អេសេគាល
ជំពូក 20
នៅថ្ងៃ១០ ខែស្រាពណ៍ ក្នុងឆ្នាំទី៧ នោះពួកចាស់ទុំខ្លះនៃសាសន៍អ៊ីស្រាអែលបានមក ដើម្បីទូលសួរដល់ព្រះយេហូវ៉ា ហើយគេអង្គុយនៅមុខខ្ញុំ
2 នោះព្រះបន្ទូលនៃព្រះយេហូវ៉ាបានមកដល់ខ្ញុំថា
3 កូនមនុស្សអើយ ចូរនិយាយប្រាប់ ដល់ពួកចាស់ទុំនៃសាសន៍អ៊ីស្រាអែលថា ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះ ឯងរាល់គ្នាបានមកសួរដល់អញឬ ព្រះអម្ចាស់យេហូវ៉ាទ្រង់ស្បថថា ដូចជាអញរស់នៅ នោះប្រាកដជាអញមិនឲ្យឯងរាល់គ្នាសួរដល់អញទេ
4 កូនមនុស្សអើយ ឯងចង់ជំនុំជម្រះគេឬ តើចង់ជំនុំជម្រះគេឬទេ ចូរឲ្យគេដឹងពីអស់ទាំងអំពើគួរស្អប់ខ្ពើមរបស់ពួកអយ្យកោគេ
5 ហើយប្រាប់គេថា ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះ នៅថ្ងៃដែលអញបានរើសអ៊ីស្រាអែល ហើយស្បថដល់ពូជពង្សយ៉ាកុប ព្រមទាំងសម្ដែងឲ្យគេស្គាល់អញនៅស្រុកអេស៊ីព្ទ គឺកាលដែលអញបានស្បថដល់គេថា អញនេះជាយេហូវ៉ា ជាព្រះនៃឯងរាល់គ្នា
6 នៅថ្ងៃនោះឯង អញបានស្បថដល់គេថា នឹងនាំគេចេញពីស្រុកអេស៊ីព្ទ ទៅក្នុងស្រុក១ដែលអញបានស្វែងរកឲ្យគេ ជាស្រុកមានទឹកដោះ និងទឹកឃ្មុំហូរហៀរ ជាទីរុងរឿងជាងស្រុកទាំងអស់
7 អញក៏ប្រាប់គេថា ចូរឲ្យគ្រប់គ្នាបោះចោលអស់ទាំងរបស់គួរស្អប់ខ្ពើម ដែលគាប់ភ្នែកឯងចេញ កុំធ្វើឲ្យខ្លួនសៅហ្មង ដោយរូបព្រះរបស់ស្រុកអេស៊ីព្ទឡើយ អញ គឺយេហូវ៉ានេះ ជាព្រះនៃឯងរាល់គ្នាហើយ
8 តែគេបានរឹងចចេសនឹងអញ ឥតព្រមស្តាប់តាមអញឡើយ ក៏មិនបានលះចោលរបស់គួរស្អប់ខ្ពើម ដែលនៅគាប់ដល់ភ្នែកគេរៀងខ្លួនសោះ ឬបោះបង់ចោលរូបព្រះរបស់សាសន៍អេស៊ីព្ទដែរ ដូច្នេះ អញបានថា អញនឹងចាក់សេចក្ដីឃោរឃៅរបស់អញទៅលើគេ ដើម្បីនឹងសម្រេចសេចក្ដីកំហឹងរបស់អញ ទាស់នឹងគេនៅកណ្តាលស្រុកអេស៊ីព្ទ
9 ប៉ុន្តែ អញបានប្រព្រឹត្តដោយយល់ដល់ឈ្មោះអញ ដើម្បីមិនឲ្យត្រូវទាបថោក នៅចំពោះភ្នែកនៃសាសន៍ដទៃ ជាសាសន៍ដែលគេនៅកណ្តាល ហើយដែលអញបានសម្ដែងឲ្យគេស្គាល់អញ នៅចំពោះភ្នែកនៃសាសន៍នោះ ដោយនាំគេចេញពីស្រុកអេស៊ីព្ទមកនោះដែរ។
10 ដូច្នេះ អញបានធ្វើឲ្យគេចាក់ចេញពីស្រុកអេស៊ីព្ទ ហើយបាននាំចូលទៅក្នុងទីរហោស្ថាន
11 អញក៏ឲ្យក្រឹត្យក្រមរបស់អញដល់គេ ព្រមទាំងសម្ដែងឲ្យគេស្គាល់បញ្ញត្តច្បាប់ទាំងប៉ុន្មានរបស់អញ ដែលបើអ្នកណាប្រព្រឹត្តតាម អ្នកនោះនឹងបានរស់ដោយសារច្បាប់នោះ
12 អញក៏តាំងថ្ងៃឈប់សម្រាករបស់អញឲ្យគេដែរ ទុកសម្រាប់ជាទីសម្គាល់ដល់អញ ហើយនិងគេ ប្រយោជន៍ឲ្យគេបានដឹងថា អញជាព្រះយេហូវ៉ាដែលញែកគេចេញជាបរិសុទ្ធ
13 ប៉ុន្តែ ពូជពង្សនៃពួកអ៊ីស្រាអែលបានរឹងចចេសនឹងអញ នៅទីរហោស្ថានវិញ គេមិនបានប្រព្រឹត្តតាមច្បាប់អញទេ ក៏បោះបង់ចោលអស់ទាំងបញ្ញត្តរបស់អញ ជាច្បាប់ដែលអ្នកណាប្រព្រឹត្តតាម នោះនឹងបានរស់ដោយសារច្បាប់នោះឯង ហើយគេក៏បង្អាប់ថ្ងៃឈប់សម្រាករបស់អញយ៉ាងក្រៃលែង នោះអញបានថា អញនឹងចាក់សេចក្ដីឃោរឃៅរបស់អញ ទៅលើគេនៅក្នុងទីរហោស្ថាន ដើម្បីនឹងរំលីងគេឲ្យអស់ទៅ
14 ប៉ុន្តែ អញបានប្រព្រឹត្តដោយយល់ដល់ឈ្មោះអញវិញ ដើម្បីមិនឲ្យឈ្មោះអញត្រូវទាបថោក នៅភ្នែកនៃអស់ទាំងសាសន៍ដែលអញបាននាំគេចេញ នៅចំពោះមុខនោះឡើយ
15 មួយទៀត អញបានស្បថនឹងគេ នៅទីរហោស្ថានថា អញមិនព្រមនាំគេចូលទៅក្នុងស្រុក ដែលអញបានឲ្យដល់គេ ជាស្រុកមានទឹកដោះ និងទឹកឃ្មុំហូរហៀរ ដែលជាស្រុករុងរឿងជាងអស់ទាំងស្រុកនោះទេ
16 ពីព្រោះគេបានបោះបង់ចោលក្រឹត្យក្រមរបស់អញ ឥតប្រព្រឹត្តតាមបញ្ញត្តច្បាប់របស់អញ ក៏បង្អាប់ថ្ងៃឈប់សម្រាករបស់អញដែរ ដ្បិតចិត្តគេជាប់តាមរូបព្រះរបស់គេវិញ
17 ប៉ុន្តែ ភ្នែកអញបានប្រណីដល់គេ ហើយអញមិនបានបំផ្លាញគេឡើយ ក៏មិនបានឲ្យគេសូន្យផុតទៅនៅទីរហោស្ថានដែរ ។
18 អញបានប្រាប់ដល់កូនចៅគេនៅទីរហោស្ថានថា កុំឲ្យដើរតាមច្បាប់របស់ពួកអយ្យកោឯងរាល់គ្នា ឬកាន់តាមបញ្ញត្តរបស់គេ ឬធ្វើឲ្យខ្លួនសៅហ្មង ដោយរូបព្រះរបស់គេឡើយ
19 អញនេះគឺយេហូវ៉ា ជាព្រះនៃឯងរាល់គ្នា ចូរប្រព្រឹត្តតាមអស់ទាំងក្រឹត្យក្រមអញ ហើយរក្សាបញ្ញត្តច្បាប់របស់អញ ព្រមទាំងប្រព្រឹត្តតាមវិញ
20 ចូរញែកថ្ងៃឈប់សម្រាករបស់អញចេញជាបរិសុទ្ធ នោះនឹងបានជាទីសម្គាល់ដល់អញ ហើយនិងឯងរាល់គ្នា ដើម្បីឲ្យឯងបានដឹងថា អញនេះ គឺយេហូវ៉ា ជាព្រះនៃឯងរាល់គ្នា
21 ប៉ុន្តែ កូនចៅទាំងនោះក៏រឹងចចេសនឹងអញដែរ គេមិនបានប្រព្រឹត្តតាមអស់ទាំងច្បាប់របស់អញឡើយ ក៏មិនបានរក្សាបញ្ញត្តទាំងប៉ុន្មានរបស់អញ ដើម្បីនឹងប្រព្រឹត្តតាមផង ជាច្បាប់ដែលអ្នកណាប្រព្រឹត្តតាម អ្នកនោះនឹងបានរស់នៅ ដោយសារច្បាប់នោះឯង គេបានបង្អាប់ថ្ងៃឈប់សម្រាករបស់អញទៅ ដូច្នេះ អញបានថា អញនឹងចាក់សេចក្ដីឃោរឃៅរបស់អញទៅលើគេ ដើម្បីនឹងសម្រេចសេចក្ដីកំហឹងរបស់អញនៅលើគេ នៅក្នុងទីរហោស្ថាន
22 ប៉ុន្តែ អញបានដកដៃចេញវិញ ហើយបានប្រព្រឹត្តដោយយល់ដល់ឈ្មោះអញ ដើម្បីមិនឲ្យឈ្មោះអញត្រូវទាបថោក នៅភ្នែកនៃសាសន៍ដទៃ ដែលអញបាននាំគេចេញទៅ នៅចំពោះមុខនោះឡើយ
23 មួយទៀត អញបានស្បថនឹងគេនៅទីរហោស្ថានថា អញនឹងកម្ចាត់កម្ចាយគេទៅនៅកណ្តាលអស់ទាំងសាសន៍ ហើយបែងចែកគេទៅនៅគ្រប់ស្រុកទាំងអស់
24 ពីព្រោះគេមិនបានប្រព្រឹត្តតាមអស់ទាំងក្រឹត្យក្រមរបស់អញឡើយ គឺបានបោះបង់ចោលបញ្ញត្តច្បាប់ទាំងប៉ុន្មានរបស់អញ ព្រមទាំងបង្អាក់ថ្ងៃឈប់សម្រាករបស់អញវិញ ហើយភ្នែកគេក៏ជាប់តាមរូបព្រះរបស់ពួកអយ្យកោគេដែរ
25 អញក៏ឲ្យក្រឹត្យក្រមដល់គេ ដែលមិនស្រួលល្អ ហើយនិងបញ្ញត្តច្បាប់ ដែលគ្មានអ្នកណាអាចនឹងរស់បានតាមច្បាប់នោះទេ
26 អញក៏បានធ្វើឲ្យគេស្មោកគ្រោក ដោយសារតង្វាយរបស់គេ ពីព្រោះគេបានយកកូនកើតដំបូងរបស់ខ្លួន ទៅធ្វើឲ្យឆ្លងកាត់ភ្លើង ដើម្បីឲ្យអញបានធ្វើឲ្យគេនៅស្ងាត់ ប្រយោជន៍ឲ្យគេបានដឹងថា អញនេះជាព្រះយេហូវ៉ាពិត។
27 ហេតុនោះ កូនមនុស្សអើយ ចូរនិយាយប្រាប់ដល់ពួកវង្សអ៊ីស្រាអែលថា ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះ ពួកអយ្យកោឯងរាល់គ្នាបានប្រមាថដល់អញក្នុងការនេះទៀត គឺគេបានប្រព្រឹត្តអំពើរំលងទាស់នឹងអញ
28 ដ្បិតកាលអញបាននាំគេចូលមកក្នុងស្រុក ដែលអញបានស្បថថានឹងឲ្យដល់គេ នោះគេបានឃើញគ្រប់ទាំងទួលខ្ពស់ ហើយគ្រប់ទាំងដើមឈើស៊ុបទ្រុប រួចគេក៏ថ្វាយយញ្ញបូជារបស់គេនៅលើទីនោះ គឺនៅទីនោះ គេបានថ្វាយតង្វាយជាគ្រឿងដុតដាល នៅទីនោះ គេក៏បានថ្វាយតង្វាយសម្រាប់ជាក្លិនឈ្ងុយរបស់គេ ហើយបានច្រួចតង្វាយច្រួចរបស់គេនៅទីនោះដែរ
29 នោះអញបានសួរគេថា ទីខ្ពស់ដែលឯងតែងតែទៅនោះ តើដូចម្តេច ដូច្នេះ ទីនោះបានហៅឈ្មោះថា «បាម៉ា» ដរាបដល់សព្វថ្ងៃនេះ។
30 ហេតុនោះ ត្រូវឲ្យប្រាប់ដល់ពួកវង្សអ៊ីស្រាអែលថា ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះ ឯងរាល់គ្នាតែងធ្វើឲ្យខ្លួនស្មោកគ្រោក តាមបែបពួកអយ្យកោឯងដូច្នេះដែរឬ ព្រមទាំងប្រព្រឹត្តសេចក្ដីកំផិត តាមព្រះគួរស្អប់ខ្ពើមរបស់គេឬអី
31 ដ្បិតកាលណាឯងរាល់គ្នាថ្វាយតង្វាយរបស់ខ្លួន កាលណាធ្វើឲ្យកូនខ្លួនឆ្លងកាត់ភ្លើង នោះគឺឯងធ្វើឲ្យខ្លួនស្មោកគ្រោក ដោយសាររូបព្រះទាំងប៉ុន្មានរបស់ឯង ដរាបដល់សព្វថ្ងៃនេះ ដូច្នេះ ឱពួកវង្សអ៊ីស្រាអែលអើយ តើអញនឹងឲ្យឯងរាល់គ្នាសួរដល់អញឬ ព្រះអម្ចាស់យេហូវ៉ាទ្រង់ស្បថថា ដូចជាអញរស់នៅ នោះប្រាកដជាអញមិនឲ្យឯងរាល់គ្នាសួរដល់អញទេ
32 ហើយសេចក្ដីដែលកើតក្នុងគំនិតឯងរាល់គ្នា នោះមិនបានកើតមកឡើយ គឺជាសេចក្ដីដែលឯងថា យើងនឹងធ្វើដូចជាអស់ទាំងសាសន៍ដទៃ និងដូចជាអស់ទាំងគ្រួសារ នៅស្រុកផ្សេងៗ ដោយគោរពប្រតិបត្តិដល់ទាំងឈើ និងថ្មផង។
33 ព្រះអម្ចាស់យេហូវ៉ាទ្រង់ស្បថថា ដូចជាអញរស់នៅ នោះប្រាកដជាអញនឹងសោយរាជ្យលើឯងរាល់គ្នា ដោយដៃខ្លាំងពូកែ ហើយលើកសម្រេច ព្រមទាំងចាក់សេចក្ដីក្រោធចេញ
34 អញនឹងនាំឯងរាល់គ្នាចេញពីអស់ទាំងសាសន៍ ហើយនិងប្រមូលឯងរាល់គ្នាមកពីស្រុកទាំងប៉ុន្មាន ដែលឯងត្រូវខ្ចាត់ខ្ចាយទៅនោះ ដោយដៃខ្លាំងពូកែ ហើយលើកសម្រេច ព្រមទាំងចាក់សេចក្ដីក្រោធចេញផង
35 អញនឹងនាំឯងរាល់គ្នាទៅ ឲ្យនៅឯទីសូន្យស្ងាត់នៃអស់ទាំងសាសន៍ នៅទីនោះ អញនឹងមានរឿងតវ៉ានឹងឯងប្រទល់គ្នា
36 អញបានមានរឿងតវ៉ានឹងពួកអយ្យកោឯងរាល់គ្នា នៅក្នុងទីរហោស្ថាននៃស្រុកអេស៊ីព្ទជាយ៉ាងណា អញក៏នឹងមានរឿងតវ៉ានឹងឯងរាល់គ្នាយ៉ាងនោះដែរ នេះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា
37 នោះអញនឹងឲ្យឯងរាល់គ្នាចូលក្រោមដំបង រួចនឹងនាំឲ្យជាប់ចំណងនៃសេចក្ដីសញ្ញា
38 អញនឹងញែកពួករឹងចចេសពីឯងចេញ ព្រមទាំងពួកអ្នកដែលតែងតែប្រព្រឹត្តរំលងទាស់នឹងអញផង អញនឹងនាំគេចេញពីស្រុកដែលគេស្នាក់នៅនោះ តែគេមិនបានចូលទៅក្នុងស្រុកអ៊ីស្រាអែលឡើយ នោះឯងរាល់គ្នានឹងដឹងថា អញនេះជាព្រះយេហូវ៉ាពិត
39 តែចំណែកឯងរាល់គ្នា ឱពួកវង្សអ៊ីស្រាអែលអើយ ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះ ចូរទៅចុះ ពីនេះទៅមុខ ឯងរាល់គ្នាមិនព្រមស្តាប់តាមអញទេ ដូច្នេះ ចូរទៅគោរពដល់រូបព្រះរបស់ឯងរៀងខ្លួនចុះ តែមិនត្រូវឲ្យបង្អាក់ឈ្មោះបរិសុទ្ធរបស់អញ ដោយតង្វាយ និងរូបព្រះរបស់ឯងទៀតឡើយ។
40 ដ្បិតព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលថា នៅលើភ្នំបរិសុទ្ធរបស់អញ គឺជាភ្នំយ៉ាងខ្ពស់របស់ស្រុកអ៊ីស្រាអែល នោះពួកវង្សអ៊ីស្រាអែលទាំងមូលនឹងគោរពដល់អញគ្រប់គ្នានៅក្នុងស្រុករបស់ខ្លួន នៅទីនោះ អញនឹងទទួលគេ ហើយនៅទីនោះ អញនឹងសុខចិត្តទទួលតង្វាយរបស់ឯងរាល់គ្នា និងផលដំបូងពីតង្វាយឯង ព្រមទាំងគ្រឿងបរិសុទ្ធរបស់ឯងរាល់គ្នាទាំងអស់ដែរ
41 អញនឹងទទួលឯងរាល់គ្នា ទុកដូចជាក្លិនក្រអូប ក្នុងកាលដែលអញបាននាំឯងចេញពីពួកសាសន៍ដទៃ ហើយប្រមូលឯងពីអស់ទាំងស្រុកដែលឯងត្រូវខ្ចាត់ខ្ចាយទៅនោះ អញនឹងបានបរិសុទ្ធក្នុងពួកឯងរាល់គ្នា នៅចំពោះភ្នែកនៃអស់ទាំងសាសន៍ដទៃ
42 មួយទៀតកាលណាអញបាននាំឯងរាល់គ្នាចូលទៅក្នុងស្រុកអ៊ីស្រាអែល គឺក្នុងស្រុកដែលអញបានស្បថថា នឹងឲ្យដល់ពួកអយ្យកោឯងហើយ នោះឯងរាល់គ្នានឹងដឹងថា អញនេះជាព្រះយេហូវ៉ាពិត
43 នៅក្នុងស្រុកនោះ ឯងរាល់គ្នានឹងនឹកចាំពីអស់ទាំងអំពើ និងកិរិយាទាំងប៉ុន្មានរបស់ខ្លួន ជាការដែលនាំឲ្យឯងស្មោកគ្រោក នោះឯងរាល់គ្នានឹងខ្ពើមខ្លួន ដោយព្រោះអំពើអាក្រក់ទាំងប៉ុន្មានដែលឯងបានធ្វើនោះ
44 នោះឱពួកវង្សអ៊ីស្រាអែលអើយ ឯងរាល់គ្នានឹងដឹងថា អញនេះជាព្រះយេហូវ៉ាពិត ក្នុងកាលដែលអញបានប្រព្រឹត្តនឹងឯង ដោយយល់ដល់ឈ្មោះអញ មិនមែនតាមអំពើអាក្រក់របស់ឯងរាល់គ្នា ឬតាមកិរិយាស្មោកគ្រោករបស់ឯងនោះទេ នេះឯងជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា។
45 នោះព្រះបន្ទូលនៃព្រះយេហូវ៉ាក៏មកដល់ខ្ញុំថា
46 កូនមនុស្សអើយ ចូរតម្រង់មុខទៅខាងត្បូង ហើយពោលទៅខាងត្បូងនោះ ត្រូវឲ្យទាយទាស់នឹងព្រៃនៅវាលស្រុកត្បូងចុះ
47 ហើយប្រាប់ដល់ព្រៃស្រុកត្បូងថា ចូរស្តាប់ព្រះបន្ទូលនៃព្រះយេហូវ៉ាចុះ ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះ មើល អញនឹងបង្កាត់ភ្លើងនៅក្នុងឯង ភ្លើងនោះនឹងឆេះអស់ទាំងឈើស្រស់ និងដើមឈើសោះកក្រោះនៅក្នុងឯង ភ្លើងដ៏ឆេះនោះនឹងមិនរលត់ឡើយ ហើយមុខមនុស្សទាំងប៉ុន្មាន ចាប់តាំងពីខាងត្បូងរហូតដល់ខាងជើងនឹងត្រូវរោលទាំងអស់
48 ដូច្នេះ គ្រប់ទាំងមនុស្សនឹងឃើញថា គឺអញ ព្រះយេហូវ៉ានេះ ដែលបានបង្កាត់ភ្លើងនោះ ភ្លើងនោះនឹងមិនរលត់ឡើយ
49 នោះខ្ញុំក៏ទូលថា ឱព្រះអម្ចាស់យេហូវ៉ាអើយ គេនិយាយពីទូលបង្គំថា អ្នកនេះ តើមិនមែនជាអ្នកនិយាយសុទ្ធតែពាក្យប្រៀបធៀបទេឬអី។