យេរេមា
ជំពូក 42
គ្រានោះ មេទ័ពទាំងប៉ុន្មាន និងយ៉ូហាណាន ជាកូនការា ហើយយេសានា ជាកូនហូសាយ៉ា ព្រមទាំងបណ្តាជនទាំងអស់ ចាប់តាំងពីអ្នកតូចបំផុត រហូតដល់អ្នកធំបំផុត គេក៏ចូលមកជិត
2 ហើយគេនិយាយនឹងហោរាយេរេមាថា សូមឲ្យលោកមេត្តាស្តាប់សេចក្ដីដែលយើងខ្ញុំអង្វរដល់លោក ហើយសូមអធិស្ឋានដល់ព្រះយេហូវ៉ាជាព្រះនៃលោកឲ្យយើងខ្ញុំផង គឺឲ្យពួកមនុស្សដែលសល់នៅទាំងនេះ ដ្បិតយើងខ្ញុំដែលមានគ្នាច្រើន បានសល់នៅតែបន្តិចទេ ដូចជាលោកឃើញស្រាប់
3 ដើម្បីឲ្យព្រះយេហូវ៉ាជាព្រះនៃលោក បានបង្ហាញផ្លូវដែលយើងខ្ញុំត្រូវដើរ និងការដែលត្រូវធ្វើ
4 ហោរាយេរេមាក៏ឆ្លើយតបថា ខ្ញុំបានឮហើយ មើល ខ្ញុំនឹងអធិស្ឋានដល់ព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នា តាមពាក្យសំណូមរបស់អ្នករាល់គ្នា ហើយសេចក្ដីអ្វីដែលព្រះយេហូវ៉ាទ្រង់ឆ្លើយមក នោះខ្ញុំនឹងឲ្យអ្នករាល់គ្នាដឹង ឥតលាក់លៀបអ្វីនឹងអ្នករាល់គ្នាឡើយ
5 ដូច្នេះ គេជម្រាបយេរេមាថា បើយើងខ្ញុំមិនធ្វើតាមគ្រប់ទាំងសេចក្ដីដែលព្រះយេហូវ៉ាជាព្រះនៃលោក នឹងចាត់លោកមកប្រាប់ដល់យើងខ្ញុំ នោះសូមឲ្យព្រះយេហូវ៉ាទ្រង់ជាសាក្សីពិត ហើយស្មោះត្រង់ទាស់នឹងយើងខ្ញុំចុះ
6 ទោះបើជាការល្អ ឬអាក្រក់ក្តី គង់តែយើងខ្ញុំនឹងស្តាប់តាមព្រះបន្ទូលរបស់ព្រះយេហូវ៉ាជាព្រះនៃយើងខ្ញុំ ដែលយើងខ្ញុំឲ្យលោកទៅសួរដល់ទ្រង់នោះ ដើម្បីឲ្យយើងខ្ញុំរាល់គ្នាបានសេចក្ដីសុខ ដោយស្តាប់តាមព្រះបន្ទូលរបស់ព្រះយេហូវ៉ាជាព្រះនៃយើងខ្ញុំ។
7 ក្រោយ១០ថ្ងៃមក នោះព្រះបន្ទូលនៃព្រះយេហូវ៉ាក៏មកដល់យេរេមា
8 រួចលោកហៅយ៉ូហាណាន ជាកូនការា និងពួកមេទ័ពទាំងប៉ុន្មានដែលនៅជាមួយ ហើយបណ្តាជនទាំងឡាយ ចាប់តាំងពីអ្នកតូចបំផុត រហូតដល់អ្នកធំបំផុត
9 លោកក៏ប្រាប់គេថា ព្រះយេហូវ៉ាជាព្រះនៃសាសន៍អ៊ីស្រាអែល ដែលអ្នករាល់គ្នាបានចាត់ខ្ញុំឲ្យទៅនាំពាក្យអង្វររបស់អ្នករាល់គ្នា ទៅថ្វាយដល់ទ្រង់នោះ ទ្រង់មានព្រះបន្ទូលដូច្នេះថា
10 បើឯងរាល់គ្នានឹងនៅជាប់ក្នុងស្រុកនេះតទៅ នោះអញនឹងសង់ឯងឡើងឥតរំលំចុះឡើយ ក៏នឹងដាំឯងរាល់គ្នាឥតរំលើងវិញដែរ ដ្បិតអញប្រែគំនិតចេញពីការអាក្រក់ ដែលអញបានធ្វើដល់ឯងរាល់គ្នាហើយ
11 ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា កុំឲ្យខ្លាចចំពោះស្តេចបាប៊ីឡូន ដែលឯងរាល់គ្នាកំពុងតែខ្លាចនោះ កុំឲ្យខ្លាចគេឡើយ ដ្បិតអញនៅជាមួយ ដើម្បីនឹងជួយសង្គ្រោះឯងរាល់គ្នា ហើយនិងដោះឯងរាល់គ្នាឲ្យរួចពីកណ្តាប់ដៃរបស់គេ
12 អញនឹងប្រោសមេត្តាដល់ឯងរាល់គ្នា ដើម្បីឲ្យគេបានអាណិតឯង ហើយឲ្យត្រឡប់ទៅឯស្រុករបស់ឯងរៀងខ្លួនវិញ
13 តែបើឯងរាល់គ្នាថា យើងខ្ញុំមិនព្រមនៅជាប់ក្នុងស្រុកនេះតទៅទេ គឺឯងរាល់គ្នាមិនព្រមស្តាប់តាមព្រះបន្ទូលរបស់ព្រះយេហូវ៉ាជាព្រះនៃឯង
14 ដោយថា ទេ យើងរាល់គ្នានឹងទៅនៅឯស្រុកអេស៊ីព្ទវិញ ជាកន្លែងដែលយើងខ្ញុំនឹងមិនឃើញចម្បាំងទៀត ក៏មិនឮសូរត្រែ ឬត្រូវអត់ឃ្លានឡើយ គឺនៅទីនោះដែលយើងខ្ញុំនឹងអាស្រ័យនៅវិញ
15 ដូច្នេះ ឱសំណល់ពួកយូដាអើយ ចូរស្តាប់ព្រះបន្ទូលនៃព្រះយេហូវ៉ាឥឡូវចុះ ព្រះយេហូវ៉ានៃពួកពលបរិវារ ជាព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់មានព្រះបន្ទូលដូច្នេះ បើឯងរាល់គ្នាកាត់ចិត្តនឹងទៅឯស្រុកអេស៊ីព្ទជាពិត ហើយក៏ទៅអាស្រ័យនៅឯនោះ
16 យ៉ាងនោះ ដាវដែលឯងរាល់គ្នាខ្លាចនោះនឹងតាមឯងទាន់ នៅក្នុងស្រុកអេស៊ីព្ទ ហើយអំណត់អត់ដែលឯងរាល់គ្នាខ្លាចដែរ នឹងជាប់ប្រកិតតាមឯងរាល់គ្នា ទៅក្នុងស្រុកអេស៊ីព្ទនោះឯង ហើយឯងរាល់គ្នានឹងត្រូវស្លាប់នៅទីនោះ
17 ឯអស់អ្នកដែលកាត់ចិត្តនឹងទៅអាស្រ័យនៅក្នុងស្រុកអេស៊ីព្ទ នោះនឹងបានដូច្នោះ គឺគេនឹងស្លាប់ដោយដាវ ដោយអំណត់អត់ និងអាសន្នរោគ ឥតមានពួកគេណាមួយសល់នៅ ឬរួចពីការអាក្រក់ដែលអញនឹងនាំមកលើគេនោះឡើយ។
18 ពីព្រោះ ព្រះយេហូវ៉ានៃពួកពលបរិវារ ជាព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់មានព្រះបន្ទូលដូច្នេះថា សេចក្ដីកំហឹង និងសេចក្ដីក្រោធរបស់អញ ដែលបានចាក់ចេញទៅលើពួកអ្នកនៅក្រុងយេរូសាឡឹមជាយ៉ាងណា នោះសេចក្ដីក្រោធរបស់អញនឹងត្រូវចាក់ចេញលើឯងរាល់គ្នាយ៉ាងនោះដែរ គឺក្នុងកាលដែលចូលទៅក្នុងស្រុកអេស៊ីព្ទនោះ នៅស្រុកនោះ ឯងរាល់គ្នានឹងត្រឡប់ទៅជាទីត្មះតិះដៀល ជាទីស្រឡាំងកាំង ជាទីផ្តាសា ហើយជាទីជេរប្រមាថ ឯងរាល់គ្នានឹងមិនបានឃើញទីនេះទៀតឡើយ
19 ឱសំណល់នៃពួកយូដាអើយ ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូល ពីដំណើរឯងរាល់គ្នាថា នៅថ្ងៃនេះ ខ្ញុំបានធ្វើបន្ទាល់ដល់អ្នករាល់គ្នាហើយ
20 ដ្បិតអ្នករាល់គ្នាបានបញ្ឆោតចិត្តខ្លួន ពីព្រោះអ្នករាល់គ្នាបានចាត់ខ្ញុំឲ្យទៅឯព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នា ដោយពាក្យថា សូមអធិស្ឋានដល់ព្រះយេហូវ៉ាជាព្រះនៃយើងរាល់គ្នាឲ្យយើងផង ហើយសូមប្រាប់មកយើង តាមគ្រប់ទាំងសេចក្ដីដែលព្រះយេហូវ៉ាជាព្រះនៃយើង ទ្រង់នឹងមានព្រះបន្ទូលមក នោះយើងនឹងប្រព្រឹត្តតាម
21 ដូច្នេះ នៅថ្ងៃនេះឯង ខ្ញុំបានប្រាប់ដល់អ្នករាល់គ្នាហើយ តែអ្នករាល់គ្នាមិនបានស្តាប់តាមព្រះបន្ទូលនៃព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នា ក្នុងការអ្វីដែលទ្រង់បានចាត់ខ្ញុំមកប្រាប់អ្នករាល់គ្នានោះសោះ
22 ដូច្នេះ ចូរឲ្យអ្នករាល់គ្នាដឹងច្បាស់ថា អ្នករាល់គ្នានឹងត្រូវស្លាប់ដោយដាវ ដោយអំណត់អត់ ហើយដោយអាសន្នរោគ នៅក្នុងទីដែលអ្នករាល់គ្នាចូលចិត្តចង់ទៅអាស្រ័យនៅនោះ។