យេរេមា
ជំពូក 40
នេះជាព្រះបន្ទូល ដែលមកពីព្រះយេហូវ៉ា ដល់យេរេមា ក្រោយដែលនេប៊ូសារ៉ាដាន ជាមេទ័ពធំ បានលែងលោកនៅត្រង់រ៉ាម៉ាហើយ ក្នុងកាលដែលគេបានចាប់លោកដាក់ច្រវាក់ ជាមួយនឹងពួកក្រុងយេរូសាឡឹម និងពួកស្រុកយូដាទាំងប៉ុន្មាន ដែលគេដឹកនាំជាឈ្លើយទៅឯស្រុកបាប៊ីឡូននោះ
2 មេទ័ពធំក៏យកយេរេមាមកនិយាយថា ព្រះយេហូវ៉ាជាព្រះនៃអ្នក ទ្រង់បានប្រកាសសេចក្ដីអាក្រក់នេះទម្លាក់លើទីនេះ
3 ហើយព្រះយេហូវ៉ាបាននាំការនេះមក ព្រមទាំងសម្រេចតាមព្រះបន្ទូលទ្រង់ផង ពីព្រោះឯងរាល់គ្នាបានធ្វើបាបនឹងទ្រង់ ហើយមិនបានស្តាប់តាមព្រះបន្ទូលទ្រង់ឡើយ ហេតុនោះបានជាការនេះកើតដល់ឯងរាល់គ្នា
4 ដូច្នេះមើល នៅថ្ងៃនេះ ខ្ញុំដោះច្រវាក់ពីដៃអ្នកចេញ បើសិនជាអ្នកចូលចិត្តទៅឯស្រុកបាប៊ីឡូនជាមួយនឹងខ្ញុំ ក៏ចូលមកចុះ ខ្ញុំនឹងទំនុកបម្រុងអ្នកដោយល្អ តែបើមិនគាប់ចិត្តនឹងទៅឯស្រុកបាប៊ីឡូនជាមួយនឹងខ្ញុំទេ នោះតាមតែចិត្តចុះ មើល ស្រុកទាំងមូលនៅមុខអ្នកហើយ នៅកន្លែងណាដែលអ្នកគិតឃើញថាស្រួល ហើយគួរឲ្យអ្នកទៅ នោះឲ្យអ្នកទៅចុះ
5 រីឯកាលលោកកំពុងកន្ទះរានៅឡើយ នោះមេទ័ពធំប្រាប់ថា ចូរអ្នកវិលទៅឯកេដាលាជាកូនអ័ហ៊ីកាម ដែលជាកូនសាផាន ជាអ្នកដែលស្តេចបាប៊ីឡូនបានតាំង ឲ្យត្រួតត្រាលើទីក្រុងស្រុកយូដាទាំងប៉ុន្មាន ហើយឲ្យនៅជាមួយនឹងលោកកណ្តាលបណ្តាជនចុះ ឬឲ្យទៅឯកន្លែងណា តាមដែលចិត្តគិតឃើញថាគួរនោះមេទ័ពធំក៏ចែកស្បៀងអាហារឲ្យ ព្រមទាំងឲ្យរង្វាន់រួចលែងឲ្យទៅ
6 ដូច្នេះ យេរេមាក៏ទៅឯកេដាលា ជាកូនអ័ហ៊ីកាម នៅត្រង់មីសប៉ា ហើយអាស្រ័យនៅជាមួយ នៅកណ្តាលបណ្តាជនដែលសល់នៅក្នុងស្រុក។
7 រីឯពួកមេទ័ពទាំងប៉ុន្មានដែលពួននៅស្រុកស្រែចម្ការ ព្រមទាំងពួកទាហានរបស់គេ កាលបានឮថា ស្តេចបាប៊ីឡូនបានតាំងកេដាលា ជាកូនអ័ហ៊ីកាមឡើងជាចៅហ្វាយលើស្រុក ហើយបានផ្ទុកផ្តាក់មនុស្សទាំងប្រុសទាំងស្រី និងកូនក្មេងជាអ្នកក្រីក្របំផុតក្នុងស្រុក ដែលមិនបានដឹកទៅជាឈ្លើយ ដល់ស្រុកបាប៊ីឡូន ឲ្យនៅក្នុងអំណាចលោក
8 នោះគេក៏មកឯកេដាលា ត្រង់មីសប៉ា គឺមានអ៊ីសម៉ាអែល ជាកូននេថានា យ៉ូហាណាន និងយ៉ូណាថានជាកូនការា សេរ៉ាយ៉ា ជាកូនថានហ៊ូមែត និងពួកកូនរបស់អេផាយ ពីស្រុកនថូផា ហើយយេសានា ជាកូនរបស់ម្នាក់នៅម៉ាកាធី ព្រមទាំងពួកទាហានរបស់គេផង
9 នោះកេដាលា ជាកូនអ័ហ៊ីកាម ដែលជាកូនសាផាន ក៏ស្បថនឹងមេទ័ពទាំងនោះ ហើយនិងទាហានរបស់គេ ដោយពាក្យថា កុំឲ្យខ្លាចនឹងបម្រើពួកខាល់ដេឡើយ ចូរអាស្រ័យនៅក្នុងស្រុកនេះ ហើយបម្រើដល់ស្តេចបាប៊ីឡូនចុះ នោះអ្នករាល់គ្នានឹងបានសេចក្ដីសុខ
10 ឯចំណែកខ្ញុំ មើល ខ្ញុំនឹងនៅត្រង់មីសប៉ា ដើម្បីនឹងធ្វើជាអ្នកដំណាង នៅមុខពួកខាល់ដេណា ដែលនឹងមកឯយើងរាល់គ្នា តែអ្នករាល់គ្នាវិញ ចូរទៅប្រមូលផលទំពាំងបាយជូរ និងផលរដូវក្តៅ ព្រមទាំងប្រេង ដាក់ទុកក្នុងភាជនៈរបស់អ្នករាល់គ្នាទៅ ហើយឲ្យនៅក្នុងទីក្រុងទាំងប៉ុន្មាន ដែលអ្នករាល់គ្នាចាប់បាននោះ
11 មួយទៀត ពួកយូដាទាំងប៉ុន្មានដែលនៅស្រុកម៉ូអាប់ និងនៅកណ្តាលពួកកូនចៅអាំម៉ូន ហើយនៅស្រុកអេដុម ព្រមទាំងនៅគ្រប់ទាំងស្រុកផ្សេងៗទៀតផង កាលបានឮថា ស្តេចបាប៊ីឡូនបានទុកសំណល់ពួកយូដាឲ្យសល់នៅ ហើយបានតាំងកេដាលា ជាកូនអ័ហ៊ីកាមដែលជាកូនសាផាន ឲ្យត្រួតត្រាលើគេ
12 នោះពួកយូដាទាំងនោះក៏ចេញពីគ្រប់ទីកន្លែងដែលគេត្រូវបណ្តេញទៅវិលមកក្នុងស្រុកយូដា ដល់កេដាលាត្រង់មីសប៉ា ហើយគេក៏ប្រមូលផលទំពាំងបាយជូរ និងផលរដូវក្តៅជាច្រើនណាស់។
13 រីឯយ៉ូហាណាន ជាកូនការា និងពួកមេទ័ពទាំងប៉ុន្មាន ដែលពួននៅស្រុកស្រែចម្ការ គេក៏មកឯកេដាលានៅត្រង់មីសប៉ា
14 គេជម្រាបលោកថា តើលោកជ្រាបឬទេថា ប្អាលីស ជាស្តេចពួកកូនចៅអាំម៉ូន បានចាត់អ៊ីសម៉ាអែល ជាកូននេថានា ឲ្យមកសម្លាប់លោក តែកេដាលា ជាកូនអ័ហ៊ីកាមមិនជឿគេទេ
15 គ្រានោះ យ៉ូហាណាន ជាកូនការា ក៏ពិគ្រោះនឹងកេដាលាដោយសម្ងាត់ នៅត្រង់មីសប៉ាថា សូមអនុញ្ញាតឲ្យខ្ញុំទៅចុះ នោះខ្ញុំនឹងសម្លាប់អ៊ីសម៉ាអែល ជាកូននេថានាបង់ ឥតឲ្យអ្នកណាដឹងឡើយ នឹងទុកឲ្យវាមកសម្លាប់លោកធ្វើអ្វី យ៉ាងនោះ ពួកយូដាទាំងប៉ុន្មានដែលបានមូលមកឯលោក គេនឹងត្រូវខ្ចាត់ខ្ចាយទៅ ហើយសំណល់ពួកយូដានឹងត្រូវវិនាសបង់
16 តែកេដាលា ជាកូនអ័ហ៊ីកាម ប្រាប់ដល់យ៉ូហាណាន ជាកូនការាថា កុំឲ្យធ្វើដូច្នោះឡើយ ដ្បិតអ្នកនិយាយកុហកពីដំណើរអ៊ីសម៉ាអែលទេ។