យ៉ូប

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42


ជំពូក 27

ឯ​យ៉ូប​ក៏​បន្ត​សេចក្ដី​អធិប្បាយ​របស់​លោក​ទៅ​ទៀត​ថា
2 ខ្ញុំ​ស្បថ​ដោយ​នូវ​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​រស់​នៅ ដែល​ទ្រង់​បាន​ដក​សេចក្ដី​យុត្តិ‌ធម៌​ពី​ខ្ញុំ​ចេញ គឺ​ជា​ព្រះ​ដ៏​មាន​គ្រប់​ព្រះ‌ចេស្តា ដែល​ទ្រង់​បាន​ធ្វើ​ឲ្យ​ព្រលឹង​ខ្ញុំ​ជូរ​ចត់ ថា
3 កាល​ខ្ញុំ​នៅ​មាន​ដង្ហើម​ចេញ​ចូល ហើយ​មាន​ខ្យល់​វិញ្ញាណ​នៃ​ព្រះ​នៅ​ក្នុង​រន្ធ​ច្រមុះ​ខ្ញុំ​នៅ​ឡើយ
4 នោះ​បបូរ​មាត់​ខ្ញុំ​នឹង​មិន​ពោល​សេចក្ដី​អាក្រក់ ហើយ​អណ្តាត​ខ្ញុំ​ក៏​មិន​បញ្ចេញ​ពាក្យ​ភូត‌ភរ​ឡើយ
5 ដែល​ខ្ញុំ​នឹង​ព្រម​ថា អ្នក​រាល់​គ្នា​និយាយ​ត្រូវ នោះ​សូម​ឲ្យ​នៅ​ឆ្ងាយ​ពី​ខ្ញុំ​ទៅ ខ្ញុំ​មិន​ព្រម​លះ​ចោល​សំដី​ដែល​ថា​ខ្លួន​ខ្ញុំ​ត្រឹម​ត្រូវ​ឡើយ ដរាប​ដល់​ខ្ញុំ​ស្លាប់​ផង
6 ខ្ញុំ​នឹង​ប្រកាន់​សេចក្ដី​សុចរិត​របស់​ខ្ញុំ ឲ្យ​ជាប់‌លាប់​ឥត​លែង​ត​ទៅ ក្នុង​កាល​ដែល​ខ្ញុំ​រស់​នៅ​ឡើយ នោះ​ចិត្ត​មិន​ប្រកាន់​ទោស​ខ្ញុំ​ជា​ដរាប។
7 សូម​ឲ្យ​សត្រូវ​ខ្ញុំ​បាន​រាប់​ជា​មនុស្ស​អាក្រក់​ចុះ ហើយ​ឲ្យ​អ្នក​ដែល​ទាស់​នឹង​ខ្ញុំ​បាន​រាប់​ជា​ទុច្ចរិត​ផង
8 ដ្បិត​ទោះ​បើ​មនុស្ស​ទមិឡ​ល្មើស​បាន​កម្រៃ​ក៏​ដោយ នោះ​តើ​នឹង​មាន​សេចក្ដី​សង្ឃឹម​អ្វី ក្នុង​កាល​ដែល​ព្រះ‌ទ្រង់​ដក​យក​ព្រលឹង​គេ​ទៅ
9 តើ​ព្រះ​នឹង​ឮ​សម្រែក​របស់​គេ ក្នុង​កាល​ដែល​គេ​កើត​មាន​សេចក្ដី​លំបាក​ឬ
10 តើ​គេ​នឹង​យក​ព្រះ​ដ៏​មាន​គ្រប់​ព្រះ‌ចេស្តា​ជា​ទី​ពេញ​ចិត្ត​ដល់​គេ ហើយ​អំពាវ‌នាវ​ដល់​ទ្រង់​រាល់​ពេល​វេលា​ដែរ​ឬ
11 ខ្ញុំ​នឹង​បង្ហាញ​ឲ្យ​អ្នក​រាល់​គ្នា​យល់​ពី​ដំណើរ​ព្រះ‌ហស្ត​នៃ​ព្រះ ឯ​អ្វីៗ​ដែល​មាន​នៅ​នឹង​ព្រះ​ដ៏​មាន​គ្រប់​ព្រះ‌ចេស្តា នោះ​ខ្ញុំ​មិន​គ្រប​បាំង​ឡើយ
12 មើល អ្នក​រាល់​គ្នា​ក៏​បាន​ឃើញ​សេចក្ដី​ទាំង​នេះ​ហើយ ដូច្នេះ ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​កើត​មាន​គំនិត​ផ្តេស‌ផ្តាស​អី​ម៉្លេះ។
13 នេះ​ហើយ​ជា​ចំណែក​ដែល​ព្រះ​បម្រុង​ទុក​ដល់​មនុស្ស​អាក្រក់ គឺ​ជា​សេចក្ដី​ដែល​មនុស្ស​សង្កត់‌សង្កិន ត្រូវ​ទទួល​ពី​ព្រះ​ដ៏​មាន​គ្រប់​ព្រះ‌ចេស្តា
14 បើ​កាល​ណា​កូន​ចៅ​គេ​បាន​ចម្រើន​ជា​ច្រើន​ឡើង នោះ​គឺ​សម្រាប់​តែ​ដាវ​ប៉ុណ្ណោះ ហើយ​ពូជ​ពង្ស​គេ​មិន​បាន​បរិភោគ​ឆ្អែត​ទេ
15 ពួក​គេ​ដែល​សល់​នៅ​នឹង​ត្រូវ​ស្លាប់ ហើយ​កប់​ទៅ ឯ​ប្រពន្ធ​ដែល​នៅ​មេម៉ាយ នោះ​មិន​យំ​សោក​ទេ
16 ទោះ​បើ​គេ​ប្រមូល​ប្រាក់​ទុក​ដូច​ជា​ធូលី​ដី ក៏​ត្រៀម​ទុក​សម្លៀក‌បំពាក់​ដូច​ជា​ភក់
17 នោះ​គេ​នឹង​រៀប‌ចំ​បាន តែ​គឺ​ពួក​សុចរិត​ជា​អ្នក​ស្លៀក‌ពាក់​វិញ ហើយ​ពួក​អ្នក​ដែល​ផូរ‌ផង់​គេ​នឹង​ចែក​ប្រាក់​គ្នា
18 ពួក​អាក្រក់​នោះ​គេ​សង់​ផ្ទះ​ខ្លួន ដូច​ជា​មេ‌អំបៅ ហើយ​ដូច​ជា​បង្ហា​ដែល​អ្នក​ចាំ​យាម​ធ្វើ
19 គេ​ដេក​ទៅ​ទាំង​មាន​ទ្រព្យ តែ​គ្មាន​អ្នក​ណា​រៀប‌ចំ​កប់​ឲ្យ​ទេ គេ​បើក​ភ្នែក​ឡើង ហើយ​គ្មាន​ខ្លួន​គេ​ទៀត
20 សេចក្ដី​ស្ញែង​ខ្លាច​ក៏​តាម​គេ​ទាន់ ដូច​ជា​ទឹក​ជន់ ខ្យល់​កួច​នាំ​យក​គេ​ទៅ​បាត់​ទាំង​យប់
21 ខ្យល់​ពី​ខាង​កើត​ផាត់​យក​គេ ឲ្យ​គេ​បាត់​ទៅ ក៏​បោស​រំលីង​គេ​ចេញ​ពី​ទី​កន្លែង​របស់​គេ
22 ព្រះ‌ទ្រង់​បោះ​ទៅ​លើ​គេ​ឥត​ប្រណី គេ​ចង់​រត់​គេច​ចេញ​ឲ្យ​រួច​ពី​ព្រះ‌ហស្ត​ទ្រង់​ទៅ
23 មនុស្ស​ទាំង‌ឡាយ​ទះ​ដៃ​នឹង​គេ ព្រម​ទាំង​ធ្វើ​ស៊ីស‌ស៊ូស បណ្តេញ​គេ​ចេញ​ពី​កន្លែង​ទៅ​ផង។