យេរេមា
ជំពូក 10
ឱពួកវង្សអ៊ីស្រាអែលអើយ ចូរស្តាប់សេចក្ដីដែលព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលមកអ្នករាល់គ្នាចុះ
2 គឺទ្រង់មានព្រះបន្ទូលដូច្នេះថា កុំឲ្យរៀនតាមកិរិយារបស់សាសន៍ដទៃឡើយ ក៏កុំឲ្យភ័យខ្លាចចំពោះទីសម្គាល់នៅលើមេឃដែរ ដ្បិតសាសន៍ដទៃគេខ្លាចទីសម្គាល់ទាំងនោះ
3 ពីព្រោះអស់ទាំងទំនៀមទម្លាប់របស់សាសន៍ដទៃ សុទ្ធតែអសារឥតការទទេ គេកាប់ដើមឈើនៅក្នុងព្រៃ គឺជាស្នាដៃរបស់មនុស្សកាន់ពូថៅ
4 គេតាក់តែងដោយប្រាក់ និងមាស គេយកញញួរបោះជាប់ដោយដែកគោល ដើម្បីមិនឲ្យរើទៅឯណា
5 រូបទាំងនោះឈរត្រង់ ដូចជាដើមលម៉ើវាមិនចេះនិយាយ ហើយត្រូវការឲ្យគេសែងទៅមក ពីព្រោះដើរមិនរួច កុំឲ្យកោតខ្លាចចំពោះវាឡើយ ដ្បិតវាធ្វើអាក្រក់មិនបានទេ ក៏មិនអាចនឹងធ្វើល្អបានផង។
6 ឱព្រះយេហូវ៉ាអើយ គ្មានណាឲ្យដូចទ្រង់ឡើយទ្រង់ធំប្រសើរ ហើយព្រះនាមទ្រង់ក៏មានឥទ្ធានុភាពយ៉ាងខ្លាំងដែរ
7 ឱមហាក្សត្រនៃអស់ទាំងសាសន៍អើយ តើមានអ្នកឯណាដែលមិនត្រូវកោតខ្លាចដល់ព្រះយេហូវ៉ា ដ្បិតសេចក្ដីកោតខ្លាចសំណំតែនឹងទ្រង់ប៉ុណ្ណោះ ពីព្រោះក្នុងបណ្តាមនុស្សប្រាជ្ញាទាំងឡាយនៅគ្រប់ទាំងសាសន៍ ហើយក្នុងនគររបស់គេទាំងប៉ុន្មាន នោះគ្មានអ្នកណាមួយឲ្យដូចទ្រង់ឡើយ
8 គឺគេសុទ្ធតែជាមនុស្សកំរោល ហើយល្ងីល្ងើ ឯលទ្ធិរបស់គេជាសេចក្ដីសូន្យសោះ គឺជាដុំឈើទទេ
9 គេនាំយកប្រាក់ផែជាផ្ទាំងមកពីស្រុកតើស៊ីស និងមាសពីស្រុកអ៊ូផាស ជាស្នាដៃរបស់ជាងទង និងជាងស្មិត ក៏មានសំពត់ពណ៌ខៀវ និងពណ៌ស្វាយជាគ្រឿងតែង រូបនោះសុទ្ធតែជាការដែលដៃមនុស្សបានធ្វើទាំងអស់
10 តែព្រះយេហូវ៉ាទ្រង់ជាព្រះដ៏ពិតវិញ ទ្រង់ជាព្រះដ៏មានព្រះជន្មរស់នៅ ក៏ជាមហាក្សត្រដ៏នៅអស់កល្បជានិច្ច ផែនដីក៏ញ័រចំពោះសេចក្ដីក្រោធរបស់ទ្រង់ ហើយអស់ទាំងសាសន៍មិនអាចនឹងធន់នៅ ចំពោះសេចក្ដីគ្នាន់ក្នាញ់របស់ទ្រង់បានឡើយ
11 ដូច្នេះ ត្រូវឲ្យប្រាប់គេថា ព្រះទាំងប៉ុន្មានដែលមិនបានបង្កើតផ្ទៃមេឃ និងផែនដី នោះនឹងត្រូវវិនាសបាត់ពីផែនដី ហើយពីក្រោមផ្ទៃមេឃទៅ។
12 ព្រះទ្រង់បានបង្កើតផែនដី ដោយឫទ្ធិតេជះរបស់ទ្រង់ ទ្រង់បានតាំងលោកីយ៍ឡើង ដោយសារប្រាជ្ញារបស់ទ្រង់ ហើយបានលាតផ្ទៃមេឃ ដោយសារយោបល់
13 កាលណាទ្រង់បព្ចោញព្រះសៀង នោះមានទឹកសន្ធឹកនៅលើមេឃ ទ្រង់ធ្វើឲ្យចំហាយឡើងពីចុងផែនដីទាំងអស់ ក៏បង្កើតផ្លេកបន្ទោរ សម្រាប់ជូនភ្លៀងមក ហើយបព្ចោញខ្យល់ពីឃ្លាំងរបស់ទ្រង់ផង
14 គ្រប់ទាំងមនុស្សបានទៅជាកំរោល ហើយឥតមានចំណេះ គ្រប់ទាំងជាងទងបានត្រូវខ្មាស ដោយសាររូបដែលគេឆ្លាក់ ដ្បិតរូបសិតរបស់គេជាសេចក្ដីកំភូតទទេ ឥតមានដង្ហើមឡើយ
15 វាសុទ្ធតែអសារឥតការ ជាការបញ្ឆោតហើយ នៅគ្រាដែលផ្ចាញ់ផ្ចាល នោះវានឹងវិនាសបាត់ទៅ
16 ឯព្រះរបស់ពួកយ៉ាកុបមិនមែនដូចវាទេ គឺទ្រង់ដែលបានបង្កើតរបស់សព្វសារពើវិញ ហើយសាសន៍អ៊ីស្រាអែល ជាពូជអំបូរដែលជាមរដករបស់ទ្រង់ ព្រះនាមទ្រង់ គឺជាព្រះយេហូវ៉ានៃពួកពលបរិវារ។
17 ឱឯងដែលនៅក្នុងកំឡុងមានទាំងពួកខ្មាំងឡោមព័ទ្ធឯងជុំវិញអើយ ចូរប្រមូលអីវ៉ាន់ឯងចេញពីស្រុកទៅ
18 ដ្បិតព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា មើល ឥឡូវនេះអញនឹងបោះចោលពួកអ្នកស្រុកនេះចេញ ហើយនិងធ្វើទុក្ខគេ ឲ្យគេស្គាល់ដៃអញផង។
19 វរហើយខ្ញុំ ដោយព្រោះសេចក្ដីឈឺចាប់របស់ខ្ញុំ របួសខ្ញុំឈឺណាស់ តែខ្ញុំនិយាយថា នេះហើយជាសេចក្ដីលំបាករបស់ខ្ញុំ ខ្ញុំត្រូវតែទ្រាំទ្រ
20 ត្រសាលខ្ញុំបានត្រូវបំផ្លាញបង់ អស់ទាំងខ្សែក៏ដាច់ចេញហើយ កូនចៅខ្ញុំបានចេញចាកចោលខ្ញុំ ហើយមិននៅទៀតទេ គ្មានអ្នកណានឹងដំឡើងត្រសាល ហើយចងរនាំងខ្ញុំទៀតឡើយ
21 ដ្បិតពួកអ្នកគង្វាលបានត្រឡប់ជាមនុស្សកំរោលទាំងអស់ ហើយមិនបានសួរដល់ព្រះយេហូវ៉ាទេ ហេតុនោះបានជាគេមិនបានចម្រើន ហើយហ្វូងគេទាំងប៉ុន្មានក៏ត្រូវខ្ចាត់ខ្ចាយទៅ
22 មានឮសូរសព្ទ ពីការកោលាហលជាខ្លាំង ដែលចេញពីស្រុកខាងជើងមក ដើម្បីនឹងធ្វើឲ្យអស់ទាំងទីក្រុងនៃស្រុកយូដា ទៅជាទីបំផ្លាញបង់ ជាទីអាស្រ័យរបស់ចចកវិញ។
23 ឱព្រះយេហូវ៉ាអើយ ទូលបង្គំដឹងថា ផ្លូវរបស់មនុស្សមិនស្រេចនៅខ្លួនគេទេ ហើយដែលតម្រង់ជំហានរបស់ខ្លួន នោះក៏មិនស្រេចនៅមនុស្សដែលដើរដែរ
24 ឱព្រះយេហូវ៉ាអើយ សូមផ្ចាលទូលបង្គំចុះ តែគឺតាមសេចក្ដីទៀងត្រង់ មិនមែនដោយសេចក្ដីខ្ញាល់របស់ទ្រង់ឡើយ ក្រែងទ្រង់ធ្វើឲ្យទូលបង្គំសាបសូន្យទៅ
25 សូមទ្រង់ចាក់សេចក្ដីក្រោធរបស់ទ្រង់ ទៅលើសាសន៍ដទៃទាំងប៉ុន្មានដែលមិនស្គាល់ទ្រង់វិញ ហើយទៅលើអស់ទាំងគ្រួមនុស្សដែលមិនអំពាវនាវដល់ព្រះនាមទ្រង់ផង ដ្បិតគេបានត្របាក់លេបពួកយ៉ាកុប អើ គេបានត្របាក់លេប ព្រមទាំងរំលីងអស់ទៅផង ហើយបានទាំងបំផ្លាញទីលំនៅរបស់គេដែរ។