យ៉ូប

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42


ជំពូក 16

នោះ​យ៉ូប​ក៏​ឆ្លើយ​ឡើង​ថា
2 ខ្ញុំ​បាន​ឮ​សេចក្ដី​យ៉ាង​នោះ​ជា​ច្រើន​ហើយ អ្នក​រាល់​គ្នា​សុទ្ធ​តែ​ជា​អ្នក​កំសាន្ត​ចិត្ត ដែល​នាំ​ឲ្យ​ល្វើយ​វិញ
3 តើ​ពាក្យ​ជា​អសារ​ឥត​ការ​ទាំង​នេះ​នឹង​ចប់​ចុះ​ត្រឹម​ណា តើ​មាន​អ្វី​បណ្តាល​ឲ្យ​អ្នក​រាល់​គ្នា​តប​មក​ដូច្នេះ
4 ខ្ញុំ​ក៏​និយាយ​ដូច​ជា​អ្នក​រាល់​គ្នា​បាន​ដែរ បើ​សិន​ជា​ព្រលឹង​នៃ​អ្នក​រាល់​គ្នា នៅ​ក្នុង​សណ្ឋាន​នៃ​ព្រលឹង​ខ្ញុំ នោះ​ខ្ញុំ​នឹង​ប្រមុំ​ពាក្យ​មក​ទាស់​នឹង​អ្នក​រាល់​គ្នា ព្រម​ទាំង​គ្រវី​ក្បាល​នឹង​អ្នក​បាន​ដែរ
5 ប៉ុន្តែ ខ្ញុំ​នឹង​បញ្ចេញ​ពាក្យ​ចម្រើន​កម្លាំង​ដល់​អ្នក​រាល់​គ្នា​វិញ ហើយ​បបូរ​មាត់​ខ្ញុំ​នឹង​រក​បន្ធូរ​ទុក្ខ​របស់​អ្នក​រាល់​គ្នា​ដែរ។
6 តែ​ឥឡូវ​នេះ ទោះ​បើ​ខ្ញុំ​និយាយ​ទៅ គង់​តែ​សេចក្ដី​ទុក្ខ​ព្រួយ​របស់​ខ្ញុំ​មិន​អន់​ថយ​ដែរ ហើយ​បើ​ស្ងៀម​នៅ នោះ​តើ​ខ្ញុំ​បាន​ធូរ​យ៉ាង​ណា
7 ព្រះ‌ទ្រង់​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ល្វើយ​ទៅ ឱ​ព្រះ‌អង្គ​អើយ ទ្រង់​បាន​បំភាំង​ពួក​មិត្ត​របស់​ទូល‌បង្គំ​ទាំង​អស់​ហើយ
8 ក៏​បាន​ធ្វើ​ឲ្យ​ទូល‌បង្គំ​ជ្រួញ​សាច់ នោះ​ជា​ទី​បន្ទាល់​១ ហើយ​អាការៈ​ស្គាំង‌ស្គម​របស់​ទូល‌បង្គំ ក៏​ឡើង​ធ្វើ​បន្ទាល់​នៅ​មុខ​ទូល‌បង្គំ​ទៀត
9 ព្រះ‌ទ្រង់​បាន​ហែក‌ហួរ​ខ្ញុំ ដោយ​សេចក្ដី​កំហឹង​របស់​ទ្រង់ ព្រម​ទាំង​ស្អប់​ខ្ញុំ​ផង ទ្រង់​សង្កៀត​ធ្មេញ​ដាក់​ខ្ញុំ ខ្មាំង​សត្រូវ​របស់​ខ្ញុំ​បាន​សំលៀង​ភ្នែក​ទាស់​នឹង​ខ្ញុំ
10 ពួក​គេ​បាន​ហា​មាត់​គំរាម​ខ្ញុំ គេ​បាន​ទះ​កំផ្លៀង​បង្អៀន​ខ្ញុំ ហើយ​ប្រមូល​គ្នា​ទាស់​នឹង​ខ្ញុំ
11 ព្រះ‌ទ្រង់​បាន​ប្រគល់​ខ្ញុំ​ទៅ​ឯ​អា​ទមិឡ​ល្មើស ហើយ​បាន​បោះ‌បង់​ចោល​ខ្ញុំ​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​មេ​កំណាច
12 ពី​ដើម​ខ្ញុំ​មាន​សេចក្ដី​សុខ តែ​ទ្រង់​បាន​បំបាក់​បំបែក​ខ្ញុំ អើ ទ្រង់​បាន​ចាប់​កញ្ចឹង‌ក​ខ្ញុំ ទាំង​បោក​ខ្ញុំ​កម្ទេច​ផង ក៏​បាន​បញ្ឈរ​ខ្ញុំ​ឡើង​ទុក​ជា​ទី​វង់​របស់​ទ្រង់
13 ពួក​ពល​ធ្នូ​របស់​ទ្រង់​ឡោម‌ព័ទ្ធ​ខ្ញុំ ទ្រង់​ពុះ​ចិត្ត​ថ្លើម​ខ្ញុំ​ជា​២ ឥត​ត្រា‌ប្រណី​ឡើយ ទាំង​ចាក់​ទឹក​ប្រមាត់​ខ្ញុំ​ចុះ​ដល់​ដី
14 ទ្រង់​ទម្លាយ​ខ្ញុំ​ជា​ចន្លោះ​ខ្ជាន់ៗ ក៏​រត់​ចូល​មក​លើ​ខ្ញុំ ដូច​ជា​មនុស្ស​ខ្លាំង​ពូកែ
15 ខ្ញុំ​បាន​ដេរ​សំពត់​ធ្មៃ​ភ្ជាប់​លើ​សាច់​ខ្ញុំ ហើយ​បាន​ដាក់​អំណាច​ខ្ញុំ​ចុះ​ក្នុង​ធូលី​ដី
16 មុខ​ខ្ញុំ​ក្រហម​ដោយ​យំ ហើយ​មាន​ម្លប់​នៃ​សេចក្ដី​ស្លាប់​នៅ​ត្របក​ភ្នែក​ខ្ញុំ
17 ទោះ​បើ​ខ្ញុំ​គ្មាន​សេចក្ដី​អយុត្តិ‌ធម៌​នៅ​ក្នុង​ដៃ ហើយ​សេចក្ដី​អធិ‌ស្ឋាន​ខ្ញុំ​ជា​បរិសុទ្ធ​ក៏​ដោយ។
18 ផែនដី​អើយ កុំ​គ្រប​បាំង​ឈាម​ខ្ញុំ​ឡើយ ហើយ​កុំ​ឲ្យ​សម្រែក​របស់​ខ្ញុំ​បាន​ឈប់​ឈរ​នៅ​កន្លែង​ណា​ឡើយ
19 ឥឡូវ​នេះ មើល​ចុះ ទី​បន្ទាល់​របស់​ខ្ញុំ​នៅ​លើ​ស្ថាន‌សួគ៌​ហើយ សាក្សី​របស់​ខ្ញុំ​នៅ​លើ​ស្ថាន​ដ៏​ខ្ពស់
20 ឯ​ពួក​មិត្ត​របស់​ខ្ញុំ​គេ​ឡក‌ឡឺយ​ឲ្យ​ខ្ញុំ តែ​ខ្ញុំ​ស្រក់​ទឹក​ភ្នែក​នៅ​ចំពោះ​ព្រះ​វិញ
21 ព្រម​ទាំង​សូម​ឲ្យ​ទ្រង់​ធ្វើ​ជា​អ្នក​កណ្តាល​នៃ​មនុស្ស និង​ព្រះ ហើយ​កណ្តាល​មនុស្ស​ជាតិ​១ និង​អ្នក​ជិត​ខាង​ខ្លួន​ផង
22 ដ្បិត​កាល​ណា​កំណត់​ឆ្នាំ​តែ​បន្តិច​នេះ បាន​មក​ដល់​ហើយ នោះ​ខ្ញុំ​នឹង​ទៅ​តាម​ផ្លូវ​ដែល​មិន​ត្រឡប់​មក​វិញ​ឡើយ។