យេរេមា
ជំពូក 36
នៅឆ្នាំទី៤ក្នុងរាជ្យនៃយេហូយ៉ាគីម ជាបុត្រយ៉ូសៀសស្តេចយូដា ព្រះបន្ទូលនេះបានមកពីព្រះយេហូវ៉ាដល់យេរេមាថា
2 ចូរយកក្រាំង១មកកត់អស់ទាំងពាក្យដែលអញបានប្រាប់ដល់ឯង ទាស់នឹងពួកអ៊ីស្រាអែល និងពួកយូដា ហើយទាស់នឹងសាសន៍ទាំងប៉ុន្មាន ចាប់តាំងពីថ្ងៃដែលអញផ្តើមនិយាយនឹងឯង គឺតាំងពីគ្រាយ៉ូសៀសដរាបដល់សព្វថ្ងៃនេះ
3 ប្រហែលជាពួកវង្សយូដានឹងស្តាប់អស់ទាំងសេចក្ដីអាក្រក់ ដែលអញសម្រេចនឹងធ្វើដល់គេទេដឹង ប្រយោជន៍ឲ្យគេបានវិលមកពីផ្លូវអាក្រក់របស់គេរៀងខ្លួន ដើម្បីឲ្យអញបានអត់ទោសចំពោះអំពើទុច្ចរិត និងអំពើបាបរបស់គេ។
4 ដូច្នេះ យេរេមាក៏ហៅបារូក ជាកូននេរីយ៉ាមក ហើយបារូកក៏សរសេរអស់ទាំងព្រះបន្ទូលនៃព្រះយេហូវ៉ាចុះក្នុងក្រាំងតាមមាត់យេរេមា ជាព្រះបន្ទូលដែលទ្រង់បានមានព្រះបន្ទូលដល់លោក
5 រួចយេរេមាប្រាប់បារូកថា អញនៅជាប់ឃុំ និងចូលទៅក្នុងព្រះវិហារនៃព្រះយេហូវ៉ាមិនបាន
6 ដូច្នេះ ចូរឯងយកក្រាំងនេះ ដែលឯងបានសរសេរតាមមាត់អញ ទៅអានមើលព្រះបន្ទូលនៃព្រះយេហូវ៉ា នៅត្រចៀករបស់បណ្តាជនក្នុងព្រះវិហារនៃព្រះយេហូវ៉ា នៅថ្ងៃកាន់ត្រណមទៅ ហើយត្រូវឲ្យអានមើល នៅត្រចៀកពួកសាសន៍យូដាទាំងអស់ ដែលចេញពីទីក្រុងរបស់គេមកដែរ
7 ប្រហែលជាគេនឹងទូលអង្វរដល់ព្រះយេហូវ៉ា ហើយនិងវិលមកពីផ្លូវអាក្រក់របស់គេរៀងខ្លួនទេដឹង ដ្បិតសេចក្ដីខ្ញាល់ និងសេចក្ដីឃោរឃៅ ដែលព្រះយេហូវ៉ាបានពោលទាស់នឹងសាសន៍នេះ នោះធ្ងន់ក្រៃលែង
8 ដូច្នេះ បារូក ជាកូននេរីយ៉ា ក៏សម្រេចតាមគ្រប់ទាំងសេចក្ដីដែលហោរាយេរេមាបានបង្គាប់ គឺបានអានមើលព្រះបន្ទូលនៃព្រះយេហូវ៉ា ដែលកត់ចុះក្នុងក្រាំង នៅក្នុងព្រះវិហារនៃព្រះយេហូវ៉ា។
9 រីឯនៅខែមិគសិរ ក្នុងឆ្នាំទី៥នៃរាជ្យយេហូយ៉ាគីម ជាបុត្រយ៉ូសៀសស្តេចយូដា នោះប្រជាជនទាំងឡាយនៅក្រុងយេរូសាឡឹម ហើយបណ្តាជនដែលមកឯក្រុងយេរូសាឡឹម ពីទីក្រុងស្រុកយូដាទាំងប៉ុន្មាន ក៏ប្រកាសឲ្យមានថ្ងៃតមនៅចំពោះព្រះយេហូវ៉ា
10 ខណៈនោះ បារូកក៏អានមើលក្រាំង ជាពាក្យរបស់យេរេមា ក្នុងព្រះវិហារនៃព្រះយេហូវ៉ាឲ្យបណ្តាជនស្តាប់ គឺក្នុងបន្ទប់របស់ស្មៀនកេម៉ារាជាកូនសាផាន ដែលនៅទីលានខាងលើ ត្រង់ទ្វារថ្មីនៃព្រះវិហារព្រះយេហូវ៉ា។
11 លុះកាលមីកា ជាកូនកេម៉ារា ដែលជាកូនរបស់សាផានបានឮអស់ទាំងព្រះបន្ទូលនៃព្រះយេហូវ៉ា ដែលនៅក្នុងក្រាំងនោះហើយ
12 នោះក៏ចុះទៅឯព្រះរាជវាំងចូលក្នុងបន្ទប់ស្មៀន ឃើញមានពួកចៅហ្វាយទាំងប៉ុន្មាននៅទីនោះ គឺស្មៀនអេលីសាម៉ា ហើយដេឡាយ៉ា ជាកូនសេម៉ាយ៉ា និងអែលណាថាន ជាកូនអ័កបោរ កេម៉ារា ជាកូនសាផាន សេដេគា ជាកូនហាណានា ហើយពួកចៅហ្វាយទាំងអស់ផង
13 មីកាក៏ជម្រាបគេតាមគ្រប់ទាំងពាក្យដែលខ្លួនបានឮ ក្នុងកាលដែលបារូកអានមើលក្រាំងនោះឲ្យបណ្តាជនស្តាប់
14 ដូច្នេះ ពួកចៅហ្វាយទាំងនោះក៏ចាត់យេហ៊ូឌី ជាកូននេថានា ដែលជាកូនសេលេមាដែលជាកូនគូស៊ី ឲ្យទៅឯបារូកប្រាប់ថា ចូរយកក្រាំងដែលឯងបានអានមើលឲ្យបណ្តាជនស្តាប់នោះមក បារូកជាកូននេរីយ៉ាក៏យកក្រាំងកាន់នៅដៃទៅឯគេ
15 រួចគេប្រាប់ថា ចូរឯងអង្គុយអានមើលឲ្យយើងស្តាប់ផង នោះបារូកក៏អានមើល
16 លុះកាលគេបានឮពាក្យទាំងនោះរួចហើយ នោះគេក៏បែរមើលគ្នាទៅវិញទៅមក ដោយភិតភ័យ ហើយនិយាយទៅបារូកថា យើងនឹងទូលដល់ស្តេច ពីពាក្យទាំងនេះជាមិនខាន
17 រួចគេសួរបារូកថា ចូរប្រាប់យើងមក ធ្វើដូចម្តេចឲ្យឯងបានកត់អស់ទាំងពាក្យនេះតាមមាត់គាត់បាន
18 បារូកឆ្លើយថា លោកបានប្រាប់ពាក្យទាំងនេះដល់ខ្ញុំ ហើយខ្ញុំក៏យកទឹកខ្មៅសរសេរចុះក្នុងក្រាំងនេះ
19 នោះពួកចៅហ្វាយប្រាប់បារូកថា ចូរឯង និងយេរេមាទៅពួនខ្លួនទៅ កុំឲ្យអ្នកណាដឹងជានៅឯណាឡើយ។
20 រួចគេក៏ចូលទៅគាល់ស្តេចនៅក្នុងដំណាក់ តែឯក្រាំង គេបានដាក់ទុកនៅក្នុងបន្ទប់របស់ស្មៀនអេលីសាម៉ា ហើយគេទូលដល់ស្តេចតាមអស់ទាំងពាក្យនោះ
21 ដូច្នេះ ស្តេចទ្រង់ចាត់យេហ៊ូឌី ឲ្យទៅយកក្រាំង ពីបន្ទប់ស្មៀនអេលីសាម៉ាមក រួចយេហ៊ូឌីក៏អានមើលថ្វាយស្តេច នៅត្រចៀកនៃពួកចៅហ្វាយទាំងអស់ ដែលឈរនៅខាងស្តេចដែរ
22 ខណៈនោះ ស្តេចទ្រង់គង់ក្នុងដំណាក់សម្រាប់រដូវរងានៅខែមិគសិរ ហើយមានភ្លើងឆេះនៅជើងក្រានចំពោះទ្រង់
23 ដូច្នេះ កាលយេហ៊ូឌីបានអានមើលបីបួនទំព័រហើយ នោះស្តេចទ្រង់យកកាំបិតកាត់ រួចបោះទៅក្នុងភ្លើងនៅជើងក្រាន ទាល់តែក្រាំងទាំងមូលបានឆេះអស់ទៅ
24 ដំណើរនេះគេឥតមានស្លុតចិត្ត ឬហែកសម្លៀកបំពាក់គេសោះ ទោះទាំងស្តេច ឬពួកមហាតលិក ដែលឮពាក្យទាំងនោះផង
25 មានតែអែលណាថាន ដេឡាយ៉ា និងកេម៉ារាដែលបានទូលអង្វរដល់ស្តេច សូមកុំឲ្យទ្រង់ដុតក្រាំងប៉ុណ្ណោះ តែស្តេចមិនព្រមស្តាប់តាមទេ
26 រួចស្តេចទ្រង់បង្គាប់យេរ៉ាម្អែល ជាកូនហាម៉ាលេក និងសេរ៉ាយ៉ាជាកូនអាសរាល ហើយសេលេមា ជាកូនអាប់ឌាល ឲ្យទៅចាប់ស្មៀនបារូក និងហោរាយេរេមាមក តែព្រះយេហូវ៉ាទ្រង់បានលាក់លោកទុក។
27 ក្រោយដែលស្តេចបានដុតក្រាំងជាពាក្យទាំងនោះ ដែលបារូកបានសរសេរទុកតាមមាត់យេរេមាហើយ នោះព្រះបន្ទូលនៃព្រះយេហូវ៉ាក៏មកដល់យេរេមាថា
28 ចូរយកក្រាំង១ទៀត ហើយសរសេរទុកពាក្យដើមទាំងប៉ុន្មាន ដូចបានសរសេរចុះក្នុងក្រាំងមុននោះ ដែលយេហូយ៉ាគីម ជាស្តេចយូដាបានដុតចោលទៅហើយនោះ
29 រួចឯដំណើរយេហូយ៉ាគីម ជាស្តេចយូដា នោះត្រូវឲ្យឯងប្រាប់ថា ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលយ៉ាងដូច្នេះ ឯងបានដុតក្រាំងនោះចោល ដោយពាក្យថា ហេតុអ្វីបានជាសរសេរដូច្នេះថា ស្តេចបាប៊ីឡូននឹងមក ហើយបំផ្លាញស្រុកនេះទៅ ព្រមទាំងធ្វើឲ្យលែងមានទាំងមនុស្ស និងសត្វជាពិត
30 ហេតុនោះ ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលពីដំណើរយេហូយ៉ាគីម ជាស្តេចយូដាដូច្នេះថា វានឹងគ្មានអ្នកណាសម្រាប់អង្គុយលើបល្ល័ង្ករបស់ដាវីឌឡើយ ហើយសពវានឹងត្រូវបោះចោលទៅក្រៅ ឲ្យហាលក្តៅនៅពេលថ្ងៃ និងសន្សើមកកនៅពេលយប់
31 អញនឹងធ្វើទោសដល់វា និងពូជវា ព្រមទាំងពួកមហាតលិកទាំងប៉ុន្មាន ដោយព្រោះអំពើទុច្ចរិតរបស់វារាល់គ្នា ហើយអញនឹងនាំអស់ទាំងសេចក្ដីអាក្រក់មកលើវារាល់គ្នា និងលើពួកអ្នកនៅក្រុងយេរូសាឡឹម ហើយលើពួកមនុស្សនៅស្រុកយូដាទាំងប៉ុន្មានផង តាមដែលអញបានពោលទាស់នឹងវារាល់គ្នាហើយ តែគេមិនព្រមស្តាប់តាមសោះ
32 ដូច្នេះ យេរេមាក៏យកក្រាំង១ទៀត ឲ្យដល់ស្មៀនបារូក ជាកូននេរីយ៉ា ហើយគាត់ក៏សរសេរទុកអស់ទាំងពាក្យនោះតាមមាត់យេរេមា ដូចជាមាននៅក្នុងក្រាំងដែលយេហូយ៉ាគីម ស្តេចយូដាបានដុតចោលនោះ ក៏មានសេចក្ដីបែបដូចគ្នាជាច្រើនទៀតបានបន្ថែមបញ្ចូលផង។