យ៉ូស្វេ

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24


ជំពូក 2

យ៉ូស្វេ ជា​កូន​នុន លោក​ចាត់​អ្នក​ស៊ើប​ការ​សម្ងាត់​២​នាក់ ឲ្យ​ចេញ​ពី​ស៊ីទីម​ទៅ ដោយ​ប្រាប់​ថា ចូរ​ទៅ​សង្កេត​មើល​ស្រុក​នោះ និង​ក្រុង​យេរីខូ​ផង គេ​ក៏​ចេញ​ទៅ ហើយ​ចូល​ទៅ​ស្នាក់​នៅ​ក្នុង​ផ្ទះ​របស់​ស្រី​សំផឹង​ម្នាក់ ឈ្មោះ​រ៉ាហាប
2 ខណៈ​នោះ មាន​គេ​ទូល​ដល់​ស្តេច​ក្រុង​យេរីខូ​ថា មើល នៅ​យប់​នេះ មាន​មនុស្ស​សាសន៍​អ៊ីស្រា‌អែល​ខ្លះ​បាន​ចូល​មក ដើម្បី​នឹង​សង្កេត​មើល​ស្រុក​នេះ
3 នោះ​ស្តេច​ក្រុង​យេរីខូ​ក៏​ចាត់​គេ​ឲ្យ​ទៅ​បង្គាប់​រ៉ាហាប​ថា ចូរ​នាំ​មនុស្ស​ដែល​ចូល​មក​ស្នាក់​នៅ​ផ្ទះ​ឯង​នោះ​ចេញ​មក ដ្បិត​គេ​បាន​មក ដើម្បី​នឹង​ដើរ​សង្កេត​មើល​ពេញ​ក្នុង​ស្រុក​នេះ
4 តែ​នាង​បាន​នាំ​យក​មនុស្ស​២​នាក់​នោះ​ទៅ​លាក់​ទុក រួច​ប្រាប់​ថា មាន​មនុស្ស​មក​ឯ​ខ្ញុំ​មែន តែ​ខ្ញុំ​ឥត​បាន​ដឹង​ជា​មក​ពី​ណា​ទេ
5 លុះ​ជិត​ដល់​ពេល​បិទ​ទ្វារ​ក្រុង កាល​ងងឹត​ហើយ នោះ​ស្រាប់​តែ​គេ​ចេញ​បាត់​ទៅ ខ្ញុំ​ឥត​បាន​ដឹង​ជា​គេ​ទៅ​ឯ​ណា​ទេ ដូច្នេះ ចូរ​ដេញ​តាម​គេ​ជា​ប្រញាប់​ទៅ ដ្បិត​មុខ​ជា​នឹង​តាម​គេ​ទាន់
6 តែ​នាង​បាន​នាំ​យក​អ្នក​ទាំង​២​នោះ​ឡើង​ទៅ​ឯ​លើ​ដំបូល​ផ្ទះ​វិញ ហើយ​លាក់​ទុក​នៅ​ក្នុង​គំនរ​ដើម​ខ្លូត‌ទេស ដែល​នាង​បាន​បញ្ឈរ​នៅ​លើ​ដំបូល​នោះ
7 ដូច្នេះ គេ​ក៏​ដេញ​តាម​រក​អ្នក​ទាំង​២​តាម​ផ្លូវ​ទៅ​ឯ​ទន្លេ​យ័រដាន់ រហូត​ដល់​កន្លែង​ឆ្លង កាល​ពួក​អ្នក​ដែល​ដេញ​តាម បាន​ចេញ​ទៅ​ផុត​ហើយ នោះ​ក៏​បិទ​ទ្វារ​ក្រុង។
8 រួច​កាល​អ្នក​ទាំង​២​មិន​ទាន់​ដេក​នៅ​ឡើយ នោះ​នាង​ក៏​ឡើង​ទៅ​ឯ​គេ​នៅ​លើ​ដំបូល
9 និយាយ​ថា ខ្ញុំ​ដឹង​ថា​ព្រះ‌យេហូវ៉ា​បាន​ប្រទាន​ស្រុក​នេះ​ដល់​អ្នក​រាល់​គ្នា​ហើយ ១​ទៀត​សេចក្ដី​ស្ញែង‌ខ្លាច​របស់​អ្នក​រាល់​គ្នា បាន​ធ្លាក់​មក​លើ​យើង​ដែរ ឯ​អ្នក​ស្រុក​ទាំង​ប៉ុន្មាន គេ​នឹង​រលាយ​បាត់​ចេញ​ពី​មុខ​អ្នក​រាល់​គ្នា​ទៅ
10 ដ្បិត​យើង​បាន​ឮ​ពី​ការ​ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​ធ្វើ​ឲ្យ​ទឹក​សមុទ្រ​ក្រហម​រីង​ទៅ នៅ​មុខ​អ្នក​រាល់​គ្នា ក្នុង​កាល​ដែល​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក ហើយ​ពី​ការ​ដែល​អ្នក​រាល់​គ្នា​បាន​ធ្វើ ដល់​ស្តេច​សាសន៍​អាម៉ូរី​ទាំង​២​អង្គ នៅ​ខាង​នាយ​ទន្លេ​យ័រដាន់​នោះ​ដែរ គឺ​ដល់​ស៊ីហុន ហើយ​និង​អុក ដែល​អ្នក​រាល់​គ្នា​បាន​បំផ្លាញ​អស់​រលីង​ទៅ
11 កាល​យើង​ខ្ញុំ​បាន​ឮ នោះ​ចិត្ត​យើង​ខ្ញុំ​បាន​រលត់​ទៅ​ភ្លាម គ្មាន​វិញ្ញាណ​នៅ​ក្នុង​មនុស្ស​ណា​ទៀត​សោះ ដោយ​ព្រោះ​អ្នក​រាល់​គ្នា ដ្បិត​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា ទ្រង់​ជា​ព្រះ​លើ​ស្ថាន​សួគ៌ ហើយ​ជា​ព្រះ​លើ​ផែនដី​ផង
12 ដូច្នេះ ខ្ញុំ​សូម​អង្វរ​អ្នក សូម​ស្បថ​នឹង​ខ្ញុំ​ឥឡូវ ដោយ​នូវ​ព្រះ‌យេហូវ៉ា​ថា អ្នក​រាល់​គ្នា​នឹង​អាណិត​មេត្តា​ដល់​ពួក​គ្រួ​ឪពុក​ខ្ញុំ ដូច​ជា​ខ្ញុំ​បាន​អាណិត​មេត្តា​ដល់​អ្នក​ដែរ សូម​ប្រាប់​ទី​សម្គាល់​ដ៏​ប្រាកដ​ច្បាស់​មក​ខ្ញុំ​ផង
13 ឲ្យ​ខ្ញុំ​ដឹង​ថា អ្នក​រាល់​គ្នា​នឹង​ទុក​ជីវិត​ដល់​ឪពុក​ម្តាយ និង​បង​ប្អូន​របស់​ខ្ញុំ ព្រម​ទាំង​វង្សា​គាត់​ដែរ ដោយ​ជួយ​ដោះ​យើង​ខ្ញុំ​ឲ្យ​រួច​ពី​ស្លាប់
14 រួច​អ្នក​ទាំង​២​នាក់​នោះ​ក៏​ឆ្លើយ​ទៅ​នាង​ថា បើ​នាង​មិន​បំបែក​ការ​ពី​រឿង​យើង​នេះ នោះ​យើង​នឹង​ប្តូរ​ជីវិត​ជំនួស​នាង ហើយ​កាល​ណា​ព្រះ‌យេហូវ៉ា​ទ្រង់​ប្រទាន​ស្រុក​នេះ​ដល់​យើង នោះ​យើង​នឹង​ប្រព្រឹត្ត​នឹង​នាង ដោយ​សប្បុរស​ទៀង​ត្រង់។
15 នាង​ក៏​សម្រូត​គេ​ដោយ​ខ្សែ​ចុះ​តាម​បង្អួច​ទៅ ដ្បិត​ផ្ទះ​នាង​ជាប់​នឹង​កំផែង​ទី​ក្រុង ហើយ​នាង​នៅ​ចំ​ពី​លើ​កំផែង​នោះ
16 ដោយ​ប្រាប់​ថា ចូរ​អ្នក​កាត់​តម្រង់​ទៅ​ឯ​ភ្នំ​សិន​ទៅ ក្រែង​ពួក​អ្នក​ដែល​ដេញ​តាម គេ​ជួប​ប្រទះ​នឹង​អ្នក ត្រូវ​ឲ្យ​ពួន​នៅ​ទី​នោះ​គ្រប់​៣​ថ្ងៃ ដរាប​ដល់​គេ​ត្រឡប់​មក​វិញ រួច​សឹម​ទៅ​តាម​ផ្លូវ​របស់​អ្នក​ចុះ
17 អ្នក​ទាំង​២​ក៏​ប្រាប់​នាង​ថា យើង​នឹង​បាន​រួច​ពី​សេចក្ដី​សម្បថ​នេះ ដែល​នាង​បាន​ចាប់​ឲ្យ​យើង​ស្បថ​ហើយ
18 គឺ​កាល​ណា​យើង​ចូល​មក​ក្នុង​ស្រុក​នេះ នោះ​នាង​ត្រូវ​ចង​ខ្សែ​ក្រហម​នេះ​នៅ​ត្រង់​បង្អួច ដែល​នាង​បាន​សម្រូត​យើង​ចុះ​មក​នេះ ហើយ​ត្រូវ​ប្រមូល​ឪពុក​ម្តាយ និង​បង​ប្អូន​នាង ព្រម​ទាំង​ពួក​គ្រួ​ឪពុក​នាង​ទាំង​អស់​មក​នៅ​ជា​មួយ​គ្នា
19 បើ​មាន​អ្នក​ណា​មួយ​ចេញ​ទៅ​ក្រៅ​ទ្វារ​ផ្ទះ​នាង នោះ​ឈាម​របស់​គេ​នឹង​នៅ​តែ​លើ​ក្បាល​គេ​វិញ ឯ​យើង​គ្មាន​ទោស​ទេ តែ​អ្នក​ណា​នៅ​ក្នុង​ផ្ទះ​ជា​មួយ​នឹង​នាង បើសិន​ជា​មាន​អ្នក​ណា​ពាល់​គេ នោះ​ឈាម​គេ​នឹង​ធ្លាក់​មក​លើ​យើង​វិញ
20 ម្យ៉ាង​ទៀត​បើ​នាង​បំបែក​ការ​នេះ​ពី​រឿង​យើង នោះ​យើង​ក៏​រួច​ពី​សម្បថ​នេះ​ដែរ
21 នាង​ឆ្លើយ​តប​ថា សូម​សម្រេច​ដូច​ជា​ពាក្យ​អ្នក​ចុះ ដូច្នេះ នាង​ក៏​ឲ្យ​គេ​ទៅ ហើយ​គេ​ចេញ​បាត់​ទៅ រួច​នាង​ចង​ខ្សែ​ក្រហម​នោះ​នៅ​ជាប់​នឹង​បង្អួច។
22 អ្នក​ទាំង​២​ក៏​ចេញ​ទៅ​ដល់​ភ្នំ ហើយ​ស្នាក់​នៅ​ទី​នោះ​អស់​៣​ថ្ងៃ កំពុង​ដែល​ពួក​អ្នក​ដេញ​តាម បាន​ពិនិត្យ​រក​គ្រប់​សព្វ​តាម​ផ្លូវ​ឥត​មាន​ឃើញ​សោះ ហើយ​បាន​ត្រឡប់​វិល​ទៅ​វិញ
23 នោះ​ទើប​អ្នក​ទាំង​២​បែរ​ចុះ​ពី​ភ្នំ​ឆ្លង​ទៅ​ដល់​យ៉ូស្វេ ជា​កូន​នុន ទៅ​រៀប‌រាប់​ប្រាប់​ពី​គ្រប់​ការ​ដែល​បាន​កើត​មក​ដល់​គេ
24 គេ​ជម្រាប​យ៉ូស្វេ​ថា ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ប្រគល់​ស្រុក​នោះ​ទាំង​មូល មក​ក្នុង​កណ្តាប់​ដៃ​យើង​ហើយ ពួក​អ្នក​ស្រុក​នោះ​ទាំង​ប៉ុន្មាន គេ​កំពុង​តែ​រលាយ​ចេញ​ពី​មុខ​យើង​រាល់​គ្នា​ទៅ។