អេសេគាល

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48


ជំពូក 7

ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​បាន​មក​ដល់​ខ្ញុំ​ថា
2 ឱ​កូន​មនុស្ស​អើយ ព្រះ‌អម្ចាស់​យេហូវ៉ា ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​ស្រុក​អ៊ីស្រា‌អែល​ដូច្នេះ​ថា ដល់​កំណត់​ហើយ គឺ​ដល់​ចុង​បំផុត​នៃ​ស្រុក​ទាំង​៤​ទិស​ហើយ
3 ពេល​នេះ​ជា​ចុង​បំផុត​របស់​ឯង​ពិត អញ​នឹង​ចាត់​សេចក្ដី​កំហឹង​របស់​អញ​ទៅ​លើ​ឯង ហើយ​និង​ជំនុំ‌ជម្រះ​ឯង​តាម​គ្រប់​ទាំង​អំពើ​របស់​ឯង ព្រម​ទាំង​ទម្លាក់​អស់​ទាំង​អំពើ​គួរ​ស្អប់​ខ្ពើម​របស់​ឯង មក​លើ​ឯង​ផង
4 ភ្នែក​អញ​នឹង​មិន​ប្រណី ឬ​អាណិត​មេត្តា​ដល់​ឯង​ឡើយ គឺ​អញ​នឹង​ទម្លាក់​អស់​ទាំង​អំពើ​របស់​ឯង​មក​លើ​ឯង នោះ​អស់​ទាំង​របស់​គួរ​ស្អប់​ខ្ពើម​របស់​ឯង នឹង​នៅ​កណ្តាល​ឯង​ហើយ ដូច្នេះ ឯង​នឹង​ដឹង​ថា អញ​នេះ​ជា​ព្រះ‌យេហូវ៉ា​ពិត។
5 ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា មាន​ការ​អាក្រក់ គឺ​ការ​អាក្រក់​តែ​១ មើល ការ​នោះ​កំពុង​តែ​មក​ហើយ
6 ដល់​ចុង​បំផុត​ហើយ ចុង​បំផុត​បាន​មក​ដល់ គឺ​បាន​ភ្ញាក់​ឡើង​មក​ទាស់​នឹង​ឯង មើល‌ន៏ កំពុង​តែ​មក​ហើយ
7 ឱ​អ្នក​ស្រុក​អើយ កំណត់​ឯង​បាន​មក​ដល់​ហើយ ពេល​ក៏​បាន​មក ថ្ងៃ​នោះ​ជិត​ដល់ គឺ​ជា​ថ្ងៃ​ដែល​ឮ​សូរ​អឺង‌កង មិន​មែន​ជា​សូរ​សម្រែក​ដោយ​អំណរ​នៅ​លើ​ភ្នំ​ទេ
8 ឥឡូវ​នេះ អញ​ហៀប​នឹង​ចាក់​សេចក្ដី​ក្រោធ​របស់​អញ​ទៅ​លើ​ឯង ហើយ​និង​សម្រេច​សេចក្ដី​កំហឹង​របស់​អញ​ដល់​ឯង អញ​នឹង​ជំនុំ‌ជម្រះ​ឯង​តាម​អំពើ​ដែល​ឯង​ប្រព្រឹត្ត ហើយ​និង​ទម្លាក់​អស់​ទាំង​អំពើ​គួរ​ស្អប់​ខ្ពើម​របស់​ឯង​ទៅ​លើ​ឯង​ផង
9 ភ្នែក​អញ​នឹង​មិន​ប្រណី​ឡើយ អញ​ក៏​មិន​អាណិត​មេត្តា​ដល់​ឯង​ដែរ អញ​នឹង​សង​ឯង​តាម​អំពើ​ដែល​ឯង​ប្រព្រឹត្ត ហើយ​របស់​គួរ​ស្អប់​ខ្ពើម​ទាំង​ប៉ុន្មាន​របស់​ឯង នឹង​នៅ​កណ្តាល​ឯង​ដែរ នោះ​ឯង​រាល់​គ្នា​នឹង​ដឹង​ថា គឺ​អញ​នេះ​ហើយ ជា​ព្រះ‌យេហូវ៉ា​ដែល​វាយ​ឯង​ពិត។
10 មើល‌ន៏ ថ្ងៃ​ដល់​ហើយ មើល កំពុង​តែ​មក​កំណត់​បាន​ចេញ​បំព្រាង​មក​ហើយ ឯ​ដំបង​បាន​បែក​ផ្កា សេចក្ដី​អំនួត​បាន​ប៉ិច​ឡើង
11 សេចក្ដី​ច្រឡោត​បាន​ដុះ​ឡើង ជា​ដំបង​នៃ​សេចក្ដី​អាក្រក់ ឥត​មាន​ពួក​គេ​ណា ឬ​ពួក​ទ័ព​កក‌កុញ​របស់​គេ ឬ​ទ្រព្យ‌សម្បត្តិ​របស់​គេ​ណា​បាន​រួច​ឡើយ ក៏​នឹង​គ្មាន​អ្នក​ណា​សោក​ស្រណោះ​ដល់​គេ​ដែរ
12 ពេល​វេលា​បាន​មក​ដល់ ថ្ងៃ​កាន់​តែ​ជិត​ហើយ កុំ​បី​ឲ្យ​អ្នក​ដែល​ទទួល​បញ្ចាំ​បាន​អរ​សប្បាយ ឬ​អ្នក​ដែល​លក់​បញ្ចាំ​ឲ្យ​គេ​បាន​ស្តាយ​ឡើយ ដ្បិត​សេចក្ដី​ក្រោធ​បាន​មក​លើ​អស់​ទាំង​ពួក​កក‌កុញ​នេះ​ហើយ
13 ឯ​អ្នក​ដែល​បញ្ចាំ ទោះ​បើ​បាន​គង់​ជីវិត​នៅ​ក៏​ដោយ គង់​តែ​មិន​ត្រឡប់​ទៅ​ឯ​ធន‌ធាន​ដែល​បាន​បញ្ចាំ​វិញ​នោះ​ទេ ដ្បិត​ការ​ជាក់‌ស្តែង​នេះ​តម្រូវ​លើ​សាសន៍​ទាំង​អស់​គ្នា នឹង​គ្មាន​ណា​មួយ​វិល​មក​វិញ​ឡើយ ក៏​ឥត​មាន​អ្នក​ណា​អាច​ឲ្យ​ជីវិត​ខ្លួន​ស្ថិត‌ស្ថេរ​នៅ​ដោយ​អំពើ​ទុច្ចរិត​បាន​ដែរ។
14 គេ​បាន​ផ្លុំ​ត្រែ ហើយ​ទាំង​អស់​បាន​រៀប​ជា​ស្រេច តែ​គ្មាន​អ្នក​ណា​ចេញ​ទៅ​តស៊ូ​ឡើយ ដ្បិត​សេចក្ដី​ក្រោធ​របស់​អញ គ្រប​សង្កត់​លើ​ពួក​ទ័ព​កក‌កុញ​របស់​គេ​ទាំង​អស់
15 ឯ​ខាង​ក្រៅ មាន​ដាវ ហើយ​ខាង​ក្នុង មាន​អាសន្ន‌រោគ និង​អំណត់​អត់ អ្នក​ណា​ដែល​នៅ​ឯ​វាល នឹង​ត្រូវ​ស្លាប់​ដោយ​ដាវ ហើយ​អ្នក​ដែល​នៅ​ក្នុង​ទី​ក្រុង នោះ​អំណត់​អត់ និង​អាសន្ន‌រោគ​នឹង​លេប​គេ​ទៅ
16 តែ​ពួក​ណា​ដែល​រត់​រួច​បាន នោះ​នឹង​រួច​ជីវិត ហើយ​និង​នៅ​លើ​ភ្នំ​ដូច​ជា​ព្រាប​នៃ​ច្រក​ភ្នំ គ្រប់​គ្នា​កំពុង​តែ​យំ​ថ្ងូរ ដោយ​ព្រោះ​អំពើ​ទុច្ចរិត​របស់​រៀង​ខ្លួន
17 មនុស្ស​ទាំង​អស់​នឹង​ខ្សោយ​ដៃ ហើយ​ជង្គង់​គ្រប់​គ្នា​នឹង​ទន់​ដូច​ជា​ទឹក
18 គេ​នឹង​ស្លៀក​សំពត់​ធ្មៃ ហើយ​និង​មាន​សេចក្ដី​ស្ញែង‌ខ្លាច​ហ៊ុមហ​គេ មុខ​គេ​ទាំង​អស់​នឹង​មាន​សេចក្ដី​ខ្មាស ហើយ​គេ​នឹង​កោរ​សក់​គ្រប់​គ្នា
19 គេ​នឹង​បោះ​ចោល​ប្រាក់​របស់​គេ​ទៅ​ក្នុង​ផ្លូវ ហើយ​មាស​គេ​នឹង​ទុក​ដូច​ជា​របស់​មិន​ស្អាត អស់​ទាំង​ប្រាក់ និង​មាស​របស់​គេ​នឹង​ជួយ​ឲ្យ​គេ​រួច នៅ​ថ្ងៃ​នៃ​សេចក្ដី​ក្រោធ​របស់​ព្រះ‌យេហូវ៉ា​មិន​បាន គេ​នឹង​មិន​ស្កប់​ចិត្ត​ឡើយ ក៏​មិន​បាន​ឆ្អែត​ពោះ​ដោយ​របស់​នោះ​ដែរ ពី​ព្រោះ​គឺ​របស់​នោះ​ឯង ដែល​នាំ​ឲ្យ​គេ​ចំពប់​ដួល​ទៅ​ក្នុង​អំពើ​ទុច្ចរិត​របស់​ខ្លួន
20 ឯ​គ្រឿង​ដ៏​លំអ​របស់​គេ នោះ​ទ្រង់​បាន​តាំង​ឡើង​ឲ្យ​មាន​សេចក្ដី​រុងរឿង តែ​គេ​បាន​ធ្វើ​រូប​នៃ​អស់​ទាំង​របស់​គួរ​ស្អប់​ខ្ពើម និង​របស់​គួរ​ឆ្អើម​របស់​គេ នៅ​ក្នុង​ទី​នោះ​វិញ បាន​ជា​អញ​ធ្វើ​ឲ្យ​ត្រឡប់​ដូច​ជា​របស់​ស្មោក‌គ្រោក​ដល់​គេ
21 អញ​នឹង​ប្រគល់​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​សាសន៍​ដទៃ​ទុក​ជា​រំពា និង​ដល់​ពួក​អាក្រក់​នៅ​ផែនដី​ទុក​ជា​របឹប ហើយ​ពួក​នោះ​នឹង​ធ្វើ​បង្អាប់​ទៅ
22 អញ​នឹង​បែរ​មុខ​ចេញ​ពី​គេ ហើយ​គេ​នឹង​បង្អាប់​ទី​កំបាំង​របស់​អញ​ដែរ នឹង​មាន​ពួក​ចោរ​ចូល​ទៅ​ធ្វើ​បង្អាប់​ទី​នោះ។
23 ចូរ​ធ្វើ​ច្រវាក់​ចុះ ពី​ព្រោះ​ស្រុក​នេះ​មាន​ពេញ​ដោយ​ទោស​ជា​កម្ចាយ​ឈាម ហើយ​ទី​ក្រុង​ដ៏​មាន​ពេញ​ដោយ​សេចក្ដី​ច្រឡោត
24 ដូច្នេះ អញ​នឹង​នាំ​សាសន៍​ដែល​កាច​អាក្រក់​បំផុត​ឲ្យ​មក សាសន៍​នោះ​នឹង​ចាប់​យក​ផ្ទះ‌សំបែង​របស់​គេ​បាន អញ​នឹង​បំបាត់​សេចក្ដី​អំនួត​របស់​មនុស្ស​ខ្លាំង​ពូកែ​ដែរ ហើយ​ទី​បរិសុទ្ធ​ទាំង​ប៉ុន្មាន​របស់​គេ​នឹង​ត្រូវ​អាប់‌ឱន​ចុះ
25 មាន​ការ​បំផ្លាញ​មក នោះ​គេ​នឹង​ស្វែង​រក​សេចក្ដី​សុខ‌សាន្ត តែ​នឹង​គ្មាន​សោះ
26 សេចក្ដី​វិនាស​នឹង​មក​ខ្ជាន់ៗ ហើយ​និង​ឮ​ដំណឹង​មក​ផ្ទួនៗ នោះ​គេ​នឹង​ស្វែង​រក​ការ​ជាក់‌ស្តែង​ពី​ពួក​ហោរា ប៉ុន្តែ ក្រឹត្យ‌វិន័យ​នឹង​វិនាស​បាត់​ពី​ពួក​សង្ឃ ហើយ​សេចក្ដី​ប្រឹក្សា​ពី​ពួក​ចាស់‌ទុំ​ទៅ​ដែរ
27 ឯ​ស្តេច​ទ្រង់​នឹង​ទួញ​ពិលាប ហើយ​ពួក​ចៅ‌ហ្វាយ​នឹង​ប្រដាប់​ខ្លួន​ដោយ​សេចក្ដី​ស្រឡាំង​កាំង ឯ​ដៃ​នៃ​ប្រជា‌ជន​នៅ​ក្នុង​ស្រុក នោះ​នឹង​ត្រូវ​ញ័រ​រន្ធត់ អញ​នឹង​ធ្វើ​ដល់​គេ​តាម​អំពើ​ដែល​គេ​ប្រព្រឹត្ត ហើយ​និង​ជំនុំ‌ជម្រះ​គេ តាម​គួរ​នឹង​ទោស​របស់​គេ នោះ​គេ​នឹង​ដឹង​ថា អញ​នេះ​ហើយ ជា​ព្រះ‌យេហូវ៉ា​ពិត។