យ៉ូប

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42


ជំពូក 40

ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដល់​យ៉ូប​ទៀត​ថា
2 ឯង​ដែល​ប្រកាន់​ទោស​ដូច្នេះ តើ​នឹង​ធ្វើ​ឲ្យ​ព្រះ​ដ៏​មាន​គ្រប់​ព្រះ‌ចេស្តា​រាង‌ចាល​ឬ ឯង​ដែល​បន្ទោស​ដល់​ព្រះ​ដូច្នេះ ចូរ​ឆ្លើយ​មក​ចុះ។
3 នោះ​យ៉ូប​ទូល​ឆ្លើយ​ដល់​ព្រះ‌យេហូវ៉ា​ថា
4 មើល ទូល‌បង្គំ​ថោក​ទាប​ណាស់ តើ​នឹង​ទូល​ដល់​ទ្រង់​ដូច​ម្តេច​បាន ទូល‌បង្គំ​នឹង​ដាក់​ដៃ​ខ្ទប់​មាត់​វិញ
5 ទូល‌បង្គំ​បាន​និយាយ​ម្តង​ហើយ ឥឡូវ​មិន​ឆ្លើយ​ទៀត​ឡើយ អើ បាន​និយាយ​២​ដង​ផង តែ​លែង​ពោល​អ្វី​ទៀត​ហើយ។
6 នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ពី​ក្នុង​ខ្យល់​កួច តប​ដល់​យ៉ូប​ថា
7 ចូរ​ក្រវាត់​ចង្កេះ​ឯង ដូច​ជា​មនុស្ស​ក្លាហាន​ឥឡូវ​ចុះ ដ្បិត​អញ​នឹង​សួរ​ឯង ហើយ​ឯង​ត្រូវ​ប្រាប់​ដល់​អញ
8 តើ​ឯង​ចង់​រំលុប‌រំលាង​ទាំង​សេចក្ដី​វិនិច្ឆ័យ​របស់​អញ​ផង​ឬ តើ​ឯង​នឹង​កាត់​ទោស​ដល់​អញ​ឲ្យ​តែ​ឯង​បាន​សុចរិត​ឬ​អី
9 តើ​ឯង​មាន​ដៃ​ដូច​ព្រះ​ដែរ​ឬ តើ​ឯង​ចេះ​បញ្ចេញ​សំឡេង​ជា​ផ្គរ​ដូច​ជា​ទ្រង់​បាន​ឬ​ទេ។
10 ចូរ​ឯង​តែង​ខ្លួន​ដោយ​សេចក្ដី​រុងរឿង និង​សេចក្ដី​ខ្ពង់‌ខ្ពស់​ឥឡូវ ចូរ​ប្រដាប់​ខ្លួន​ដោយ​កិត្តិយស និង​សិរី‌ល្អ​ចុះ
11 ចូរ​ឲ្យ​ឯង​កម្ចាយ​សេចក្ដី​កំហឹង​ឯង ឲ្យ​សុស‌សាយ​ទៅ ហើយ​បង្ក្រាប​គ្រប់​ទាំង​មនុស្ស​ដែល​មាន​ឫក​ខ្ពស់ ដោយ​១​ក្រឡេក​ភ្នែក​ចុះ
12 ចូរ​មើល​ទៅ​គ្រប់​ទាំង​មនុស្ស​ឆ្មើង‌ឆ្មៃ ហើយ​បន្ទាប​គេ ចូរ​ជាន់​ឈ្លី​ពួក​មនុស្ស​អាក្រក់​នៅ​កន្លែង​ដែល​គេ​ឈរ​តែ​ម្តង
13 ចូរ​កប់​គេ​ទាំង​អស់​គ្នា​នៅ​ក្នុង​ដី ហើយ​ចង់​គ្រលុំ​មុខ​គេ ទុក​ក្នុង​ទី​ងងឹត​នៃ​ផ្នូរ
14 នោះ​អញ​នឹង​ថ្លែង​ប្រាប់​ពី​ឯង​ថា ដៃ​ស្តាំ​នៃ​ឯង​អាច​នឹង​ជួយ​សង្គ្រោះ​ឯង​បាន។
15 មើល​ដំរី‌ទឹក​ដែល​អញ​បាន​បង្កើត​មក​ដូច​ឯង​ដែរ វា​ស៊ី​ស្មៅ​ដូច​គោ
16 មើល កម្លាំង​វា​នៅ​ត្រង់​ចង្កេះ ហើយ​សេចក្ដី​ប្រឹង‌ប្រែង​របស់​វា​នៅ​ត្រង់​សរសៃ​ពោះ
17 វា​បក់​កន្ទុយ ដូច​ជា​ដើម​តាត្រៅ ហើយ​អស់​ទាំង​សរសៃ​លោង​របស់​វា​ព័ន្ធ‌ពាក់​លើ​គ្នា
18 ឆ្អឹង​វា​ដូច​ជា​បំពង់​លង្ហិន ហើយ​ឆ្អឹង​ជំនីរ​ដូច​ជា​ចំរ៉ឹង​ដែក
19 វា​ជា​ការ​យ៉ាង​សំខាន់​របស់​ព្រះ ហើយ​ព្រះ​ដែល​បង្កើត​វា​ក៏​បាន​ប្រទាន​ឲ្យ​មាន​ចង្កូម
20 ឯ​អាហារ​វា ក៏​ដុះ​នៅ​លើ​ភ្នំ ជា​កន្លែង​ដែល​សត្វ​ព្រៃ​ទាំង‌ឡាយ​ប្រឡែង​គ្នា
21 វា​ដេក​នៅ​ក្រោម​ម្លប់​ឈើ ជា​ទី​កំបាំង​ក្នុង​ព្រៃ​កក់
22 ដើម​ឈើ​បាំង​ម្លប់​គ្រប​លើ​វា ហើយ​ដើម​ចាក​តាម​មាត់​ទឹក​ក៏​ព័ទ្ធ​វា​ជុំវិញ
23 មើល បើ​កាល​ណា​ទន្លេ​ជន់​ឡើង វា​មិន​ភ័យ​ទេ ទោះ​បើ​ទន្លេ​ដូច​យ៉ាង​ទន្លេ​យ័រដាន់​ឡើង​លិច​មាត់​ច្រាំង​ក៏​ដោយ គង់​តែ​វា​មាន​ចិត្ត​រឹង‌ត្អឹង​ដែរ
24 តើ​នឹង​ចាប់​បាន​ក្នុង​កាល​ដែល​កំពុង​នៅ​ភ្នែក​បើក ឬ​នឹង​ខ្លុះ​ច្រមុះ​វា​ដោយ​ដែក​ចោះ​បាន​ឬ​ទេ។