អេសេគាល

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48


ជំពូក 1

នៅ​ថ្ងៃ​៥​ខែ​អាសាធ ឆ្នាំ​ទី​៣០ កាល​ខ្ញុំ​នៅ​ជា​មួយ​នឹង​ពួក​ឈ្លើយ នៅ​មាត់​ទន្លេ​កេបារ នោះ​មេឃ​ក៏​របើក​ឡើង ហើយ​ខ្ញុំ​ឃើញ​ការ​ជាក់‌ស្តែង​ពី​ព្រះ
2 រីឯ​នៅ​ថ្ងៃ​៥​ក្នុង​ខែ​នោះ​ឯង ដែល​ជា​ឆ្នាំ​ទី​៥ តាំង​ពី​ស្តេច​យ៉ូយ៉ា‌គីន​នៅ​ជាប់​ជា​ឈ្លើយ
3 នោះ​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ក៏​មក​ដល់​អេសេ‌គាល ជា​កូន​ប៊ូស៊ី ដែល​ជា​សង្ឃ នៅ​ស្រុក​ខាល់ដេ​ក្បែរ​ទន្លេ​កេបារ ហើយ​ព្រះ‌ហស្ត​នៃ​ព្រះ‌យេហូវ៉ា​ក៏​ស្ថិត​លើ​លោក​នៅ​ទី​នោះ។
4 ខ្ញុំ​ក៏​ក្រឡេក​ទៅ ឃើញ​មាន​ខ្យល់​ព្យុះ​ចេញ​ពី​ទិស​ខាង​ជើង​មក មាន​ពពក​យ៉ាង​ធំ និង​ភ្លើង​ចំរុះ​គ្នា ហើយ​មាន​រស្មី​ភ្លឺ​នៅ​ជុំវិញ ឯ​ពី​កណ្តាល​ពពក​នោះ មាន​ចេញ​ជា​ពណ៌​លង្ហិន​ស្រងៅ គឺ​ចេញ​ពី​កណ្តាល​ភ្លើង​នោះ
5 ហើយ​ពី​កណ្តាល​នោះ ក៏​មាន​ចេញ​ភាព​ដូច​ជា​តួ​មាន​ជីវិត​៤​រូប ដែល​មើល​ទៅ​បែប​យ៉ាង​នេះ គឺ​គ្រប់​គ្នា​មាន​ភាព​ដូច​ជា​មនុស្ស
6 គ្រប់​គ្នា​មាន​មុខ​៤ ហើយ​គ្រប់​គ្នា​មាន​ស្លាប​៤
7 ឯ​ជើង​រាល់​តួ​នោះ សុទ្ធ​តែ​ត្រង់ បាត​ជើង​ក៏​ដូច​ជា​បាត​ជើង​នៃ​កូន​គោ ហើយ​ភ្លឺ​ព្រោង‌ព្រាត ដូច​ជា​លង្ហិន​ខាត់​យ៉ាង​ភ្លឺ
8 តួ​ទាំង​នោះ​មាន​ដៃ​នៃ​មនុស្ស នៅ​ក្រោម​ស្លាប​គ្រប់​ទាំង​៤​មុខ ឯ​មុខ និង​ស្លាប​ទាំង​ប៉ុន្មាន​របស់​តួ​ទាំង​នោះ​គឺ​យ៉ាង​ដូច្នេះ
9 ស្លាប​ទាំង​នោះ​ជាប់​តៗ​គ្នា គ្រប់​គ្នា​ហោះ​ត្រង់​ទៅ​ខាង​មុខ ឥត​ងាក​បែរ​ឡើយ
10 ឯ​ភាព​នៃ​មុខ​តួ​ទាំង​នោះ គ្រប់​គ្នា​មាន​មុខ​ជា​មនុស្ស ហើយ​ទាំង​៤​មាន​មុខ​ជា​សិង្ហ​ខាង​ស្តាំ ទាំង​៤​ក៏​មាន​មុខ​ជា​គោ​នៅ​ខាង​ឆ្វេង ហើយ​ទាំង​៤​មាន​មុខ​ជា​ឥន្ទ្រី​ដែរ
11 ឯ​មុខ ហើយ​និង​ស្លាប នោះ​ដាច់​ពី​គ្នា​ខាង​លើ ស្លាប​២​របស់​រាល់​តួ​នោះ​បាន​ជាប់​ត​គ្នា ហើយ​ស្លាប​២​ទៀត​ក៏​គ្រប​ខ្លួន
12 គ្រប់​គ្នា​ក៏​ហោះ​ចំ​ទៅ​ខាង​មុខ ទី​ណា​ដែល​ព្រះ‌វិញ្ញាណ​ត្រូវ​ទៅ តួ​ទាំង​នោះ​ក៏​ទៅ​ដែរ ឥត​ងាក​បែរ​ឡើយ
13 ឯ​ភាព​នៃ​តួ​មាន​ជីវិត​ទាំង​នោះ គឺ​មើល​ទៅ​ដូច​ជា​រងើក​ភ្លើង ហើយ​ក៏​ដូច​ជា​ចន្លុះ​ឆេះ ដែល​ទ្រោល​ចុះ​ឡើង​នៅ​កណ្តាល​តួ​មាន​ជីវិត​ទាំង​នោះ ឯ​ភ្លើង​នោះ​ក៏​ភ្លឺ​ចាំង ហើយ​មាន​ផ្លេក‌បន្ទោរ​ចេញ​ពី​ភ្លើង​នោះ​មក
14 តួ​មាន​ជីវិត​ទាំង​នោះ​ក៏​ហោះ​ទៅ​មក មើល​ទៅ​ដូច​ជា​ផ្លេក‌បន្ទោរ។
15 កាល​ខ្ញុំ​កំពុង​តែ​មើល​តួ​មាន​ជីវិត​ទាំង​នោះ ខ្ញុំ​ក៏​ឃើញ​កង់​១ នៅ​លើ​ដី​ក្បែរ​តួ​មាន​ជីវិត​ទាំង​នោះ សម្រាប់​មុខ​នីមួយៗ​គ្រប់​ទាំង​៤
16 ភាព និង​បែប​ផែន​នៃ​កង់​ទាំង​នោះ ក៏​មើល​ទៅ​ដូច​ជា​ត្បូង​បេរីល កង់​ទាំង​៤​មាន​រាង​ដូច​គ្នា ឯ​ភាព និង​សណ្ឋាន​វា ក៏​មើល​ទៅ​ដូច​ជា​កង់​១​នៅ​ក្នុង​កង់​១​ទៀត
17 កាល​ណា​វា​ទៅ នោះ​ក៏​ទៅ​ទាំង​៤​មុខ​ឥត​បែរ​ទៅ​ខាង​ណា​ឡើយ
18 ឯ​ខ្នង​កង់​នោះ ខ្ពស់​គួរ​ស្ញែង‌ខ្លាច ហើយ​ខ្នង​កង់​ទាំង​៤​នោះ មាន​ភ្នែក នៅ​ពេញ​ជុំវិញ
19 កាល​ណា​តួ​មាន​ជីវិត​ទាំង​៤​បាន​ហោះ​ទៅ នោះ​កង់​ទាំង​នោះ​ក៏​អម​ទៅ​ដែរ កាល​ណា​តួ​មាន​ជីវិត​ទាំង​៤​បាន​លើក​ឡើង​ផុត​ពី​ដី​ទៅ នោះ​កង់​ទាំង​នោះ​ក៏​បាន​លើក​ឡើង​ដូច​គ្នា
20 នៅ​ទី​ណា​ដែល​ព្រះ‌វិញ្ញាណ​ត្រូវ​ទៅ នោះ​វា​ក៏​ទៅ​ដែរ គឺ​វិញ្ញាណ​របស់​វា​ក៏​ទៅ​កន្លែង​ដដែល កង់​ទាំង​នោះ​បាន​លើក​ឡើង​អម​ទៅ ពី​ព្រោះ​វិញ្ញាណ​របស់​តួ​មាន​ជីវិត ក៏​នៅ​ក្នុង​កង់​ដែរ
21 កាល​ណា​ពួក​នោះ​ចេញ​ទៅ ពួក​នេះ​ក៏​ទៅ​ដែរ កាល​ណា​ពួក​នោះ​ឈប់​នៅ ពួក​នេះ​ក៏​ឈប់​ដែរ ហើយ​កាល​ណា​ពួក​នោះ​បាន​លើក​ឡើង​ផុត​ពី​ដី នោះ​កង់​ទាំង‌ឡាយ​ក៏​បាន​លើក​ឡើង អម​ទៅ​ព្រម​គ្នា ដ្បិត​វិញ្ញាណ​របស់​តួ​មាន​ជីវិត​បាន​នៅ​ជាប់​ក្នុង​កង់​ដែរ។
22 នៅ​ពី​លើ​ក្បាល​នៃ​តួ​មាន​ជីវិត នោះ​មាន​ដូច​ជា​ផ្ទៃ​មេឃ ដែល​មើល​ទៅ​ដូច​ជា​ចរណៃ​គួរ​ស្ញែង‌ខ្លាច ហើយ​ក៏​លាត​ពី​លើ​ក្បាល​តួ​ទាំង​នោះ
23 ឯ​ក្រោម​ផ្ទៃ​មេឃ នោះ​មាន​ស្លាប​របស់​តួ​ទាំង‌ឡាយ ត្រដាង​ទៅ​ត្រង់​តៗ​គ្នា គ្រប់​គ្នា​មាន​ស្លាប​២​ដែល​បាំង​ខ្លួន​ម្ខាង ហើយ​ស្លាប​២ ដែល​បាំង​ខ្លួន​ម្ខាង​ទៀត
24 កាល​ណា​ហោះ​ទៅ នោះ​ខ្ញុំ​ឮ​សូរ​សន្ធឹក​ស្លាប ដូច​ជា​សូរ​នៃ​ទឹក​ធំ គឺ​ដូច​ជា​ព្រះ‌សូរ‌សៀង​នៃ​ព្រះ​ដ៏​មាន​គ្រប់​ព្រះ‌ចេស្តា ជា​សូរ​គឹក‌កង ដូច​ជា​សូរ​នៃ​កង‌ទ័ព កាល​ណា​តួ​ទាំង​នោះ​ឈប់​នៅ នោះ​ក៏​សំរប​ស្លាប​ចុះ​មក​វិញ
25 កាល​បាន​ឈប់​សំរប​ស្លាប​ចុះ​មក​វិញ​ហើយ នោះ​មាន​ឮ​សំឡេង​ពី​ផ្ទៃ​មេឃ ដែល​នៅ​ពី​លើ​ក្បាល​តួ​ទាំង​នោះ។
26 នៅ​ពី​លើ​ផ្ទៃ​មេឃ​ដែល​នៅ​ពី​លើ​ក្បាល នោះ​មាន​ភាព​ជា​បល្ល័ង្ក ដែល​មើល​ទៅ​ដូច​ជា​ត្បូង‌កណ្តៀង ហើយ​នៅ​លើ​ភាព​ដែល​មើល​ទៅ​ដូច​ជា​បល្ល័ង្ក នោះ​ឃើញ​មាន​ទ្រង់‌ទ្រាយ​ដូច​ជា​មនុស្ស​អង្គុយ​នៅ​លើ
27 ខ្ញុំ​ក៏​ឃើញ​ពណ៌​ដូច​ជា​លង្ហិន​ខាត់​យ៉ាង​ភ្លឺ ដែល​មើល​ទៅ​ដូច​ជា​ភ្លើង នៅ​ខាង​ក្នុង ហើយ​នៅ​ជុំវិញ ចាប់​តាំង​ពី​កន្លែង​ដែល​មើល​ទៅ​ដូច​ជា​ចង្កេះ​ទៅ​ខាង​លើ ហើយ​ចាប់​តាំង​ពី​កន្លែង​ដែល​មើល​ទៅ​ដូច​ជា​ចង្កេះ ចុះ​ទៅ​ខាង​ក្រោម នោះ​ខ្ញុំ​ឃើញ​ភាព​មើល​ទៅ​ដូច​ភ្លើង ហើយ​មាន​រស្មី​ភ្លឺ​នៅ​ជុំវិញ​អង្គ​នោះ
28 ឯ​រស្មី​ដែល​ភ្លឺ​នៅ​ព័ទ្ធ​ជុំវិញ​នោះ ក៏​មាន​ភាព​ដូច​ជា​ឥន្ទ‌ធនូ​ដែល​នៅ​លើ​ពពក ក្នុង​ថ្ងៃ​ដែល​មាន​ភ្លៀង នេះ​ជា​គំរូ​ពី​ភាព​នៃ​សិរី‌ល្អ​របស់​ព្រះ‌យេហូវ៉ា កាល​ខ្ញុំ​បាន​ឃើញ​ហើយ នោះ​ខ្ញុំ​ក្រាប​មុខ​ចុះ​ដល់​ដី ហើយ​ខ្ញុំ​ឮ​ព្រះ‌សូរ‌សៀង​មាន​ព្រះ‌បន្ទូល​មក។