យ៉ូប
ជំពូក 28
ពិតប្រាកដជាមានកន្លែងជីករកប្រាក់បាន ក៏មានទីដែលរកបានមាស សម្រាប់យកទៅសំរង
2 ឯដែកគេយកពីដីមក ហើយទង់ដែង គេរំលាយមកពីថ្ម
3 មនុស្សគេកំចាត់សេចក្ដីងងឹតចេញ គេស្វែងរកថ្មលាក់កំបាំងក្នុងទីងងឹតសូន្យសុង រហូតដល់ទីជ្រៅបំផុត
4 គេជីករន្ធនៅឆ្ងាយពីទីលំនៅរបស់មនុស្ស ជើងមនុស្សដើរពីលើឥតមានដឹងឡើយ គេត្រូវសម្រូតចុះទៅនៅឆ្ងាយពីមនុស្សជាតិ ហើយក៏រត់ទៅរត់មកនៅទីនោះ
5 ពីក្នុងដីនោះ មានចេញជាអាហារ ហើយនៅខាងក្រោមក៏ត្រឡប់ត្រឡិន ដូចជាត្រូវភ្លើងឆេះ
6 ក្នុងថ្មទាំងនោះជាកន្លែងមានត្បូងកណ្តៀង ហើយក៏មានផង់មាសដែរ
7 ផ្លូវច្រកនោះគ្មានសត្វហើរណាដែលចាប់រំពាបានស្គាល់ទេ ឯភ្នែករអាតក៏មើលមិនឃើញផង
8 អស់ទាំងសត្វក្លាហានមិនដែលបានជាន់ ឯសិង្ហកំណាចក៏មិនបានដើរនៅទីនោះឡើយ
9 មនុស្សគេលូកដៃទៅឯថ្មរឹង ក៏គាស់ភ្នំឲ្យបាតត្រឡប់ឡើងទៅលើវិញ
10 គេចោះរូងទៅក្នុងថ្មដា ហើយភ្នែកគេក៏ឃើញគ្រប់ទាំងអស់ដែលមានតម្លៃ
11 គេទប់រន្ធទឹកមិនឲ្យហូរចូល ឯរបស់ដែលនៅកំបាំង គេនាំយកចេញមកដាក់នៅពន្លឺ។
12 ប៉ុន្តែ ចំណែកប្រាជ្ញា តើនឹងរកឯណាបាន ហើយយោបល់ តើមានកន្លែងនៅឯណា
13 មនុស្សលោកមិនស្គាល់តម្លៃនៃប្រាជ្ញាទេ ក៏រកមិនឃើញនៅក្នុងស្ថានរបស់មនុស្សរស់ដែរ
14 ទីជម្រៅពោលថា មិនមែននៅក្នុងខ្ញុំទេ ហើយសមុទ្រក៏ថា មិនមែននៅនឹងខ្ញុំដែរ
15 នឹងទិញយកដោយមាសមិនបាន គេក៏មិនថ្លឹងប្រាក់ចេញថ្លៃឲ្យបានដែរ
16 នឹងយកមាសពីស្រុកអូភារ ឬត្បូងអូនីក្ស ត្បូងកណ្តៀងមករាប់តម្លៃនៃប្រាជ្ញាមិនបាន
17 មាស ហើយនិងពេជ្រនឹងផ្ទឹមស្មើមិនបាន ឬនឹងប្តូរដោយគ្រឿងមាសសុទ្ធក៏មិនបានដែរ
18 មិនបាច់នឹងនិយាយដល់ផ្កាថ្ម ឬពីកែវមុក្តាទេ ដ្បិតប្រាជ្ញាមានតម្លៃច្រើនលើសជាងត្បូងទទឹមទៅទៀត
19 ត្បូងទោបុ័តពីស្រុកអេធីយ៉ូពីក៏មិនស្មើផង ហើយតម្លៃនោះនឹងរាប់ដោយមាសមិនបាន
20 ដូច្នេះ តើប្រាជ្ញាមកពីណា ហើយទីកន្លែងរបស់យោបល់នៅឯណា
21 ដ្បិតទីនោះកំបាំងនឹងភ្នែករបស់មនុស្ស ហើយបិទទុកមិនឲ្យសត្វហើរលើអាកាសឃើញឡើយ
22 ស្ថានវិនាស និងស្ថានស្លាប់ពោលថា ត្រចៀករបស់យើងបានគ្រាន់តែឮនិយាយប៉ុណ្ណោះ។
23 ព្រះទ្រង់ជ្រាបផ្លូវនៃប្រាជ្ញា ហើយក៏ស្គាល់ទីកន្លែងដែរ
24 ដ្បិតទ្រង់ទតមើលទៅដល់ចុងផែនដីបំផុត ក៏ឃើញទាំងអស់ដែលនៅក្រោមផ្ទៃមេឃ
25 ទ្រង់បានធ្វើឲ្យខ្យល់មានកំណត់ទំងន់ ហើយបានកំណត់រង្វាល់ទឹកដែរ
26 ក្នុងកាលដែលទ្រង់បានដាក់កម្រិតដល់ទឹកភ្លៀង ហើយឲ្យមានផ្លូវសម្រាប់ផ្លេកបន្ទោរនៃផ្គរលាន់
27 ក្នុងកាលនោះ ទ្រង់បានឃើញប្រាជ្ញាហើយ ក៏ថ្លែងប្រាប់ឲ្យស្គាល់ដែរ គឺទ្រង់ដែលតាំងឲ្យមានប្រាជ្ញា អើ ទ្រង់បានស្វែងប្រមូលទុក
28 រួចមានព្រះបន្ទូលដល់មនុស្សយើងថា មើល សេចក្ដីកោតខ្លាចដល់ព្រះអម្ចាស់ នោះហើយជាប្រាជ្ញា ហើយដែលថយឆ្ងាយពីការអាក្រក់ នោះឯងជាយោបល់។