យ៉ូស្វេ

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24


ជំពូក 5

កាល​ពួក​ស្តេច​សាសន៍​អាម៉ូរី​ទាំង​ប៉ុន្មាន ដែល​នៅ​ខាង​លិច​ទន្លេ​យ័រដាន់ និង​ស្តេច​សាសន៍​កាណាន​ទាំង​ប៉ុន្មាន ដែល​នៅ​ក្បែរ​សមុទ្រ បាន​ឮ​ថា ព្រះ‌យេហូវ៉ា​បាន​ធ្វើ​ឲ្យ​ទឹក​ទន្លេ​យ័រដាន់​រីង​ទៅ នៅ​មុខ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ទាល់​តែ​បាន​ឆ្លង​ផុត​មក​ដូច្នេះ នោះ​គេ​មាន​ចិត្ត​រលត់​ទៅ គ្មាន​វិញ្ញាណ​នៅ​សល់​ក្នុង​គេ​ទៀត​ឡើយ ដោយ​ព្រោះ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល។
2 នៅ​គ្រា​នោះ ព្រះ‌យេហូវ៉ា​ទ្រង់​បង្គាប់​ដល់​យ៉ូស្វេ​ថា ចូរ​យក​ថ្ម​ធ្វើ​ជា​កាំបិត រួច​កាត់​ស្បែក​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​១​លើក​ទៀត
3 នោះ​យ៉ូស្វេ​ក៏​ធ្វើ​កាំបិត​ពី​ថ្ម ហើយ​កាត់​ស្បែក​របស់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល នៅ​ត្រង់​ភ្នំ​ហារ៉ា‌ឡុត
4 យ៉ូស្វេ​បាន​កាត់​ស្បែក​គេ ដោយ​ព្រោះ​ហេតុ​នេះ គឺ​មនុស្ស​ប្រុសៗ​ជា​អ្នក​ថ្នឹក​ច្បាំង​ទាំង​ប៉ុន្មាន ដែល​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក គេ​បាន​ស្លាប់​តាម​ផ្លូវ​នៅ​ទី​រហោ‌ស្ថាន​ក្នុង​ពេល​ក្រោយ​ដែល​បាន​ចេញ​មក​ពី​ស្រុក​អេស៊ីព្ទ
5 ដ្បិត​ប្រុសៗ​ទាំង​អស់​ដែល​ចេញ​មក គេ​បាន​កាត់​ស្បែក​គ្រប់​គ្នា​ហើយ តែ​ពួក​ទាំង​ប៉ុន្មាន​ដែល​កើត​តាម​ផ្លូវ នៅ​ទី​រហោ‌ស្ថាន ក្រោយ​ដែល​បាន​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក នោះ​មិន​ទាន់​បាន​កាត់​ស្បែក​នៅ​ឡើយ
6 ពួក​កូន​ចៅ​អ៊ីស្រា‌អែល​បាន​ដើរ​ក្នុង​ទី​រហោ‌ស្ថាន​អស់​៤០​ឆ្នាំ ទាល់​តែ​ពួក​គេ​គ្រប់​គ្នា គឺ​ជា​ពួក​មនុស្ស​ថ្នឹក​ច្បាំង ដែល​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក បាន​ស្លាប់​បាត់​អស់​ទៅ ពី​ព្រោះ​គេ​មិន​បាន​ស្តាប់​តាម​ព្រះ‌បន្ទូល នៃ​ព្រះ‌យេហូវ៉ា ហើយ​ទ្រង់​បាន​ស្បថ​ថា មិន​ឲ្យ​គេ​ឃើញ​ស្រុក ដែល​ទ្រង់​បាន​ស្បថ​នឹង​ពួក​អយ្យកោ​គេ​ថា​នឹង​ឲ្យ​មក​យើង​រាល់​គ្នា​ឡើយ ជា​ស្រុក​ដែល​មាន​ទឹក​ដោះ និង​ទឹក​ឃ្មុំ​ហូរ‌ហៀរ
7 គឺ​ជា​ពួក​កូន​ចៅ​របស់​អ្នក​ទាំង​នោះ​ឯង ដែល​ទ្រង់​បាន​បង្កើត​ឡើង​ជំនួស​គេ ហើយ​យ៉ូស្វេ​បាន​កាត់​ស្បែក​ឲ្យ ដ្បិត​គេ​មិន​ទាន់​កាត់​ស្បែក​នៅ​ឡើយ ពី​ព្រោះ​មិន​បាន​កាត់​ស្បែក​អ្នក​ណា​តាម​ផ្លូវ​សោះ
8 ដូច្នេះ កាល​គេ​បាន​កាត់​ស្បែក​ប្រុសៗ​ទាំង​អស់​រួច​ហើយ នោះ​ក៏​នៅ​នឹង​កន្លែង​គេ ក្នុង​ទី​ដំឡើង​ត្រសាល​នោះ​ដរាប​ដល់​សះ​ជា
9 ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​យ៉ូស្វេ​ថា នៅ​ថ្ងៃ​នេះ អញ​បាន​ប្រមៀល សេចក្ដី​ដំណៀល​របស់​ស្រុក​អេស៊ីព្ទ​ពី​ឯង​ចេញ គឺ​ហេតុ​នោះ បាន​ជា​គេ​ហៅ​ឈ្មោះ​កន្លែង​នោះ​ថា គីល‌កាល ដរាប​ដល់​សព្វ​ថ្ងៃ​នេះ។
10 ពួក​កូន​ចៅ​អ៊ីស្រា‌អែល គេ​ដំឡើង​ត្រសាល​នៅ​ត្រង់​គីល‌កាល​នោះ ហើយ​នាំ​គ្នា​ធ្វើ​បុណ្យ​រំលង​នៅ​ល្ងាច​ថ្ងៃ​១៤​ខែ​នោះ ត្រង់​វាល​ក្រុង​យេរីខូ
11 ក្រោយ​ថ្ងៃ​បុណ្យ​រំលង​មក នៅ​ថ្ងៃ​នោះ​ឯង គេ​ក៏​បរិភោគ​ផល​របស់​ស្រុក​នោះ គឺ​ជា​នំ​ឥត​ដំបែ និង​គ្រាប់​លីង
12 រួច​ក្រោយ​ដែល​គេ​បរិភោគ​ផល​របស់​ស្រុក​នោះ ដល់​ថ្ងៃ​ស្អែក​ឡើង លែង​មាន​នំ​ម៉ាន៉ា​ហើយ ពួក​កូន​ចៅ​អ៊ីស្រា‌អែល​មិន​ដែល​មាន​នំ​ម៉ាន៉ា​ទៀត​ឡើយ គឺ​ក្នុង​ឆ្នាំ​នោះ​ឯង គេ​បាន​បរិភោគ​ផល​របស់​ស្រុក​កាណាន​វិញ។
13 រីឯ​ក្នុង​គ្រា​ដែល​យ៉ូស្វេ​នៅ​ជិត​ក្រុង​យេរីខូ នោះ​គាប់‌ជួន​ជា​លោក​ងើប​ភ្នែក​ឡើង ឃើញ​មនុស្ស​ម្នាក់​កំពុង​តែ​ឈរ​នៅ​មុខ​លោក មាន​ទាំង​កាន់​ដាវ​ហូត​ជា​ស្រេច លោក​ក៏​ចូល​ទៅ​សួរ​ថា តើ​លោក​កាន់​ខាង​យើង​ខ្ញុំ ឬ​ខាង​ពួក​ខ្មាំង​សត្រូវ របស់​យើង​ខ្ញុំ
14 អ្នក​នោះ​ឆ្លើយ​តប​ថា ទេ អញ​បាន​មក​ធ្វើ​ជា​កំពូល​លើ​ពួក​ពល​ផង​ព្រះ‌យេហូវ៉ា​វិញ នោះ​យ៉ូស្វេ​ក៏​ទម្លាក់​ខ្លួន​ក្រាប​ផ្កាប់​មុខ​នឹង​ដី ថ្វាយ‌បង្គំ សួរ​ថា តើ​ព្រះ‌អម្ចាស់​នៃ​ទូល‌បង្គំ ចង់​មាន​ព្រះ‌បន្ទូល​ដល់​ទូល‌បង្គំ ជា​បាវ​បម្រើ​ទ្រង់ ថា​ដូច​ម្តេច
15 អ្នក​ដែល​ជា​កំពូល​លើ​ពួក​ពល​ផង​ព្រះ‌យេហូវ៉ា​ក៏​ប្រាប់​ថា ចូរ​ដោះ​ស្បែក​ជើង​ចេញ​ទៅ ដ្បិត​កន្លែង​ដែល​ឈរ​នៅ​នោះ ជា​កន្លែង​បរិសុទ្ធ រួច​យ៉ូស្វេ​ក៏​ធ្វើ​តាម​ដូច្នោះ។