អេសេគាល

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48


ជំពូក 18

ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​បាន​មក​ដល់​ខ្ញុំ​ម្តង​ទៀត​ថា
2 ឯង​រាល់​គ្នា​ប្រើ​ពាក្យ​សុភាសិត​នេះ និយាយ​ពី​ដំណើរ​ស្រុក​អ៊ីស្រា‌អែល​ថា ឪពុក​បាន​ស៊ី​ផ្លែ​ជូរ ហើយ​កូន​ត្រូវ​សង្កៀរ​ធ្មេញ​ទៅ នោះ​តើ​ចង់​ថា​ដូច​ម្តេច
3 ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​ស្បថ​ថា ដូច​ជា​អញ​រស់​នៅ នោះ​ប្រាកដ​ជា​ឯង​រាល់​គ្នា​មិន​មាន​ឱកាស​នឹង​និយាយ​សុភាសិត​នេះ នៅ​ក្នុង​ស្រុក​អ៊ីស្រា‌អែល​ទៀត​ឡើយ
4 មើល ព្រលឹង​ទាំង​អស់​ជា​របស់​ផង​អញ ទោះ​ទាំង​ព្រលឹង​នៃ​ឪពុក និង​ព្រលឹង​នៃ​កូន​ផង ក៏​ជា​របស់​ផង​អញ​ដូច​គ្នា ឯ​ព្រលឹង​ណា​ដែល​ធ្វើ​បាប គឺ​ព្រលឹង​នោះ​ឯង​នឹង​ត្រូវ​ស្លាប់​វិញ។
5 ប៉ុន្តែ បើ​មនុស្ស​ណា​សុចរិត ជា​អ្នក​ប្រព្រឹត្ត​សេចក្ដី​ដែល​ត្រឹម‌ត្រូវ ហើយ​ទៀង​ត្រង់
6 ឥត​ដែល​ស៊ី​នៅ​លើ​ភ្នំ ឬ​ងើប​ភ្នែក​មើល​ទៅ​ឯ​រូប​ព្រះ​របស់​ពួក​វង្ស​អ៊ីស្រា‌អែល ក៏​មិន​បាន​បង្អាប់​ប្រពន្ធ​របស់​អ្នក​ជិត​ខាង​ខ្លួន ឬ​ចូល​ទៅ​ជិត​ស្រី​ដែល​មាន​រដូវ​កាល
7 ហើយ​មិន​បាន​សង្កត់‌សង្កិន​អ្នក​ណា គឺ​បាន​ប្រគល់​របស់​បញ្ចាំ​ដល់​អ្នក​ដែល​ជំពាក់​ខ្លួន​វិញ ក៏​មិន​បាន​ប្លន់​យក​របស់​គេ គឺ​បាន​ចែក​អាហារ​ដល់​ពួក​អ្នក​ដែល​ឃ្លាន ហើយ​បិទ​បាំង​អ្នក​ដែល​នៅ​ខ្លួន​ទទេ ដោយ​សម្លៀក‌បំពាក់​វិញ
8 គឺ​បើ​អ្នក​នោះ​មិន​បាន​ឲ្យ​គេ​ខ្ចី​ដោយ​យក​ការ ឬ​យក​កម្រៃ​អ្វី​ឡើយ គឺ​បាន​ដក​ដៃ​ពី​អំពើ​ទុច្ចរិត​ចេញ បាន​សម្រេច​សេចក្ដី​យុត្តិ‌ធម៌​ចំពោះ​គ្នា​នឹង​គ្នា
9 ព្រម​ទាំង​ប្រព្រឹត្ត​តាម​ក្រឹត្យ‌ក្រម​របស់​អញ ហើយ​រក្សា​បញ្ញត្ត​ច្បាប់​របស់​អញ ដើម្បី​នឹង​ប្រព្រឹត្ត​ដោយ​ពិត​ត្រង់ នោះ​ព្រះ‌អម្ចាស់​យេហូវ៉ា ទ្រង់​មាន​ព្រះ‌បន្ទូល​ថា អ្នក​នោះ​ជា​មនុស្ស​សុចរិត​ពិត អ្នក​នោះ​នឹង​រស់​នៅ​ជា​ប្រាកដ។
10 បើ​អ្នក​នោះ​បង្កើត​កូន​ប្រុស​មក​ដែល​ធ្វើ​ជា​ចោរ ជា​អ្នក​ដែល​កម្ចាយ​ឈាម ឬ​ប្រព្រឹត្ត​ការ​អ្វី​យ៉ាង​នោះ
11 ឥត​ដែល​ប្រព្រឹត្ត​ការ​ទាំង​ប៉ុន្មាន​ដែល​គួរ​ធ្វើ​ទេ គឺ​បាន​ស៊ី​នៅ​លើ​ភ្នំ​វិញ ហើយ​បង្អាប់​ប្រពន្ធ​របស់​អ្នក​ជិត​ខាង​ខ្លួន
12 ព្រម​ទាំង​សង្កត់‌សង្កិន​ពួក​អ្នក​ក្រីក្រ ហើយ​កំសត់​ទុគ៌ត ឬ​ប្លន់​គេ ក៏​មិន​បាន​ប្រគល់​របស់​បញ្ចាំ​ទៅ​វិញ ហើយ​បាន​ងើប​ភ្នែក​មើល​ទៅ​ឯ​រូប​ព្រះ គឺ​បាន​ប្រព្រឹត្ត​ការ​ដ៏​គួរ​ស្អប់​ខ្ពើម
13 បាន​ទាំង​ឲ្យ​គេ​ខ្ចី​ដោយ​យក​ការ ហើយ​យក​កម្រៃ​ផង តើ​កូន​នោះ​នឹង​រស់​នៅ ឬ​វា​មិន​ត្រូវ​រស់​ទេ វា​បាន​ប្រព្រឹត្ត​អំពើ​គួរ​ស្អប់​ខ្ពើម​ទាំង​នោះ ដូច្នេះ វា​ត្រូវ​ស្លាប់​ជា​មិន​ខាន ឈាម​វា​នឹង​ធ្លាក់​ទៅ​លើ​វា​វិញ។
14 ប៉ុន្តែ មើល បើ​អ្នក​នោះ​បង្កើត​កូន​ប្រុស​មក ដែល​ឃើញ​អស់​ទាំង​អំពើ​បាប​ដែល​ឪពុក​ប្រព្រឹត្ត ក៏​ពិចារណា​ហើយ​មិន​ប្រព្រឹត្ត​តាម​អំពើ​យ៉ាង​នោះ​ឡើយ
15 គឺ​មិន​ស៊ី​នៅ​លើ​ភ្នំ ឬ​ងើប​ភ្នែក​មើល​ទៅ​ឯ​រូប​ព្រះ​របស់​ពួក​វង្ស​អ៊ីស្រា‌អែល ក៏​មិន​បាន​បង្អាក់​ប្រពន្ធ​របស់​អ្នក​ជិត​ខាង​ខ្លួន
16 ឬ​សង្កត់‌សង្កិន​អ្នក​ណា ឬ​ទទួល​បញ្ចាំ​របស់​គេ ក៏​មិន​បាន​ប្លន់​ដែរ គឺ​បាន​ចែក​អាហារ​របស់​ខ្លួន​ដល់​ពួក​អ្នក​ដែល​ឃ្លាន ហើយ​បិទ​បាំង​អ្នក​ដែល​នៅ​ខ្លួន​អាក្រាត​ទទេ ដោយ​សម្លៀក‌បំពាក់
17 ក៏​ដក​ដៃ​ចេញ​ពី​អ្នក​ក្រីក្រ ហើយ​មិន​បាន​យក​ការ ឬ​កម្រៃ​អ្វី​ឡើយ គឺ​បាន​សម្រេច​តាម​ក្រឹត្យ‌ក្រម​របស់​អញ ហើយ​ប្រព្រឹត្ត​តាម​បញ្ញត្ត​ច្បាប់​របស់​អញ​ទាំង​ប៉ុន្មាន កូន​នោះ​នឹង​មិន​ស្លាប់ ដោយ​ព្រោះ​សេចក្ដី​ទុច្ចរិត​របស់​ឪពុក​ខ្លួន​ឡើយ គឺ​នឹង​រស់​នៅ​ជា​ពិត​វិញ
18 តែ​ឯ​ចំណែក​ឪពុក​វា នោះ​នឹង​ត្រូវ​ស្លាប់​ក្នុង​អំពើ​ទុច្ចរិត​របស់​ខ្លួន​ទៅ ដោយ​ព្រោះ​បាន​សង្កត់‌សង្កិន​យ៉ាង​កំណាច ហើយ​បាន​ប្លន់​បង​ប្អូន ព្រម​ទាំង​ប្រព្រឹត្ត​ការ​ដែល​មិន​ល្អ​ផង នៅ​កណ្តាល​សាសន៍​ខ្លួន​ហើយ។
19 ប៉ុន្តែ ឯង​រាល់​គ្នា​សួរ​ថា ហេតុ​អ្វី​បាន​ជា​កូន​មិន​ត្រូវ​រង​សេចក្ដី​ទុច្ចរិត​របស់​ឪពុក​ដូច្នេះ កាល​ណា​កូន​បាន​ប្រព្រឹត្ត​សេចក្ដី​ដែល​ត្រឹម‌ត្រូវ ហើយ​ទៀង​ត្រង់ ព្រម​ទាំង​រក្សា​ក្រឹត្យ‌ក្រម​របស់​អញ ហើយ​ប្រព្រឹត្ត​តាម​ផង នោះ​វា​នឹង​រស់​នៅ​ជា​ពិត​វិញ
20 ឯ​ព្រលឹង​ណា​ដែល​ធ្វើ​បាប គឺ​ព្រលឹង​នោះ​ឯង​នឹង​ត្រូវ​ស្លាប់ កូន​មិន​ត្រូវ​រង​សេចក្ដី​ទុច្ចរិត​របស់​ឪពុក​ទេ ហើយ​ឪពុក​ក៏​មិន​ត្រូវ​រង​សេចក្ដី​ទុច្ចរិត​របស់​កូន​ដែរ សេចក្ដី​សុចរិត​របស់​មនុស្ស​សុចរិត​នឹង​នៅ​លើ​អ្នក​នោះ​ឯង ហើយ​សេចក្ដី​ទុច្ចរិត​របស់​មនុស្ស​ទុច្ចរិត​នឹង​នៅ​លើ​ខ្លួន​អ្នក​ទុច្ចរិត​នោះ​ឯង​ដែរ។
21 តែ​ឯ​មនុស្ស​ទុច្ចរិត បើ​បែរ​ចេញ​ពី​អស់​ទាំង​អំពើ​បាប​ដែល​ខ្លួន​បាន​ប្រព្រឹត្ត ហើយ​រក្សា​អស់​ទាំង​ក្រឹត្យ‌ក្រម​របស់​អញ ព្រម​ទាំង​ប្រព្រឹត្ត​សេចក្ដី​ដែល​ត្រឹម‌ត្រូវ ហើយ​ទៀង​ត្រង់​វិញ អ្នក​នោះ​នឹង​រស់​នៅ​ជា​ពិត ឥត​ត្រូវ​ស្លាប់​ឡើយ
22 ឯ​អំពើ​រំលង​ទាំង​ប៉ុន្មាន​ដែល​ខ្លួន​បាន​ប្រព្រឹត្ត នោះ​នឹង​មិន​នឹក​ចាំ​បទ​ណា​មួយ​ទាស់​នឹង​គេ​ទេ គឺ​គេ​នឹង​រស់​នៅ ដោយ​សេចក្ដី​សុចរិត​ដែល​ខ្លួន​បាន​ប្រព្រឹត្ត​វិញ
23 ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​សួរ​ថា តើ​អញ​មាន​សេចក្ដី​អំណរ​ដោយ​មនុស្ស​ទុច្ចរិត​ស្លាប់​ទៅ​ឬ តើ​មិន​មែន​អរ​ដោយ​គេ​បែរ​ចេញ​ពី​ផ្លូវ​របស់​ខ្លួន​វិញ មក​ឲ្យ​បាន​រស់​នៅ​វិញ​ទេ​ឬ​អី
24 តែ​ឯ​មនុស្ស​សុចរិត បើ​គេ​បែរ​ចេញ​ពី​អំពី​សុចរិត​របស់​ខ្លួន ទៅ​ប្រព្រឹត្ត​ទុច្ចរិត ហើយ​ធ្វើ​គ្រប់​ទាំង​ការ​គួរ​ស្អប់​ខ្ពើម ដែល​មនុស្ស​ទុច្ចរិត​តែង​ប្រព្រឹត្ត​វិញ នោះ​តើ​នឹង​រស់​នៅ​ឬ ឯ​អំពើ​សុចរិត​ទាំង​ប៉ុន្មាន​ដែល​អ្នក​នោះ​បាន​ធ្វើ នោះ​នឹង​គ្មាន​នឹក​ចាំ​ពី​បទ​ណា​មួយ​ឡើយ អ្នក​នោះ​នឹង​ត្រូវ​ស្លាប់​ក្នុង​អំពើ​រំលង​ដែល​ខ្លួន​បាន​ប្រព្រឹត្ត ហើយ​ក្នុង​អំពើ​បាប​ដែល​ខ្លួន​បាន​ធ្វើ​នោះ​វិញ។
25 ទោះ​បើ​យ៉ាង​នោះ គង់​តែ​ឯង​រាល់​គ្នា​ថា ផ្លូវ​របស់​ព្រះ‌អម្ចាស់​មិន​ស្មើ​ទេ ដូច្នេះ ឱ​ពួក​វង្ស​អ៊ីស្រា‌អែល​អើយ​ចូរ​ស្តាប់​ចុះ តើ​ផ្លូវ​របស់​អញ​មិន​ស្មើ​មែន​ឬ តើ​មិន​មែន​ជា​ផ្លូវ​របស់​ឯង​រាល់​គ្នា ដែល​មិន​ស្មើ​វិញ​ទេ​ឬ
26 កាល​ណា​មនុស្ស​សុចរិត​បែរ​ចេញ​ពី​អំពើ​សុចរិត​របស់​ខ្លួន ទៅ​ប្រព្រឹត្ត​ទុច្ចរិត​វិញ ហើយ​ត្រូវ​ស្លាប់​ទៅ នោះ​គឺ​នឹង​ត្រូវ​ស្លាប់​ក្នុង​អំពើ​ទុច្ចរិត ដែល​ខ្លួន​បាន​ប្រព្រឹត្ត​នោះ​ឯង
27 មួយ​ទៀត កាល​ណា​មនុស្ស​ទុច្ចរិត​បែរ​ចេញ​ពី​អំពើ​ទុច្ចរិត​ដែល​ខ្លួន​បាន​ធ្វើ ទៅ​ប្រព្រឹត្ត​សេចក្ដី​ដែល​ត្រឹម‌ត្រូវ ហើយ​ទៀង​ត្រង់​វិញ នោះ​គេ​នឹង​ធ្វើ​ឲ្យ​ព្រលឹង​ខ្លួន​រស់​នៅ
28 គឺ​នឹង​រស់​នៅ​ជា​ពិត ឥត​ស្លាប់​ឡើយ ដោយ​ព្រោះ​គេ​បាន​ពិចារណា​ហើយ​បែរ​ចេញ​ពី​អំពើ​រំលង​ដែល​ខ្លួន​បាន​ប្រព្រឹត្ត​នោះ
29 ប៉ុន្តែ ពួក​វង្ស​អ៊ីស្រា‌អែល​គេ​ថា ផ្លូវ​របស់​ព្រះ‌អម្ចាស់​មិន​ស្មើ​ទេ ឱ​ពួក​វង្ស​អ៊ីស្រា‌អែល​អើយ តើ​ផ្លូវ​របស់​អញ​មិន​ស្មើ​មែន​ឬ តើ​មិន​មែន​ជា​ផ្លូវ​របស់​ឯង​រាល់​គ្នា ដែល​មិន​ស្មើ​វិញ​ទេ​ឬ
30 ហេតុ​នោះ​ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ឱ​ពួក​វង្ស​អ៊ីស្រា‌អែល​អើយ អញ​នឹង​ជំនុំ‌ជម្រះ​ឯង​រាល់​គ្នា គ្រប់​គ្នា​តាម​អំពើ​ប្រព្រឹត្ត​រៀង​ខ្លួន ចូរ​ឯង​រាល់​គ្នា​វិល​មក​វិញ ចូរ​បែរ​ចេញ​ពី​អំពើ​រំលង​របស់​ឯង​ទៅ យ៉ាង​នោះ​សេចក្ដី​ទុច្ចរិត​នឹង​មិន​បំផ្លាញ​ឯង​ទេ
31 ចូរ​បោះ‌បង់​ចោល​អំពើ​រំលង​ទាំង​ប៉ុន្មាន​របស់​ឯង ដែល​ឯង​រាល់​គ្នា​ប្រព្រឹត្ត​នោះ ហើយ​ឲ្យ​ខ្លួន​មាន​ចិត្ត​ថ្មី និង​វិញ្ញាណ​ថ្មី​ចុះ ដ្បិត​ឱ​ពូជ‌ពង្ស​ពួក​អ៊ីស្រា‌អែល​អើយ ឯង​រាល់​គ្នា​ចង់​ស្លាប់​ធ្វើ​អី
32 ពី​ព្រោះ​អញ​ឥត​មាន​សេចក្ដី​អំណរ​ចំពោះ​ការ​ស្លាប់​របស់​អ្នក​ដែល​ត្រូវ​ស្លាប់​នោះ​ទេ ដូច្នេះ ចូរ​ឯង​រាល់​គ្នា​វិល​មក ដើម្បី​ឲ្យ​បាន​រស់​នៅ​វិញ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់​យេហូវ៉ា។