យេរេមា

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52


ជំពូក 47

នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ដែល​មក​ដល់​ហោរា​យេរេមា ពី​ដំណើរ​ពួក​សាសន៍​ភីលីស្ទីន កាល​មុន​ដែល​ផារ៉ោន​បាន​វាយ​យក​ក្រុង​កាសា
2 ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា មើល មាន​ទឹក​ឡើង​ចេញ​ពី​ទិស​ខាង​ជើង ទឹក​នោះ​នឹង​ត្រឡប់​ជា​ទន្លេ​ដែល​លិច​ច្រាំង ក៏​នឹង​ជន់​ឡើង​លិច​ស្រុក និង​បណ្តា​ដែល​នៅ​ក្នុង​ស្រុក​ទាំង​ប៉ុន្មាន​ដែរ គឺ​ទាំង​ទី​ក្រុង និង​មនុស្ស​ដែល​អាស្រ័យ​នៅ​ផង នោះ​បណ្តា​មនុស្ស​នឹង​ស្រែក​ឡើង ពួក​អ្នក​ដែល​អាស្រ័យ​នៅ​ទាំង​ប៉ុន្មាន​នឹង​ទ្រហោ​យំ
3 ដោយ​ឮ​សូរ​ព្រូស‌ព្រឹប​នៃ​ជើង​សេះ​ដ៏​ខ្លាំង​ពូកែ​របស់​គេ ដោយ​សូរ​រន្ថាន់​របស់​រទេះ​ចម្បាំង​គេ និង​សូរ​រ៉ូង‌រ៉ាង​នៃ​កង់​រទេះ​ផង ឪពុក​ទាំង​ប៉ុន្មាន​នឹង​មិន​ងាក​ទៅ​ក្រោយ​មើល​កូន​ឡើយ ដោយ​ព្រោះ​ខ្សោយ​ដៃ
4 ដ្បិត​ថ្ងៃ​ដែល​ត្រូវ​បំផ្លាញ​ពួក​ភីលីស្ទីន​ទាំង​អស់​បាន​មក​ដល់​ហើយ ដើម្បី​នឹង​កាត់​អស់​ទាំង​អ្នក​ជំនួយ​ដែល​នៅ​សល់ ចេញ​ពី​ក្រុង​ទីរ៉ុស និង​ក្រុង​ស៊ីដូន​បង់ ពី​ព្រោះ​ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​បំផ្លាញ​សាសន៍​ភីលីស្ទីន គឺ​ជា​សំណល់​មនុស្ស​ដែល​មក​ពី​កោះ​កាប់ថោរ​ទៅ
5 ក្រុង​កាសា​បាន​ទៅ​ជា​ទំពែក​ហើយ ក្រុង​អាស‌កា‌ឡូន​បាន​ត្រូវ​សាប‌សូន្យ​ទៅ ព្រម​ទាំង​សំណល់​មនុស្ស​នៅ​វាល​ច្រក​ភ្នំ​នោះ​ផង តើ​ឯង​នឹង​អារ​សាច់​ខ្លួន ដល់​កាល​ណា​ទៀត
6 ឱ​ដាវ​នៃ​ព្រះ‌យេហូវ៉ា​អើយ តើ​ដល់​កាល​ណា​បាន​ឯង​ឈប់​ទ្រឹង​វិញ ចូរ​ស៊ក​ខ្លួន​ទៅ​ក្នុង​ស្រោម​ចុះ ចូរ​ផ្អាក ហើយ​ស្ងៀម​នៅ
7 ឯង​នឹង​នៅ​ស្ងៀម​ឯ​ណា​បាន ដ្បិត​ឃើញ​ថា ព្រះ‌យេហូវ៉ា​បាន​បង្គាប់​ការ​ហើយ គឺ​ទ្រង់​តម្រូវ​ឲ្យ​ទាស់​នឹង​ក្រុង​អាស‌កា‌ឡូន ហើយ​និង​ឆ្នេរ​សមុទ្រ​ផង។