អេសេគាល

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48


ជំពូក 17

ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​បាន​មក​ដល់​ខ្ញុំ​ថា
2 កូន​មនុស្ស​អើយ ចូរ​ដាក់​ប្រស្នា ហើយ​ពោល​សេចក្ដី​ប្រៀប‌ធៀប​ដល់​ពួក​វង្ស​អ៊ីស្រា‌អែល​ថា
3 ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ មាន​សត្វ​ឥន្ទ្រី​យ៉ាង​ធំ ពេញ​ដោយ​ស្លាប​គ្រប់​ពណ៌ ដែល​មាន​ចំអេង​ស្លាប​ធំ ហើយ​វែង វា​ហើរ​មក​ដល់​ព្រៃ​ល្បាណូន កាច់​យក​ចុង​ដើម​តាត្រៅ​១
4 វា​កាច់​យក​លំពង់​នៅ​ចុង​បំផុត​នៃ​ដើម​នោះ យក​ទៅ​ដល់​ស្រុក​ជំនួញ ដាក់​ទៅ​ក្នុង​ទី​ក្រុង​នៃ​មនុស្ស​ជួញ​ប្រែ
5 វា​ក៏​យក​ពូជ​ពង្រោះ​ពី​ស្រុក​នោះ ទៅ​ព្រោះ​នៅ​ក្នុង​ដី​ដុះ‌ដាល គឺ​បាន​ដាំ​នៅ​ក្បែរ​ទឹក​ធំ ដូច​ជា​ដើម​ចាក
6 ដើម​នោះ​ក៏​ដុះ​ឡើង ត្រឡប់​ជា​ដើម​ទំពាំង‌បាយ‌ជូរ​លូត‌លាស់​ទាបៗ ដែល​ខ្នែង​ក៏​បែរ​មក​ខាង​ឥន្ទ្រី​នោះ ឯ​ឫស​ក៏​នៅ​ពី​ក្រោម​វា​ដែរ ដូច្នេះ ដើម​នោះ​បាន​ត្រឡប់​ជា​ដើម​ទំពាំង‌បាយ‌ជូរ ក៏​បែក​ខ្នែង ហើយ​ចេញ​ត្រួយ​ផង
7 មាន​សត្វ​ឥន្ទ្រី​ធំ​១​ទៀត​មាន​ស្លាប​ច្រើន ហើយ​ចំអេង​ស្លាប​យ៉ាង​ធំ រីឯ​ដើម​ទំពាំង‌បាយ‌ជូរ នោះ​បាន​បត់​ឫស​ពី​ដី​ដែល​ដាំ​នោះ​ទៅ​ខាង​វា​វិញ ហើយ​បោះ​មែក​ចេញ​ទៅ​ខាង​វា​ដែរ ដើម្បី​ឲ្យ​វា​បាន​ស្រោច​ទឹក
8 ដើម​នោះ​បាន​ដាំ​ក្នុង​ដី​ល្អ​នៅ​ក្បែរ​ទឹក​ធំ ដើម្បី​ឲ្យ​បាន​បែក​ខ្នែង ហើយ​កើត​ផល​ផ្លែ ប្រយោជន៍​ឲ្យ​បាន​ជា​ដើម​ទំពាំង‌បាយ‌ជូរ​យ៉ាង​ល្អ
9 ត្រូវ​ឲ្យ​ឯង​ថា ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ តើ​ដើម​នោះ​នឹង​ចម្រើន​ឡើង​បាន​ឬ តើ​ឥន្ទ្រី​មុន​នោះ​មិន​ដក​រំលើង​ទាំង​ឫស ហើយ​កាត់​ផ្លែ​ចេញ ឲ្យ​បាន​ស្វិត​ទៅ ហើយ​ឲ្យ​អស់​ទាំង​ស្លឹក​ខ្ចីៗ​បាន​ក្រៀម​ទៅ​ដែរ​ទេ​ឬ​អី ឥត​ចាំ​មាន​ដៃ​ខ្លាំង​ពូកែ ឬ​មនុស្ស​ជា​ច្រើន ដើម្បី​នឹង​ដក​រំលីង​ទាំង​ឫស​ផង​ឡើយ
10 អើ មើល ដែល​បាន​ដាំ​ដូច្នេះ​ហើយ តើ​នឹង​ចម្រើន​ឡើង​បាន​ឬ តើ​មិន​ស្វិត​ក្រៀម​ទៅ​ទាំង​អស់ ដោយ​គ្រាន់​តែ​មាន​ខ្យល់​ពី​ខាង​កើត​បក់​មក​ប៉ះ​ត្រូវ​ទេ​ឬ​អី អើ នឹង​ត្រូវ​ស្វិត​ក្រៀម​ទៅ នៅ​កន្លែង​ដែល​ដុះ​នោះ​ឯង។
11 ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ក៏​មក​ដល់​ខ្ញុំ​ម្តង​ទៀត​ថា
12 ចូរ​សួរ​ដល់​ពួក​វង្ស​រឹង‌ចចេស​នោះ​ថា តើ​ឯង​រាល់​គ្នា​មិន​យល់​ន័យ​សេចក្ដី​ទាំង​នេះ​ទេ​ឬ​អី ចូរ​ប្រាប់​គេ​ថា មើល​ស្តេច​បាប៊ីឡូន​បាន​មក​ដល់​ក្រុង​យេរូ‌សាឡឹម កៀរ​យក​ទាំង​ស្តេច និង​ពួក​ចៅ‌ហ្វាយ​ទី​ក្រុង នាំ​ទៅ​ជា​មួយ​ដល់​ក្រុង​បាប៊ី‌ឡូន
13 នោះ​ក៏​រើស​យក​ពូជ​ស្តេច​១​អង្គ​មក​តាំង​សញ្ញា​នឹង​គ្នា ហើយ​ក៏​ចាប់​ឲ្យ​ស្បថ រួច​បាន​ដឹក‌នាំ​ពួក​អ្នក​ខ្លាំង​ពូកែ​ក្នុង​ស្រុក​ចេញ​ទៅ
14 ដើម្បី​ឲ្យ​រាជ្យ​នោះ​បាន​ទាប​ថោក ឥត​ដែល​ងើប​ឡើង​ទៀត​បាន​ឡើយ តែ​ឲ្យ​បាន​ជាប់​នៅ ដោយ​ការ​រក្សា​សញ្ញា​នោះ
15 ប៉ុន្តែ ស្តេច​យើង​បាន​បះ‌បោរ​នឹង​ទ្រង់​វិញ ដោយ​ចាត់​រាជ‌ទូត​ទៅ​ឯ​ស្រុក​អេស៊ីព្ទ ដើម្បី​ឲ្យ​គេ​បាន​ឲ្យ​សេះ និង​ពល‌ទ័ព​មក​ជា​ច្រើន ដូច្នេះ តើ​នឹង​ចម្រើន​ឡើង​បាន​ឬ តើ​អ្នក​ណា​ដែល​ប្រព្រឹត្ត​ដូច្នេះ​នឹង​រួច​ខ្លួន​ឬ តើ​នឹង​អាច​ផ្តាច់​សេចក្ដី​សញ្ញា ហើយ​រួច​ខ្លួន​បាន​ឬ
16 ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​ស្បថ​ថា ដូច​ជា​អញ​រស់​នៅ នោះ​ប្រាកដ​ជា​ស្តេច​យើង​នឹង​ត្រូវ​ស្លាប់ នៅ​កន្លែង​នៃ​ស្តេច​ដែល​បាន​តាំង​ទ្រង់​ឡើង ឲ្យ​សោយ‌រាជ្យ​ដែល​ទ្រង់​បាន​មើល‌ងាយ​ពាក្យ​សម្បថ ហើយ​ផ្តាច់​សេចក្ដី​សញ្ញា​របស់​ស្តេច​នោះ​បង់ គឺ​នឹង​ត្រូវ​ស្លាប់ នៅ​កណ្តាល​ក្រុង​បាប៊ីឡូន​ជិត​ស្តេច​នោះ​ឯង
17 ហើយ​ផារ៉ោន និង​ពល‌ទ័ព​ដ៏​ខ្លាំង​ពូកែ​នឹង​មិន​មក​ជួយ​ក្នុង​ចម្បាំង ដោយ​មាន​គ្នា​សន្ធឹក​របស់​ទ្រង់ ក្នុង​កាល​ដែល​គេ​ជីក​ស្នាម​ភ្លោះ ហើយ​ធ្វើ​ប៉ម​បុក​ទម្លាយ​កំផែង​ឡើង ដើម្បី​នឹង​កាត់​ជីវិត​មនុស្ស​ជា​ច្រើន​ចេញ​នោះ​ដែរ
18 ដ្បិត​ស្តេច​យើង​បាន​មើល‌ងាយ​ពាក្យ​សម្បថ ដោយ​ផ្តាច់​សេចក្ដី​សញ្ញា​នោះ​ចេញ ហើយ​មើល ទ្រង់​ក៏​ចាប់​ដៃ​ស្បថ​ផង តែ​បាន​ធ្វើ​ការ​យ៉ាង​ដូច្នេះ​វិញ ដូច្នេះ តើ​នឹង​រួច​ខ្លួន​ឬ
19 ហេតុ​នោះ ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​ស្បថ​ថា ដូច​ជា​អញ​រស់​នៅ នោះ​ប្រាកដ​ជា​អញ​នឹង​ទម្លាក់​ពាក្យ​សម្បថ​របស់​អញ ដែល​វា​បាន​មើល‌ងាយ និង​សេចក្ដី​សញ្ញា​របស់​អញ ដែល​វា​បាន​ផ្តាច់​ចេញ​នោះ ទៅ​លើ​ក្បាល​វា​វិញ
20 អញ​នឹង​លាត​មង​អញ​ទៅ​លើ​វា នោះ​វា​នឹង​ត្រូវ​ជាប់​នៅ​ក្នុង​អន្ទាក់​របស់​អញ អញ​នឹង​នាំ​វា​ទៅ​ឯ​ក្រុង​បាប៊ីឡូន ហើយ​និង​មាន​រឿង​គ្នា​នៅ​ទី​នោះ ដោយ​ព្រោះ​អំពើ​រំលង​ដែល​វា​បាន​ប្រព្រឹត្ត​នឹង​អញ
21 ឯ​អស់​ពួក​អ្នក​ក្នុង​កង‌ទ័ព​វា​ដែល​រត់​រួច គេ​នឹង​ត្រូវ​ដួល​ដោយ​ដាវ ឯ​ពួក​អ្នក​ដែល​សល់​នៅ គេ​នឹង​ត្រូវ​ខ្ចាត់​ខ្ចាយ​ទៅ​គ្រប់​ទិស នោះ​ឯង​រាល់​គ្នា​នឹង​ដឹង​ថា អញ​នេះ គឺ​យេហូវ៉ា អញ​បាន​ចេញ​វាចា​ហើយ។
22 ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា អញ​នឹង​កាច់​យក​ចុង​ដើម​តាត្រៅ​យ៉ាង​ខ្ពស់ ទៅ​ដាំ​ចុះ អញ​នឹង​កាច់​យក​លំពង់​១​យ៉ាង​ទន់ ពី​ចុង​បំផុត​របស់​ដើម​នោះ​ទៅ​ដាំ​នៅ​លើ​ភ្នំ​យ៉ាង​ខ្ពស់​ស្រឡេត
23 គឺ​អញ​នឹង​ដាំ​នៅ​លើ​ភ្នំ​យ៉ាង​ខ្ពស់​នៃ​ស្រុក​អ៊ីស្រា‌អែល ដើម​នោះ​នឹង​បោះ​មែក ហើយ​កើត​ផល ព្រម​ទាំង​ត្រឡប់​ទៅ​ជា​ដើម​តាត្រៅ​យ៉ាង​ល្អ ឯ​អស់​ទាំង​សត្វ​ស្លាប​គ្រប់​មុខ នឹង​ជ្រក​នៅ​ក្រោម ហើយ​ធ្វើ​សំបុក​នៅ​ក្រោម​ម្លប់​នៃ​មែក​វា
24 ដូច្នេះ អស់​ទាំង​ដើម​ឈើ​នៅ​ផែនដី​នឹង​ដឹង​ថា អញ គឺ​យេហូវ៉ា អញ​បាន​បន្ទាប​ដើម​ឈើ​ខ្ពស់​ចុះ​មក ហើយ​បាន​តម្កើង​ដើម​ឈើ​ទាប​ឡើង​វិញ អញ​បាន​ធ្វើ​ឲ្យ​ដើម​ឈើ​ខ្ចី​ស្វិត​ក្រៀម​ទៅ ហើយ​ឲ្យ​ដើម​ឈើ​ដែល​ស្វិត​ក្រៀម​បាន​ប៉ិច​ឡើង​វិញ គឺ​អញ​យេហូវ៉ា​នេះ​ហើយ ដែល​បាន​ចេញ​វាចា ព្រម​ទាំង​ធ្វើ​ការ​នេះ​ផង។