យ៉ូប

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42


ជំពូក 14

មនុស្ស​ដែល​កើត​ពី​ស្រី​មក សុទ្ធ​តែ​មាន​អាយុ​ខ្លី​ទាំង​អស់ ហើយ​ក៏​មាន​សេចក្ដី​លំបាក​ជានិច្ច​ផង
2 គេ​ចេញ​មក​ដូច​ជា​ផ្កា រួច​ត្រូវ​កាត់​ដាច់​ទៅ គេ​រួញ​ថយ​បាត់​ទៅ ដូច​ជា​ស្រមោល ឥត​នៅ​ស្ថិត‌ស្ថេរ​ឡើយ
3 តើ​ទ្រង់​បើក​ព្រះ‌នេត្រ​ទត​មក​លើ​មនុស្ស​បែប​យ៉ាង​ទូល‌បង្គំ​នេះ និង​កោះ​នាំ​ទូល‌បង្គំ​ទៅ​ជា​គូ​ក្តី​នឹង​ទ្រង់​ឬ
4 តើ​អ្នក​ណា​អាច​នឹង​ដក​យក​របស់​ស្អាត​ចេញ​ពី​របស់​ស្មោក‌គ្រោក​បាន គ្មាន​អ្នក​ណា​ធ្វើ​បាន​ឡើយ
5 បើ​ថ្ងៃ​អាយុ​របស់​មនុស្ស​នោះ​បាន​កំណត់​ស្រេច ហើយ​ចំនួន​អស់​ទាំង​ខែ​នៃ​ជីវិត​របស់​គេ​បាន​កត់​នៅ​នឹង​ទ្រង់ បើ​ទ្រង់​បាន​តម្រូវ​ព្រំ​ខណ្ឌ​របស់​គេ មិន​ឲ្យ​គេ​រំលង​ហួស​ឡើយ
6 នោះ​សូម​ទ្រង់​បែរ​ព្រះ‌‌ភ័ក្ត្រ​ចេញ​ពី​គេ​ទៅ ដើម្បី​ឲ្យ​គេ​បាន​ឈប់​សម្រាក​ចុះ គឺ​បែរ​ចេញ​ដរាប​ដល់​គេ​បាន​សម្រេច​ពេល​កំណត់ ដូច​ជា​ជើង​ឈ្នួល
7 ដ្បិត​បើ​ដើម​ឈើ​ត្រូវ​កាប់​រំលំ​ទៅ នោះ​មាន​សង្ឃឹម​ថា នឹង​ពន្លក​ឡើង​ទៀត ហើយ​ថា នឹង​មិន​ខាន​មាន​មែក​ខ្ចី​ទៀត​ឡើយ
8 ហើយ​ទោះ​បើ​ឫស​ក្រៀម​ទៅ ហើយ​គល់​ងាប់​នៅ​ក្នុង​ដី
9 គង់​តែ​នឹង​ប៉ិច​ឡើង ដោយ​ធុំ​ក្លិន​ទឹក ព្រម​ទាំង​បែក​មែក​ដូច​ជា​ដើម​ថ្មី​វិញ
10 ឯ​មនុស្ស​វិញ គេ​ស្លាប់ ហើយ​ក៏​ពុក‌រលួយ​ទៅ អើ មនុស្ស​ប្រគល់​វិញ្ញាណ​ទៅ នោះ​តើ​គេ​នៅ​ឯ​ណា
11 ឯ​ទឹក​ភ្លៀង​ខាន​មក​ពី​សមុទ្រ រួច​ស្ទឹង​រីង​ស្ងួត​ទៅ​យ៉ាង​ណា
12 នោះ​មនុស្ស​ក៏​ដេក​ទៅ​ឥត​ក្រោក​ឡើង​ទៀត​យ៉ាង​នោះ​ដែរ គេ​នឹង​មិន​ភ្ញាក់​ឡើង​វិញ ឬ​អ្នក​ណា​ដាស់​ឲ្យ​គេ​ភ្ញាក់​ពី​ដេក​ឡើង​ឡើយ ដរាប​ដល់​ផ្ទៃ​មេឃ​សូន្យ​បាត់​ទៅ។
13 ឱ​បើ​ទ្រង់​នឹង​លាក់​ទូល‌បង្គំ​នៅ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​ទៅ​អេះ ហើយ​ទុក​ទូល‌បង្គំ​នៅ​ទី​ស្ងាត់​កំបាំង​ដរាប​ដល់​សេចក្ដី​ក្រោធ​របស់​ទ្រង់ កន្លង​បាត់​ទៅ ហើយ​តម្រូវ​ឲ្យ​មាន​ពេល​កំណត់​ដល់​ទូល‌បង្គំ រួច​នឹក​ចាំ​ពី​ទូល‌បង្គំ​ផង
14 បើ​មនុស្ស​ស្លាប់​ទៅ តើ​នឹង​មាន​ជីវិត​រស់​ឡើង​ទៀត​ឬ បើ​មាន នោះ​ទូល‌បង្គំ​នឹង​រង់‌ចាំ​អស់​រវាង​សង្គ្រាម​វេទនា​របស់​ទូល‌បង្គំ ដរាប​ដល់​កំណត់​ដែល​ទូល‌បង្គំ​បាន​រឥល​ចេញ​ទៅ
15 នោះ​ទ្រង់​នឹង​ហៅ ហើយ​ទូល‌បង្គំ​នឹង​ទូល​តប ហើយ​ទ្រង់​នឹង​មាន​បំណង​ព្រះ‌ហឫទ័យ​ដល់​ស្នាដៃ​ដែល​ទ្រង់​បាន​ធ្វើ
16 តែ​សព្វ​ថ្ងៃ​នេះ ទ្រង់​រាប់​អស់​ទាំង​ជំហាន​ទូល‌បង្គំ​វិញ តើ​ទ្រង់​មិន​ត្រួត​មើល​អស់​ទាំង​អំពើ​បាប​របស់​ទូល‌បង្គំ​ផង​ទេ​ឬ​អី
17 សេចក្ដី​រំលង​របស់​ទូល‌បង្គំ​បាន​ខ្ចប់​បិទ​ត្រា​ទុក ហើយ​ទ្រង់​បិទ​ភ្ជាប់​អំពើ​អាក្រក់​របស់​ទូល‌បង្គំ​ផង។
18 ឯ​ភ្នំ​ដែល​រលុះ​បាក់​ចុះ នោះ​ត្រូវ​ខ្ទេច‌ខ្ទី ហើយ​ថ្ម​ត្រូវ​ខ្ចាត់​ចេញ​ពី​កន្លែង​ទៅ
19 ឯ​ទឹក​ក៏​ហូរ​បន្សឹក​ថ្ម ហើយ​ជំនន់​ក៏​ហូរ​ចំរោះ​ដី គឺ​យ៉ាង​នោះ​ដែល​ទ្រង់​បំផ្លាញ​សេចក្ដី​សង្ឃឹម​របស់​មនុស្ស​ទៅ
20 ទ្រង់​កំរាប​គេ​ជា​ដរាប រួច​គេ​បាត់​ទៅ ទ្រង់​បំផ្លាស់​បំប្រែ​ភាព​របស់​គេ ហើយ​កំចាត់​គេ​ទៅ
21 កូន​ចៅ​របស់​គេ​មាន​កិត្តិយស​ឡើង តែ​គេ​មិន​ដឹង​ទេ វា​ត្រូវ​បន្ទាប​ចុះ តែ​គេ​មិន​សម្គាល់​ដឹង​អ្វី​សោះ
22 គេ​ដឹង​ឈឺ​តែ​ចំពោះ​ខ្លួន​គេ ហើយ​មាន​សេចក្ដី​ទុក្ខ​ព្រួយ​តែ​ចំពោះ​ចិត្ត​ខ្លួន​ប៉ុណ្ណោះ។