យ៉ូប

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42


ជំពូក 8

នោះ​ប៊ីល‌ដាឌ សាសន៍​ស៊ូអា គាត់​ឆ្លើយ​ឡើង​ថា
2 តើ​អ្នក​នឹង​ពោល​សេចក្ដី​យ៉ាង​ដូច្នេះ ដល់​កាល​ណា​ទៀត ព្រម​ទាំង​បព្ចោញ​វាចា​ដូច​ជា​ខ្យល់​ព្យុះ​ដូច្នេះ
3 តើ​ព្រះ‌ទ្រង់​ដែល​បង្វែរ​សេចក្ដី​យុត្តិ‌ធម៌​ចេញ​ឬ​ទេ តើ​ព្រះ​ដ៏​មាន​គ្រប់​ព្រះ‌ចេស្តា ទ្រង់​ដែល​បង្វែរ​សេចក្ដី​សុចរិត​ដែរ​ឬ
4 បើ​សិន​ជា​កូន​ទាំង‌ឡាយ​របស់​អ្នក​បាន​ធ្វើ​បាប​នឹង​ទ្រង់ ហើយ​ទ្រង់​បាន​ប្រគល់​វា ទៅ​ក្នុង​អំណាច​នៃ​សេចក្ដី​កំហុស​របស់​វា
5 បើ​អ្នក​នឹង​ស្វែង​រក​ព្រះ​អស់​ពី​ចិត្ត ហើយ​ទូល​អង្វរ​ដល់​ព្រះ​ដ៏​មាន​គ្រប់​ព្រះ‌ចេស្តា
6 បើ​ខ្លួន​អ្នក​ក៏​បរិសុទ្ធ ហើយ​ទៀង​ត្រង់ នោះ​ពិត​ប្រាកដ​ជា​ទ្រង់​នឹង​តើន​ឡើង​ជួយ​ដល់​អ្នក ព្រម​ទាំង​ប្រោស​ឲ្យ​ទី​លំនៅ​ដ៏​សុចរិត​របស់​អ្នក​បាន​ប្រកប​ដោយ​សេចក្ដី​ចម្រើន​ផង
7 យ៉ាង​នោះ ទោះ​បើ​ខាង​ដើម​នៃ​អ្នក​បាន​តូច​ទាប​ក៏​ដោយ គង់​តែ​ដល់​ចុង​បំផុត​អ្នក​នឹង​បាន​ចម្រើន​ជា​ធំ​ឡើង។
8 ចូរ​ស៊ើប​សួរ​រក​ពី​ដំណ​មនុស្ស​ដែល​កន្លង​ទៅ​ហើយ ត្រូវ​ឲ្យ​យក​ចិត្ត​ទុក​ដាក់​នឹង​សេចក្ដី​ដែល​ពួក​អយ្យកោ​គេ​បាន​ស្វែង​រក​ឲ្យ​ចេះ​ចុះ
9 ដ្បិត​យើង​រាល់​គ្នា​ទើប​តែ​នឹង​កើត​មក​ពី​ម្សិល‌មិញ​នេះ​ឯង ឥត​ដឹង​អ្វី​ឡើយ ពី​ព្រោះ​អាយុ​យើង​នៅ​ផែនដី​នេះ ជា​ស្រមោល​ប៉ុណ្ណោះ
10 ឯ​អ្នក​ទាំង​នោះ តើ​មិន​បង្រៀន ហើយ​ថ្លែង​ប្រាប់​ដល់​អ្នក ព្រម​ទាំង​ពោល​ពាក្យ​បញ្ចេញ​ពី​ចិត្ត​គេ​ទេ​ឬ​អី
11 តើ​ដើម​កក់​ដុះ​ដោយ​ឥត​ភក់​បាន​ឬ ឯ​ដើម​ផ្នក់​ទឹក តើ​នឹង​ដុះ​ដោយ​ឥត​ទឹក​បាន​ឬ​ទេ
12 កាល​ដើម​នោះ​នៅ​ខៀវ​ស្រស់ ឥត​អ្នក​ណា​កាត់​នៅ​ឡើយ នោះ​ក៏​នឹង​ស្វិត​ក្រៀម​ទៅ​មុន​តិណ‌ជាតិ​ឯ​ទៀត
13 ឯ​អស់​ទាំង​ផ្លូវ​របស់​មនុស្ស​ដែល​ភ្លេច​ព្រះ នោះ​ក៏​ដូច្នោះ​ដែរ ហើយ​សេចក្ដី​សង្ឃឹម​របស់​មនុស្ស​ទមិឡ​ល្មើស​នឹង​ត្រូវ​វិនាស​ទៅ​ដែរ
14 ជា​ពួក​មនុស្ស​ដែល​ទី​ពឹង​របស់​គេ​នឹង​ត្រូវ​បាក់​ដាច់​ចេញ ឯ​ទី​សង្ឃឹម​របស់​គេ គឺ​ជា​មង​នៃ​ពីង‌ពាង​ប៉ុណ្ណោះ
15 អ្នក​នោះ​នឹង​ផ្អែក​ទៅ​លើ​ផ្ទះ​ខ្លួន តែ​ផ្ទះ​នោះ​នឹង​រលំ​ទៅ គេ​នឹង​ចាប់​យឹត​ផ្ទះ​នោះ តែ​មិន​ធន់​នៅ​ទេ
16 អ្នក​នោះ​ខៀវ​ខ្ចី នៅ​ក្រោម​ពន្លឺ​ថ្ងៃ ក៏​បែក​មែក​លូត​ទៅ​ក្នុង​សួន‌ច្បារ
17 ឯ​ឫស​ចាក់‌ស្រេះ​ទៅ​ក្នុង​ថ្ម ក៏​រក​រហូត​ដល់​បាន​ប្រទះ​នឹង​ដុំ​ថ្ម
18 បើ​កាល​ណា​ត្រូវ​រំលើង​ចេញ​ពី​កន្លែង នោះ​កន្លែង​របស់​វា​មិន​ព្រម​ស្គាល់​ទៀត​ឡើយ គឺ​ដោយ​ពាក្យ​ថា អញ​មិន​បាន​ឃើញ​ឯង​ទេ
19 មើល នេះ​ហើយ​ជា​ផល​ដែល​កើត​ពី​ផ្លូវ​របស់​វា រួច​មក​មាន​ផ្សេង​ទៀត​ពន្លក​ចេញ​ពី​ដី​ឡើង
20 មើល ព្រះ‌ទ្រង់​មិន​ដែល​លះ‌បង់​មនុស្ស​គ្រប់​លក្ខណ៍ ឬ​ទប់​ទល់​មនុស្ស​ដែល​ប្រព្រឹត្ត​អាក្រក់​ឡើយ
21 ដល់​ចុង​បំផុត ទ្រង់​នឹង​ឲ្យ​មាត់​អ្នក​បាន​ពេញ​ដោយ​សេចក្ដី​សំណើច ហើយ​ឲ្យ​បបូរ​មាត់​អ្នក​បាន​ស្រែក​ឡើង​ដោយ​អំណរ​វិញ
22 ឯ​ពួក​ដែល​ស្អប់​អ្នក គេ​នឹង​មាន​សេចក្ដី​ខ្មាស​រួប​រឹត​ខ្លួន នោះ​ទី​លំនៅ​របស់​មនុស្ស​អាក្រក់​នឹង​សូន្យ​បាត់​ទៅ។