សាំយូអែល ទី ១
ជំពូក 3
រីឯសាំយូអែល ក្មេងនោះក៏ធ្វើការងារថ្វាយព្រះយេហូវ៉ា នៅចំពោះមុខអេលី ក្នុងគ្រានោះ ព្រះបន្ទូលនៃព្រះយេហូវ៉ាកាន់តែក្រទៅ ឯការជាក់ស្តែងក៏មិនសូវមានជាញឹកញយដែរ
2 នៅគ្រានោះឯង មានពេល១ដែលអេលីដេកនៅដំណេករបស់លោក (សម័យនោះ ភ្នែកលោកបានចាប់តាំងងងឹតទៅ មើលអ្វីមិនឃើញឡើយ)
3 ហើយសាំយូអែលក៏ដេកនៅក្នុងព្រះវិហារព្រះយេហូវ៉ាដែរ ជាកន្លែងដែលមានហឹបនៃព្រះ ក្នុងកាលដែលចង្កៀងនៃព្រះមិនទាន់រលត់នៅឡើយ
4 នោះព្រះយេហូវ៉ាទ្រង់ហៅមកសាំយូអែល ហើយសាំយូអែលតបថា ប្របាទ
5 រួចក៏រត់ទៅឯអេលីសួរថា ខ្ញុំមកហើយ លោកមានការអី តែអេលីឆ្លើយទៅថា អញគ្មានហៅឯងទេ ចូរទៅដេកវិញទៅ សាំយូអែលក៏ទៅដេកវិញ
6 នោះព្រះយេហូវ៉ាទ្រង់ហៅម្តងទៀតថា នែសាំយូអែល រួចសាំយូអែលក្រោកឡើង ទៅឯអេលីសួរថា ខ្ញុំមកហើយ លោកមានការអី តែអេលីឆ្លើយថា កូនអើយ អញគ្មានហៅឯងទេ ចូរទៅដេកវិញទៅ
7 ឯសាំយូអែលមិនទាន់ស្គាល់ព្រះយេហូវ៉ានៅឡើយទេ ព្រះបន្ទូលនៃទ្រង់ក៏មិនទាន់បានសម្ដែងមកឲ្យដឹងដែរ
8 រួចព្រះយេហូវ៉ាទ្រង់ហៅម្តងទៀតជាគម្រប់៣ដងថា នែសាំយូអែលអើយ នោះសាំយូអែលក៏ក្រោកឡើង ទៅឯអេលីសួរថា ខ្ញុំមកហើយ លោកមានការអី ដូច្នេះ អេលីក៏យល់ឃើញថា គឺជាព្រះយេហូវ៉ាហើយ ដែលបានហៅក្មេងនេះ
9 លោកក៏ប្រាប់ដល់សាំយូអែលថា ចូរឯងដេកទៅ បើឮសូរហៅម្តងទៀត នោះត្រូវឆ្លើយថា បពិត្រ ព្រះយេហូវ៉ាអើយ សូមទ្រង់មានព្រះបន្ទូលមកចុះ ដ្បិតទូលបង្គំ ជាអ្នកបម្រើទ្រង់ ប្រុងស្តាប់ហើយ ដូច្នេះ សាំយូអែលបានទៅដេកនៅដំណេកខ្លួនវិញទៅ។
10 លំដាប់នោះ ព្រះយេហូវ៉ាទ្រង់យាងមកឈរ ហៅដូចជាជាន់មុនថា សាំយូអែល នែសាំយូអែលអើយ នោះសាំយូអែលទូលឆ្លើយថា សូមទ្រង់មានព្រះបន្ទូលមកចុះ ដ្បិតទូលបង្គំជាអ្នកបម្រើទ្រង់ ប្រុងស្តាប់ហើយ
11 ដូច្នេះ ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា មើល អញរៀបនឹងធ្វើការ១នៅក្នុងសាសន៍អ៊ីស្រាអែល ដែលនឹងធ្វើឲ្យខ្ទរដល់ត្រចៀកទាំងសងខាង នៃអស់អ្នកណាដែលឮ
12 នៅថ្ងៃនោះ អញនឹងសម្រេចទាស់នឹងអេលី តាមគ្រប់ទាំងការដែលអញបាននិយាយពីពួកគ្រួលោកហើយ ចាប់តាំងពីដើមដរាបដល់ចុងផង
13 ដ្បិតអញបានប្រាប់លោកហើយថា អញនឹងជំនុំជម្រះពួកគ្រួលោកជាដរាបទៅ ដោយព្រោះអំពើដ៏លាមកដែលលោកបានដឹងពីពួកកូនលោក ជាការដែលនាំឲ្យគេត្រូវបណ្តាសា ហើយលោកមិនបានហាមឃាត់ដល់គេទេ
14 គឺដោយហេតុនោះបានជាអញស្បថដល់ពួកគ្រួអេលីថា ទោះបើយកយញ្ញបូជា ឬតង្វាយណាមកថ្វាយក៏ដោយ គង់តែមិនបានធួននឹងអំពើដ៏លាមកដែលពួកគ្រួលោកបានប្រព្រឹត្តដែរ នៅជាដរាបតទៅ។
15 ស្រេចហើយ សាំយូអែលក៏ដេកដល់ព្រឹក រួចបើកទ្វារដំណាក់នៃព្រះយេហូវ៉ា តែខ្លាចមិនហ៊ានជម្រាបពីការជាក់ស្តែងនោះ ដល់អេលីទេ
16 ដូច្នេះ អេលីហៅសាំយូអែលមកថា សាំយូអែល កូនអើយ សាំយូអែលឆ្លើយថា ប្របាទ
17 រួចអេលីសួរថា ព្រះទ្រង់បានមានព្រះបន្ទូលនឹងឯងយ៉ាងដូចម្តេចខ្លះ សូមកុំលាក់នឹងអញឡើយ បើឯងលាក់ការអ្វីនឹងអញ ពីគ្រប់ទាំងសេចក្ដីដែលទ្រង់បានមានព្រះបន្ទូលនឹងឯង នោះសូមឲ្យព្រះធ្វើដល់ឯងដូច្នោះដែរ ហើយលើសទៅទៀតផង
18 សាំយូអែលក៏ជម្រាបដល់លោកទាំងអស់ ឥតមានលាក់អ្វីឡើយ រួចអេលីនិយាយថា នោះគឺជាព្រះយេហូវ៉ាហើយ សូមឲ្យទ្រង់សម្រេចតាមតែទ្រង់គិតឃើញថាល្អចុះ។
19 សាំយូអែលកាន់តែធំឡើង ព្រះយេហូវ៉ាទ្រង់ក៏គង់នៅជាមួយ ហើយមិនឲ្យពាក្យទំនាយណាមួយរបស់លោកជ្រុះធ្លាក់បាត់ឡើយ
20 ឯសាសន៍អ៊ីស្រាអែលទាំងអស់គ្នា ចាប់តាំងពីក្រុងដាន់ រហូតដល់បៀរ-សេបាក៏ដឹងថា សាំយូអែលបានតាំងឡើងជាហោរានៃព្រះយេហូវ៉ាហើយ
21 ក្រោយមក ព្រះយេហូវ៉ាទ្រង់តែងលេចមកនៅត្រង់ស៊ីឡូរទៀត ដ្បិតបានសម្ដែងមកឲ្យសាំយូអែលស្គាល់នៅត្រង់ស៊ីឡូរ ដោយសារព្រះបន្ទូលនៃទ្រង់ ហើយពាក្យសំដីរបស់សាំយូអែលក៏ឮ ផ្សាយទៅដល់សាសន៍អ៊ីស្រាអែលទាំងអស់គ្នា។