យ៉ូប
ជំពូក 37
អើ ដំណើរនេះធ្វើឲ្យចិត្តខ្ញុំញ័រ ក៏ឲ្យកម្រើកឃ្លាតពីកន្លែងទៅ
2 ចូរស្តាប់ ឱសូមស្តាប់សូរគឹកកងនៃសំឡេងទ្រង់ផង គឺជាសូររំពងពីព្រះឱស្ឋទ្រង់
3 ទ្រង់តែងកម្ចាយឲ្យឮពេញក្រោមផ្ទៃមេឃ ទ្រង់ឲ្យឃើញផ្លេកបន្ទោររបស់ទ្រង់ទៅដល់ចុងផែនដីបំផុត
4 រួចមកមានឮសូរគំរាមគ្រាំគ្រេង ទ្រង់បញ្ចេញផ្គរដោយសំឡេងនៃឫទ្ធានុភាពទ្រង់ រួចទ្រង់មិនឃាត់ផ្លេកបន្ទោរ ក្នុងកាលដែលសំឡេងទ្រង់បានឮនោះទេ
5 ព្រះទ្រង់បញ្ចេញសំឡេងជាផ្គរលាន់យ៉ាងអស្ចារ្យ ក៏ធ្វើការយ៉ាងធំដែលយើងរាល់គ្នារកយល់មិនបាន
6 ដ្បិតទ្រង់បង្គាប់ដល់ហិមៈថា ចូរធ្លាក់ទៅលើផែនដី ក៏បង្គាប់ដល់ភ្លៀង១មេ និងភ្លៀងធំរបស់ទ្រង់យ៉ាងដូច្នោះដែរ
7 នោះទ្រង់បំបិទដៃនៃមនុស្សទាំងឡាយ ដើម្បីឲ្យមនុស្សទាំងប៉ុន្មានដែលទ្រង់បានបង្កើតបានដឹង
8 គ្រានោះ សត្វព្រៃរកទីជ្រក ហើយក៏នៅតែក្នុងរូងរបស់វា
9 ខ្យល់ព្យុះផាត់មកពីទិសខាងត្បូង ហើយរងាក៏មកពីខាងជើង
10 ព្រះទ្រង់ប្រទានឲ្យមានទឹកកក ដោយសារខ្យល់ដង្ហើមទ្រង់ ឯទីទឹកទាំងប៉ុន្មានក៏កករួញទៅដែរ
11 ទ្រង់ផ្ទុកពពកយ៉ាងក្រាស់ ដោយចំហាយទឹក ហើយទ្រង់ផ្សាយពពកនៃផ្លេកបន្ទោរទ្រង់ឲ្យសុសសាយ
12 ពពកនោះក៏អណ្តែតត្រសែតទៅតាមព្រះហឫទ័យទ្រង់ ដើម្បីឲ្យបានធ្វើគ្រប់ទាំងអស់ដែលទ្រង់បង្គាប់ នៅលើទីផ្សេងៗនៅផែនដី ដែលមានមនុស្សនៅ
13 ទ្រង់ធ្វើឲ្យកើតយ៉ាងដូច្នេះ ដើម្បីជាការផ្ចាញ់ផ្ចាល ឬសម្រាប់ស្រោចដីគេ ដោយសេចក្ដីសប្បុរសរបស់ទ្រង់។
14 ឱយ៉ូបអើយ សូមស្តាប់សេចក្ដីនេះចុះ សូមឈរឲ្យនឹង ហើយពិចារណាអស់ទាំងការអស្ចារ្យរបស់ព្រះសិន
15 តើលោកជ្រាបពីព្រះទ្រង់ដាក់កម្រិតរបស់ទាំងនោះជាយ៉ាងណា ពីទ្រង់ធ្វើឲ្យផ្លេកបន្ទោរនៃពពកទ្រង់ភ្លឺផ្លេកៗដូចម្តេចឬទេ
16 តើលោកយល់ពីទំងន់នៃពពកជាយ៉ាងណា គឺជាកិច្ចការអស្ចារ្យរបស់ព្រះដ៏មានតម្រិះសព្វគ្រប់ឬទេ
17 តើលោកជ្រាបឬ ពីហេតុអ្វីដែលសម្លៀកបំពាក់លោកក្តៅពេក ក្នុងកាលដែលផែនដីស្ងប់ដោយខ្យល់បក់មកពីខាងត្បូង
18 តើលោកអាចនឹងជួយទ្រង់ក្នុងការផែផ្ទៃមេឃដែលរឹងជាងផែនកញ្ចក់សិតបានឬទេ
19 សូមបង្ហាញសេចក្ដីដែលយើងរាល់គ្នាត្រូវទូលដល់ទ្រង់ ដ្បិតនៅក្នុងសេចក្ដីងងឹតដែលគ្របលើយើង នោះយើងមិនចេះរៀបចំពាក្យសំដីទេ
20 តើត្រូវឲ្យមានអ្នកណាទូលទ្រង់ពីខ្ញុំកំពុងតែទូលឬអី បើអ្នកណាទូល នោះនឹងត្រូវលេបបាត់ជាពិតប្រាកដ។
21 រីឯមនុស្ស គេមើលថ្ងៃដែលភ្លឺនៅលើមេឃមិនឃើញទេ ទាល់តែមានខ្យល់បក់មកផាត់ពពកឲ្យស្រឡះទៅ
22 ពីទិសខាងជើងមានចេញជារស្មីដ៏រុងរឿង តែព្រះទ្រង់មានឫទ្ធានុភាពគួរស្ញែងខ្លាច
23 ឯព្រះដ៏មានគ្រប់ព្រះចេស្តា យើងរាល់គ្នាពុំអាចនឹងរកទ្រង់ឃើញទេ ទ្រង់មានតេជានុភាពដ៏ខ្ពស់បំផុត តែដោយទ្រង់មានសេចក្ដីយុត្តិធម៌ និងសេចក្ដីសុចរិតពោរពេញ បានជាទ្រង់នឹងមិនធ្វើទុក្ខទេ
24 ហេតុនោះបានជាមនុស្សតែងតែកោតខ្លាច នៅចំពោះទ្រង់ តែទ្រង់មិនយោគយល់អ្នកណា ដោយគេមានចិត្តប្រាជ្ញព្រោកទេ។