អេសេគាល
ជំពូក 10
គ្រានោះ ខ្ញុំក្រឡេកទៅឃើញនៅក្នុងអាកាសដែលនៅពីលើក្បាលចេរូប៊ីន មានភាពដូចជាត្បូងកណ្តៀងដែលមើលទៅដូចជាសណ្ឋាននៃបល្ល័ង្ក លេចមកពីលើចេរូប៊ីននោះ
2 ទ្រង់ក៏មានព្រះបន្ទូលដល់មនុស្សដែលស្លៀកសំពត់ទេសឯកថា ចូរឲ្យចូលទៅកណ្តាលកង់ទាំងនោះ គឺក្រោមចេរូប៊ីន ហើយកើបរងើកភ្លើងពេញដៃទាំង២ ពីកណ្តាលចេរូប៊ីននោះ រួចបាចទៅលើទីក្រុងទៅ អ្នកនោះក៏ចូលទៅនៅចំពោះភ្នែកខ្ញុំ
3 កំពុងដែលមនុស្សនោះចូលទៅ ចេរូប៊ីនក៏នៅខាងស្តាំព្រះវិហារ ហើយពពកក៏នៅពេញក្នុងទីលានខាងក្នុង
4 នោះសិរីល្អនៃព្រះយេហូវ៉ាបានឡើងផុតពីចេរូប៊ីន ទៅនៅប្រឡោះទ្វារនៃព្រះវិហារវិញ ឯព្រះវិហារក៏ពេញដោយពពកនោះ ហើយទីលានមានពេញដោយរស្មីនៃសិរីល្អរបស់ព្រះយេហូវ៉ា
5 ក៏មានឮសូរសន្ធឹកស្លាបរបស់ចេរូប៊ីន រហូតដល់ទីលានខាងក្រៅ ហាក់ដូចជាព្រះសៀងនៃព្រះដ៏មានគ្រប់ចេស្តា ក្នុងកាលដែលទ្រង់មានព្រះបន្ទូល
6 រីឯកាលទ្រង់បានបង្គាប់មនុស្សដែលស្លៀកសំពត់ទេសឯក ឲ្យកើបយករងើកភ្លើងពីកណ្តាលកង់ទាំងនោះ គឺពីកណ្តាលចេរូប៊ីនហើយ នោះលោកក៏ចូលទៅឈរនៅក្បែរកង់ទាំងនោះ
7 ចំណែកចេរូប៊ីន១ក៏លូកដៃពីកណ្តាលពួកចេរូប៊ីន ទៅចាប់យកភ្លើងដែលនៅកណ្តាលចេរូប៊ីន ទៅដាក់ក្នុងដៃរបស់មនុស្សដែលស្លៀកសំពត់ទេសឯក ហើយអ្នកនោះទទួលយក រួចចេញទៅ
8 ខណៈនោះ នៅក្រោមស្លាបរបស់ចេរូប៊ីន ឃើញមានសណ្ឋានដូចជាដៃមនុស្សលេចមក។
9 ខ្ញុំក៏ក្រឡេកទៅ ឃើញមានកង់៤នៅខាងចេរូប៊ីន គឺកង់១ខាងចេរូប៊ីន១ ហើយកង់១ខាងចេរូប៊ីន១ទៀត កង់ទាំងនោះមើលទៅដូចជាត្បូងបេរីល
10 ឯភាពនៃកង់ទាំង៤នោះ មានសណ្ឋានដូចគ្នាទាំងអស់ គឺបែបដូចជាមានកង់១នៅក្នុងកង់១ទៀត
11 កាលណាទៅ នោះក៏ទៅទាំង៤ខាង ឥតងាកបែរទៅឯណាក្នុងកាលដែលកំពុងតែទៅនោះឡើយ គឺទិសណាដែលតម្រង់ទៅ នោះទាំងអស់ក៏ទៅតាម ឥតងាកបែរទៅឯណាឡើយ
12 ហើយតួទាំងមូល និងខ្នង ដៃ ស្លាប ព្រមទាំងកង់ផង ក៏មានពេញដោយភ្នែកនៅជុំវិញ គឺទាំងកង់៤នោះផង
13 រីឯកង់ទាំងនោះ ខ្ញុំឮគេហៅថា «កង់វិល»
14 គ្រប់គ្នាមានមុខ៤ មុខទី១ជាមុខដូចជាចេរូប៊ីន មុខទី២ជាមុខមនុស្ស មុខទី៣ជាមុខសិង្ហ ហើយមុខទី៤ជាមុខឥន្ទ្រី
15 ពួកចេរូប៊ីននោះក៏ឡើងទៅ នេះហើយជាតួមានជីវិត ដែលខ្ញុំឃើញក្បែរទន្លេកេបារ
16 កាលណាចេរូប៊ីនទៅឯណា នោះកង់ក៏អមទៅជាមួយ ហើយកាលណាចេរូប៊ីនកាងស្លាប ដើម្បីឡើងផុតពីដី នោះកង់ក៏មិនខាននឹងអមទៅជាមួយដែរ
17 កាលណាពួកនេះឈប់ ពួកនោះក៏ឈប់ដែរ ហើយកាលណាពួកនេះហើរឡើងទៅ ពួកនោះក៏ឡើងទៅជាមួយគ្នា ដ្បិតវិញ្ញាណនៃតួមានជីវិតសណ្ឋិតនៅក្នុងទាំងអស់។
18 ឯសិរីល្អនៃព្រះយេហូវ៉ាក៏ចេញពីប្រឡោះទ្វារនៃព្រះវិហារ ទៅសណ្ឋិតពីលើពួកចេរូប៊ីន
19 រួចចេរូប៊ីនក៏កាងស្លាប ក្នុងកាលដែលចេញទៅនោះ ហើយហើរឡើងផុតពីដី នៅចំពោះភ្នែកខ្ញុំ មានទាំងកង់អមទៅផង នោះក៏ទៅឈរនៅមាត់ទ្វារកំផែងទិសខាងកើតរបស់ព្រះវិហារនៃព្រះយេហូវ៉ា ហើយសិរីល្អរបស់ព្រះនៃសាសន៍អ៊ីស្រាអែលក៏សណ្ឋិតនៅពីលើ។
20 នេះជាតួមានជីវិត ដែលខ្ញុំបានឃើញនៅក្រោមព្រះនៃសាសន៍អ៊ីស្រាអែល ត្រង់ទន្លេកេបារ ហើយខ្ញុំបានដឹងថា នោះជាពួកចេរូប៊ីនដែរ
21 គ្រប់គ្នាមានមុខ៤ ហើយគ្រប់គ្នាមានស្លាប៤ដែរ នៅក្រោមស្លាបនោះក៏មានសណ្ឋានដូចជាដៃមនុស្ស
22 ឯសណ្ឋានមុខរបស់តួទាំងនោះ គឺជាមុខដែលខ្ញុំបានឃើញ នៅក្បែរទន្លេកេបារ ព្រមទាំងភាព និងតួទាំងនោះផង គ្រប់គ្នាបានហើរត្រង់ទៅខាងមុខរៀងខ្លួន។