យ៉ូប

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42


ជំពូក 4

អេលី‌ផាស ជា​សាសន៍​ថេម៉ាន គាត់​ឆ្លើយ​តប​ថា
2 បើ​សិន​ជា​យើង​ស៊ក​ឆ្លើយ​នឹង​អ្នក នោះ​តើ​អ្នក​នឹង​អន់​ចិត្ត​ឬ​ទេ តែ​តើ​អ្នក​ឯ​ណា​នឹង​ទ្រាំ​មិន​និយាយ​បាន
3 មើល​អ្នក​បាន​ទូន្មាន​ប្រដៅ​ដល់​មនុស្ស​ជា​ច្រើន ក៏​បាន​ធ្វើ​ឲ្យ​ដៃ​ខ្សោយ​មាន​កម្លាំង​ឡើង
4 ពាក្យ​សំដី​របស់​អ្នក​បាន​ទប់‌ទល់​ពួក​អ្នក ដែល​កំពុង​តែ​ដួល ហើយ​អ្នក​បាន​ចម្រើន​កម្លាំង​ដល់​ជង្គង់​ខ្សោយ
5 តែ​ឥឡូវ​នេះ សេចក្ដី​នោះ​បាន​មក​ដល់​អ្នក​វិញ ហើយ​អ្នក​ទ្រាំ​មិន​បាន ក៏​ពាល់​ប៉ះ​នឹង​អ្នក ហើយ​អ្នក​មាន​សេចក្ដី​ស្រយុត​ចុះ
6 ដែល​អ្នក​កោត‌ខ្លាច​ដល់​ព្រះ នោះ​តើ​មិន​មែន​ជា​ទី​អាង​របស់​អ្នក ហើយ​ដែល​ផ្លូវ​ប្រព្រឹត្ត​របស់​អ្នក​សុទ្ធ​តែ​ទៀង​ត្រង់ នោះ​តើ​មិន​មែន​ជា​ទី​សង្ឃឹម​ដល់​អ្នក​ទេ​ឬ​អី
7 ចូរ​អ្នក​នឹក​ចាំ​ចុះ បើ​អ្នក​ណា​ឥត​ទោស តើ​ដែល​វិនាស​ដែរ​ឬ​អី តើ​មាន​កន្លែង​ណា​ដែល​មនុស្ស​ទៀង​ត្រង់​ត្រូវ​កាត់​ចេញ​នោះ
8 តាម​ដែល​ខ្ញុំ​បាន​ឃើញ នោះ​គឺ​អស់​អ្នក​ដែល​ភ្ជួរ​បំផុល​សេចក្ដី​ទុច្ចរិត​ឡើង ហើយ​សាប‌ព្រោះ​សេចក្ដី​កំណាច​ចុះ គេ​រមែង​ច្រូត​បាន​សេចក្ដី​នោះ​ឯង​វិញ
9 គេ​ត្រូវ​វិនាស​ទៅ ដោយ​អស្សាសៈ​របស់​ព្រះ ហើយ​ខ្យល់​ចំហួល​នៃ​សេចក្ដី​ក្រោធ​របស់​ទ្រង់​ក៏​បញ្ឆេះ​គេ​អស់​ទៅ
10 ឯ​សូរ​គ្រហឹម​របស់​សិង្ហ និង​សំឡេង​របស់​សិង្ហ​សាហាវ នោះ​ត្រូវ​បាត់ ហើយ​ចង្កូម​របស់​សិង្ហ​ស្ទាវ​ត្រូវ​បាក់
11 ឯ​សិង្ហ​ចាស់ វា​ស្លាប់​ទៅ​ដោយ​អត់​រំពា ហើយ​កូន​របស់​មេ​សិង្ហ​ត្រូវ​ខ្ចាត់​ខ្ចាយ​ទៅ។
12 រីឯ​មាន​សេចក្ដី​១​បាន​ឮ​មក​ដល់​ខ្ញុំ ដោយ​សម្ងាត់ ត្រចៀក​ខ្ញុំ​បាន​ទទួល​ពាក្យ​ខ្សឹប​ពី​ដំណើរ​នោះ
13 នៅ​វេលា​ដែល​ការ​ជាក់​ស្តែង​កំពុង​តែ​បណ្តាល​ឲ្យ​គំនិត​កម្រើក​ឡើង នៅ​ពេល​យប់ ក្នុង​កាល​ដែល​មនុស្ស​កំពុង​ដេក​លក់​ស៊ប់
14 នោះ​សេចក្ដី​ភ័យ​ខ្លាច ហើយ​ញ័រ​រន្ធត់​បាន​កើត​ដល់​ខ្ញុំ ក៏​ធ្វើ​ឲ្យ​អស់​ទាំង​ឆ្អឹង​ខ្ញុំ​រញ្ជួយ​ផង
15 រួច​មាន​វិញ្ញាណ​១​កាត់​មុខ​ខ្ញុំ​ទៅ ខ្ញុំ​ក៏​ព្រឺ​រោម​ឡើង
16 វិញ្ញាណ​នោះ​ក៏​ឈប់​នឹង​នៅ តែ​ខ្ញុំ​រក​សម្គាល់​ថា​ជា​មាន​រូប‌ភាព​យ៉ាង​ណា​មិន​បាន មាន​តែ​ភាព​ជា​រូប​នៅ​មុខ​ខ្ញុំ​ប៉ុណ្ណោះ ខ្ញុំ​ក៏​ឮ​សំឡេង​រសាវៗ​ពោល​មក​ថា
17 មនុស្ស​ដែល​តែង‌តែ​ស្លាប់ តើ​នឹង​បាន​សុចរិត​នៅ​ចំពោះ​ព្រះ​ឬ តើ​នឹង​បាន​បរិសុទ្ធ​នៅ​ចំពោះ​ព្រះ​ដែល​បាន​បង្កើត​ខ្លួន​មក​ឬ​អី
18 មើល ទ្រង់​មិន​ទុក​ចិត្ត​នឹង​ពួក​បរិវារ​ទ្រង់​ទេ ឯ​ពួក​ទេវតា​ទ្រង់ នោះ​ក៏​ប្រកាន់​ថា​មាន​សេចក្ដី​អួត​អាង​ដែរ
19 ចំណង់​បើ​មនុស្ស​ដែល​នៅ​ក្នុង​ភាជនៈ​ដី ដែល​មាន​កំណើត​មក​ពី​ធូលី​ដី ហើយ​ដែល​ត្រូវ​ឈ្លី​ទៅ​ដូច​ជា​ដង្កូវ នោះ​តើ​យ៉ាង​ណា​ទៅ
20 ពី​ព្រឹក​ដល់​ល្ងាច វា​ត្រូវ​បំផ្លាញ​ទៅ វា​សូន្យ​ទៅ​អស់​កល្ប ឥត​មាន​អ្នក​ណា​សង្កេត​ឡើយ
21 ខ្សែ​ជ្រែង​របស់​គេ​ត្រូវ​ដាច់​ចេញ ហើយ​គេ​ក៏​ស្លាប់​ទៅ ឥត​ទាន់​បាន​ប្រាជ្ញា​ផង។