អេសេគាល
ជំពូក 8
នៅថ្ងៃ៥ ខែភទ្របទ ក្នុងឆ្នាំទី៦ កាលខ្ញុំកំពុងអង្គុយនៅក្នុងផ្ទះខ្ញុំ មានទាំងពួកចាស់ទុំសាសន៍យូដាអង្គុយនៅមុខផង នោះព្រះហស្តនៃព្រះអម្ចាស់យេហូវ៉ាក៏សណ្ឋិតលើខ្ញុំ
2 ខ្ញុំក៏មើលទៅឃើញភាពរូបមានសណ្ឋានដូចជាភ្លើង ពីសណ្ឋានចង្កេះទៅក្រោម នោះសុទ្ធតែជាភ្លើង ហើយពីចង្កេះទៅខាងលើ នោះមើលទៅដូចជាពន្លឺចាំង គឺដូចជាលង្ហិនខាត់យ៉ាងភ្លឺ
3 ទ្រង់ក៏លូកចេញមក មានរាងដូចជាដៃចាប់សក់ក្បាលខ្ញុំ រួចព្រះវិញ្ញាណទ្រង់លើកខ្ញុំឡើងទៅកណ្តាលមេឃ ហើយនិងដី ក៏នាំខ្ញុំទៅឯក្រុងយេរូសាឡឹមដោយការជាក់ស្តែងនៃព្រះ គឺទៅដល់មាត់ទ្វារនៃទីលានខាងក្នុង ដែលបើកទៅទិសខាងជើង ជាកន្លែងមានរូបនៃសេចក្ដីប្រចណ្ឌ ដែលបណ្តាលឲ្យប្រចណ្ឌ
4 នៅទីនោះឃើញមានសិរីល្អនៃព្រះរបស់សាសន៍អ៊ីស្រាអែល ដូចជាការជាក់ស្តែង ដែលខ្ញុំបានឃើញនៅឯវាលពីមុននោះ ។
5 នោះទ្រង់មានព្រះបន្ទូលមកខ្ញុំថា កូនមនុស្សអើយ ចូរងើបភ្នែកឡើងមើលទៅទិសខាងជើងឥឡូវ ដូច្នេះ ខ្ញុំក៏ងើបភ្នែកឡើងមើលទៅខាងជើងទៅ នោះខាងជើងទ្វារដែលចូលទៅឯអាសនៈ ឃើញមានរូបនៃសេចក្ដីប្រចណ្ឌនៅទីនោះ
6 ទ្រង់ក៏មានព្រះបន្ទូលមកខ្ញុំថា កូនមនុស្សអើយឯងឃើញការដែលគេប្រព្រឹត្តឬទេ គឺជាការគួរស្អប់ខ្ពើមយ៉ាងសម្បើម ដែលពូជពង្សអ៊ីស្រាអែលធ្វើនៅទីនេះ ដើម្បីឲ្យអញបានឃ្លាតចេញឆ្ងាយពីទីបរិសុទ្ធរបស់អញ តែចាំមើល ឯងនឹងឃើញការគួរស្អប់ខ្ពើមយ៉ាងសម្បើមជាងទៅទៀត។
7 គ្រានោះ ទ្រង់នាំខ្ញុំទៅដល់ទ្វារទីលាន កាលខ្ញុំបានក្រឡេកមើលទៅ នោះឃើញមានប្រហោង១ក្នុងកំផែង
8 រួចទ្រង់មានព្រះបន្ទូលមកខ្ញុំថា កូនមនុស្សអើយ ចូរជីកទៅក្នុងកំផែងឥឡូវ កាលខ្ញុំបានជីកក្នុងកំផែងហើយ នោះឃើញមានទ្វារ១
9 ទ្រង់មានព្រះបន្ទូលមកខ្ញុំថា ចូរឲ្យឯងចូលទៅខាងក្នុង មើលការគួរស្អប់ខ្ពើមយ៉ាងអាក្រក់ដែលគេធ្វើនៅទីនេះ
10 ដូច្នេះ ខ្ញុំក៏ចូលទៅមើល ហើយឃើញមានគំនូរគ្រប់ទាំងសត្វលូនវារ សត្វគួរខ្ពើមឆ្អើម និងអស់ទាំងរូបព្រះរបស់ពូជពង្សសាសន៍អ៊ីស្រាអែល ដែលគេគូរនៅជញ្ជាំងជុំវិញ
11 ក៏មានពួកចាស់ទុំនៃពួកអ៊ីស្រាអែល៧០នាក់ ឈរនៅមុខរូបទាំងនោះ ហើយមានយ្អាសានាជាកូនសាផាន ឈរនៅកណ្តាលគេ គ្រប់គ្នាកាន់ជើងពាន ហើយផ្សែងនៃគ្រឿងក្រអូបក៏ហុយឡើងយ៉ាងក្រាស់
12 នោះទ្រង់មានព្រះបន្ទូលសួរខ្ញុំថា កូនមនុស្សអើយ តើឃើញអំពើដែលពួកចាស់ទុំសាសន៍អ៊ីស្រាអែល ធ្វើដោយសម្ងាត់ នៅក្នុងគំនិតយល់ឃើញនៃគេរៀងខ្លួនឬទេ ដ្បិតគេថា ព្រះយេហូវ៉ាទ្រង់មិនឃើញយើងទេ ព្រះយេហូវ៉ាបានបោះបង់ចោលស្រុកនេះហើយ
13 ទ្រង់ក៏មានព្រះបន្ទូលមកខ្ញុំទៀតថា ចាំមើល ឯងនឹងឃើញការគួរស្អប់ខ្ពើមយ៉ាងសម្បើមដែលគេប្រព្រឹត្តទៀត។
14 រួចទ្រង់នាំខ្ញុំទៅដល់មាត់ទ្វាររបស់ព្រះវិហារនៃព្រះយេហូវ៉ា ដែលបើកទៅខាងជើង នៅទីនោះក៏ឃើញពួកស្រីៗអង្គុយយំនឹងព្រះថាមូស
15 នោះទ្រង់មានព្រះបន្ទូលសួរខ្ញុំថា កូនមនុស្សអើយ ឯងឃើញឬទេ ចាំមើល ឯងនឹងឃើញការគួរស្អប់ខ្ពើមយ៉ាងសម្បើមជាងនេះទៅទៀត។
16 រួចទ្រង់នាំខ្ញុំចូលទៅឯទីលានខាងក្នុងរបស់ព្រះវិហារនៃព្រះយេហូវ៉ា នោះឃើញត្រង់មាត់ទ្វារព្រះវិហារនៃព្រះយេហូវ៉ា នៅកណ្តាលបាំងសាច និងអាសនៈ មានមនុស្សប្រហែលជា២៥នាក់ បែរខ្នងទៅខាងព្រះវិហារនៃព្រះយេហូវ៉ា ហើយមុខទៅខាងកើត គេកំពុងតែថ្វាយបង្គំព្រះអាទិត្យនៅទិសខាងកើតនោះ
17 ទ្រង់មានព្រះបន្ទូលសួរខ្ញុំថា កូនមនុស្សអើយ ឯងឃើញឬទេ តើពួកវង្សយូដារាប់ការគួរស្អប់ខ្ពើមទាំងនោះ ដែលគេប្រព្រឹត្តនៅទីនេះថាជាការស្រាលឬអី ដ្បិតគេបានធ្វើឲ្យស្រុកនេះមានពេញដោយសេចក្ដីច្រឡោត ហើយបានបែរជាបណ្តាលឲ្យអញខឹងម្តងទៀត ហើយមើល គេលើកមែកឈើប្រណម្យនៅច្រមុះគេផង
18 ដូច្នេះ អញនឹងប្រព្រឹត្តដោយសេចក្ដីក្រោធដែរ ភ្នែកអញនឹងមិនប្រណីឡើយ អញនឹងមិនអាណិតមេត្តាទេ ទោះបើគេអំពាវនាវដោយសំឡេងយ៉ាងខ្លាំងដាក់ត្រចៀកអញក៏ដោយ គង់តែអញមិនព្រមស្តាប់ឡើយ។