យ៉ូប

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42


ជំពូក 20

នោះ​សូផារ ជា​សាសន៍​ន៉ាអាម៉ា ក៏​ឆ្លើយ​ឡើង​ថា
2 គឺ​ដោយ​ហេតុ​នោះ​បាន​ជា​គំនិត​ខ្ញុំ​បណ្តាល​ឲ្យ​ឆ្លើយ ដោយ​ព្រោះ​សេចក្ដី​រួស‌រាន់​នៅ​ក្នុង​ចិត្ត​ខ្ញុំ
3 ខ្ញុំ​បាន​ឮ​សេចក្ដី​បន្ទោស​នោះ ដែល​ជា​សេចក្ដី​ទំនាស់​ចិត្ត​ខ្ញុំ វិញ្ញាណ​នៃ​សេចក្ដី​ចេះ​ដឹង​របស់​ខ្ញុំ​ក៏​បណ្តាល​ឲ្យ​ខ្ញុំ​ឆ្លើយ​ឡើង
4 តើ​អ្នក​មិន​បាន​ដឹង​សេចក្ដី​នេះ​ទេ​ឬ​អី ថា​តាំង​ពី​ចាស់​បុរាណ​មក គឺ​ពី​កាល​ព្រះ​បាន​ដាក់​មនុស្ស​ឲ្យ​មាន​នៅ​ផែនដី
5 នោះ​ការ​ជ័យ‌ជម្នះ​របស់​មនុស្ស​អាក្រក់​នៅ​មិន​យូរ​ប៉ុន្មាន ហើយ​សេចក្ដី​រីក‌រាយ​របស់​មនុស្ស​ទមិឡ​ល្មើស​ក៏​នៅ​តែ​១​ភ្លែត​ទេ
6 ទោះ​បើ​គេ​មាន​កំពស់​ដល់​ផ្ទៃ​មេឃ ហើយ​ក្បាល​គេ​លូត​ឡើង​ដល់​ពពក​ក៏​ដោយ
7 គង់​តែ​នឹង​ត្រូវ​វិនាស​ទៅ​ជានិច្ច ដូច​ជា​លាមក​របស់​ខ្លួន​គេ​ដែរ ឯ​ពួក​អ្នក​ដែល​ធ្លាប់​ឃើញ​គេ នោះ​នឹង​សួរ​ថា តើ​គេ​នៅ​ឯ​ណា
8 គេ​នឹង​ហោះ​ហើរ​ទៅ​បាត់​ដូច​ជា​សប្តិ ឥត​មាន​អ្នក​ណា​ឃើញ​ទៀត​ឡើយ អើ នឹង​ត្រូវ​បណ្តេញ​ទៅ​ដូច​ជា​ការ​ជាក់​ស្តែង​នៅ​ពេល​យប់​ផង
9 នោះ​ភ្នែក​ដែល​ធ្លាប់​ឃើញ​គេ នឹង​មិន​ឃើញ​គេ​ទៀត​ទេ ហើយ​ទី​កន្លែង​របស់​គេ​នឹង​លែង​ឃើញ​គេ​ដែរ
10 កូន​ចៅ​គេ​នឹង​សូម​អង្វរ​ដល់​ពួក​ទាល់​ក្រ ដៃ​របស់​ខ្លួន​គេ​នឹង​ត្រូវ​ប្រគល់​ទ្រព្យ‌សម្បត្តិ​ទៅ​វិញ
11 ឆ្អឹង​គេ​ពេញ​កម្លាំង​ដោយ​សណ្ឋាន​នៅ​ក្មេង ប៉ុន្តែ នឹង​ត្រូវ​ដេក​ចុះ​ទៅ​ក្នុង​ធូលី​ដី​ជា​មួយ​នឹង​ខ្លួន​គេ​ដែរ។
12 ទោះ​បើ​សេចក្ដី​អាក្រក់​មាន​រស​ផ្អែម​នៅ​ក្នុង​មាត់​គេ ទោះ​បើ​គេ​លាក់​សេចក្ដី​នោះ​នៅ​ក្រោម​អណ្តាត
13 ទោះ​បើ​លៃ‌លក​សំចៃ​ទុក មិន​ចង់​លេប​ចុះ​ទៅ គឺ​បៀម​ទុក​នៅ​តែ​ក្នុង​មាត់​វិញ​ក៏​ដោយ
14 គង់​តែ​អាហារ​នៅ​ក្នុង​ពោះ​គេ​បាន​ប្រែ​ក្លាយ​ទៅ ឲ្យ​បាន​ជា​ពិស​នៃ​ពស់​ហនុមាន​នៅ​ក្នុង​ខ្លួន​គេ​ដែរ
15 គេ​បាន​លេប​ទ្រព្យ‌សម្បត្តិ​ចូល​ទៅ ហើយ​និង​ត្រូវ​ក្អួត​ចេញ​មក​វិញ ព្រះ​ទ្រង់​នឹង​កំចាត់​របស់​ទាំង​នោះ​ចេញ​ពី​ពោះ​គេ
16 គេ​នឹង​ជញ្ជក់​ពិស​របស់​ពស់​ហនុមាន ហើយ​និង​ស្លាប់​ដោយ‌សារ​អណ្តាត​ពស់‌វែក
17 គេ​នឹង​លែង​មើល​ទឹក​ឃ្មុំ​ដែល​ហូរ​ដូច​ទឹក​ទន្លេ និង​ទឹក​ដោះ​ដែល​ហូរ​ដូច​ទឹក​ស្ទឹង​ទៀត
18 អ្វីៗ​ដែល​គេ​ខ្វល់‌ខ្វាយ​រក​បាន នោះ​នឹង​ត្រូវ​ប្រគល់​ទៅ​វិញ ឥត​ទំពា​លេប​បាន​ទេ គេ​នឹង​ប្រគល់​ទៅ​វិញ​តាម​ចំនួន ឥត​ដែល​បាន​សប្បាយ​ចិត្ត​ដោយ‌សារ​របស់​ទាំង​នោះ​ឡើយ
19 ពី​ព្រោះ​គេ​បាន​សង្កត់‌សង្កិន ឥត​រមិល​ដល់​ពួក​ទាល់​ក្រ ក៏​បាន​រឹប​ជាន់​យក​ផ្ទះ​១​ដែល​ខ្លួន​មិន​បាន​សង់​ផង។
20 មុខ​ជា​គេ​គ្មាន​សេចក្ដី​សុខ​នៅ​ក្នុង​ចិត្ត​ទេ ហើយ​និង​ទុក​របស់​ដែល​គេ​ពេញ​ចិត្ត ឲ្យ​គង់​នៅ​មិន​បាន​ឡើយ
21 គ្មាន​សល់​អ្វី​ដែល​គេ​មិន​ត្របាក់​លេប​ចូល​ទៅ​នោះ​ទេ ហេតុ​នោះ​សេចក្ដី​ចម្រើន​របស់​គេ​នឹង​មិន​ស្ថិត‌ស្ថេរ​ឡើយ
22 កាល​ណា​ដល់​កំពូល​នៃ​សេចក្ដី​បរិបូរ នោះ​គេ​នឹង​ត្រូវ​ខ្វះ​ខាត​វិញ ដៃ​នៃ​អស់​អ្នក​ដែល​មាន​សេចក្ដី​លំបាក​នឹង​មក​លើ​គេ
23 ព្រះ​ទ្រង់​នឹង​បោះ​សេចក្ដី​ក្រោធ​ដ៏​សហ័ស មក​សម្រាប់​ចម្អែត​ពោះ​គេ ហើយ​និង​ទម្លាក់​មក​លើ​គេ ទុក​សម្រាប់​ជា​អាហារ
24 គេ​នឹង​រត់​ចេញ​ពី​គ្រឿង​ដែក ហើយ​ធ្នូ​លង្ហិន​នឹង​បាញ់​ទម្លុះ​ខ្លួន
25 គេ​នឹង​ដក​ចេញ​ពី​ខ្លួន​មក អើ មុខ​ព្រួញ​ដែល​ភ្លឺ​ផ្លេក​នឹង​ចេញ​ពី​ពោះ​គេ​មក នោះ​សេចក្ដី​តក់‌ស្លុត​នឹង​កើត​ឡើង​ដល់​គេ
26 អស់​ទាំង​សេចក្ដី​ងងឹត​បាន​មក​បង្ខូច​ទ្រព្យ‌សម្បត្តិ​គេ នឹង​មាន​ភ្លើង​ដែល​ឥត​មនុស្ស​ផ្លុំ​បាន​ឆេះ​បំផ្លាញ​គេ ព្រម​ទាំង​បន្សុស​ទាំង​អស់​ដែល​សល់​នៅ​ក្នុង​ទី​លំនៅ​គេ​ផង
27 ឯ​ផ្ទៃ​មេឃ​ក៏​នឹង​សម្ដែង​ពី​សេចក្ដី​ទុច្ចរិត​របស់​គេ ហើយ​ទាំង​ផែនដី​នឹង​ក្រោក​ឡើង​ទាស់​នឹង​គេ​ដែរ
28 ផល​ចម្រើន​នៃ​ពួក​គ្រួ​គេ​នឹង​ចាក​ចេញ​ទៅ ទាំង​អស់​នឹង​ហូរ​ទៅ​បាត់​នៅ​ថ្ងៃ​នៃ​សេចក្ដី​ក្រោធ​របស់​ទ្រង់
29 នេះ​ហើយ​ជា​ចំណែក​ដែល​មនុស្ស​អាក្រក់​ត្រូវ​ទទួល​អំពី​ព្រះ ជា​មរដក​ដែល​ព្រះ‌ទ្រង់​ចែក​ឲ្យ​ដល់​គេ។