យ៉ូស្វេ
ជំពូក 20
ព្រះយេហូវ៉ាទ្រង់បង្គាប់យ៉ូស្វេ
2 ឲ្យប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែលថា ត្រូវឲ្យឯងរាល់គ្នាតាំងទីក្រុងពំនាក់ តាមដែលអញបានប្រាប់ឯងដោយសារម៉ូសេចុះ
3 ដើម្បីឲ្យអ្នកណា ដែលសម្លាប់គេ មិនប្រកបដោយចិត្តប៉ង ហើយឥតដឹងខ្លួន បានរត់ទៅជ្រកអាស្រ័យនៅទីនោះ ទីក្រុងទាំងនោះនឹងបានសម្រាប់ជាទីពំនាក់ដល់ឯងរាល់គ្នា ឲ្យបានរួចពីអ្នកដែលសងសឹកនឹងឈាម
4 អ្នកនោះត្រូវរត់ទៅឯទីក្រុងណាមួយនោះ ហើយឈរនៅមាត់ទ្វារក្រុង ប្រកាសប្រាប់ពីរឿងខ្លួនឲ្យពួកចាស់ទុំក្រុងនោះស្តាប់ រួចគេនឹងទទួលអ្នកនោះមកក្នុងក្រុង ព្រមទាំងឲ្យមានកន្លែងនៅជាមួយផង
5 បើអ្នកសងសឹកនឹងឈាមដេញតាមមក នោះពួកចាស់ទុំនៃក្រុងនោះមិនត្រូវប្រគល់អ្នកដែលបានសម្លាប់គេ ទៅក្នុងកណ្តាប់ដៃរបស់អ្នកនោះឡើយ ពីព្រោះបានវាយអ្នកជិតខាងខ្លួនដោយឥតដឹងទេ ក៏មិនបានស្អប់គេពីដើមមកដែរ
6 រួចអ្នកនោះនឹងនៅក្នុងក្រុងពំនាក់ ដរាបដល់បានឈរនៅមុខពួកជំនុំឲ្យជំនុំជម្រះខ្លួន គឺដល់សម្ដេចសង្ឃដែលមាននៅគ្រានោះបានសុគតទៅ នោះទើបអ្នកដែលបានសម្លាប់គេនឹងត្រឡប់មកនៅក្នុងផ្ទះក្នុងស្រុករបស់ខ្លួន គឺជាកន្លែងដែលបានរត់ចោលនោះវិញបាន។
7 ដូច្នេះ គេក៏តាំងក្រុងកេដេស ក្នុងស្រុកភ្នំ របស់ខែត្រណែបថាលី នៅស្រុកកាលីឡេ១ ក្រុងស៊ីគែម នៅស្រុកភ្នំខែត្រអេប្រាអិម១ ក្រុងគារយ៉ាត់-អើបា គឺក្រុងហេប្រុននៅស្រុកភ្នំខែត្រយូដា១
8 ហើយខាងនាយទន្លេយ័រដាន់ គឺខាងកើតក្រុងយេរីខូ គេក៏តាំងក្រុងបេស៊ើរ ក្នុងទីរហោស្ថាន នៅស្រុកវាល ខែត្រពូជអំបូររូបេន១ និងក្រុងរ៉ាម៉ូតនៅស្រុកកាឡាត ក្នុងខែត្រពូជអំបូរកាឌ់១ ហើយនិងក្រុងកូឡាន នៅស្រុកបាសាន ក្នុងខែត្រនៃពូជអំបូរម៉ាន៉ាសេ១
9 នេះហើយជាទីក្រុងទាំងអម្បាលម៉ាន ដែលបានតាំងឡើងសម្រាប់ដល់ពួកកូនចៅអ៊ីស្រាអែល និងពួកអ្នកប្រទេសក្រៅដែលស្នាក់នៅជាមួយនឹងគេ ដើម្បីឲ្យអ្នកណាដែលសម្លាប់គេ មិនប្រកបដោយចិត្តប៉ង បានរត់ទៅជ្រកអាស្រ័យនៅទីនោះ ឥតស្លាប់ដោយដៃនៃអ្នកដែលសងសឹកនឹងឈាម ទាល់តែបានឈរនៅមុខពួកជំនុំឲ្យជំនុំជម្រះហើយ។