សាំយូអែល ទី ១

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31


ជំពូក 25

រីឯ​សាំយូ‌អែល​លោក​ក៏​ស្លាប់​ទៅ នោះ​ពួក​សាសន៍​អ៊ីស្រា‌អែល​ទាំង​អស់ គេ​មូល​គ្នា យំ​សោក​នឹង​លោក ហើយ​បញ្ចុះ​សព​លោក​ក្នុង​ម៉ុង​របស់​លោក​នៅ​ត្រង់​រ៉ាម៉ា ឯ​ដាវីឌ​លោក​ចេញ​ទៅ​ឯ​ទី​រហោ‌ស្ថាន​ប៉ារ៉ាន​វិញ។
2 រីឯ​នៅ​ម៉ាអូន មាន​ម្នាក់​ជា​អ្នក​មាន​ស្តុក‌ស្តម្ភ ដែល​ទ្រព្យ​សម្បត្តិ​នៅ​ឯ​កើមែល គាត់​មាន​ចៀម​៣​ពាន់ និង​ពពែ​១​ពាន់ នៅ​គ្រា​នោះ គាត់​កំពុង​តែ​កាត់​រោម​ចៀម នៅ​ឯ​កើមែល
3 អ្នក​នោះ​ឈ្មោះ​ណាបាល ជា​ពូជ‌ពង្ស​នៃ​កាលែប ប្រពន្ធ​ឈ្មោះ​អ័ប៊ី‌កែល ឯ​នាង​ជា​ស្ត្រី​ប្រកប​ដោយ​ប្រាជ្ញា ទាំង​រូប​ក៏​ស្រស់‌បស់​ល្អ តែ​ប្ដី​ជា​មនុស្ស​កាច​អាក្រក់​ក្នុង​កិរិយា​ប្រព្រឹត្ត​វិញ
4 ឯ​ដាវីឌ​នៅ​ទី​រហោ‌ស្ថាន ក៏​ឮ​ថា​ណាបាល​កំពុង​តែ​កាត់​រោម​ចៀម
5 នោះ​ក៏​ចាត់​កំលោះ​១០​នាក់​ឲ្យ​ទៅ ដោយ​បង្គាប់​ថា ចូរ​ឡើង​ទៅ​ឯ​ណាបាល​នៅ​ត្រង់​កើមែល ហើយ​ជម្រាប​សួរ​គាត់​ដោយ​នូវ​ឈ្មោះ​យើង
6 ត្រូវ​ឲ្យ​និយាយ​ដូច្នេះ​ថា ជម្រាប​សួរ​លោក សូម​ឲ្យ​លោក​បាន​ប្រកប​ដោយ​សេចក្ដី​សុខ ព្រម​ទាំង​ពួក​គ្រួ​លោក និង​របស់​ទ្រព្យ​លោក​ទាំង​អស់​ផង
7 ចំណែក​ខ្ញុំ​បាន​ឮ​ថា លោក​បាន​ហៅ​ជាង​កាត់​រោម​ចៀម​មក​ហើយ ឯ​ពួក​អ្នក​គង្វាល​ចៀម​របស់​លោក គេ​បាន​នៅ​ជា​មួយ​នឹង​យើង​ខ្ញុំ យើង​ខ្ញុំ​ឥត​មាន​ធ្វើ​អ្វី​ដល់​គេ​ទេ គេ​ក៏​គ្មាន​បាត់​អ្វី​១​នៅ​វេលា​ដែល​គេ​នៅ​ត្រង់​កើមែល​ដែរ
8 សូម​ឲ្យ​លោក​សួរ​ពួក​លោក​ចុះ គេ​នឹង​ជម្រាប​លោក​តាម​ពិត ដូច្នេះ សូម​លោក​អាណិត​មេត្តា​ដល់​ពួក​កំលោះ​របស់​យើង​ខ្ញុំ​ផង ដ្បិត​យើង​ខ្ញុំ​បាន​មក​ឯ​លោក​ត្រូវ​ពេល​ដ៏​ស្រួល​ហើយ សូម​លោក​មេត្តា​ចែក​រំលែក​របស់​ខ្លះ ដែល​នៅ​ដៃ​លោក ឲ្យ​ដល់​ពួក​ខ្ញុំ ជា​អ្នក​បម្រើ​របស់​លោក និង​ដាវីឌ ជា​កូន​លោក​ផង។
9 រីឯ​កាល​ពួក​កំលោះ​របស់​ដាវីឌ​បាន​ទៅ​និយាយ​នឹង​ណាបាល​តាម​ពាក្យ​ទាំង​នេះ ដោយ​នូវ​ឈ្មោះ​ដាវីឌ​រួច​ហើយ
10 នោះ​ណាបាល​ឆ្លើយ​តប​ទៅ​ថា ដាវីឌ​ជា​អ្វី តើ​កូន​អ៊ីសាយ​នេះ​ជា​អ្វី សព្វ​ថ្ងៃ​នេះ មាន​បាវ​ជា​ច្រើន​ដែល​រត់​ចោល​ពី​ចៅ‌ហ្វាយ​របស់​ខ្លួន​ទៅ
11 ដូច្នេះ តើ​ត្រូវ​ឲ្យ​អញ​យក​នំបុ័ង​របស់​អញ ព្រម​ទាំង​ទឹក និង​សាច់​ដែល​អញ​បាន​សម្លាប់ សម្រាប់​ពួក​ជាង​កាត់​រោម​ចៀម ទៅ​ចែក​ដល់​ពួក​មនុស្ស​ដែល​អញ​មិន​ដឹង​ជា​មក​ពី​ណា​ផង​ឬ​អី
12 ដូច្នេះ ពួក​កំលោះ​របស់​ដាវីឌ​ក៏​វិល​ត្រឡប់​ទៅ​វិញ ជម្រាប​តាម​សេចក្ដី​ទាំង​នោះ
13 រួច​ដាវីឌ​បង្គាប់​ដល់​គេ​ថា ចូរ​អ្នក​រាល់​គ្នា​ក្រវាត់​ដាវ​គ្រប់​គ្នា​ឡើង នោះ​គេ​ក៏​ក្រវាត់​ដាវ​រៀង​ខ្លួន ហើយ​ដាវីឌ​ក៏​ក្រវាត់​ដាវ​របស់​លោក​ដែរ ខណៈ​នោះ មាន​មនុស្ស​ប្រហែល​ជា​៤០០​នាក់​ឡើង​តាម​ដាវីឌ​ទៅ ហើយ​មាន​២០០​នាក់​ទៀត​នៅ​ថែ​រក្សា​អីវ៉ាន់។
14 មាន​ពួក​កំលោះ​ម្នាក់​របស់​ណាបាល​បាន​ទៅ​ជម្រាប​ដល់​អ័ប៊ី‌កែល ជា​ប្រពន្ធ​ណាបាល​ថា មើល ដាវីឌ​បាន​ចាត់​មនុស្ស​ពី​ទី​រហោ‌ស្ថាន មក​ជម្រាប​សួរ​ចៅ‌ហ្វាយ​យើង​ខ្ញុំ តែ​លោក​បាន​ស្តី​កិន​ដល់​គេ​វិញ
15 ពួក​អ្នក​ទាំង​នោះ​បាន​ប្រព្រឹត្ត​ល្អ​នឹង​យើង​ខ្ញុំ​ណាស់ គេ​មិន​បាន​ធ្វើ​អ្វី​ដល់​យើង​ខ្ញុំ​ទេ ហើយ​កាល​យើង​ខ្ញុំ​នៅ​ជា​មួយ​នឹង​គេ ក្នុង​គ្រា​ដែល​យើង​ខ្ញុំ​កំពុង​តែ​ឃ្វាល​ហ្វូង​ចៀម នោះ​យើង​ខ្ញុំ​ឥត​មាន​បាត់​អ្វី​ឡើយ
16 គេ​ជា​កំផែង​ដល់​យើង​ខ្ញុំ​ទាំង​យប់​ទាំង​ថ្ងៃ ក្នុង​ពេល​ដែល​យើង​ខ្ញុំ​នៅ​ជា​មួយ​នឹង​គេ កំពុង​ឃ្វាល​ចៀម​នោះ
17 ដូច្នេះ សូម​ជម្រាប​ជូន​លោក​ស្រី​ជ្រាប សូម​ពិចារណា​ចុះ តើ​ត្រូវ​ធ្វើ​ដូច​ម្តេច ដ្បិត​មុខ​ជា​គេ​បាន​សម្រេច​នឹង​ធ្វើ​អាក្រក់​ដល់​ចៅ‌ហ្វាយ​យើង​ខ្ញុំ និង​ពួក​គ្រួ​លោក​ទាំង​អស់​គ្នា​ហើយ ពី​ព្រោះ​លោក​ប្រុស​ជា​មនុស្ស​កំណាច​ណាស់ ឥត​មាន​អ្នក​ណា​និយាយ​នឹង​លោក​បាន​ទេ។
18 នោះ​នាង​ក៏​ប្រញឹក‌ប្រញាប់​ចាត់‌ចែង​នំបុ័ង​២០០​ដុំ ថង់​ស្បែក​ពេញ​ដោយ​ស្រា​ទំពាំង‌បាយ‌ជូរ​២ ចៀម​រៀប​ជា​ស្រេច​៥ លាជ​៥​រង្វាល់ ផ្លែ​ទំពាំង‌បាយ‌ជូរ​ក្រៀម​១០០​ចង្កោម និង​ផ្លែ​ល្វា​ក្រៀម​២០០​ផែន ផ្ទុក​លើ​សត្វ​លា​នាំ​ទៅ
19 នាង​ក៏​ប្រាប់​ដល់​ពួក​បម្រើ​របស់​នាង​ថា ចូរ​ចេញ​ទៅ​មុន​អញ​ចុះ អញ​នឹង​ទៅ​តាម​ក្រោយ តែ​នាង​មិន​បាន​ប្រាប់​ដល់​ណាបាល​ជា​ប្ដី​នាង​ឡើយ
20 កាល​នាង​កំពុង​តែ​ជិះ​លា​ចុះ​តាម​ផ្លូវ​ច្រក​ភ្នំ​ទៅ នោះ​គាប់​ជួន​ជា​ដាវីឌ និង​ពួក​លោក​ក៏​ចុះ​តម្រង់​មក​ខាង​មុខ​នាង ហើយ​នាង​ក៏​ទៅ​ជួប​នឹង​គេ
21 រីឯ​ដាវីឌ​លោក​បាន​គិត​ថា ដែល​អញ​បាន​ថែ​រក្សា​ទ្រព្យ​របស់​ទាំង​ប៉ុន្មាន​នៃ​មនុស្ស​នោះ ឲ្យ​គង់‌វង្ស​នៅ​ទី​រហោ‌ស្ថាន ឥត​មាន​បាត់​អ្វី​ណា​មួយ​ឡើយ នោះ​ពិត​ប្រាកដ​ជា​ឥត​ប្រយោជន៍​សោះ វា​បាន​ប្រព្រឹត្ត​ការ​អាក្រក់​ស្នង​នឹង​ការ​ល្អ​ដល់​អញ​វិញ
22 ដូច្នេះ បើ​ខ្ញុំ​ទុក​ឲ្យ​សល់​អ្នក​ណា​ក្នុង​ពួក​វា សូម្បី​តែ​កូន​ប្រុស​១​ក្តី ឲ្យ​រស់​នៅ​ដរាប​ដល់​ស្រាង​ឡើង នោះ​សូម​ឲ្យ​ព្រះ​ធ្វើ​ដូច្នោះ​ដល់​ដាវីឌ​ខ្ញុំ​នេះ​ចុះ ហើយ​លើស​ទៅ​ទៀត​ផង។
23 កាល​អ័ប៊ី‌កែល​បាន​ឃើញ​ដាវីឌ នោះ​នាង​ក៏​ចុះ​ពី​លើ​លា​ជា​ប្រញាប់ ទៅ​ក្រាប​ផ្កាប់​មុខ​ចុះ​នឹង​ដី គោរព​ដល់​ដាវីឌ
24 នាង​ទម្លាក់​ខ្លួន​នៅ​ទៀប​ជើង​លោក ជម្រាប​ថា ឱ​លោក​ជា​ម្ចាស់​ខ្ញុំ​អើយ សូម​ឲ្យ​ទោស​នោះ​ធ្លាក់​មក​លើ​រូប​ខ្ញុំ​វិញ​ចុះ សូម​ឲ្យ​ខ្ញុំ​ជា​បាវ​ស្រី​របស់​លោក ជម្រាប​ជូន​លោក​ស្តាប់​បន្តិច ហើយ​សូម​ទទួល​ស្តាប់​ពាក្យ​របស់​បាវ​ស្រី​លោក​សិន
25 កុំ​ឲ្យ​លោក​ម្ចាស់​តាំង​ចិត្ត​ចំពោះ​ណាបាល​ជា​មនុស្ស​កំណាច​នោះ​ឡើយ ដ្បិត​គាត់​ដូច​ជា​ឈ្មោះ​របស់​គាត់​ពិត​មែន គឺ​គាត់​ឈ្មោះ​ណាបាល ហើយ​ក៏​មាន​សេចក្ដី​ចម្កួត​នោះ​ឯង ឯ​ខ្ញុំ​ជា​បាវ​ស្រី​របស់​លោក ខ្ញុំ​ឥត​បាន​ឃើញ​ពួក​កំលោះ​របស់​លោក​ម្ចាស់​ដែល​បាន​ចាត់​ទៅ​នោះ​ទេ
26 ដូច្នេះ ឱ​លោក​ម្ចាស់​ខ្ញុំ​អើយ ខ្ញុំ​ស្បថ​ដោយ​នូវ​ព្រះ‌យេហូវ៉ា​ដ៏​មាន​ព្រះ‌ជន្ម​រស់​នៅ ហើយ​ដោយ​នូវ​ព្រលឹង​លោក​ដែរ​ថា ពួក​ខ្មាំង​សត្រូវ​របស់​លោក​ម្ចាស់​នៃ​ខ្ញុំ ព្រម​ទាំង​អស់​អ្នក​ដែល​រក​ធ្វើ​អាក្រក់​ដល់​លោក នឹង​បាន​ដូច​ជា​ណាបាល​នោះ​ឯង ដោយ​ព្រោះ​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ឃាត់​លោក​មិន​ឲ្យ​កម្ចាយ​ឈាម ហើយ​មិន​ឲ្យ​សង‌សឹក​ដោយ​ដៃ​លោក​ឡើយ
27 រីឯ​ជំនូន​នេះ ដែល​ខ្ញុំ​ម្ចាស់​ជា​អ្នក​បម្រើ​របស់​លោក បាន​នាំ​យក​មក​ជូន​នោះ សូម​ចែក​ឲ្យ​ដល់​ពួក​កំលោះ​ដែល​តាម​លោក​ម្ចាស់​នៃ​ខ្ញុំ​មក​នោះ​ចុះ
28 សូម​អត់​ទោស​សេចក្ដី​រំលង​នេះ​ដល់​បាវ​ស្រី​របស់​លោក​ផង ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​តាំង​ជំនួរ‌វង្ស​របស់​លោក​ម្ចាស់​នៃ​ខ្ញុំ ឲ្យ​មាំ‌មួន​ឡើង​ជា​ពិត​ប្រាកដ ពី​ព្រោះ​លោក​ម្ចាស់​នៃ​ខ្ញុំ តែង​ធ្វើ​សង្គ្រាម​នៃ​ព្រះ‌យេហូវ៉ា ហើយ​និង​គ្មាន​ឃើញ​សេចក្ដី​អាក្រក់​ណា​នៅ​ក្នុង​លោក​ម្ចាស់​ឡើយ គ្រប់​១​ជីវិត​របស់​លោក
29 មួយ​ទៀត ទោះ​បើ​មាន​មនុស្ស​លើក​ដេញ​តាម​រក​ប្រហារ​ជីវិត​របស់​លោក​ក៏​ដោយ គង់​តែ​ជីវិត​លោក​ម្ចាស់​នៃ​ខ្ញុំ នឹង​បាន​ចង​ជាប់​ក្នុង​បាច់​នៃ​ជីវិត​ជា​មួយ​នឹង​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​លោក​ដែរ ឯ​ជីវិត​របស់​ពួក​ខ្មាំង​សត្រូវ​នៃ​លោក​នឹង​ត្រូវ​បាត់​ទៅ ដូច​ជា​បាញ់​ចេញ​ពី​ខ្សែ​ដង្ហក់​វិញ
30 រួច​កាល​ណា​ព្រះ‌យេហូវ៉ា​បាន​ប្រោស​លោក​ម្ចាស់​នៃ​ខ្ញុំ តាម​គ្រប់​ទាំង​សេចក្ដី​ល្អ​ដែល​ទ្រង់​បាន​មាន​ព្រះ‌បន្ទូល​ពី​ដំណើរ​លោក ព្រម​ទាំង​តាំង​លោក​ឡើង ឲ្យ​គ្រប់‌គ្រង​លើ​សាសន៍​អ៊ីស្រា‌អែល​ហើយ
31 នោះ​ដំណើរ​នេះ​មិន​បាន​ជា​ហេតុ​ឲ្យ​លោក​តូច​ចិត្ត ស្តាយ​ដោយ​លោក​បាន​កម្ចាយ​ឈាម​គេ​ឥត​ហេតុ ឬ​បាន​សង‌សឹក​ដល់​គេ​ដោយ​ខ្លួន​លោក​ឡើយ ហើយ​កាល​ណា​ព្រះ‌យេហូវ៉ា​បាន​ប្រោស​សេចក្ដី​ល្អ​ដល់​លោក​ម្ចាស់ នោះ​សូម​ទាន​នឹក​ចាំ​ពី​ខ្ញុំ ជា​បាវ​ស្រី​របស់​លោក​ផង។
32 ដាវីឌ​ក៏​ឆ្លើយ​នឹង​នាង​អ័ប៊ី‌កែល​ថា សូម​ក្រាប​ថ្វាយ‌បង្គំ​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល​ដែល​ទ្រង់​បាន​ចាត់​អ្នក​ឲ្យ​មក​ជួប​នឹង​ខ្ញុំ​នៅ​ថ្ងៃ​នេះ
33 ហើយ​សូម​ពរ​ដល់​ប្រាជ្ញា​របស់​អ្នក និង​ដល់​ខ្លួន​អ្នក​ផង ដោយ​ព្រោះ​អ្នក​បាន​ឃាត់​មិន​ឲ្យ​ខ្ញុំ​កម្ចាយ​ឈាម ហើយ​មិន​ឲ្យ​សង‌សឹក​ដល់​គេ​ដោយ​ដៃ​ខ្លួន​ខ្ញុំ​នៅ​ថ្ងៃ​នេះ
34 ដ្បិត​ខ្ញុំ​ស្បថ​ដោយ​នូវ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ដែល​ទ្រង់​មាន​ព្រះ‌ជន្ម​រស់​នៅ ហើយ​បាន​ឃាត់​មិន​ឲ្យ​ខ្ញុំ​ធ្វើ​បាប​ដល់​អ្នក​ថា បើ​អ្នក​មិន​បាន​ប្រញាប់​មក​ជួប​នឹង​ខ្ញុំ​ទេ នោះ​ប្រាកដ​ជា​ដល់​ស្រាង​ឡើង នោះ​នឹង​គ្មាន​សល់​អ្វី​ដល់​ណាបាល សូម្បី​តែ​កូន​ប្រុស​១​ផង
35 នោះ​ដាវីឌ​ក៏​ទទួល​យក​ជំនូន​ពី​ដៃ​នាង ដែល​នាង​បាន​នាំ​យក​មក​ជូន​នោះ​ដោយ​ពាក្យ​ថា សូម​អញ្ជើញ​ឡើង​ទៅ​ឯ​ផ្ទះ​អ្នក​វិញ ដោយ​សុខ‌សាន្ត​ចុះ ខ្ញុំ​បាន​យល់​ព្រម​តាម​ពាក្យ​អ្នក​ហើយ ក៏​អរ‌គុណ​ដល់​អ្នក​ដែរ។
36 រីឯ​អ័ប៊ី‌កែល នាង​ក៏​វិល​ទៅ​ឯ​ណាបាល​ជា​ប្ដី​វិញ ឃើញ​គាត់​កំពុង​តែ​លៀង‌លោម​ភ្ញៀវ​នៅ​ក្នុង​ផ្ទះ ដូច​ជា​ការ​លៀង‌លោម​នៃ​ស្តេច ឯ​ណាបាល​ក៏​មាន​ចិត្ត​សប្បាយ​ឡើង ដោយ​ព្រោះ​ស្រវឹង​ជា​ខ្លាំង ដូច្នេះ នាង​មិន​បាន​ប្រាប់​អ្វី​ដល់​គាត់​ឡើយ ទោះ​តិច ឬ​ច្រើន​ក្តី រហូត​ដល់​ព្រឹក​ឡើង
37 លុះ​ព្រឹក​ឡើង គ្រា​ដែល​ណាបាល​ស្វាង​ពី​ស្រា​ហើយ នោះ​ប្រពន្ធ​ក៏​ថ្លែង​ប្រាប់​ពី​សេចក្ដី​ទាំង​នោះ រួច​គាត់​ត្រូវ​គាំង​បេះ‌ដូង ហើយ​ត្រឡប់​ជា​រឹង​ស្តូក​ទៅ
38 លុះ​ក្រោយ​មក បាន​ប្រហែល​ជា​១០​ថ្ងៃ នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​វាយ​ណាបាល​ឲ្យ​ស្លាប់​ទៅ។
39 កាល​ដាវីឌ​បាន​ឮ​ថា​ណាបាល​ស្លាប់​ហើយ នោះ​លោក​មាន​ប្រសាសន៍​ថា សូម​ក្រាប​ថ្វាយ‌បង្គំ​ដល់​ព្រះ‌យេហូវ៉ា​ដែល​ទ្រង់​បាន​កាន់​ក្តី​ខាង​ខ្ញុំ ពី​ដំណើរ​ដែល​ណាបាល​បាន​ដៀល‌ត្មះ​ដល់​ខ្ញុំ​នោះ ព្រម​ទាំង​ឃាត់​ខ្ញុំ​ជា​អ្នក​បម្រើ​ទ្រង់ មិន​ឲ្យ​ប្រព្រឹត្ត​ការ​អាក្រក់ តែ​កិរិយា​អាក្រក់​របស់​ណាបាល នោះ​ទ្រង់​បាន​ទម្លាក់​ទៅ​លើ​ក្បាល​វា​វិញ រួច​ដាវីឌ​ចាត់​គេ​ឲ្យ​ទៅ​ស្នើ​ការ​នឹង​អ័ប៊ី‌កែល ដើម្បី​នឹង​យក​នាង​ធ្វើ​ជា​ប្រពន្ធ
40 កាល​ពួក​បម្រើ​របស់​ដាវីឌ​បាន​មក​ឯ​អ័ប៊ី‌កែល​នៅ​កើមែល​ហើយ នោះ​ក៏​ជម្រាប​នាង​ថា ដាវីឌ​បាន​ចាត់​យើង​ខ្ញុំ​ឲ្យ​មក​អញ្ជើញ​អ្នក​ទៅ​ធ្វើ​ជា​ប្រពន្ធ​លោក
41 នោះ​នាង​ក៏​ក្រោក​ឡើង រួច​ក្រាប​ផ្កាប់​មុខ​នឹង​ដី តប​ថា ខ្ញុំ​នេះ​ជា​អ្នក​បម្រើ​សម្រាប់​នឹង​លាង​ជើង​ដល់​ពួក​អ្នក​បម្រើ​របស់​លោក​ម្ចាស់​ខ្ញុំ
42 អ័ប៊ី‌កែល​ក៏​ប្រញាប់‌ប្រញាល់​ឡើង​ជិះ​លា​ទៅ មាន​ទាំង​ស្រី​បម្រើ​៥​នាក់​តាម​ទៅ​ដែរ នាង​ក៏​តាម​ពួក​អ្នក​បម្រើ​របស់​ដាវីឌ ទៅ​ធ្វើ​ជា​ប្រពន្ធ​លោក​ទៅ។
43 ឯ​ដាវីឌ លោក​ក៏​យក​អ័ហ៊ី‌ណោម ជា​អ្នក​នៅ​ស្រុក​យេស‌រាល ធ្វើ​ជា​ប្រពន្ធ​ដែរ នាង​ទាំង​២​នោះ​បាន​ធ្វើ​ជា​ប្រពន្ធ​របស់​លោក
44 ចំណែក​នាង​មីកែល ប្រពន្ធ​របស់​ដាវីឌ នោះ​សូល ជា​បិតា​ទ្រង់ បាន​លើក​ឲ្យ​ទៅ​ប៉ាលធី​ជា​កូន​ឡាអ៊ីស ដែល​នៅ​កាលីម​វិញ។