យេរេមា
ជំពូក 34
នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា ដែលមកដល់យេរេមា ក្នុងកាលដែលនេប៊ូក្នេសា ជាស្តេចបាប៊ីឡូន និងពលទ័ពទាំងប៉ុន្មានរបស់គេ ហើយអស់ទាំងនគរនៅផែនដីដែលនៅក្រោមអំណាចគេ ព្រមទាំងប្រជាជាតិទាំងឡាយកំពុងតែច្បាំងនឹងក្រុងយេរូសាឡឹម ហើយនិងទីក្រុងទាំងប៉ុន្មាន គឺថា
2 ព្រះយេហូវ៉ាជាព្រះនៃសាសន៍អ៊ីស្រាអែលទ្រង់មានព្រះបន្ទូលដូច្នេះ ចូរទៅទូលសេដេគា ជាស្តេចយូដាថា ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះ មើល អញនឹងប្រគល់ទីក្រុងនេះ ទៅក្នុងកណ្តាប់ដៃ នៃស្តេចបាប៊ីឡូន ហើយគេនឹងដុតចោល
3 ឯឯងនឹងមិនរួចពីកណ្តាប់ដៃនៃគេដែរ គឺនឹងត្រូវចាប់បាន ហើយប្រគល់ទៅក្នុងកណ្តាប់ដៃគេជាពិត ឯងនឹងឃើញស្តេចបាប៊ីឡូនប្រទល់មុខគ្នា ហើយគេនឹងនិយាយនឹងឯងផ្ទាល់មាត់ រួចឯងនឹងត្រូវទៅឯក្រុងបាប៊ីឡូន
4 ប៉ុន្តែ ឱសេដេគាជាស្តេចយូដាអើយ ចូរស្តាប់ព្រះបន្ទូលនៃព្រះយេហូវ៉ាចុះ ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលពីដំណើរទ្រង់ថា ឯងនឹងមិនស្លាប់ដោយដាវទេ
5 គឺឯងនឹងស្លាប់ដោយសេចក្ដីសុខវិញ ហើយគេនឹងបូជាសពរបស់ឯង ដូចជាបានបូជាភ្លើងថ្វាយ ដល់ពួកអយ្យកោឯង គឺជាពួកស្តេចដែលនៅមុខឯងដែរ គេនឹងយំទួញនឹងឯងថា ឱព្រះអម្ចាស់អើយ ដ្បិតព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា អញបានចេញវាចាហើយ។
6 នោះហោរាយេរេមាក៏ទូលគ្រប់ទាំងព្រះបន្ទូលនេះដល់សេដេគា ជាស្តេចយូដា នៅក្រុងយេរូសាឡឹម
7 ក្នុងកាលដែលពួកពលទ័ពរបស់ស្តេចបាប៊ីឡូនកំពុងតែច្បាំងនឹងក្រុងយេរូសាឡឹម ហើយនិងអស់ទាំងទីក្រុងនៃស្រុកយូដាដែលនៅសល់ គឺនឹងក្រុងឡាគីស ហើយនិងក្រុងអាសេកា ដ្បិតក្នុងទីក្រុងនៃស្រុកយូដាទាំងប៉ុន្មានដែលមានកំផែង នោះសល់នៅតែប៉ុណ្ណេះទេ។
8 នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ាជាពាក្យដែលមកដល់យេរេមា ក្នុងពេលក្រោយដែលស្តេចសេដេគា និងប្រជាជនទាំងឡាយ ដែលនៅក្រុងយេរូសាឡឹម បានតាំងសេចក្ដីសញ្ញា ដើម្បីនឹងប្រកាសប្រាប់ពីការប្រោសលែងដល់គេ
9 គឺឲ្យគ្រប់ទាំងមនុស្សបានបើកឲ្យបាវប្រុសបាវស្រីរបស់ខ្លួន ដែលជាសាសន៍ហេព្រើររួចចេញទៅ ហើយកុំឲ្យអ្នកណាចាប់ប្រើសាសន៍ហេព្រើរ ដែលជាបងប្អូននឹងគ្នា ទុកជាបាវបម្រើទៀតឡើយ
10 ពួកចៅហ្វាយទាំងប៉ុន្មាន និងបណ្តាជនទាំងឡាយ ដែលបានចូលក្នុងសេចក្ដីសញ្ញានេះ ក៏ស្តាប់បង្គាប់តាម ដើម្បីនឹងបើកលែងបាវប្រុសបាវស្រីរបស់ខ្លួន ឲ្យរួចចេញទៅ ឥតមានអ្នកណាចាប់ប្រើគេទុកជាបាវបម្រើទៀត គេក៏ស្តាប់តាម ហើយលែងអ្នកទាំងនោះឲ្យរួចចេញទៅ
11 ប៉ុន្តែ ក្រោយមក គេក៏បែរជាបង្ខំបាវប្រុសបាវស្រីទាំងប៉ុន្មាន ដែលគេបានលែងទៅហើយនោះ ឲ្យវិលមកនៅក្នុងបង្គាប់ខ្លួន និងធ្វើជាបាវប្រុសបាវស្រីវិញទៀត។
12 ហេតុនោះ ព្រះបន្ទូលក៏មកពីព្រះយេហូវ៉ា ដល់យេរេមាថា
13 ព្រះយេហូវ៉ាជាព្រះនៃសាសន៍អ៊ីស្រាអែលទ្រង់មានព្រះបន្ទូលដូច្នេះ អញបានតាំងសេចក្ដីសញ្ញានឹងពួកអយ្យកោឯងរាល់គ្នា នៅថ្ងៃដែលអញបាននាំគេចេញពីស្រុកអេស៊ីព្ទ ឲ្យរួចពីសណ្ឋានជាបាវបម្រើ ដោយពាក្យថា
14 លុះផុត៧ឆ្នាំហើយ នោះឯងរាល់គ្នាត្រូវលែងបងប្អូនឯង ជាសាសន៍ហេព្រើរដែលបានលក់ខ្លួនដល់ឯង ហើយបានបម្រើឯងអស់៦ឆ្នាំ គឺឯងត្រូវលែងគេឲ្យរួចចេញពីឯងទៅ ប៉ុន្តែ ពួកអយ្យកោឯងរាល់គ្នាមិនបានស្តាប់តាមអញទេ ក៏មិនបានផ្ទៀងត្រចៀកផង
15 ឯឯងរាល់គ្នាទើបនឹងវិលមកធ្វើការ ដែលត្រឹមត្រូវនៅភ្នែកអញ ដោយប្រកាសប្រាប់សេចក្ដីប្រោសលោះដល់អ្នកជិតខាងឯងរៀងខ្លួនអំបាញ់មិញ ហើយបានតាំងសញ្ញានៅមុខអញ ក្នុងព្រះវិហារដែលហៅតាមឈ្មោះអញផង
16 តែឥឡូវនេះ បានបែរទៅជាបង្អាប់ដល់ឈ្មោះអញវិញ ដោយបានបង្ខំឲ្យពួកបាវប្រុសបាវស្រីរបស់ឯងរៀងខ្លួន ដែលឯងបានលែងឲ្យរួចចេញតាមបំណងចិត្តគេនោះ ឲ្យវិលមកនៅក្នុងបង្គាប់ខ្លួន និងធ្វើជាបាវប្រុសបាវស្រីរបស់ឯងរាល់គ្នាវិញទៀត។
17 ហេតុនោះ ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា ឯងរាល់គ្នាមិនបានស្តាប់តាមអញ ដើម្បីនឹងប្រកាសប្រាប់ពីសេចក្ដីប្រោសលោះដល់បងប្អូនឯងរៀងខ្លួន និងដល់អ្នកជិតខាងឯងរៀងខ្លួនទេ ដូច្នេះ ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា មើល អញប្រកាសប្រាប់ពីសេចក្ដីប្រោសលោះដល់ឯងរាល់គ្នាវិញ គឺឲ្យរួចចេញទៅដល់ដាវ ដល់អាសន្នរោគ ហើយដល់អំណត់អត់ដែរ អញនឹងធ្វើឲ្យឯងរាល់គ្នាត្រូវសាត់អណ្តែតទៅមក កណ្តាលអស់ទាំងនគរនៅផែនដី
18 ហើយអញនឹងប្រគល់ពួកមនុស្សដែលបានក្បត់នឹងសេចក្ដីសញ្ញារបស់អញ ជាពួកអ្នកដែលមិនបានធ្វើតាមពាក្យនៃសេចក្ដីសញ្ញា ដែលគេបានតាំងនៅមុខអញ ក្នុងកាលដែលគេបានពុះកូនគោជា២ចំហៀង រួចដើរនៅកណ្តាលចំហៀងទាំង២នោះ
19 ជាពួកចៅហ្វាយនៃស្រុកយូដា ពួកចៅហ្វាយនៃក្រុងយេរូសាឡឹម ពួកសេនាបតី ពួកសង្ឃ និងពួកជនទាំងឡាយនៅក្នុងស្រុកដែលបានដើរកណ្តាលចំហៀងនៃកូនគោនោះ
20 គឺអញនឹងប្រគល់គេទៅក្នុងកណ្តាប់ដៃនៃពួកខ្មាំងសត្រូវរបស់គេ ហើយក្នុងកណ្តាប់ដៃនៃពួកអ្នក ដែលរកជីវិតគេ ឯសាកសពរបស់គេនឹងជាចំណីដល់សត្វហើរលើអាកាស និងសត្វជើង៤នៅផែនដី
21 ហើយអញនឹងប្រគល់សេដេគាជាស្តេចយូដា និងពួកចៅហ្វាយ ទៅក្នុងកណ្តាប់ដៃនៃពួកខ្មាំងសត្រូវ ហើយក្នុងកណ្តាប់ដៃនៃពួកអ្នក ដែលរកជីវិតគេ និងក្នុងកណ្តាប់ដៃនៃពួកទ័ពរបស់ស្តេចបាប៊ីឡូនដែលទើបនឹងថយចេញ ពីឯងរាល់គ្នានោះ
22 ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា មើល អញនឹងបង្គាប់ ហើយនិងធ្វើឲ្យគេវិលមកឯទីក្រុងនេះវិញ នោះគេនឹងច្បាំងចាប់យកទីក្រុងនេះបាន រួចដុតនឹងភ្លើងចោល អញនឹងធ្វើឲ្យទីក្រុងទាំងប៉ុន្មាននៃស្រុកយូដាត្រូវខូចបង់ ឥតមានអ្នកណានៅ។