប់ថា ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះ ឯងជាអ្នកបំពេញខ្នាត ដោយមានប្រាជ្ញាពោរពេញ ហើយលំអគ្រប់លក្ខណ៍
13 ពីដើមឯងបាននៅក្នុងច្បារអេដែនជាសួនរបស់ព្រះ ឯងបានប្រដាប់កាយដោយត្បូងដ៏មានតម្លៃគ្រប់មុខ គឺសាមស៊ី ទោបុ័ត ពេជ្រ បេរីល អូនីក្ស មណីជោតិ កណ្តៀង មរកត បារកេត ហើយនិងមាស ឯក្រាប់ និងខ្លុយរបស់ឯង នោះបានត្រៀមទុកសម្រាប់ឯងតាំងពីថ្ងៃដែលឯងកើតមក
14 ឯងជាចេរូប៊ីនដែលបានចាក់ប្រេងតាំងឡើងជាអ្នកគ្របបាំង គឺអញបានតាំងឯងឡើង ឲ្យឯងបាននៅលើភ្នំបរិសុទ្ធរបស់ព្រះ ឯងក៏បានដើរទៅមកនៅកណ្តាលថ្មភ្លឺចាំង
15 ចាប់តាំងពីថ្ងៃដែលឯងកើតមក នោះឯងបានគ្រប់លក្ខណ៍ក្នុងគ្រប់ទាំងផ្លូវរបស់ឯង ដរាបដល់វេលាដែលឃើញមានសេចក្ដីទុច្ចរិតនៅក្នុងឯង
16 ដ្បិតដោយសារការជួញប្រែដ៏បរិបូររបស់ឯង នោះគេបានបំពេញឯងដោយសេចក្ដីច្រឡោត ហើយឯងបានធ្វើបាប ហេតុនោះ អញបានបោះចោលឯងចេញពីភ្នំនៃព្រះ ទុកដូចជារបស់អាប់ឱនទៅវិញ ឱចេរូប៊ីនដែលគ្របបាំងអើយ អញបានបំផ្លាញឯងចេញពីកណ្តាលថ្មភ្លឺចាំងនោះទៅ
17 ចិត្តឯងបានស្ទួយឡើង ដោយព្រោះសេចក្ដីលំអរបស់ឯង ឯងបានបង្ខូចប្រាជ្ញាឯង ដោយពន្លឺរស្មីរបស់ឯង អញបានបោះឯងចុះដល់ដី ព្រមទាំងដាក់នៅមុខពួកស្តេច ឲ្យគេបានពិចារណាឯង
18 ឯងបានបង្អាប់អស់ទាំងទីបរិសុទ្ធរបស់ឯង ដោយអំពើទុច្ចរិតដ៏បរិបូររបស់ឯង ហើយដោយសេចក្ដីទុច្ចរិតនៃការជួញប្រែរបស់ឯង ហេតុនោះ អញបានធ្វើឲ្យមានភ្លើងចេញពីកណ្តាលឯងមក ភ្លើងនោះបានឆេះបំផ្លាញឯង អញបានឲ្យឯងទៅជាផេះនៅលើផែនដី នៅចំពោះភ្នែកនៃអស់អ្នកដែលឃើញឯង
19 អស់អ្នកនៅគ្រប់ទាំងសាសន៍ដែលស្គាល់ឯង គេនឹងស្រឡាំងកាំងទៅដោយព្រោះឯង ឯងបានត្រឡប់ជាទីស្ញែងខ្លាច ហើយលែងមាននៅជាដរាបតទៅ។
20 រួចមក ព្រះបន្ទូលនៃព្រះយេហូវ៉ាបានមកដល់ខ្ញុំថា
21 កូនមនុស្សអើយ ចូរតាំងមុខឯងត្រង់ទៅឯស៊ីដូន ហើយទាយទាស់នឹងទីក្រុងនោះថា
22 ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះ ម្នាល ស៊ីដូនអើយ អញទាស់នឹងឯង ហើយអញនឹងបានតម្កើងឡើងនៅកណ្តាលឯង នោះគេនឹងដឹងថា អញនេះជាព្រះយេហូវ៉ាពិត ក្នុងកាលដែលអញបានសម្រេចសេចក្ដីយុត្តិធម៌ដល់វា ហើយបានញែកជាបរិសុទ្ធ នៅក្នុងវាដែរ
23 ពីព្រោះអញនឹងចាត់អាសន្នរោគទៅក្នុងវា និងឈាមទៅនៅអស់ទាំងផ្លូវរបស់វា ពួកអ្នកដែលត្រូវរបួសនឹងដួលនៅកណ្តាលវា ដោយមានដាវគ្របសង្កត់នៅគ្រប់ទិស នោះគេនឹងដឹងថា អញនេះជាព្រះយេហូវ៉ាពិត
24 ដូច្នេះ នឹងលែងមានបន្លាចាក់ចុចដល់ពួកវង្សអ៊ីស្រាអែល ឬបន្លាធ្វើទុក្ខ នៅក្នុងសាសន៍ណានៅព័ទ្ធជុំវិញ ដែលប្រព្រឹត្តនឹងគេដោយមើលងាយទៀតឡើយ នោះគេនឹងដឹងថា អញនេះជាព្រះអម្ចាស់យេហូវ៉ាពិត។
25 ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា កាលណាអញបានប្រមូលពួកវង្សអ៊ីស្រាអែល មកពីគ្រប់សាសន៍ ដែលគេត្រូវខ្ចាត់ខ្ចាយទៅនោះ ហើយអញបានញែកជាបរិសុទ្ធនៅក្នុងពួកគេ ចំពោះភ្នែកនៃសាសន៍ដទៃ នោះគេនឹងអាស្រ័យនៅក្នុងស្រុករបស់ខ្លួន ដែលអញបានឲ្យដល់យ៉ាកុប ជាអ្នកបម្រើអញ
26 គេក៏នឹងនៅក្នុងស្រុកនោះដោយសុខសាន្ត អើ គេនឹងសង់ផ្ទះ ព្រមទាំងដាំដំណាំទំពាំងបាយជូរ និងអាស្រ័យនៅដោយសុខសាន្តផង ក្នុងកាលដែលអញសម្រេចសេចក្ដីយុត្តិធម៌ដល់ពួកអ្នកនៅជុំវិញ ដែលបានប្រព្រឹត្តនឹងគេដោយសេចក្ដីមើលងាយ នោះគេនឹងដឹងថា អញនេះជាព្រះយេហូវ៉ា គឺជាព្រះនៃគេពិត។