យ៉ូស្វេ
ជំពូក 12
រីឯពួកស្តេចទាំងប៉ុន្មាននៅស្រុកនោះ ដែលពួកកូនចៅអ៊ីស្រាអែលបានវាយ ហើយចាប់យកស្រុកគេនៅត្រើយនាយទន្លេយ័រដាន់ទិសខាងកើត ចាប់តាំងពីស្ទឹងអើណូនទៅដល់ភ្នំហ៊ើម៉ូន និងស្រុកវាលទាំងអស់នៅខាងកើតនោះ
2 គឺស៊ីហុនជាស្តេចសាសន៍អាម៉ូរី នៅក្រុងហែសបូន ដែលសោយរាជ្យលើស្រុកកាឡាត១ចំហៀង ចាប់តាំងពីក្រុងអារ៉ូអ៊ើរ នៅក្បែរមាត់ស្ទឹងអើណូន គឺពីកណ្តាលស្ទឹងនោះ រហូតដល់ស្ទឹងយ៉ាបុក ជាព្រំស្រុកពួកកូនចៅអាំម៉ូន
3 និងស្រុកវាលរហូតដល់ខាងកើតសមុទ្រគេនេសារ៉ែត ហើយទៅដល់ខាងកើតសមុទ្រនៅវាល គឺជាសមុទ្រអំបិលតាមផ្លូវទៅឯបេត-យេស៊ីម៉ូត ហើយនៅខាងត្បូងនោះត្រង់ជើងភ្នំពីសកា
4 និងអុក ជាស្តេចស្រុកបាសាន ជាម្នាក់ក្នុងពួកដែលសល់ពីសាសន៍រេផែម នៅក្រុងអាសថារ៉ូត និងក្រុងអេទ្រី
5 ដែលសោយរាជ្យលើស្រុកភ្នំហ៊ើម៉ូន និងក្រុងសាលកា ហើយនៅស្រុកបាសានទាំងមូល រហូតដល់ព្រំស្រុករបស់សាសន៍កេស៊ូរី និងសាសន៍ម៉ាកាធី ហើយលើស្រុកកាឡាត១ចំហៀងដែរ ទល់នឹងព្រំស្រុករបស់ស៊ីហុន ជាស្តេចក្រុងហែសបូន
6 គឺលោកម៉ូសេជាអ្នកបម្រើរបស់ព្រះយេហូវ៉ា និងពួកកូនចៅអ៊ីស្រាអែល បានវាយយកស្រុកទាំងនោះ ហើយលោកក៏ចែកស្រុកទាំងនោះដល់ពួករូបេន ពួកកាឌ់ និងពូជអំបូរម៉ាន៉ាសេ១ចំហៀង ទុកជាកេរអាកររបស់គេ។
7 ឯពួកស្តេចទាំងប៉ុន្មាននៅក្នុងស្រុកដែលយ៉ូស្វេ និងពួកកូនចៅអ៊ីស្រាអែលបានវាយ ចាប់យកនៅត្រើយទន្លេយ័រដាន់ខាងលិច ចាប់តាំងពីបាល-កាឌ់ នៅវាលច្រកភ្នំល្បាណូន រហូតដល់ភ្នំហាឡាកត្រង់កន្លែងឡើងទៅឯភ្នំសៀរ (ស្រុកនោះយ៉ូស្វេក៏ចែកដល់ពូជអំបូរសាសន៍អ៊ីស្រាអែល ទុកជាកេរអាករតាមពួកគេ
8 គឺស្រុកភ្នំ ស្រុកទំនាប ស្រុកវាល ស្រុកជម្រាល ទីរហោស្ថាន និងស្រុកត្បូង ជាស្រុករបស់សាសន៍ហេត សាសន៍អាម៉ូរី សាសន៍កាណាន សាសន៍ពេរិស៊ីត សាសន៍ហេវី និងសាសន៍យេប៊ូស)
9 នោះគឺស្តេចក្រុងយេរីខូ១ ស្តេចក្រុងអៃយដែលនៅជិតបេត-អែល១
10 ស្តេចក្រុងយេរូសាឡឹម១ ស្តេចក្រុងហេប្រុន១
11 ស្តេចក្រុងយ៉ារមុត១ ស្តេចក្រុងឡាគីស១
12 ស្តេចក្រុងអេក្លុន១ ស្តេចក្រុងកេស៊ើរ១
13 ស្តេចក្រុងដេបៀរ១ ស្តេចក្រុងកេឌើរ១
14 ស្តេចក្រុងហោរម៉ា១ ស្តេចក្រុងអើរ៉ាត១
15 ស្តេចក្រុងលិបណា១ ស្តេចក្រុងអាឌូឡាម១
16 ស្តេចក្រុងម៉ាកេដា១ ស្តេចក្រុងបេត-អែល១
17 ស្តេចក្រុងតាពួរ១ ស្តេចក្រុងហេភើរ១
18 ស្តេចក្រុងអាផែក១ ស្តេចក្រុងឡាសារ៉ុន១
19 ស្តេចក្រុងម៉ាដូន១ ស្តេចក្រុងហាសោរ១
20 ស្តេចក្រុងស៊ីមរ៉ុន-មេរ៉ុន១ ស្តេចក្រុងអាកសាប១
21 ស្តេចក្រុងតាអាណាក់១ ស្តេចក្រុងមេគីដោ១
22 ស្តេចក្រុងកេដេស១ ស្តេចក្រុងយ៉ុកនាម នៅស្រុកកើមែល១
23 ស្តេចក្រុងដោរ ដែលនៅត្រង់ទីទំនួលរបស់ក្រុងដោរ១ ស្តេចក្រុងកូយីម ដែលនៅគីលកាល១
24 និងស្តេចក្រុងធើសា១ រួមទាំងអស់មានស្តេច៣១អង្គ។