យ៉ូស្វេ

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24


ជំពូក 23

លុះ​ពេល​ក្រោយ​ជា​យូរ​មក កាល​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ប្រទាន​ឲ្យ​ពួក​អ៊ីស្រា‌អែល មាន​សេចក្ដី​ស្រាក‌ស្រាន្ត​ពី​ខ្មាំង​សត្រូវ​ទាំង​អស់​នៅ​ជុំវិញ ឯ​យ៉ូស្វេ​លោក​ក៏​ចាស់ មាន​វ័យ​ចម្រើន​ច្រើន​ណាស់​ហើយ
2 នោះ​លោក​ហៅ​ពួក​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា ព្រម​ទាំង​ពួក​ចាស់‌ទុំ ពួក​មេ និង​ពួក​ចៅ‌ក្រម ហើយ​ពួក​នាយក​របស់​គេ​មក​ប្រាប់​ថា អញ​ចាស់​ហើយ ក៏​មាន​វ័យ​ចម្រើន​ច្រើន​ណាស់​ផង
3 ឯ​ឯង​រាល់​គ្នា​បាន​ឃើញ​គ្រប់​ទាំង​ការ ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង បាន​ធ្វើ​ដល់​សាសន៍​ទាំង​ប៉ុន្មាន​នេះ ដោយ​ព្រោះ​ឯង​រាល់​គ្នា​ហើយ ដ្បិត​គឺ​ជា​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ដែល​បាន​ច្បាំង​ជំនួស​ឯង
4 មើល អញ​បាន​ចែក​អស់​ទាំង​នគរ​ដែល​សល់​ទាំង​នេះ​ដល់​ឯង ទុក​ជា​មរដក​ដល់​ពូជ​អំបូរ​ឯង​ទាំង​ប៉ុន្មាន ចាប់​តាំង​ពី​ទន្លេ​យ័រដាន់ និង​អស់​ទាំង​នគរ​ដែល​អញ​បាន​វាយ​បំផ្លាញ​ចេញ​ហើយ រហូត​ដល់​សមុទ្រ​ធំ​ដែល​នៅ​ទិស​ខាង​លិច
5 ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​នឹង​ច្រាន​គេ​ពី​មុខ​ឯង​ចេញ ហើយ​និង​បណ្តេញ​គេ​ពី​ចំពោះ​ភ្នែក​ឯង​ទៅ នោះ​ឯង​រាល់​គ្នា​នឹង​ចាប់​យក​ស្រុក​គេ ដូច​ជា​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង​បាន​សន្យា​ហើយ
6 ដូច្នេះ ចូរ​សម្រេច​ចិត្ត​នឹង​កាន់ ហើយ​ប្រព្រឹត្ត​តាម​គ្រប់​ទាំង​សេចក្ដី​ដែល​បាន​កត់​ទុក​ក្នុង​គម្ពីរ​ក្រឹត្យ‌វិន័យ​របស់​លោក​ម៉ូសេ​ចុះ ដើម្បី​កុំ​ឲ្យ​ឯង​បែរ​ចេញ​ពី​សេចក្ដី​ទាំង​នោះ ទៅ​ខាង​ស្តាំ ឬ​ខាង​ឆ្វេង​ឡើយ
7 ប្រយោជន៍​កុំ​ឲ្យ​លាយ‌ឡំ​នឹង​សាសន៍​ទាំង​នេះ ដែល​សល់​នៅ​ក្នុង​ស្រុក​ឯង ហើយ​កុំ​ឲ្យ​ឯង​ដំណាល​ពី​ឈ្មោះ​ព្រះ​របស់​គេ ឬ​ឲ្យ​អ្នក​ណា​ស្បថ​ដោយ​នូវ​ឈ្មោះ​ព្រះ​ទាំង​នោះ ហើយ​កុំ​ឲ្យ​ឯង​រាល់​គ្នា​គោរព​ប្រតិ‌បត្តិ​ក្រាប​ថ្វាយ‌បង្គំ​ដល់​ព្រះ​គេ​ឡើយ
8 គឺ​ត្រូវ​ឲ្យ​តោង​ជាប់​នឹង​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង​រាល់​គ្នា​វិញ ដូច​ជា​បាន​ធ្វើ​ដរាប​ដល់​សព្វ​ថ្ងៃ​នេះ
9 ដ្បិត​ព្រះ‌យេហូវ៉ា​បាន​បណ្តេញ​សាសន៍​ធំ ហើយ​ពូកែ​ពី​មុខ​ឯង​រាល់​គ្នា​ចេញ ហើយ​គ្មាន​អ្នក​ណា​បាន​អាច​នឹង​ឈរ​នៅ​មុខ​ឯង​រាល់​គ្នា ដរាប​ដល់​សព្វ​ថ្ងៃ​នេះ
10 ពួក​ឯង​រាល់​គ្នា​តែ​១​នាក់​បាន​ដេញ​តាម​១​ពាន់​នាក់ ដ្បិត​គឺ​ជា​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ដែល​ច្បាំង​ជំនួស​ឯង ដូច​ជា​ទ្រង់​បាន​មាន​ព្រះ‌បន្ទូល​នឹង​ឯង​ហើយ
11 ដូច្នេះ ចូរ​ប្រយ័ត​ខ្លួន​ឲ្យ​អស់​ពី​ចិត្ត ដើម្បី​នឹង​ស្រឡាញ់​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង
12 តែ​បើ‌សិន​ជា​ឯង​វិល​ទៅ​វិញ ទៅ​ភ្ជាប់​ញាតិ​ពន្ធ​នឹង​សំណល់​នៃ​សាសន៍​ទាំង​នេះ ដែល​នៅ​ជា​មួយ​នឹង​ឯង​រាល់​គ្នា​នៅ​ឡើយ ព្រម​ទាំង​យក​គ្នា​ជា​ប្ដី​ប្រពន្ធ ក៏​ចូល​ទៅ​ឯ​គេ ហើយ​គេ​មក​ឯ​ឯង​ដែរ
13 នោះ​ត្រូវ​ដឹង​ជា​ប្រាកដ​ថា ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​នឹង​មិន​បណ្តេញ​សាសន៍​ទាំង​នេះ​ពី​មុខ​ឯង​ទៀត​ទេ គឺ​គេ​នឹង​នៅ​ជា​អង្គប់ ហើយ​ជា​អន្ទាក់​ដល់​ឯង​រាល់​គ្នា ហើយ​ជា​រំពាត់​នៅ​ចង្កេះ និង​ជា​បន្លា​នៅ​ក្នុង​ភ្នែក​ឯង​វិញ ទាល់​តែ​ឯង​រាល់​គ្នា​វិនាស​បាត់​ពី​ស្រុក​ល្អ​នេះ​ទៅ ជា​ស្រុក​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​បាន​ប្រទាន​មក។
14 មើល នៅ​ថ្ងៃ​នេះ អញ​នឹង​ទៅ​តាម​ផ្លូវ​របស់​មនុស្ស​លោក​ទាំង​អស់ ឯ​នៅ​ក្នុង​ចិត្ត ហើយ​ក្នុង​វិញ្ញាណ​របស់​ឯង នោះ​ក៏​ដឹង​ទាំង​អស់​គ្នា​ថា ឯ​អស់​ទាំង​សេចក្ដី​ល្អ​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​បាន​មាន​ព្រះ‌បន្ទូល​សន្យា​ហើយ នោះ​គ្មាន​ខ្វះ​ណា​មួយ​សោះ ទាំង​អស់​បាន​សម្រេច​គ្រប់​ ឥត​មាន​ខ្វះ​ណា​មួយ​ឡើយ
15 ប៉ុន្តែ ដែល​គ្រប់​ទាំង​សេចក្ដី​ល្អ​បាន​សម្រេច​ដល់​ឯង​រាល់​គ្នា ដូច​ជា​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង បាន​សន្យា​យ៉ាង​ណា នោះ​ទ្រង់​នឹង​នាំ​អស់​ទាំង​សេចក្ដី​អាក្រក់​មក​លើ​ឯង​រាល់​គ្នា​យ៉ាង​នោះ​ដែរ ទាល់​តែ​ទ្រង់​បាន​បំផ្លាញ​ពួក​ឯង​ពី​ស្រុក​ល្អ​នេះ ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​បាន​ប្រទាន​មក​នោះ​ចេញ​ទៅ
16 គឺ​បើ​ឯង​រាល់​គ្នា​រំលង​សេចក្ដី​សញ្ញា​ផង​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ដែល​ទ្រង់​បាន​បង្គាប់​មក ហើយ​ទៅ​គោរព​ប្រតិ‌បត្តិ​ក្រាប​ថ្វាយ‌បង្គំ​ដល់​ព្រះ​ដទៃ នោះ​សេចក្ដី​ខ្ញាល់​នៃ​ព្រះ‌យេហូវ៉ា​នឹង​កាត់​ឡើង​ទាស់​នឹង​ឯង ហើយ​ឯង​រាល់​គ្នា​នឹង​ត្រូវ​វិនាស​បាត់​ទៅ​ជា​ឆាប់​ពី​ស្រុក​ល្អ ដែល​ទ្រង់​បាន​ប្រទាន​មក​ឯង។