យេរេមា
ជំពូក 39
រីឯនៅខែបុស្ស ឆ្នាំទី៩ នៃរាជ្យសេដេគា ស្តេចយូដា នោះនេប៊ូក្នេសា ជាស្តេចបាប៊ីឡូន និងពលទ័ពទ្រង់ទាំងអស់ ក៏មកឡោមព័ទ្ធច្បាំងនឹងក្រុងយេរូសាឡឹម
2 ហើយនៅថ្ងៃ៩ ខែអាសាធ ឆ្នាំទី១១ នៃរាជ្យសេដេគា នោះគេបំបែកទម្លាយកំផែងទីក្រុងបានហើយ
3 រួចពួកចៅហ្វាយរបស់ស្តេចបាប៊ីឡូនទាំងប៉ុន្មាន ក៏ចូលមកអង្គុយនៅត្រង់ទ្វារជាន់កណ្តាល គឺមាននើកាល-សារេស៊ើរ១ សាំកា-នេបូរ១ សាសេគិម១ រ៉ាប-សារីស១ នើកាល-សារេស៊ើរ១ ហើយរ៉ាប-ម៉ាក់១ ព្រមទាំងពួកចៅហ្វាយរបស់ស្តេចបាប៊ីឡូនឯទៀតទាំងប៉ុន្មានផង។
4 កាលសេដេគា ជាស្តេចយូដា និងពួកទាហានទាំងប៉ុន្មានបានឃើញគេ នោះក៏រត់ចេញពីទីក្រុងទៅទាំងយប់ តាមផ្លូវសួនច្បាររបស់ស្តេច ដែលចេញតាមទ្វារនៅកណ្តាលកំផែងទាំង២ ទ្រង់ចេញតម្រង់ទៅឯស្រុកវាល
5 តែពលទ័ពសាសន៍ខាល់ដេ ក៏ដេញតាមសេដេគាទាន់នៅត្រង់វាលយេរីខូ កាលគេចាប់ទ្រង់បានហើយ នោះក៏នាំទៅឯនេប៊ូក្នេសា ជាស្តេចបាប៊ីឡូន ត្រង់រីបឡា នៅស្រុកហាម៉ាត ហើយនេប៊ូក្នេសាក៏កាត់ទោសទ្រង់
6 រួចស្តេចបាប៊ីឡូនទ្រង់សម្លាប់ពួកបុត្រារបស់សេដេគា នៅចំពោះព្រះនេត្រទ្រង់ត្រង់រីបឡានោះ ក៏សម្លាប់ពួកអ្នកមានត្រកូលខ្ពស់ទាំងប៉ុន្មាននៃស្រុកយូដាដែរ
7 ហើយចាក់បង្ខូចព្រះនេត្ររបស់សេដេគា រួចដាក់ច្រវាក់ដឹកនាំទៅឯស្រុកបាប៊ីឡូន
8 ពួកខាល់ដេក៏ដុតព្រះរាជវាំង និងផ្ទះទាំងប៉ុន្មានរបស់បណ្តាជនចោល ព្រមទាំងរំលំកំផែងក្រុងយេរូសាឡឹមផង
9 រួចមកនេប៊ូសារ៉ាដាន ជាមេទ័ពធំ លោកដឹកនាំសំណល់ពួកបណ្តាជនដែលនៅក្នុងទីក្រុង និងពួកអ្នកដែលរវាតទៅខាងលោក ព្រមទាំងសំណល់នៃប្រជាជនទាំងឡាយទៅជាឈ្លើយ ដល់ស្រុកបាប៊ីឡូន
10 តែនេប៊ូសារ៉ាដាន ជាមេទ័ពធំ លោកទុកពួកអ្នកក្រីក្រក្នុងបណ្តាជន ជាពួកអ្នកដែលគ្មានអ្វីសោះ ឲ្យនៅក្នុងស្រុកយូដា ហើយនៅគ្រានោះក៏ចែកដំណាំទំពាំងបាយជូរ និងចម្ការឲ្យដល់គេផង។
11 រីឯនេប៊ូក្នេសា ជាស្តេចបាប៊ីឡូន ទ្រង់បានបង្គាប់នេប៊ូសារ៉ាដាន ជាមេទ័ពធំ ពីដំណើរយេរេមាថា
12 ចូរយកយេរេមាទៅទំនុកបម្រុងដោយល្អផង កុំឲ្យធ្វើបាបដល់លោកឡើយ គឺត្រូវឲ្យប្រព្រឹត្តនឹងលោកតាមដែលលោកប្រាប់ចុះ
13 ដូច្នេះ នេប៊ូសារ៉ាដាន ជាមេទ័ពធំ ហើយនេប៊ូសាសបាន រ៉ាប-សារីស នើកាល-សារេស៊ើរ រាប-ម៉ាក់ ព្រមទាំងចៅហ្វាយធំៗទាំងអស់របស់ស្តេចបាប៊ីឡូន
14 ក៏ចាត់គេឲ្យទៅយកយេរេមាពីទីលានគុក មកប្រគល់ដល់កេដាលា ជាកូនអ័ហ៊ីកាម ដែលជាកូនសាផាន ឲ្យបាននាំលោកទៅឯផ្ទះខ្លួន យ៉ាងនោះលោកបាននៅជាមួយនឹងពួកជន។
15 រីឯកាលយេរេមាកំពុងជាប់នៅក្នុងទីលានគុកនៅឡើយ នោះព្រះបន្ទូលនៃព្រះយេហូវ៉ាបានមកដល់លោកថា
16 ចូរទៅប្រាប់អេបេឌ-មេលេក ជាសាសន៍អេធីយ៉ូពី ដូច្នេះ គឺថាព្រះយេហូវ៉ានៃពួកពលបរិវារ ជាព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់មានព្រះបន្ទូលដូច្នេះ មើល អញនឹងនាំអស់ទាំងពាក្យរបស់អញមកលើក្រុងនេះ ឲ្យបានសេចក្ដីអាក្រក់មិនមែនជាសេចក្ដីល្អទេ ពាក្យទាំងនោះនឹងបានសម្រេចនៅមុខឯងក្នុងថ្ងៃនោះ
17 តែព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា អញនឹងជួយឯងឲ្យរួចនៅថ្ងៃនោះ ហើយឯងមិនត្រូវប្រគល់ទៅក្នុងកណ្តាប់ដៃនៃពួកមនុស្សនោះ ដែលឯងខ្លាចឡើយ
18 ដ្បិតអញនឹងជួយសង្គ្រោះឯងជាពិត ឯងមិនត្រូវដួលដោយដាវឡើយ គឺនឹងបានជីវិតទុកដូចជារបឹបវិញ ពីព្រោះឯងបានយកអញជាទីទុកចិត្ត នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា។