យេរេមា
ជំពូក 50
នេះជាព្រះបន្ទូលដែលព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូល ពីដំណើរក្រុងបាប៊ីឡូន គឺពីស្រុករបស់ពួកខាល់ដេដោយសារហោរាយេរេមា។
2 ចូរថ្លែងប្រាប់នៅកណ្តាលអស់ទាំងសាសន៍ ហើយប្រកាសទៅ ចូរលើកទង់ជ័យឡើង ត្រូវឲ្យប្រកាសប្រាប់ឥតលាក់ទុកអ្វីសោះឡើយ ចូរប្រាប់ថា គេចាប់យកក្រុងបាប៊ីឡូនហើយ ព្រះបាល បានត្រូវខ្មាសទៅ ព្រះម្រដាក់បានត្រូវបាក់រលំចុះ រូបឆ្លាក់របស់គេបានត្រូវខ្មាស រូបព្រះរបស់គេបានបាក់រំលំចុះហើយ
3 ដ្បិតនៅស្រុកខាងជើងមានសាសន៍១លើកគ្នាឡើងមកទាស់នឹងគេ ជាពួកដែលនឹងធ្វើឲ្យស្រុកគេវិនាសទៅ ឥតមានអ្នកណាអាស្រ័យនៅឡើយ ទោះទាំងមនុស្សនឹងសត្វផងបានរត់ទៅ គេបាត់អស់ហើយ
4 ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា នៅគ្រានោះ គឺនៅវេលានោះឯង ពួកកូនចៅអ៊ីស្រាអែលនឹងមក ទាំងខ្លួនគេ និងពួកកូនចៅយូដាទាំងអស់គ្នាផង គេនឹងដើរតាមផ្លូវ ទាំងយំបណ្តើរ ហើយនិងស្វែងរកព្រះយេហូវ៉ាជាព្រះនៃគេ
5 គេនឹងស៊ើបសួរពីដំណើរក្រុងស៊ីយ៉ូន ទាំងមានមុខតម្រង់ទៅចំពោះក្រុងនោះ ដោយពាក្យថា ចូរមកយើងនឹងភ្ជាប់ខ្លួននឹងព្រះយេហូវ៉ា ដោយសេចក្ដីសញ្ញាដ៏នៅអស់កល្បជានិច្ច ជាសេចក្ដីសញ្ញាដែលនឹងភ្លេចមិនបានឡើយ។
6 រាស្ត្ររបស់អញជាហ្វូងចៀមដែលវង្វេងបាត់ ពួកអ្នកគង្វាលរបស់គេបានបណ្តាលឲ្យគេវង្វេងទៅ ក៏បានបំបែរគេចេញនៅលើភ្នំ គេបានដើរពីភ្នំធំ ចុះទៅដល់ភ្នំតូច ហើយបានភ្លេចក្រោលរបស់គេទៅ
7 អស់អ្នកណាដែលប្រទះនឹងគេ បានត្របាក់ស៊ីគេ ហើយពួកខ្មាំងសត្រូវគេបានពោលថា យើងគ្មានទោសទេ ពីព្រោះគេបានធ្វើបាបនឹងព្រះយេហូវ៉ា ដែលជាទីលំនៅនៃសេចក្ដីសុចរិត គឺព្រះយេហូវ៉ាជាទីសង្ឃឹមរបស់ពួកអយ្យកោគេ
8 ចូររត់ពីកណ្តាលក្រុងបាប៊ីឡូនទៅ ហើយចេញពីស្រុករបស់ពួកខាល់ដេឲ្យផុត ឲ្យបានដូចជាពពែឈ្មោលដែលនាំមុខហ្វូងចុះ
9 ដ្បិតមើល អញនឹងដាស់នគរធំៗ១ពួក នៅស្រុក នៅខាងជើងឡើង ហើយបណ្តាលឲ្យគេមកទាស់នឹងក្រុងបាប៊ីឡូន ពួកទាំងនោះនឹងដំរៀបគ្នាច្បាំងនឹងទីក្រុង ហើយនិងចាប់យកបាន ព្រួញរបស់គេនឹងបានដូចជាព្រួញរបស់មនុស្សស្ទាត់ជំនាញ ហើយខ្លាំងពូកែ ឥតមានណាមួយបាញ់ទៅ ជាឥតប្រយោជន៍នោះទេ
10 នោះស្រុកខាល់ដេនឹងត្រូវជារំពា ហើយអស់អ្នកដែលចាប់យក នោះនឹងបានឆ្អែត នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា។
11 នែ ឯងរាល់គ្នាដែលប្លន់មរដករបស់អញអើយ ដោយព្រោះឯងរាល់គ្នាមានចិត្តអំណរ ដោយព្រោះចិត្តឯងរាល់គ្នាបានរីករាយឡើង ដោយព្រោះឯងរាល់គ្នាមានចិត្តលោភ ដូចជាគោក្រមុំដែលឈ្លីស្មៅ ហើយកញ្ជ្រៀវដូចជាសេះយ៉ាងខ្លាំង
12 នោះម្តាយឯងរាល់គ្នានឹងមានសេចក្ដីខ្មាសគ្រប់យ៉ាង អ្នកដែលបានបង្កើតឯងមកនឹងត្រូវជ្រប់មុខចុះ មើល គាត់នឹងត្រូវជាប្រទេសក្រោយបំផុត គឺជាទីរហោស្ថាន ជាដីហួតហែង ជាទីសមុទ្រខ្សាច់
13 ឥតមានអ្នកណានៅ ដោយព្រោះសេចក្ដីក្រោធរបស់ព្រះយេហូវ៉ា គឺនឹងត្រូវចោលស្ងាត់នៅទទេ អស់អ្នកណាដែលដើរកាត់មុខក្រុងបាប៊ីឡូននឹងអស្ចារ្យក្នុងចិត្ត ហើយនិងធ្វើស៊ីសស៊ូសឲ្យ ដោយព្រោះគ្រប់ទាំងសេចក្ដីវេទនារបស់ទីក្រុង
14 នែ ពួកអ្នកដែលដំឡើងធ្នូអើយ ចូរដំរៀបគ្នានៅព័ទ្ធជុំវិញ ច្បាំងនឹងក្រុងបាប៊ីឡូនចុះ ចូរបាញ់ទៅ កុំឲ្យសំចៃព្រួញឡើយ ដ្បិតទីក្រុងនេះបានធ្វើបាបនឹងព្រះយេហូវ៉ាហើយ
15 ចូរហ៊ោឡើងជុំវិញទាស់នឹងវាចុះ គេបានទទួលចាញ់ហើយ របងសម្រាប់ការពារបានដួល កំផែងទីក្រុងបានរំលំហើយ ដ្បិតនេះជាសេចក្ដីសងសឹករបស់ព្រះយេហូវ៉ា ចូរសងសឹកនឹងគេចុះ ចូរសងគេឲ្យស្នងនឹងការដែលគេបានធ្វើដល់ឯង
16 ត្រូវឲ្យកាត់អ្នកដែលសាបព្រោះ និងអ្នកដែលកាន់កណ្តៀវក្នុងរដូវចម្រូូត ចេញពីក្រុងបាប៊ីឡូនទៅ គេនឹងវិលទៅឯសាសន៍របស់គេរៀងខ្លួន ហើយរត់ទៅឯស្រុកគេគ្រប់គ្នា ដោយខ្លាចដាវដែលកំពុងតែធ្វើទុក្ខ។
17 ពួកអ៊ីស្រាអែលគេប្រៀបដូចជាចៀមដែលត្រូវប្រដេញកម្ចាយទៅ ពួកសិង្ហបានដេញកម្ចាយគេហើយ មុនដំបូង គឺស្តេចអាសស៊ើរបានត្របាក់ស៊ីគេ ឥឡូវនេះនេប៊ូក្នេសា ជាស្តេចបាប៊ីឡូន បានបំបាក់ឆ្អឹងគេជាខាងក្រោយ
18 ហេតុនោះ ព្រះយេហូវ៉ានៃពួកពលបរិវារ ជាព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់មានព្រះបន្ទូលដូច្នេះថា មើលអញនឹងធ្វើទោសដល់ស្តេចបាប៊ីឡូន ហើយនិងស្រុករបស់គេ ដូចជាបានធ្វើទោសដល់ស្តេចអាសស៊ើរដែរ
19 អញនឹងនាំអ៊ីស្រាអែលវិលមកឯក្រោលរបស់ខ្លួនវិញ នោះគេនឹងរកស៊ីនៅលើភ្នំកើមែល ហើយនៅស្រុកបាសាន ឯព្រលឹងគេនឹងបានស្កប់ស្កល់ នៅលើភ្នំអេប្រាអិម ហើយនៅស្រុកកាឡាត
20 ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា នៅគ្រានោះ គឺនៅវេលានោះឯង គេនឹងរកសេចក្ដីទុច្ចរិតរបស់ពួកអ៊ីស្រាអែល តែនឹងមិនប្រទះទេ ហើយរកអំពើបាបរបស់ពួកយូដា តែនឹងមិនឃើញឡើយ ពីព្រោះអញនឹងអត់ទោសដល់ពួកអ្នកដែលអញទុកឲ្យសល់នៅ។
21 ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា ចូរឡើងទៅច្បាំងនឹងស្រុកមេរ៉ាថែមចុះ គឺទាស់នឹងគេ ហើយទាស់នឹងពួកអ្នកនៅស្រុកពេកូឌដែរ ចូរសម្លាប់ ហើយបំផ្លាញអស់រលីងតាមក្រោយគេ ត្រូវឲ្យធ្វើតាមគ្រប់ទាំងសេចក្ដីដែលអញបានបង្គាប់ដល់ឯង
22 មានឮសូរចម្បាំងនៅក្នុងស្រុកជាសូរនៃការបំផ្លាញយ៉ាងសម្បើម
23 ញញួរដែលវាយផែនដីទាំងមូលបានកាច់បាក់យ៉ាងណាហ្ន៎ ក្រុងបាប៊ីឡូនបានត្រឡប់ជាទីខូចបង់ នៅកណ្តាលអស់ទាំងសាសន៍យ៉ាងណាហ្ន៎
24 នែ បាប៊ីឡូនអើយ អញបានដាក់អន្ទាក់សម្រាប់ចាប់ឯង ហើយឯងត្រូវជាប់ដែរ ឯងមិនបានដឹងខ្លួនសោះ គឺបានរកឯងឃើញ ហើយចាប់បានផង ពីព្រោះឯងបានតយុទ្ធនឹងព្រះយេហូវ៉ា
25 ព្រះយេហូវ៉ាទ្រង់បានបើកឃ្លាំងអាវុធរបស់ទ្រង់ ហើយយកគ្រឿងសស្ត្រាវុធនៃសេចក្ដីគ្នាន់ក្នាញ់របស់ទ្រង់ចេញមក ដ្បិតព្រះអម្ចាស់ ជាព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់មានការដែលត្រូវធ្វើនៅស្រុករបស់ពួកខាល់ដេ
26 ចូរមកច្បាំងនឹងក្រុងបាប៊ីឡូនពីគ្រប់ទីឆ្ងាយបំផុត ត្រូវឲ្យបើកជង្រុកគេ ត្រូវឲ្យជាន់ឈ្លីគំនរបំណែកទីក្រុង ហើយបំផ្លាញឲ្យអស់រលីង កុំឲ្យមានសល់អ្វីឡើយ
27 ចូរសម្លាប់អស់ទាំងគោរបស់គេ ឲ្យវាចុះទៅឯទីសម្លាប់ចុះ វរដល់គេ ដ្បិតថ្ងៃកំណត់របស់គេបានមកដល់ហើយ គឺជាវេលាធ្វើទោសដល់គេ
28 មានឮសំឡេងនៃពួកអ្នកដែលរត់រួចពីក្រុងបាប៊ីឡូន ដើម្បីនឹងថ្លែងប្រាប់នៅក្រុងស៊ីយ៉ូន ពីការសងសឹកនៃព្រះយេហូវ៉ាជាព្រះនៃយើង គឺជាការសងសឹកស្នងនឹងព្រះវិហារនៃទ្រង់។
29 ចូរហៅពួកពលធ្នូឲ្យមកច្បាំងនឹងក្រុងបាប៊ីឡូនចុះ គឺអស់អ្នកណាដែលធ្លាប់យឹតធ្នូ ត្រូវឲ្យបោះទ័ពនៅព័ទ្ធជុំវិញ កុំឲ្យពួកគេណាមួយរួចឡើយ ចូរសងតាមការដែលគេបានធ្វើចុះ ត្រូវឲ្យប្រព្រឹត្តនឹងគេតាមគ្រប់ទាំងអំពើដែលគេបានប្រព្រឹត្ត ដ្បិតគេបានមានចិត្តឆ្មើងឆ្មៃចំពោះព្រះយេហូវ៉ា គឺនៅចំពោះព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែល
30 ហេតុនោះ ពួកកំលោះៗរបស់គេនឹងដួលចុះ នៅក្នុងផ្លូវ ហើយអស់ទាំងមនុស្សថ្នឹកច្បាំងរបស់គេ នឹងត្រូវស្ងៀមស្ងាត់នៅថ្ងៃនោះ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា
31 ព្រះអម្ចាស់ ជាព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់មានព្រះបន្ទូលថា នែ អ្នកឆ្មើងឆ្មៃយ៉ាងខ្លាំងអើយ អញទាស់នឹងឯង ដ្បិតថ្ងៃកំណត់របស់ឯងបានមកដល់ហើយ គឺជាវេលាដែលអញនឹងធ្វើទោសដល់ឯង
32 នោះអ្នកឆ្មើងឆ្មៃនឹងចំពប់ដួល ឥតមានអ្នកណាលើកឡើងវិញឡើយ អញនឹងបង្កាត់ភ្លើង នៅអស់ទាំងទីក្រុងរបស់គេ ហើយភ្លើងនោះនឹងឆេះគ្រប់ទាំងអស់ដែលនៅជុំវិញគេផង។
33 ព្រះយេហូវ៉ានៃពួកពលបរិវារទ្រង់មានព្រះបន្ទូលដូច្នេះថា ពួកកូនចៅអ៊ីស្រាអែល និងពួកកូនចៅយូដា ត្រូវគេសង្កត់សង្កិនជាមួយគ្នា ពួកអ្នកទាំងប៉ុន្មានដែលចាប់គេនាំទៅជាឈ្លើយ នោះក៏ឃុំឃាំងគេជាប់នៅ មិនព្រមលែងចេញទេ
34 ឯព្រះដ៏ប្រោសលោះគេ ទ្រង់មានឥទ្ធិឫទ្ធិ ព្រះនាមទ្រង់ គឺជាព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់នឹងកាន់ក្តីគេ ដើម្បីនឹងប្រោសឲ្យផែនដីបានសេចក្ដីស្រាកស្រាន្ត ហើយឲ្យពួកអ្នកនៅក្រុងបាប៊ីឡូន កើតមានភ័យអាសន្នវិញ
35 ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា មានដាវមកលើពួកខាល់ដេ និងលើពួកអ្នកនៅក្រុងបាប៊ីឡូន លើពួកចៅហ្វាយ និងពួកអ្នកប្រាជ្ញរបស់គេផង
36 មានដាវមកលើពួកភូតភរ គេនឹងត្រឡប់ជាវិងស៊ុងស្មារតី មានដាវមកលើពួកខ្លាំងពូកែរបស់គេ ហើយពួកនោះនឹងភ័យស្លុតទៅ
37 មានដាវមកលើសេះទាំងប៉ុន្មាន និងរទេះចម្បាំងរបស់គេ ហើយលើសាសន៍លាយឡំទាំងប៉ុន្មាន ដែលនៅក្នុងក្រុងបាប៊ីឡូនដែរ គេនឹងត្រឡប់ទៅដូចជាស្រីវិញ មានដាវមកលើអស់ទាំងទ្រព្យសម្បត្តិរបស់គេ ហើយទាំងអស់នឹងត្រូវប្លន់យកទៅ
38 មានរដូវរាំងរឹះមកលើទីទឹករបស់គេ ហើយទឹកទាំងនោះនឹងរីងស្ងួតទៅ ពីព្រោះស្រុកនោះមានសុទ្ធតែរូបឆ្លាក់ ក៏វក់នឹងរូបព្រះផង
39 ហេតុនោះ សត្វព្រៃនៅទីស្ងាត់ ហើយចចកនឹងអាស្រ័យនៅទីនោះ ព្រមទាំងសត្វអូសទ្រីចផង ឥតមានមនុស្សណានៅស្រុកនោះជាដរាបតទៅ ក៏នឹងគ្មានអ្នកណានៅគ្រប់ទាំងដំណមនុស្សតរៀងទៅដែរ
40 ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា នឹងគ្មានមនុស្សណាអាស្រ័យនៅទីនោះ ឬមនុស្សជាតិណាស្នាក់នៅឡើយ ដូចកាលព្រះទ្រង់បំផ្លាញក្រុងសូដុម និងក្រុងកូម៉ូរ៉ា ហើយទីក្រុងនៅជិតខាងទាំងប៉ុន្មានដែរ។
41 មើល មានសាសន៍១មកពីទិសខាងជើង ជាសាសន៍យ៉ាងធំ និងស្តេចជាច្រើន បានត្រូវដាសឡើងពីចុងផែនដី
42 គេចាប់យកធ្នូ និងលំពែង ជាពួកសាហាវណាស់ ឥតមានត្រាប្រណីឡើយ សំឡេងគេឮសន្ធឹកដូចសមុទ្រ គេសុទ្ធតែជិះសេះ គេដំរៀបគ្នា ដូចជាមនុស្សដែលរៀបទៅច្បាំង ឱកូនស្រីក្រុងបាប៊ីឡូនអើយ គេមកទាស់នឹងឯងហើយ
43 ស្តេចក្រុងបាប៊ីឡូនបានឮដំណឹងពីគេ ព្រះហស្តទ្រង់ក៏ខ្សោយទៅ មានសេចក្ដីថប់ព្រួយចាប់ទ្រង់ ទ្រង់ក៏ឈឺចាប់ ដូចជាស្រីដែលឈឺនឹងសម្រាលកូន
44 មើល ខ្មាំងសត្រូវនឹងឡើងមកទាស់នឹងទីលំនៅមាំមួន ដូចជាសិង្ហដែលឡើងមកពីទីជំនន់នៃទន្លេយ័រដាន់ ដ្បិតអញនឹងធ្វើឲ្យពួកក្រុងបាប៊ីឡូនរត់ចេញភ្លាម រួចអ្នកណាដែលបានរើសតាំង នោះអញនឹងតាំងឲ្យគ្រប់គ្រងវិញ តើអ្នកណាដូចអញ តើអ្នកណានឹងដាក់កំណត់ឲ្យអញបាន តើមានអ្នកគង្វាលណាដែលអាចនឹងឈរនៅចំពោះអញបាន
45 ដូច្នេះ ចូរស្តាប់សេចក្ដីប្រឹក្សារបស់ព្រះយេហូវ៉ា ជាសេចក្ដីដែលទ្រង់បានគិតសម្រេច ទាស់នឹងក្រុងបាប៊ីឡូន ហើយនិងការដែលទ្រង់បានសម្រេច ទាស់នឹងពួកអ្នកស្រុកខាល់ដេចុះ គឺថាពួកតូចបំផុតក្នុងហ្វូងនឹងអូសគេចេញជាពិត ហើយឲ្យទីលំនៅរបស់គេទៅជាស្ងាត់ច្រៀបពីលើគេ
46 ផែនដីក៏ញ័រ ដោយសូរនៃការចាប់យកក្រុងបាប៊ីឡូន សម្រែករបស់គេក៏បានឮ នៅកណ្តាលអស់ទាំងសាសន៍។