យេរេមា
ជំពូក 1
នេះជាពាក្យរបស់យេរេមា ជាកូនហ៊ីលគីយ៉ា គឺជាម្នាក់ក្នុងពួកសង្ឃ ដែលនៅក្រុងអាន៉ាថោត ក្នុងស្រុកបេនយ៉ាមីន
2 ជាអ្នកដែលព្រះបន្ទូលនៃព្រះយេហូវ៉ាបានមកដល់ខ្លួន នៅក្នុងឆ្នាំទី១៣នៃរាជ្យយ៉ូសៀស ជាបុត្រអាំម៉ូន ស្តេចស្រុកយូដា
3 ក៏មានមកដល់ នៅក្នុងរាជ្យយ៉ូយ៉ាគីម ជាបុត្រយ៉ូសៀស ជាស្តេចស្រុកយូដា ដរាបដល់ផុតឆ្នាំទី១១ ក្នុងរាជ្យសេដេគា ជាបុត្រយ៉ូសៀស ដែលជាស្តេចស្រុកយូដា គឺដល់ខែស្រាពណ៍ ជាគ្រាដែលពួកក្រុងយេរូសាឡឹម ត្រូវចាប់ដឹកនាំទៅជាឈ្លើយនោះឯង។
4 រីឯព្រះបន្ទូលនៃព្រះយេហូវ៉ាក៏មកដល់ខ្ញុំថា
5 មុនដែលអញបានជបបង្កើតឯងនៅក្នុងពោះម្តាយ នោះអញស្គាល់ឯងហើយ កាលមុនដែលឯងសម្រាលចេញពីផ្ទៃមក នោះអញបានញែកឯងជាបរិសុទ្ធផង ក៏បានតាំងឯងឡើងជាហោរា ដល់អស់ទាំងសាសន៍
6 នោះខ្ញុំបានទូលថា ឱព្រះអម្ចាស់យេហូវ៉ាអើយ មើល ទូលបង្គំគ្មានវោហារអធិប្បាយទេ ដ្បិតទូលបង្គំជាមនុស្សក្មេងសុទ្ធ
7 តែព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលមកខ្ញុំថា កុំឲ្យថាឯងជាមនុស្សក្មេងឡើយ ដ្បិតបើអញចាត់ឯងឲ្យទៅឯអ្នកណា នោះឯងត្រូវតែទៅ ហើយសេចក្ដីអ្វីដែលអញបង្គាប់ឯង នោះឯងត្រូវតែប្រាប់ដែរ
8 ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលមកខ្ញុំថា កុំឲ្យខ្លាចចំពោះគេឡើយ ដ្បិតអញនៅជាមួយ ដើម្បីនឹងជួយឲ្យឯងរួច
9 នោះព្រះយេហូវ៉ាទ្រង់លូកព្រះហស្តមកពាល់មាត់ខ្ញុំ ហើយមានព្រះបន្ទូលថា មើល អញបានដាក់ពាក្យរបស់អញនៅក្នុងមាត់ឯងហើយ
10 មើល នៅថ្ងៃនេះ អញតាំងឯងលើអស់ទាំងសាសន៍ និងលើនគរទាំងប៉ុន្មាន ដើម្បីឲ្យបានដករំលើង រុះទម្លាក់ ហើយបំផ្លាញរំលំចុះ ព្រមទាំងសង់ឡើងវិញ ហើយដាំទៀតផង។
11 មួយទៀត ព្រះបន្ទូលនៃព្រះយេហូវ៉ាក៏មកដល់ខ្ញុំ សួរថា យេរេមាអើយ តើឯងឃើញអ្វីនុ៎ះ នោះខ្ញុំទូលតបថា ទូលបង្គំឃើញដំបងឈើចំបក់១
12 រួចព្រះយេហូវ៉ាមានព្រះបន្ទូលមកខ្ញុំថា ឯងបានឃើញត្រូវហើយ ពីព្រោះអញព្យាយាមនឹងធ្វើសម្រេចតាមពាក្យរបស់អញ។
13 ព្រះបន្ទូលនៃព្រះយេហូវ៉ាបានមកដល់ខ្ញុំម្តងទៀត សួរថា តើឯងឃើញអ្វីនុ៎ះ ខ្ញុំក៏ទូលតបថា ទូលបង្គំឃើញថ្លាងទឹកកំពុងតែពុះ ដែលមានមាត់ផ្អៀងមកពីទិសខាងជើង
14 នោះព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលមកខ្ញុំថា នឹងកើតមានការអាក្រក់ ផុលចេញពីទិសខាងជើង មកលើពួកអ្នកស្រុកទាំងអស់
15 ដ្បិតមើល អញនឹងហៅគ្រប់ទាំងគ្រួសារនៃនគរទាំងប៉ុន្មាននៅខាងជើង ហើយគេនឹងមកតាំងបល្ល័ង្ករបស់គេរៀងខ្លួន នៅត្រង់មាត់ទ្វារក្រុងយេរូសាឡឹម ទល់នឹងកំផែងទីក្រុងព័ទ្ធជុំវិញ ហើយទល់នឹងទីក្រុងរបស់ស្រុកយូដាទាំងអស់ផង នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា
16 នោះអញនឹងធ្វើទោសដល់ទីក្រុងទាំងនោះ ដោយព្រោះសេចក្ដីទុច្ចរិតរបស់គេទាំងប៉ុន្មាន គឺដែលគេបានបោះបង់ចោលអញ ហើយបានដុតកំញានថ្វាយដល់ព្រះដទៃ ព្រមទាំងថ្វាយបង្គំចំពោះរបស់ដែលដៃខ្លួនគេបានធ្វើផង
17 ដូច្នេះ ចូរឲ្យឯងក្រវាត់ចង្កេះ ហើយក្រោកឡើងទៅប្រាប់ដល់គេ តាមគ្រប់ទាំងសេចក្ដីដែលអញបង្គាប់ឯងចុះ កុំឲ្យស្រយុតចិត្តចំពោះគេឡើយ ក្រែងអញធ្វើឲ្យឯងស្រយុតចិត្តនៅមុខគេជាពិត
18 ដ្បិតមើល នៅថ្ងៃនេះអញបានតាំងឯងឡើង ទុកជាទីក្រុងត្រៀមដោយគ្រឿងចម្បាំង ជាសសរដែក ហើយជាកំផែងលង្ហិន សម្រាប់តនឹងស្រុកទាំងមូល និងស្តេចទាំងប៉ុន្មាននៃសាសន៍យូដា ព្រមទាំងតនឹងពួកចៅហ្វាយ និងពួកសង្ឃ ហើយនិងបណ្តាជនទាំងឡាយនៅស្រុកនេះផង
19 គេនឹងតនឹងឯង តែមិនឈ្នះឯងឡើយ ដ្បិតអញនៅជាមួយ ដើម្បីនឹងជួយឯងឲ្យរួច នេះជាព្រះបន្ទូលនៃព្រះយេវ៉ា។