យ៉ូស្វេ
ជំពូក 9
ឯពួកស្តេចទាំងប៉ុន្មាន ដែលនៅខាងលិចទន្លេយ័រដាន់ ក្នុងស្រុកភ្នំ និងស្រុកទំនាប ក្បែរសមុទ្រធំ ទល់មុខនឹងភ្នំល្បាណូន គឺជាស្តេចសាសន៍ហេត សាសន៍អាម៉ូរី សាសន៍កាណាន សាសន៍ពេរិស៊ីត សាសន៍ហេវី និងសាសន៍យេប៊ូស កាលបានឮ
2 នោះគេក៏ប្រមូលគ្នាទាំងអស់ ដើម្បីច្បាំងនឹងយ៉ូស្វេ ហើយនិងសាសន៍អ៊ីស្រាអែល ដោយស្រុះចិត្តគ្នា។
3 តែឯពួកទីក្រុងគីបៀន កាលគេបានឮពីការដែលយ៉ូស្វេបានធ្វើដល់ក្រុងយេរីខូ និងក្រុងអៃយ
4 នោះគេក៏ប្រព្រឹត្តដោយឧបាយកល ក្លែងខ្លួនធ្វើជារាជទូតចូលមកមានទាំងបាវចាស់ៗ ដាក់ផ្ទុកលើលាគេ និងថង់ស្បែកសម្រាប់ស្រាទំពាំងបាយជូរ ជាថង់ស្បែកចាស់ហើយធ្លាយបានចងខ្ជឹបវិញផង
5 ក៏ពាក់ស្បែកជើងកញ្ចាស់ប៉ះយ៉ាងញឹក ហើយស្លៀកពាក់កញ្ចាស់ផង ឯនំបុ័ងដែលយកមកសម្រាប់បរិភោគតាមផ្លូវ នោះសុទ្ធតែស្វិត ហើយដុះផ្សិតអស់រលីង
6 គេមកដល់យ៉ូស្វេក្នុងទីដំឡើងត្រសាល ត្រង់គីលកាល និយាយនឹងលោក ព្រមទាំងពួកអ៊ីស្រាអែលថា យើងខ្ញុំបានមកពីស្រុកឆ្ងាយ ដូច្នេះ សូមលោកតាំងសេចក្ដីសញ្ញានឹងយើងខ្ញុំចុះ
7 តែពួកអ៊ីស្រាអែលឆ្លើយនឹងពួកសាសន៍ហេវីនោះថា ក្រែងអ្នករាល់គ្នានៅក្នុងស្រុកយើងនេះដែរទេដឹង ដូច្នេះ ធ្វើដូចម្តេចឲ្យយើងតាំងសញ្ញានឹងអ្នករាល់គ្នាបាន
8 នោះគេឆ្លើយតបទៅយ៉ូស្វេថា យើងខ្ញុំជាបាវបម្រើលោកពិត តែយ៉ូស្វេសួរគេថា តើអ្នករាល់គ្នាជាសាសន៍ណា ហើយមកពីណា
9 គេក៏ជម្រាបថា យើងខ្ញុំប្របាទបានមកពីស្រុកឆ្ងាយណាស់ ដោយព្រោះព្រះនាមព្រះយេហូវ៉ាជាព្រះនៃលោក ដ្បិតយើងខ្ញុំបានឮល្បីព្រះនាមទ្រង់ និងពីអស់ទាំងការដែលទ្រង់បានធ្វើនៅស្រុកអេស៊ីព្ទហើយ
10 ព្រមទាំងការទាំងប៉ុន្មានដែលទ្រង់បានធ្វើដល់ស្តេចសាសន៍អាម៉ូរីទាំង២ នៅត្រើយទន្លេយ័រដាន់ខាងកើត គឺស៊ីហុនជាស្តេចក្រុងហែសបូន និងអុកជាស្តេចស្រុកបាសាន នៅទីក្រុងអាសថារ៉ូត
11 ដូច្នេះ ពួកចាស់ទុំ និងពួកអ្នកស្រុកយើងខ្ញុំទាំងអស់ គេបានប្រាប់យើងខ្ញុំថា ចូរយកស្បៀងអាហារជាប់នឹងខ្លួនសម្រាប់តាមផ្លូវ ទៅជួបនឹងលោកជម្រាបថា យើងខ្ញុំជាបាវបម្រើលោកហើយ ដូច្នេះ សូមតាំងសញ្ញានឹងយើងខ្ញុំចុះ
12 ឯនំបុ័ងយើងខ្ញុំនេះ បានយកពីផ្ទះយើងខ្ញុំមកទាំងក្តៅ សម្រាប់ជាស្បៀងតាមផ្លូវ តាំងពីថ្ងៃដែលយើងខ្ញុំបានចេញមកឯលោករាល់គ្នា តែឥឡូវនេះ មើល បានស្វិត ហើយដុះផ្សិតអស់រលីង
13 ឯថង់ស្បែកសម្រាប់ស្រាទំពាំងបាយជូរទាំងនេះ ក៏ថ្មីសុទ្ធក្នុងកាលដែលយើងខ្ញុំបានចាក់ចូលពេញនោះដែរ តែមើល ឥឡូវនេះ ទៅជាកណ្តាចអស់វិញ សម្លៀកបំពាក់ និងស្បែកជើងយើងខ្ញុំនេះសោត ក៏ទៅជាចាស់អស់ ដោយព្រោះផ្លូវឆ្ងាយទាំងម៉្លេះ
14 នោះពួកអ៊ីស្រាអែលក៏ទទួលបរិភោគពីស្បៀងអាហារគេ ឥតទូលសួរដល់ព្រះយេហូវ៉ាឡើយ
15 ដូច្នេះ យ៉ូស្វេក៏ព្រមចងជាស្ពានមេត្រីនឹងគេ ព្រមទាំងតាំងសញ្ញាឲ្យគេបាននៅរស់តទៅ ហើយពួកអ្នកដែលជាកំពូលលើពួកជំនុំ ក៏ស្បថនឹងគេដែរ។
16 លុះដល់ផុត៣ថ្ងៃក្រោយដែលបានតាំងសញ្ញានឹងគេមក នោះក៏ឮថា ពួកអ្នកនោះជាអ្នកជិតខាងដែលនៅក្នុងស្រុកនោះវិញ
17 ពួកកូនចៅអ៊ីស្រាអែលក៏ធ្វើដំណើរទៅដល់ក្រុងទាំងប៉ុន្មានរបស់គេនៅថ្ងៃទី៣ រីឯទីក្រុងទាំងនោះ គឺគីបៀន១ កេភីរ៉ា១ ប្អៀរ៉ុត១ និងគារយ៉ាត់-យារីម១
18 តែមិនបានវាយគេទេ ដ្បិតពួកអ្នកដែលជាកំពូលលើពួកជំនុំបានស្បថនឹងគេហើយ ដោយនូវព្រះនាមផងព្រះយេហូវ៉ាជាព្រះនៃសាសន៍អ៊ីស្រាអែល នោះពួកជំនុំទាំងអស់គ្នាក៏រទូរទាំ ទាស់នឹងពួកអ្នកដែលជាកំពូលនោះ
19 តែពួកនោះនិយាយទៅពួកជំនុំទាំងអស់ថា យើងបានស្បថនឹងគេ ដោយនូវព្រះយេហូវ៉ាជាព្រះនៃសាសន៍អ៊ីស្រាអែលហើយ ដូច្នេះ យើងគ្មានច្បាប់នឹងពាល់គេឡើយ
20 ចូរយើងធ្វើដូច្នេះនឹងគេវិញ ទុកឲ្យគេនៅរស់ចុះ ខ្លាចក្រែងមានសេចក្ដីក្រោធមកលើយើងរាល់គ្នា ដោយព្រោះសម្បថរបស់យើង
21 រួចពួកអ្នកដែលជាកំពូលក៏និយាយទៀតថា ចូរឲ្យគេរស់នៅចុះ ដូច្នេះ គេក៏ត្រឡប់ជាអ្នកកាប់ឱស ហើយរែកទឹក ដល់ពួកជំនុំទាំងអស់គ្នា ដូចជាពួកអ្នកដែលជាកំពូលបានប្រាប់ហើយ។
22 យ៉ូស្វេក៏ហៅគេមកសួរថា ហេតុអ្វីបានជាឯងរាល់គ្នាបានបញ្ឆោតយើងដូច្នេះ ដោយថា យើងខ្ញុំនៅឆ្ងាយពីលោកណាស់ តែឯងរាល់គ្នានៅជាមួយនឹងយើងវិញ
23 ដូច្នេះ ឯងរាល់គ្នាត្រូវបណ្តាសាឥឡូវ ពួកឯងរាល់គ្នានឹងមិនដែលរួចពីការជាបាវបម្រើឡើយ គឺត្រូវកាប់ឧស ហើយរែកទឹកសម្រាប់ដំណាក់ព្រះនៃអញជានិច្ច
24 គេក៏ឆ្លើយតបថា គឺដោយព្រោះមានគេប្រាប់មកយើងខ្ញុំប្របាទជាប្រាកដថា ព្រះយេហូវ៉ាជាព្រះនៃលោក ទ្រង់បានបង្គាប់មកលោកម៉ូសេជាអ្នកបម្រើទ្រង់ ឲ្យចែកស្រុកនេះទាំងអស់ដល់លោករាល់គ្នា ហើយបំផ្លាញពួកអ្នកស្រុកនេះទាំងអស់ពីមុខលោកចេញ ហេតុនោះបានជាយើងខ្ញុំបានប្រព្រឹត្តយ៉ាងដូច្នេះ ដោយនឹកភ័យខ្លាចនឹងជីវិតយើងខ្ញុំជាខ្លាំង ដោយព្រោះលោករាល់គ្នា
25 ឥឡូវនេះ មើលយើងខ្ញុំនៅក្នុងកណ្តាប់ដៃរបស់លោកហើយ សូមប្រព្រឹត្តនឹងយើងខ្ញុំតាមដែលលោកគិតថាស្រួល ហើយត្រឹមត្រូវចុះ
26 យ៉ូស្វេក៏ធ្វើដូច្នោះនឹងគេ ព្រមទាំងដោះគេឲ្យរួចចេញពីកណ្តាប់ដៃនៃពួកកូនចៅអ៊ីស្រាអែល ដើម្បីមិនឲ្យគេត្រូវស្លាប់ឡើយ
27 នៅថ្ងៃនោះឯង យ៉ូស្វេបានតម្រូវគេឲ្យធ្វើជាពួកអ្នកកាប់ឧស ហើយរែកទឹកដល់ពួកជំនុំ និងសម្រាប់អាសនៈនៃព្រះយេហូវ៉ា នៅគ្រប់កន្លែងណាដែលទ្រង់សព្វព្រះហឫទ័យចង់រើស ដរាបដល់សព្វថ្ងៃនេះ។