យ៉ូស្វេ
ជំពូក 6
រីឯទីក្រុងយេរីខូ គេបានបិទទ្វារជាប់ទាំងប្រយ័ត ដោយខ្លាចពួកកូនចៅអ៊ីស្រាអែល ឥតមានអ្នកណាចេញចូលសោះឡើយ
2 ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលនឹងយ៉ូស្វេថា មើល អញបានប្រគល់ក្រុងយេរីខូ ព្រមទាំងស្តេចគេ និងពួកមនុស្សខ្លាំងពូកែស្ទាត់ជំនាញទាំងប៉ុន្មាន មកក្នុងកណ្តាប់ដៃឯងហើយ
3 ដូច្នេះ ត្រូវឲ្យឯងរាល់គ្នា ជាពួកថ្នឹកច្បាំង ដើរជុំវិញទីក្រុងអស់៦ថ្ងៃ ក្នុង១ថ្ងៃ១ជុំ
4 ត្រូវឲ្យមានសង្ឃ៧រូប កាន់ត្រែស្នែងចៀមដើរនាំមុខហឹប រួចដល់ថ្ងៃទី៧ នោះត្រូវឲ្យដើរព័ទ្ធទីក្រុងអស់៧ជុំថែមទៀត ហើយពួកសង្ឃត្រូវផ្លុំត្រែឡើង
5 កាលណាគេផ្លុំស្នែងចៀម មានសំឡេងយ៉ាងវែង ឮដល់ឯងរាល់គ្នា នោះទាំងអស់គ្នាត្រូវស្រែកឡើង ជាសម្រែកយ៉ាងខ្លាំង ដូច្នេះ កំផែងទីក្រុងនឹងរលំដួលទៅ រួចត្រូវឲ្យបណ្តាជនទាំងអស់ឡើងចំទៅមុខរៀងខ្លួន
6 យ៉ូស្វេជាកូននុនក៏ហៅពួកសង្ឃមកប្រាប់ថា ចូរយកហឹបនៃសេចក្ដីសញ្ញា ហើយឲ្យមានសង្ឃ៧រូបកាន់ត្រែស្នែងចៀម ដើរនាំមុខហឹបនៃព្រះយេហូវ៉ាទៅ
7 លោកក៏បង្គាប់ដល់ពួកបណ្តាជនថា ចូរនាំគ្នាដើរព័ទ្ធជុំវិញទីក្រុងទៅ ឯអស់ពួកអ្នកដែលមានគ្រឿងសស្ត្រាវុធ នោះត្រូវដើរនាំមុខហឹបនៃព្រះយេហូវ៉ា។
8 លុះកាលយ៉ូស្វេបានប្រាប់ដល់ពួកជនរួចអស់ហើយ នោះសង្ឃទាំង៧ដែលកាន់ត្រែស្នែងចៀមទាំង៧ នៅចំពោះព្រះយេហូវ៉ា ក៏ដើរទៅទាំងផ្លុំបណ្តើរ រួចហឹបនៃសេចក្ដីសញ្ញាផងព្រះយេហូវ៉ាក៏តាមគេទៅ
9 ឯពួកដែលកាន់គ្រឿងសស្ត្រាវុធ គេដើរខាងមុខពួកសង្ឃដែលផ្លុំត្រែ ក៏មានពួកអ្នកដើរខាងក្រោយហឹបដែរ ពួកសង្ឃដើរទៅទាំងផ្លុំត្រែបណ្តើរ
10 ឯយ៉ូស្វេក៏បង្គាប់បណ្តាជនថា មិនត្រូវឲ្យឯងរាល់គ្នាស្រែកឡើង ឬឲ្យមានឮសំឡេងឡើយ ក៏មិនត្រូវមានពាក្យណាមួយចេញពីមាត់ឯងដែរ ដរាបដល់ថ្ងៃ ដែលអញប្រាប់ឲ្យស្រែកឡើង នោះទើបត្រូវឲ្យឯងស្រែកចុះ
11 ដូច្នេះ ហឹបនៃព្រះយេហូវ៉ាក៏បានព័ទ្ធជុំវិញទីក្រុងអស់១ជុំ រួចគេត្រឡប់ចូលមកក្នុងទីដំឡើងត្រសាលវិញ ហើយឈប់នៅទីនោះ។
12 ឯយ៉ូស្វេលោកក្រោកឡើងពីព្រលឹម ហើយពួកសង្ឃក៏នាំគ្នាសែងហឹបនៃព្រះយេហូវ៉ា
13 មានទាំងពួកសង្ឃ៧រូបនោះ កាន់ត្រែស្នែងចៀម៧ ដើរនាំមុខហឹបនៃព្រះយេហូវ៉ា ទាំងផ្លុំត្រែបណ្តើរផង ឯពួកកាន់គ្រឿងសស្ត្រាវុធ គេក៏ដើរពីខាងមុខ ហើយមានពួកអ្នកខាងក្រោយ ដើរតាមហឹបនៃព្រះយេហូវ៉ាដែរ ពួកសង្ឃក៏ដើរទៅទាំងផ្លុំត្រែបណ្តើរ
14 ថ្ងៃទី២នោះ គេដើរជុំវិញទីក្រុង១ជុំ រួចក៏ត្រឡប់មកក្នុងទីដំឡើងត្រសាលវិញ គេធ្វើយ៉ាងដូច្នេះអស់៦ថ្ងៃ។
15 លុះដល់ថ្ងៃទី៧ គេក្រោកឡើងពីព្រលឹម កាលទើបនឹងភ្លឺស្រាង នោះក៏ដើរព័ទ្ធជុំវិញទីក្រុងបែបដដែលអស់៧ជុំ ថ្ងៃនោះខុសពីថ្ងៃមុនតែប៉ុណ្ណេះ គឺគេដើរព័ទ្ធទីក្រុងអស់៧ដងវិញ
16 លុះបានគ្រប់៧ជុំហើយ កាលពួកសង្ឃបានផ្លុំត្រែ នោះយ៉ូស្វេក៏ប្រាប់ដល់ពួកជនថា ចូរស្រែកឡើង ដ្បិតព្រះយេហូវ៉ាទ្រង់បានប្រគល់ទីក្រុងនេះមកឯងរាល់គ្នាហើយ
17 ឯទីក្រុងនេះ ជាទីក្រុងសម្រាប់តែបំផ្លាញអស់រលីងថ្វាយព្រះយេហូវ៉ា ហើយនិងគ្រប់ទាំងអស់ ដែលនៅក្នុងក្រុងនេះផង រស់នៅបានតែនាងរ៉ាហាបជាស្រីសំផឹង១ និងអស់អ្នកដែលនៅក្នុងផ្ទះជាមួយនឹងនាងប៉ុណ្ណោះ ពីព្រោះនាងបាននាំអ្នក២នាក់ ដែលយើងបានចាត់មក ទៅលាក់បំពួនទុក
18 ឯឯងរាល់គ្នា ត្រូវប្រយ័តតែនឹងរបស់ដែលសម្រាប់បំផ្លាញ ក្រែងកាលណាឯងញែករបស់ណាទុកសម្រាប់នឹងបំផ្លាញ នោះបែរទៅជាយករបស់ណាមួយនោះចេញវិញ ហើយដូច្នេះនឹងនាំឲ្យពួកអ៊ីស្រាអែលត្រូវបំផ្លាញទាំងអស់គ្នាដែរ ព្រមទាំងមានសេចក្ដីវឹកវរផង
19 ប៉ុន្តែ ឯប្រាក់ និងមាសទាំងប៉ុន្មាន ហើយអស់ទាំងប្រដាប់ប្រដាធ្វើពីលង្ហិន និងដែក នោះជារបស់បរិសុទ្ធដល់ព្រះយេហូវ៉ា ត្រូវនាំយកទាំងអស់ ចូលមកក្នុងឃ្លាំងនៃព្រះយេហូវ៉ាវិញ
20 ដូច្នេះ ពួកបណ្តាជនក៏ស្រែកហ៊ោ ហើយពួកសង្ឃក៏ផ្លុំត្រែឡើង គឺកាលពួកបណ្តាជនបានឮសូរត្រែ នោះគេស្រែកឡើង ជាសម្រែកយ៉ាងខ្លាំង ស្រាប់តែកំផែងក៏រលំដួលទៅ ដើម្បីឲ្យពួកបណ្តាជនបានឡើងទៅក្នុងទីក្រុងចំមុខគេរៀងខ្លួន ហើយគេក៏ចាប់យកទីក្រុងនោះទៅ
21 គេបានបំផ្លាញគ្រប់ទាំងអស់ដែលមាននៅក្នុងក្រុងនោះអស់រលីង គឺទាំងប្រុស ហើយនិងស្រី ទាំងក្មេង ហើយនិងចាស់ផង ព្រមទាំងគោ និងចៀម ហើយនិងលា ទាំងអម្បាលម៉ាន ដោយមុខដាវ។
22 យ៉ូស្វេក៏ប្រាប់ដល់មនុស្ស២នាក់ ដែលបានចូលទៅសង្កេតមើលស្រុកនោះថា ចូរឲ្យឯងចូលទៅក្នុងផ្ទះស្រីសំផឹងនោះ ហើយនាំនាង និងរបស់នាងទាំងប៉ុន្មានចេញមកក្រៅ ដូចជាឯងបានស្បថនឹងនាងហើយ
23 ឯមនុស្សកំលោះ២នាក់ ដែលបានចូលទៅសង្កេតមើលស្រុក ក៏ចូលទៅនាំនាងរ៉ាហាប ទាំងឪពុកម្តាយនាង និងបងប្អូន ហើយនិងរបស់នាងទាំងប៉ុន្មានចេញមក ព្រមទាំងញាតិសន្តានរបស់នាងទាំងប៉ុន្មានផង ដាក់គេឲ្យនៅជាខាងក្រៅទីដំឡើងត្រសាល នៃពួកអ៊ីស្រាអែល
24 រួចក៏ឆួលដុតទីក្រុងនោះ និងរបស់នៅទីនោះទាំងអស់ទៅ បានទុកនៅតែប្រាក់ និងមាសទាំងប៉ុន្មាន ព្រមទាំងប្រដាប់លង្ហិន ហើយនិងដែកប៉ុណ្ណោះ ដែលគេយកទៅដាក់ក្នុងឃ្លាំង នៃដំណាក់ព្រះយេហូវ៉ា
25 តែឯរ៉ាហាបជាស្រីសំផឹង និងពួកគ្រួឪពុកនាង ហើយរបស់នាងទាំងប៉ុន្មាន នោះយ៉ូស្វេលោកបានទុកឲ្យគង់នៅវិញ ហើយនាងក៏នៅក្នុងពួកអ៊ីស្រាអែលជាដរាបដល់សព្វថ្ងៃនេះ ដោយព្រោះនាងបានលាក់បំពួនពួកអ្នក ដែលយ៉ូស្វេបានចាត់ទៅសង្កេតមើលក្រុងយេរីខូនោះ។
26 នៅគ្រានោះ យ៉ូស្វេក៏ប្រកាស ជាពាក្យបណ្តាសាថា អ្នកណាដែលចាប់ផ្តើមសង់ក្រុងយេរីខូនេះឡើងវិញ នោះនឹងត្រូវបណ្តាសាហើយ កាលណាអ្នកនោះដាក់ឫសកំផែង នោះកូនច្បងរបស់ខ្លួននឹងស្លាប់ទៅ ហើយកាលណាដាក់ទ្វារចុះ នោះកូនពៅនឹងស្លាប់ទៅ។
27 ព្រះយេហូវ៉ាទ្រង់គង់ជាមួយនឹងយ៉ូស្វេ ហើយក៏ល្បីឮឈ្មោះលោកសុសសាយ ពេញគ្រប់ក្នុងស្រុកនោះ។