យ៉ូស្វេ

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24


ជំពូក 1

រីឯ​ក្រោយ​ដែល​ម៉ូសេ​ជា​អ្នក​បម្រើ​របស់​ព្រះ‌យេហូវ៉ា​បាន​ស្លាប់​ទៅ នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​យ៉ូស្វេ​កូន​នុន ជា​អ្នក​ជំនិត​របស់​លោក​ថា
2 ម៉ូសេ​ជា​អ្នក​បម្រើ​អញ បាន​ស្លាប់​ទៅ​ហើយ ដូច្នេះ ចូរ​រៀប‌ចំ​ឆ្លង​ទន្លេ​យ័រដាន់​ឥឡូវ​នេះ​ចុះ ព្រម​ទាំង​បណ្តា​មនុស្ស​ទាំង​នេះ​ផង ហើយ​ចូល​ទៅ​ក្នុង​ស្រុក​ដែល​អញ​ឲ្យ​ដល់​គេ គឺ​ដល់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល
3 អស់​ទាំង​ទី​កន្លែង​ណា​ដែល​ឯង​ដាក់​ជើង​ជាន់ នោះ​អញ​នឹង​ឲ្យ​ដល់​ឯង​រាល់​គ្នា ដូច​ជា​អញ​បាន​ប្រាប់​ម៉ូសេ​ហើយ
4 ឯ​ព្រំ​ប្រទល់​របស់​ឯង​រាល់​គ្នា នោះ​ត្រូវ​ចាប់​តាំង​ពី​ទី​រហោ‌ស្ថាន និង​ភ្នំ​ល្បាណូន​នេះ រហូត​ដល់​ទន្លេ​ធំ គឺ​ជា​ទន្លេ​អ៊ើប្រាត ជា​ស្រុក​របស់​សាសន៍​ហេត​ទាំង​មូល ហើយ​ទៅ​ដល់​សមុទ្រ​ធំ នៅ​ទិស​ខាង​លិច​ដែរ
5 នឹង​គ្មាន​អ្នក​ណា​អាច​ឈរ​នៅ​មុខ​ឯង នៅ​គ្រប់​១​ជីវិត​ឯង​បាន​ឡើយ អញ​នឹង​នៅ​ជា​មួយ​នឹង​ឯង ដូច​ជា​បាន​នៅ​ជា​មួយ​នឹង​ម៉ូសេ​ដែរ អញ​មិន​ដែល​ខាន​នឹង​ប្រោស​ឯង ក៏​មិន​ដែល​បោះ‌បង់​ចោល​ឯង​ឡើយ
6 ចូរ​ឲ្យ​មាន​កម្លាំង និង​ចិត្ត​ក្លាហាន​ចុះ ដ្បិត​ឯង​នឹង​នាំ​ឲ្យ​បណ្តា‌ជន​នេះ​បាន​គ្រង​ស្រុក ដែល​អញ​បាន​ស្បថ​ថា នឹង​ឲ្យ​ដល់​ពួក​អយ្យកោ​គេ
7 ឲ្យ​ឯង​គ្រាន់​តែ​មាន​កម្លាំង និង​ចិត្ត​ក្លាហាន​ប៉ុណ្ណោះ ដើម្បី​នឹង​កាន់ ហើយ​ប្រព្រឹត្ត​តាម​ក្រឹត្យ‌វិន័យ​គ្រប់​Chapter ដែល​ម៉ូសេ​ជា​អ្នក​បម្រើ​អញ បាន​បង្គាប់​មក កុំ​ឲ្យ​ងាក​បែរ​ចេញ​ទៅ​ខាង​ស្តាំ ឬ​ខាង​ឆ្វេង​ឡើយ ប្រយោជន៍​ឲ្យ​ឯង​បាន​កើត​ការ​នៅ​កន្លែង​ណា​ដែល​ឯង​ទៅ​នោះ
8 កុំ​ឲ្យ​គម្ពីរ​ក្រឹត្យ‌វិន័យ​នេះ​ភ្លេច​បាត់​ពី​មាត់​ឯង​ឡើយ គឺ​ត្រូវ​ឲ្យ​នឹក‌ជញ្ជឹង​ទាំង​យប់​ទាំង​ថ្ងៃ​វិញ ដើម្បី​ឲ្យ​បាន​កាន់ ហើយ​ប្រព្រឹត្ត​តាម​អស់​ទាំង​សេចក្ដី ដែល​កត់​ទុក​ក្នុង​គម្ពីរ​នេះ​ឯង ដ្បិត​គឺ​យ៉ាង​នោះ​ដែល​ឯង​នឹង​បាន​កើត​ការ​នៅ​គ្រប់​ទាំង​ផ្លូវ​ឯង ហើយ​និង​បាន​ចម្រើន​ឡើង​ផង
9 តើ​អញ​មិន​បាន​បង្គាប់​ឯង​ទេ​ឬ​អី ដូច្នេះ ចូរ​ឲ្យ​មាន​កម្លាំង និង​ចិត្ត​ក្លាហាន​ចុះ កុំ​ឲ្យ​ខ្លាច​ឡើយ ក៏​កុំ​ឲ្យ​ស្រយុត​ចិត្ត​ផង ដ្បិត​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​គង់​ជា​មួយ​នៅ​កន្លែង​ណា ដែល​ឯង​ទៅ​ផង។
10 នោះ​យ៉ូស្វេ​ក៏​បង្គាប់​ដល់​ពួក​អ្នក ដែល​ជា​នាយក​លើ​បណ្តា‌ជន​ថា
11 ចូរ​ទៅ​ឯ​កណ្តាល​ទី​ដំឡើង​ត្រសាល​ប្រកាស​ប្រាប់​បណ្តា‌ជន​ទាំង‌ឡាយ​ថា ចូរ​ឲ្យ​ត្រៀម​ស្បៀង​អាហារ​ទៅ ដ្បិត​នៅ​៣​ថ្ងៃ​ទៀត​នឹង​ត្រូវ​ឆ្លង​ទន្លេ​យ័រដាន់​នេះ ចូល​ទៅ​ចាប់​យក​ស្រុក ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​ប្រទាន​ឲ្យ​ហើយ។
12 យ៉ូស្វេ​ក៏​ប្រាប់​ដល់​ពួក​រូបេន ពួក​កាឌ់ និង​ពូជ​អំបូរ​ម៉ាន៉ាសេ​១​ចំហៀង​ថា
13 ចូរ​នឹក​ចាំ​ពី​ពាក្យ​ដែល​លោក​ម៉ូសេ ជា​អ្នក​បម្រើ​របស់​ព្រះ‌យេហូវ៉ា បាន​បង្គាប់​មក​ឯង​រាល់​គ្នា​ថា គឺ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ដែល​ប្រទាន​ឲ្យ​ឯង​ឈប់​សម្រាក ទ្រង់​នឹង​ប្រទាន​ស្រុក​នេះ​ដល់​ឯង​ដែរ
14 ឯ​ប្រពន្ធ​កូន​របស់​ឯង​រាល់​គ្នា និង​ហ្វូង​សត្វ​ទាំង​ប៉ុន្មាន នោះ​ត្រូវ​នៅ​ក្នុង​ស្រុក​នេះ ដែល​លោក​ម៉ូសេ​បាន​ឲ្យ​ដល់​ឯង​ហើយ គឺ​ខាង​កើត​ទន្លេ​យ័រដាន់​នេះ​ចុះ តែ​ឯ​ឯង​រាល់​គ្នា​ដែល​ជា​មនុស្ស​ខ្លាំង​ពូកែ​ស្ទាត់​ជំនាញ ត្រូវ​ឲ្យ​ឆ្លង​នាំ​មុខ​ពួក​បង​ប្អូន​ឯង​ទៅ​ទាំង​ពាក់​គ្រឿង​សស្ត្រា‌វុធ ដើម្បី​នឹង​ជួយ​បង​ប្អូន​ឯង
15 ទាល់​តែ​ព្រះ‌យេហូវ៉ា​បាន​ប្រទាន​ឲ្យ​គេ​ឈប់​សម្រាក ដូច​ជា​ឯង​ដែរ ហើយ​គេ​បាន​ចាប់​យក​ស្រុក​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​ប្រទាន​ឲ្យ រួច​សឹម​ឯង​រាល់​គ្នា​ត្រឡប់​មក​នៅ​ក្នុង​ស្រុក​ដែល​ជា​កេរ‌អាករ​របស់​ឯង​វិញ ដើម្បី​នឹង​ចាប់​យក​ស្រុក​ដែល​លោក​ម៉ូសេ ជា​អ្នក​បម្រើ​របស់​ព្រះ‌យេហូវ៉ា បាន​ឲ្យ​មក​ឯង នៅ​ត្រើយ​ទន្លេ​យ័រដាន់​ខាង​កើត​នេះ
16 គេ​ក៏​ឆ្លើយ​តប​ទៅ​យ៉ូស្វេ​វិញ​ថា យើង​រាល់​គ្នា​នឹង​ធ្វើ​តាម​គ្រប់​ទាំង​សេចក្ដី ដែល​លោក​បង្គាប់​មក​យើង ហើយ​និង​ទៅ​ឯ​កន្លែង​ណា ដែល​លោក​ចាត់​ឲ្យ​យើង​ទៅ​ផង
17 យើង​រាល់​គ្នា​នឹង​ស្តាប់​តាម​លោក​ក្នុង​គ្រប់​ការ​ទាំង​អស់ ដូច​ជា​បាន​ស្តាប់​ម៉ូសេ​ដែរ ឲ្យ​តែ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​លោក បាន​គង់​ជា​មួយ​នឹង​លោក ដូច​ជា​ទ្រង់​បាន​គង់​ជា​មួយ​នឹង​លោក​ម៉ូសេ​ចុះ
18 ឯ​អ្នក​ណា​ដែល​ហ៊ាន​ទាស់​ទទឹង​នឹង​បង្គាប់​លោក ហើយ​មិន​ព្រម​ស្តាប់​តាម​អស់​ទាំង​ពាក្យ​ដែល​លោក​បង្គាប់​មក នោះ​នឹង​ត្រូវ​មាន​ទោស​ដល់​ស្លាប់ ឲ្យ​តែ​លោក​មាន​កម្លាំង​ហើយ​ចិត្ត​ក្លាហាន​ចុះ។