យ៉ូស្វេ
ជំពូក 17
នេះជាចំណែកដែលគេបានចែកដល់ពូជអំបូរម៉ាន៉ាសេ ដ្បិតគាត់ជាកូនច្បងរបស់យ៉ូសែប ឯម៉ាគារជាកូនច្បងរបស់ម៉ាន៉ាសេ ហើយជាឪពុករបស់កាឡាត គាត់បានស្រុកកាឡាត និងស្រុកបាសាន ដោយព្រោះគាត់ជាអ្នកថ្នឹកច្បាំង
2 រីឯចំណែកដែលបានចែកឲ្យពួកកូនចៅម៉ាន៉ាសេឯទៀត តាមគ្រួគេទាំងប៉ុន្មាន នោះគឺចែកឲ្យពួកកូនចៅអ័បៀស៊ើរ ពួកកូនចៅហេលេក ពួកកូនចៅអាសរាល ពួកកូនចៅស៊ីគែម ពួកកូនចៅហេភើរ និងពួកកូនចៅសេមីដា នោះសុទ្ធតែជាកូនចៅប្រុសៗរបស់ម៉ាន៉ាសេ ដែលជាកូនយ៉ូសែប តាមជំនួរវង្ស
3 ឯស្លូផិហាតជាកូនហេភើរ ដែលហេភើរជាកូនកាឡាតៗជាកូនម៉ាគារ ម៉ាគារជាកូនម៉ាន៉ាសេ គាត់គ្មានកូនប្រុសទេ មានសុទ្ធតែកូនស្រីទាំងអស់ ឈ្មោះរបស់កូនស្រីទាំងប៉ុន្មាននោះ គឺម័សឡា១ ណូហា១ ហុកឡា១ មីលកា១ និងធើសា១
4 នាងទាំងនោះក៏មកឯអេលាសារដ៏ជាសង្ឃ និងយ៉ូស្វេជាកូននុន ហើយនិងពួកអ្នកជាកំពូលទាំងប៉ុន្មានជម្រាបថា ព្រះយេហូវ៉ាទ្រង់បានបង្គាប់ដល់លោកម៉ូសេ ឲ្យចែកមរដកមកយើងខ្ញុំ នៅកណ្តាលពួកបងប្អូនយើងខ្ញុំដែរ ដូច្នេះ លោកក៏ចែកមរដកឲ្យគេ គឺនៅកណ្តាលពួកបងប្អូនឪពុកគេ តាមបង្គាប់ព្រះយេហូវ៉ា
5 មាន១០ចំណែកដែលត្រូវបានដល់ពួកម៉ាន៉ាសេ ក្រៅពីស្រុកកាឡាត និងស្រុកបាសាន ដែលនៅខាងនាយទន្លេយ័រដាន់
6 ពីព្រោះកូនចៅស្រីរបស់ម៉ាន៉ាសេនោះ បានទទួលមរដកនៅកណ្តាលពួកកូនចៅប្រុសៗដែរ ហើយស្រុកកាឡាតបានចែកដល់ពួកកូនចៅប្រុសរបស់ម៉ាន៉ាសេឯទៀតនោះហើយ។
7 ឯព្រំដែនរបស់ម៉ាន៉ាសេ នោះចាប់តាំងពីអេស៊ើរទៅដល់មីកមេថា ដែលនៅប្រទល់មុខក្រុងស៊ីគែម រួចបណ្តោយទៅខាងស្តាំ រហូតដល់ពួកអ្នកនៅស្រុកអេន-តាពួរ
8 ស្រុកតាពួរនោះជារបស់ផងពួកម៉ាន៉ាសេ តែក្រុងតាពួរ ដែលនៅព្រំស្រុកម៉ាន៉ាសេ ជារបស់ផងពួកកូនចៅអេប្រាអិមវិញ
9 ព្រំនោះក៏ចុះទៅដល់ស្ទឹងខាណា រួចទៅតាមខាងត្បូងស្ទឹងនោះ ទីក្រុងទាំងនោះដែលនៅក្នុងព្រំរបស់ម៉ាន៉ាសេ ជារបស់ផងពួកអេប្រាអិម តែព្រំស្រុកម៉ាន៉ាសេ គឺនៅខាងជើងស្ទឹងនោះវិញ រួចក៏ចុះទៅផុតត្រឹមសមុទ្រ
10 ឯស្រុកខាងត្បូងជារបស់ផងអេប្រាអិម ហើយខាងជើងជារបស់ផងម៉ាន៉ាសេ មានសមុទ្រជាខាងចុងស្រុក ស្រុកគេក៏រហូតដល់អេស៊ើរខាងជើង ហើយរហូតដល់អ៊ីសាខារខាងកើត
11 ហើយពួកម៉ាន៉ាសេក៏មានទីក្រុងនៅក្នុងស្រុកអ៊ីសាខារ និងស្រុកអេស៊ើរដែរ គឺក្រុងបេត-សៀន និងតំបន់ជុំវិញ ក្រុងយីបលាម និងតំបន់ជុំវិញ ព្រមទាំងពួកអ្នកនៅក្រុងដោរ និងតំបន់ជុំវិញ ពួកអ្នកនៅក្រុងអេន-ដោរ និងតំបន់ជុំវិញ ពួកអ្នកនៅក្រុងត្អាណាក និងតំបន់ជុំវិញ និងពួកអ្នកនៅក្រុងមេគីដោ និងតំបន់ជុំវិញ គឺអស់៣ស្រុក
12 ប៉ុន្តែ ពួកកូនចៅម៉ាន៉ាសេពុំអាចនឹងបណ្តេញពួកសាសន៍កាណាន ដែលនៅទីក្រុងទាំងនោះចេញបានទេ គឺគេផ្តាច់ចិត្តនឹងនៅជាប់ក្នុងស្រុកនោះវិញ
13 តែកាលពួកកូនចៅអ៊ីស្រាអែលបានមានកម្លាំងឡើង នោះក៏បង្ខំឲ្យពួកសាសន៍កាណាននោះធ្វើការបម្រើខ្លួន ឥតបានបណ្តេញគេអស់រលីងទេ។
14 ពួកកូនចៅយ៉ូសែបក៏សួរយ៉ូស្វេថា ហេតុអ្វីបានជាលោកឲ្យយើងខ្ញុំចាប់ឆ្នោត មានចំណែកតែ១ទុកជាមរដកដូច្នេះ ដ្បិតយើងខ្ញុំជាពួកធំណាស់ដែរ ដោយព្រោះព្រះយេហូវ៉ាបានប្រទានពរមកយើងខ្ញុំ តាំងពីដើមរៀងមក
15 រួចយ៉ូស្វេឆ្លើយតបថា បើឯងជាពួកធំមែន ហើយបើស្រុកភ្នំអេប្រាអិមនោះចង្អៀតពេកដល់ឯង នោះចូរឡើងទៅឯព្រៃរបស់សាសន៍ពេរិស៊ីត និងសាសន៍រេផែម កាប់ឆ្កាកន្លែងសម្រាប់ឯងចុះ
16 តែពួកកូនចៅយ៉ូសែបប្រកែកថា ស្រុកភ្នំនេះមិនគ្រាន់ឲ្យយើងខ្ញុំនៅទេមែន ប៉ុន្តែ ពួកសាសន៍កាណានទាំងអស់ដែលនៅស្រុកវាល គេមានសុទ្ធតែរទេះដែរ ទោះទាំងពួកដែលនៅក្រុងបេត-សៀន ព្រមទាំងតំបន់នៅជុំវិញ និងពួកដែលនៅវាលច្រកភ្នំយេសរាលផង
17 នោះយ៉ូស្វេក៏និយាយទៅពួកវង្សយ៉ូសែប គឺនឹងពួកអេប្រាអិម ហើយនិងពួកម៉ាន៉ាសេថា ឯងជាពួកធំពិត ហើយក៏មានកម្លាំងសន្ធឹកណាស់ដែរ មិនត្រូវឲ្យឯងមានចំណែកតែ១ដូច្នេះទេ
18 ប៉ុន្តែ ស្រុកភ្នំនោះជារបស់ផងឯងហើយ ទោះបើសុទ្ធតែព្រៃក៏ដោយ គង់តែឯងនឹងកាប់ឆ្កាបាន ហើយឯងនឹងបានផលទាំងប៉ុន្មានពីព្រៃនោះផង ដ្បិតទោះបើពួកសាសន៍កាណានមានរទេះដែក និងកម្លាំងក៏ដោយ គង់តែឯងនឹងអាចបណ្តេញគេចេញបាន។