យ៉ូប

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42


ជំពូក 41

តើ​ឯង​នឹង​ស្ទូច​ចាប់​ក្រពើ​បាន ឬ​នឹង​យក​ខ្សែ​ទៅ​ចង​អណ្តាត​វា​បាន​ឬ​ទេ
2 តើ​ឯង​នឹង​ដាក់​កន្លុះ​នៅ​ច្រមុះ​វា ឬ​យក​ទំពក់​ថ្ពក់​ថ្គាម​វា​បាន​ឬ
3 តើ​វា​នឹង​អង្វរ​ឯង​ជា​ច្រើន ឬ​នឹង​និយាយ​ពាក្យ​ស្រទន់​ដល់​ឯង​ឬ​ទេ
4 តើ​វា​នឹង​ចុះ​សន្យា​នឹង​ឯង ឲ្យ​ឯង​បាន​យក​វា​ទៅ​បម្រើ​ជា​ដរាប​ឬ
5 តើ​ឯង​នឹង​លេង​ជា​មួយ​នឹង​វា ដូច​ជា​លេង​នឹង​ចាប ឬ​ចង​វា​ទុក ឲ្យ​ពួក​ទាសី​ឯង​ឬ​ទេ
6 តើ​ពួក​នេសាទ​នឹង​ចាប់​វា​លក់​ដោយ​បែង​ចំណែក​ទៅ​ឲ្យ​ពួក​ឈ្មួញ​ឬ​អី
7 តើ​ឯង​អាច​នឹង​ចាក់​ស្បែក​វា​ពេញ​ដោយ​ផ្លែ​ច្បូក ឬ​ក្បាល​វា​ដោយ​ស្ន​ចាក់​ត្រី​បាន​ឬ​ទេ
8 ចូរ​ឯង​ដាក់​ដៃ​ពាល់​វា​មើល រួច​ឲ្យ​នឹក​ចាំ​ទុក កុំ​ឲ្យ​ធ្វើ​ទៀត
9 មើល ដែល​ចាំ​ចាប់​វា នោះ​ស៊ុន​ខ្លួន​ហើយ គ្រាន់​តែ​ឃើញ​ភាព​វា​ប៉ុណ្ណោះ នោះ​ល្មម​ស្លុត​ចិត្ត​ទៅ
10 គ្មាន​អ្នក​ណា​អាច​ហ៊ាន​ដាស់​វា​ឡើង​ឡើយ បើ​ដូច្នេះ តើ​មាន​អ្នក​ណា​អាច​ឈរ​នៅ​មុខ​អញ​បាន
11 តើ​អ្នក​ណា​ដែល​ឲ្យ​អ្វី​មក​អញ​ជា​មុន បាន​ជា​អញ​ត្រូវ​សង​គេ​វិញ សារពើ​ទាំង​ប៉ុន្មាន​ដែល​នៅ​ក្រោម​មេឃ​ជា​របស់​ផង​អញ​ទេ​តើ។
12 អញ​មិន​ទាន់​ឈប់​និយាយ​ពី​ជើង និង​កម្លាំង​វា ឬ​ពី​រាង​ដ៏​សម‌សួន​របស់​វា​នៅ​ឡើយ
13 តើ​មាន​អ្នក​ណា​អាច​នឹង​ពន្លាត់​ស្បែក​វា​បាន តើ​អ្នក​ណា​ហ៊ាន​ដាក់​បង្ហៀរ​ក្នុង​មាត់​វា
14 តើ​អ្នក​ណា​អាច​នឹង​បើក​មាត់​វា​បាន ធ្មេញ​វា​នៅ​ព័ទ្ធ​ជុំវិញ​គួរ​ស្ញែង​ខ្លាច
15 ស្រកា​វា​ជា​ទី​អំនួត​ដល់​វា ក៏​ជាប់​គ្នា​ដូច​ជា​ត្រា
16 មួយៗ​ជិត​ស្និទ្ធ​គ្នា ដល់​ម៉្លេះ​បាន​ជា​ខ្យល់​ចូល​មិន​បាន​ផង
17 មួយ​ប្រទល់​នឹង​មួយ ហើយ​ក៏​ជាប់ៗ​គ្នា និង​ផ្តាច់​ចេញ​ពី​គ្នា​មិន​បាន​ឡើយ
18 កាល​ណា​វា​ព្រួស​ទឹក​ចេញ នោះ​ក៏​បែក​ជា​ពន្លឺ ភ្នែក​វា​ក៏​ដូច​ជា​អរុណ​រះ
19 មាន​អណ្តាត​ភ្លើង​ចេញ​ពី​មាត់​វា ហើយ​ផ្កា​ភ្លើង​ហើរ​ចេញ​មក​ដែរ
20 មាន​ផ្សែង​ចេញ​ពី​រន្ធ​ច្រមុះ​វា​ដូច​ពី​ឆ្នាំង ឬ​ពី​ថ្លាង​ដែល​ពុះ
21 ខ្យល់​ដង្ហើម​វា​បង្កាត់​ភ្លើង​ឡើង ហើយ​មាន​អណ្តាត​ភ្លើង​ចេញ​ពី​មាត់​វា​មក
22 នៅ​ត្រង់​ក​វា​មាន​កម្លាំង​ណាស់ ហើយ​សេចក្ដី​ស្ញែង​ខ្លាច​ក៏​លោត‌កញ្ឆេង​នៅ​មុខ​វា
23 សាច់​ស្រទាប់​របស់​វា​ក៏​ជាប់ៗ​គ្នា ក៏​មាំ​ណាស់ និង​បក​ចេញ​មិន​បាន
24 បេះ‌ដូង​វា​រឹង​ដូច​ជា​ថ្ម អើ ក៏​រឹង​ដូច​ថ្ម​ត្បាល់​កិន
25 កាល​ណា​វា​ចំកោង​ខ្លួន​ឡើង នោះ​មនុស្ស​ខ្លាំង​ពូកែ​ក៏​ភ័យ​ខ្លាច ហើយ​រត់​ទៅ​ដោយ​ភាំង​ស្លុត
26 បើ​អ្នក​ណា​នឹង​យក​ដាវ​ទៅ​កាប់​វា ក៏​មិន​ឈ្នះ ហើយ​លំពែង ដែក​ពួយ ឬ​ស្ន​ក៏​ឥត​ប្រយោជន៍
27 វា​រាប់​ដែក​ដូច​ជា​ចំបើង ហើយ​លង្ហិន​ដូច​ជា​ឈើ​ពុក
28 ព្រួញ​នឹង​ធ្វើ​ឲ្យ​វា​រត់​មិន​បាន ហើយ​ថ្ម​បាញ់​ក៏​ត្រឡប់​ដូច​ជា​ជញ្ជ្រាំង​ដល់​វា
29 វា​រាប់​មោង​ដូច​ជា​ចំបើង ហើយ​ក៏​សើច​ឡក​ដល់​ដែក​ដែល​គេ​ពួយ​មក
30 ពោះ​វា​មាន​ដូច​ជា​អំបែង​ឆ្នាំង ក៏​ធ្វើ​ស្នាម​ដូច​ជា​រនាស់​នៅ​លើ​ភក់
31 វា​ធ្វើ​ឲ្យ​ទឹក​ជ្រៅ​ចេញ​ពពុះ​ឡើង​ដូច​ជា​ឆ្នាំង ក៏​ធ្វើ​ឲ្យ​ទឹក​សមុទ្រ​ត្រឡប់​ដូច​ជា​ក្រឡ​ពេញ​ដោយ​កាវ​យក់
32 វា​ធ្វើ​ឲ្យ​មាន​ផ្លូវ​ភ្លឺ​តាម​ក្រោយ​វា គេ​នឹង​ស្មាន​ថា​ទី​ជម្រៅ​មាន​សក់​ស្កូវ​ហើយ
33 នៅ​លើ​ផែនដី​គ្មាន​សត្វ​ណា​ដូច​វា​ឡើយ ជា​សត្វ​ដែល​កើត​មក​ឥត​មាន​ភ័យ​ខ្លាច
34 វា​មើល​ទៅ​ឃើញ​គ្រប់​ទាំង​អស់​ដែល​ខ្ពស់ ជា​សត្វ​ដែល​គ្រប់‌គ្រង​លើ​អស់​ទាំង​សត្វ​ដែល​មាន​សេចក្ដី​អំនួត។