យេរេមា
ជំពូក 22
ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា ចូរចុះទៅឯដំណាក់ស្តេចយូដា ហើយពោលពាក្យនេះនៅទីនោះ
2 គឺប្រាប់ថា ឱស្តេចសាសន៍យូដាដែលគង់លើបល្ល័ង្កនៃដាវីឌ ព្រមទាំងពួកមហាតលិក និងបណ្តាជនរបស់ទ្រង់ដែលចូលតាមទ្វារទាំងនេះអើយ ចូរស្តាប់ព្រះបន្ទូលនៃព្រះយេហូវ៉ាចុះ
3 ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា ចូរសម្រេចសេចក្ដីយុត្តិធម៌ និងសេចក្ដីសុចរិត ហើយដោះអ្នកដែលត្រូវគេប្លន់ ឲ្យបានរួចពីកណ្តាប់ដៃនៃពួកអ្នកដែលសង្កត់សង្កិននោះ កុំឲ្យរឹបជាន់ ឬគំហកកំហែងដល់អ្នកដទៃ ដែលមកស្នាក់នៅ ឬដល់ពួកកំព្រា និងស្រីមេម៉ាយឡើយ ក៏កុំឲ្យកម្ចាយឈាមរបស់មនុស្សដែលឥតទោសនៅទីនេះដែរ
4 ដ្បិតបើសិនជាឯងរាល់គ្នានឹងធ្វើតាមពាក្យនេះជាប្រាកដ នោះនឹងមានស្តេចដែលគង់លើបល្ល័ង្កដាវីឌជិះរាជរថ និងសេះយាងចូលតាមទ្វារនេះ ព្រមទាំងពួកមហាតលិក និងរាស្ត្ររបស់ទ្រង់ផង
5 តែបើឯងរាល់គ្នាមិនព្រមស្តាប់តាមពាក្យទាំងនេះទេ នោះព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះ អញស្បថនឹងខ្លួនអញថា ដំណាក់នេះនឹងត្រូវបំផ្លាញអស់រលីង
6 ដ្បិតព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលពីដំណើរដំណាក់នៃស្តេចយូដាដូច្នេះ ឯងទុកដូចជាស្រុកកាឡាត ហើយដូចកំពូលភ្នំល្បាណូនដល់អញ ប៉ុន្តែ ប្រាកដជាអញនឹងធ្វើឲ្យឯងទៅជាទីស្ងាត់ជ្រងំវិញ ជាទីក្រុងដែលឥតមានមនុស្សនៅ
7 ហើយអញនឹងតាំងពួកបំផ្លាញឲ្យមកទាស់នឹងឯង គ្រប់គ្នានឹងកាន់គ្រឿងអាវុធរបស់ខ្លួន គេនឹងកាប់រំលំដើមតាត្រៅ ដែលជ្រើសរើសរបស់ឯង ហើយបោះទៅក្នុងភ្លើង
8 សាសន៍ជាច្រើននឹងដើរមកតាមទីក្រុងនេះ គ្រប់គ្នានឹងនិយាយដល់គូកនខ្លួនថា ហេតុអ្វីបានជាព្រះយេហូវ៉ាទ្រង់ធ្វើដូច្នេះដល់ក្រុងធំនេះ
9 នោះគេនឹងឆ្លើយតបថា គឺពីព្រោះគេបានបោះបង់ចោលសេចក្ដីសញ្ញារបស់ព្រះយេហូវ៉ាជាព្រះនៃគេ ក៏ថ្វាយបង្គំហើយគោរពប្រតិបត្តិដល់ព្រះដទៃផង។
10 កុំឲ្យយំនឹងមនុស្សដែលស្លាប់ឡើយ ក៏កុំឲ្យសោកស្តាយគេដែរ ត្រូវឲ្យយំជាខ្លាំងនឹងអ្នកដែលចាកចេញពីទីនេះវិញ ដ្បិតគេនឹងមិនដែលវិលមកទៀតឡើយ ក៏មិនដែលឃើញស្រុកកំណើតរបស់ខ្លួនទៀតផង
11 ពីព្រោះឯសាលូម ជាបុត្រយ៉ូសៀស ស្តេចយូដា ដែលសោយរាជ្យជំនួសយ៉ូសៀស ជាបិតា ហើយបានចាកចេញពីទីនេះទៅហើយ នោះព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា គេនឹងមិនដែលមកឯទីនេះវិញទៀតឡើយ
12 នៅកន្លែងណាដែលត្រូវដឹកនាំទៅជាឈ្លើយ នោះគេនឹងស្លាប់នៅទីនោះ ឥតដែលឃើញស្រុកនេះទៀត។
13 វេទនាដល់អ្នកណាដែលសង់ផ្ទះខ្លួនដោយការទុច្ចរិត ហើយធ្វើបន្ទប់ខ្លួនដោយការមិនទៀងត្រង់ ជាអ្នកដែលប្រើប្រាស់អ្នកជិតខាងខ្លួនទទេ ឥតចេញឈ្នួលឲ្យ
14 ហើយក៏ពោលថា អញនឹងសង់ផ្ទះ១ធំ ដែលមានបន្ទប់ទូលាយសម្រាប់អញ ក៏ធ្វើបង្អួច ហើយបិទជញ្ជាំងដោយក្តារតាត្រៅ រួចលាបពណ៌ក្រហមស្រស់
15 តើត្រូវឲ្យឯងសោយរាជ្យ ដោយព្រោះតែឯងមានចិត្តសង្វាត និងចម្រើនឈើតាត្រៅឬអី ឯឪពុកឯង តើមិនបានស៊ី ហើយផឹកដែរទេឬអី ប៉ុន្តែ បានប្រព្រឹត្តសេចក្ដីយុត្តិធម៌ និងសេចក្ដីសុចរិត បានជាមានសន្តិសុខក្នុងគ្រានោះ
16 គាត់បានកាត់ក្តីឲ្យពួកក្រីក្រ និងពួកកំសត់ទុគ៌ត ដូច្នេះ ក៏មានសេចក្ដីសុខ ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលសួរថា ដែលប្រព្រឹត្តដូច្នោះ តើមិនមែនជាស្គាល់ដល់អញទេឬអី
17 តែឯភ្នែកឯង និងចិត្តឯង នោះរកតែបំពេញសេចក្ដីលោភរបស់ឯងវិញ ក៏កម្ចាយឈាមរបស់មនុស្សដែលឥតមានទោស ព្រមទាំងរឹបជាន់ និងប្រព្រឹត្តសេចក្ដីច្រឡោតផងប៉ុណ្ណោះ
18 ហេតុនោះ ព្រះយេហូវ៉ាក៏មានព្រះបន្ទូលពីដំណើរយេហូយ៉ាគីម ជាបុត្រយ៉ូសៀស ស្តេចសាសន៍យូដាដូច្នេះថា មនុស្សនឹងមិនសោកស្តាយដោយពាក្យថា ឱបង ឱប្អូនអើយ ក៏មិនដែលសោកស្តាយថា ឱព្រះអម្ចាស់អើយ ឬថាព្រះករុណាដ៏ឧត្តមអើយ នោះឡើយ
19 គេនឹងកប់សពយេហូយ៉ាគីម ដូចជាកប់ខ្មោចសត្វលា គឺគេនឹងអូសទៅបោះចោល នៅខាងក្រៅទ្វារនៃក្រុងយេរូសាឡឹមបង់។
20 ចូរឡើងទៅលើភ្នំល្បាណូន ហើយស្រែកឡើង ចូរបន្លឺសំឡេងនៅស្រុកបាសាន ហើយស្រែកពីភ្នំអាបារីមចុះ ពីព្រោះបណ្តាសហាយរបស់ឯងបានត្រូវបំផ្លាញហើយ
21 កាលនៅគ្រាសំបូរ នោះអញបាននិយាយនឹងឯងហើយតែឯងឆ្លើយតបថា យើងមិនព្រមស្តាប់ទេ គឺបែបយ៉ាងនេះ ដែលបានប្រព្រឹត្តតាំងតែពីក្មេងមក គឺមិនព្រមស្តាប់តាមពាក្យអញឡើយ
22 ខ្យល់នឹងស៊ីបំផ្លាញពួកគង្វាលរបស់ឯង ហើយពួកសហាយរបស់ឯងនឹងត្រូវដឹកទៅជាឈ្លើយ ដូច្នេះ ឯងនឹងត្រូវខ្មាស ហើយជ្រប់មុខ ដោយព្រោះអំពើអាក្រក់ដែលឯងប្រព្រឹត្តជាមិនខាន
23 ឱអ្នកដែលអាស្រ័យនៅព្រៃល្បាណូន ដែលធ្វើសំបុកនៅដើមតាត្រៅអើយ កាលណាសេចក្ដីទុក្ខវេទនាមកលើឯង ដូចជាស្ត្រីដែលឈឺចាប់នឹងសម្រាលកូន នោះឯងនឹងគួរអាណិតយ៉ាងណាទៅ។
24 ព្រះយេហូវ៉ាទ្រង់ស្បថថា ដូចជាអញរស់នៅ ទោះបើយេកូនាស ជាបុត្រយេហូយ៉ាគីម ស្តេចសាសន៍យូដាជាចិញ្ចៀនត្រានៅដៃស្តាំអញក៏ដោយ គង់តែអញនឹងកន្ត្រាក់ចេញទៅដែរ
25 អញនឹងប្រគល់ឯងទៅក្នុងកណ្តាប់ដៃនៃពួកអ្នកដែលរកជីវិតឯង ហើយក្នុងកណ្តាប់ដៃនៃពួកអ្នកដែលឯងបានខ្លាចនោះ គឺក្នុងកណ្តាប់ដៃនៃនេប៊ូក្នេសា ជាស្តេចបាប៊ីឡូន ហើយក្នុងកណ្តាប់ដៃនៃសាសន៍ខាល់ដេផង
26 អញនឹងបោះឯងចោលចេញ ព្រមទាំងម្តាយដែលបង្កើតឯងផង ទៅក្នុងស្រុក១ដែលមិនមែនជាស្រុកកំណើតរបស់ឯង ហើយឯងនឹងស្លាប់នៅក្នុងស្រុកនោះ
27 តែឯស្រុកដែលចិត្តគេរឭកចង់វិលទៅនៅវិញនោះ គេនឹងមិនត្រឡប់ទៅនៅវិញឡើយ
28 ឯមនុស្សឈ្មោះយេកូនាសនេះ តើជាភាជនៈកំបែក ហើយសំអប់ឬអី តើជាប្រដាប់ដែលឥតមានអ្នកណាពេញចិត្តដែរឬ ហេតុអ្វីបានជាគេត្រូវបោះចេញដូច្នេះ ព្រមទាំងពូជពង្សរបស់គេផង គឺបោះចោលទៅនៅស្រុក១ដែលគេមិនស្គាល់នោះ
29 ឱផែនដី ផែនដី ផែនដីអើយ ចូរស្តាប់ព្រះបន្ទូលនៃព្រះយេហូវ៉ាចុះ
30 ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះ ត្រូវកត់ឈ្មោះរបស់មនុស្សនេះថាជាគ្មានកូន ជាមនុស្សដែលនឹងមិនចម្រើនក្នុងជំនាន់របស់ខ្លួនឡើយ ដ្បិតនឹងគ្មានពូជពង្សគេណាមួយ ដែលនឹងអាចអង្គុយលើបល្ល័ង្កនៃដាវីឌ ហើយគ្រប់គ្រងលើស្រុកយូដាបានទៀតឡើយ។