សាំយូអែល ទី ១

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31


ជំពូក 19

គ្រា​នោះ សូល​ទ្រង់​បង្គាប់​ដល់​យ៉ូណា‌ថាន​ជា​បុត្រា​ទ្រង់ និង​ពួក​មហា‌តលិក​ទាំង​ប៉ុន្មាន ឲ្យ​សម្លាប់​ដាវីឌ​ចោល តែ​យ៉ូណា‌ថាន​ជា​បុត្រា​សូល លោក​មាន​ចិត្ត​ស្រឡាញ់​ដាវីឌ​ណាស់
2 បាន​ជា​លោក​ប្រាប់​ដល់​ដាវីឌ​ថា សូល​ជា​បិតា​ខ្ញុំ​រក​សម្លាប់​អ្នក ដូច្នេះ ដល់​ព្រឹក​ឡើង សូម​ឲ្យ​អ្នក​ប្រយ័ត​ខ្លួន ត្រូវ​ឲ្យ​ពួន​នៅ​ក្នុង​ទី​សម្ងាត់​ណា​មួយ​ទៅ
3 នោះ​ខ្ញុំ​នឹង​ចេញ​ទៅ​ឈរ​ជា​មួយ​នឹង​បិតា​ខ្ញុំ​ក្នុង​វាល​ជិត​កន្លែង​ណា​ដែល​អ្នក​ពួន​នោះ រួច​ខ្ញុំ​នឹង​ស្នើ​ការ​ពី​ដំណើរ​អ្នក​ចំពោះ​បិតា​ខ្ញុំ បើ​ខ្ញុំ​ឃើញ​ហេតុ​ជា​យ៉ាង​ណា នោះ​ខ្ញុំ​នឹង​ប្រាប់​ដល់​អ្នក
4 ដូច្នេះ យ៉ូណា‌ថាន​ក៏​ដំណាល​សេចក្ដី​យ៉ាង​ល្អ​ពី​ដំណើរ​ដាវីឌ ទូល​ដល់​សូល​ជា​បិតា​ថា សូម​កុំ​ឲ្យ​បិតា​ធ្វើ​បាប​ដល់​ដាវីឌ ជា​អ្នក​បម្រើ​ទ្រង់​ឡើយ ដ្បិត​គាត់​មិន​បាន​ធ្វើ​ខុស​នឹង​បិតា​ទេ ហើយ​ការ​ដែល​គាត់​ធ្វើ​សោត​នោះ​សុទ្ធ​តែ​មាន​ប្រយោជន៍​ដល់​បិតា​ទាំង​អស់​ផង
5 គាត់​បាន​ប្រថុយ​ជីវិត​ទៅ​វាយ​ពួក​ភីលីស្ទីន ហើយ​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ប្រោស​ឲ្យ​មាន​ជ័យ‌ជម្នះ​ជា​ធំ ដល់​ពួក​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា បិតា​ក៏​បាន​ឃើញ ហើយ​មាន​សេចក្ដី​អំណរ​ដែរ ចុះ​ហេតុ​អ្វី​បាន​ជា​ចង់​ធ្វើ​បាប​នឹង​ឈាម​ដែល​ឥត​មាន​ទោស​វិញ ដោយ​សម្លាប់​គាត់​ឥត​ហេតុ​ដូច្នេះ​ធ្វើ​អី
6 នោះ​សូល​ទ្រង់​ក៏​ស្តាប់​តាម​ពាក្យ​យ៉ូណា‌ថាន ព្រម​ទាំង​ចេញ​វាចា​ស្បថ​ដោយ​នូវ​ព្រះ‌យេហូវ៉ា​ដ៏​មាន​ព្រះ‌ជន្ម​រស់​នៅ​ថា វា​មិន​ត្រូវ​ស្លាប់​ទេ
7 រួច​មក​យ៉ូណា‌ថាន​ហៅ​ដាវីឌ​មក ប្រាប់​សេចក្ដី​ទាំង​នោះ​ដល់​លោក ក៏​នាំ​ដាវីឌ​ទៅ​ឯ​សូល រួច​លោក​នៅ​ចំពោះ​ទ្រង់ ដូច​កាល​ពី​ដើម​វិញ។
8 សម័យ​នោះ កើត​មាន​ចម្បាំង​ម្តង​ទៀត ហើយ​ដាវីឌ​ក៏​ចេញ​ទៅ​ច្បាំង​នឹង​ពួក​ភីលីស្ទីន ប្រហារ​សម្លាប់​ជីវិត​គេ​យ៉ាង​សម្បើម គេ​ក៏​រត់​ពី​មុខ​លោក​ទៅ។
9 រីឯ​កាល​សូល​កំពុង​តែ​គង់​ក្នុង​ដំណាក់ មាន​ទាំង​ដែក​ពួយ​នៅ​ព្រះ‌ហស្ត នោះ​វិញ្ញាណ​អាក្រក់​ដែល​មក​ពី​ព្រះ‌យេហូវ៉ា​ក៏​សណ្ឋិត​លើ​ទ្រង់ ឯ​ដាវីឌ លោក​កំពុង​តែ​លេង​ភ្លេង
10 ស្រាប់​តែ​សូល​ទ្រង់​រក​ពួយ​ដាវីឌ​ភ្ជាប់​នឹង​ជញ្ជាំង ដោយ​ដែក​ពួយ ដែល​លោក​គេច​ផុត​ចេញ​ពី​ចំពោះ​សូល​ទាន់ ហើយ​ដែក​ពួយ​នោះ​ត្រូវ​ជញ្ជាំង​វិញ ដូច្នេះ ដាវីឌ​ក៏​រត់​រួច​នៅ​យប់​នោះ​ឯង
11 ឯ​សូល​ទ្រង់​ចាត់​គេ​ឲ្យ​ទៅ​ឯ​ផ្ទះ​ដាវីឌ​ដើម្បី​នឹង​ចាំ​យាម ហើយ​និង​សម្លាប់​លោក​ដល់​ព្រឹក​ឡើង តែ​មីកាល ជា​ប្រពន្ធ​ដាវីឌ ប្រាប់​លោក​ថា បើ​អ្នក​មិន​រត់​ទៅ​ឲ្យ​រួច​ជីវិត​នៅ​វេលា​យប់​នេះ​ទេ នោះ​ស្អែក​ឡើង អ្នក​នឹង​ត្រូវ​ស្លាប់​ហើយ
12 ដូច្នេះ មីកាល​បាន​សម្រូត​បញ្ចុះ​ដាវីឌ​តាម​បង្អួច​ទៅ ហើយ​លោក​ក៏​រត់​ចេញ​រួច
13 ឯ​មីកាល​នាង​យក​រូប​១​ទៅ​ផ្តេក​នៅ​លើ​គ្រែ ហើយ​យក​ខ្នើយ​រោម​ពពែ​ដាក់​កើយ​ក្បាល ព្រម​ទាំង​ដណ្តប់​ផួយ​ផង
14 លុះ​កាល​សូល​ទ្រង់​ចាត់​គេ​ឲ្យ​ទៅ​ចាប់​ដាវីឌ នោះ​នាង​ប្រាប់​ថា លោក​ឈឺ
15 រួច​សូល​ទ្រង់​ចាត់​គេ ឲ្យ​ទៅ​មើល​ដាវីឌ​ដោយ​ប្រាប់​ថា ចូរ​សែង​នាំ​យក​វា​ទាំង​ដេក​នៅ​លើ​គ្រែ មក​ឲ្យ​អញ​បាន​សម្លាប់​ចេញ
16 តែ​កាល​ពួក​នោះ​បាន​ទៅ​ដល់ នោះ​ឃើញ​មាន​តែ​រូប​ផ្តេក​នៅ​គ្រែ ហើយ​និង​ខ្នើយ​រោម​ពពែ ដាក់​កើយ​ក្បាល​ទេ
17 ដូច្នេះ សូល​ទ្រង់​សួរ​មីកាល​ថា ម្តេច​ក៏​ឯង​បញ្ឆោត​អញ ហើយ​ទុក​ឲ្យ​សត្រូវ​អញ​រួច​ទៅ​ដូច្នេះ មីកាល​ទូល​ឆ្លើយ​ថា គាត់​បាន​កំហែង​ខ្ញុំ​ម្ចាស់​ថា ចូរ​ឲ្យ​អញ​ទៅ ចង់​ឲ្យ​អញ​សម្លាប់​ឯង​ឬ។
18 រីឯ​ដាវីឌ លោក​រត់​រួច​ទៅ​ដល់​សាំយូ‌អែល នៅ​ឯ​រ៉ាម៉ា ហើយ​ជម្រាប​ពី​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​សូល​បាន​ធ្វើ​ដល់​ខ្លួន រួច​លោក និង​សាំយូ‌អែល​ក៏​នាំ​គ្នា​ទៅ​នៅ​ឯ​ណា‌យ៉ូត
19 មាន​គេ​ទូល​ដល់​សូល​ថា មើល ដាវីឌ​នៅ​ត្រង់​ណា‌យ៉ូត​ដែល​នៅ​ស្រុក​រ៉ាម៉ា
20 នោះ​សូល​ទ្រង់​ក៏​ចាត់​គេ​ឲ្យ​ទៅ​ចាប់ តែ​កាល​គេ​ឃើញ​ពួក​ហោរា​កំពុង​តែ​ទាយ និង​សាំយូ‌អែល​ឈរ​ធ្វើ​ជា​មេ​លើ​គេ នោះ​ព្រះ‌វិញ្ញាណ​នៃ​ព្រះ ទ្រង់​ក៏​មក​សណ្ឋិត​លើ​ពួក​អ្នក ដែល​សូល​ចាត់​ឲ្យ​ទៅ​នោះ ហើយ​គេ​ក៏​ទាយ​ដែរ
21 កាល​ដំណឹង​នោះ​បាន​ឮ​ទៅ​ដល់​សូល នោះ​ទ្រង់​ចាត់​១​ពួក​ឲ្យ​ទៅ​ទៀត តែ​អ្នក​ទាំង​នោះ​ក៏​ទាយ​ដែរ សូល​ទ្រង់​ចាត់​ពួក​មនុស្ស​ឲ្យ​ទៅ​អស់​វារៈ​ជា​គម្រប់​៣​ដង តែ​គេ​ទាយ​ដូច​គ្នា​ទាំង​អស់
22 ពេល​នោះ ទ្រង់​ក៏​យាង​ទៅ​ឯ​រ៉ាម៉ា ដោយ​ព្រះ‌អង្គ​ទ្រង់​វិញ កាល​បាន​ដល់​ទៅ​អណ្តូង​១​នៅ​ត្រង់​សេគូវ នោះ​ទ្រង់​សួរ​គេ​ថា តើ​សាំយូ‌អែល និង​ដាវីឌ​នៅ​ឯ​ណា គេ​ឆ្លើយ​ថា លោក​នៅ​ឯ​ណា‌យ៉ូត ក្នុង​ស្រុក​រ៉ាម៉ា
23 ទ្រង់​ក៏​យាង​ទៅ​ឯ​ណា‌យ៉ូត​ស្រុក​រ៉ាម៉ា​នោះ ស្រាប់​តែ​ព្រះ‌វិញ្ញាណ​នៃ​ព្រះ​ក៏​មក​សណ្ឋិត​លើ​ទ្រង់ ហើយ​ទ្រង់​យាង​ទៅ​ទាំង​ទាយ​បណ្តើរ​រហូត​ដល់​ណា‌យ៉ូត​នៅ​ស្រុក​រ៉ាម៉ា
24 ទ្រង់​ដោះ​ព្រះ‌ពស្ត្រ​ចេញ ហើយ​ក៏​ទាយ​នៅ​មុខ​សាំយូ‌អែល រួច​ដេក​អាក្រាត​នៅ​ដី​ពេញ​១​ថ្ងៃ​១​យប់​នោះ ហេតុ​នោះ​បាន​ជា​គេ​សួរ​ថា តើ​សូល​ជា​ពួក​ហោរា​ដែរ​ឬ​អី។