សាំយូអែល ទី ១

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31


ជំពូក 17

នៅ​គ្រា​នោះ ពួក​ភីលីស្ទីន គេ​លើក​ទ័ព​មក​ដើម្បី​ច្បាំង ក៏​មូល​គ្នា​នៅ​ត្រង់​សូគរ ជា​ស្រុក​របស់​ពួក​យូដា ហើយ​បោះ​ទ័ព​នៅ​កណ្តាល​សូគរ និង​អាសេកា ត្រង់​អេភេស-ដាំមីម
2 ឯ​សូល និង​ពួក​ទ័ព​អ៊ីស្រា‌អែល គេ​ប្រមូល​គ្នា​បោះ​ទ័ព​នៅ​ច្រក​ភ្នំ​អេឡា ក៏​ដំរៀប​ពល ដើម្បី​ច្បាំង​នឹង​ពួក​ភីលីស្ទីន
3 ពួក​ភីលីស្ទីន​គេ​ឈរ​លើ​ភ្នំ​ម្ខាង ហើយ​ពួក​អ៊ីស្រា‌អែល​គេ​ក៏​ឈរ​លើ​ភ្នំ​ម្ខាង មាន​វាល​ច្រក​ភ្នំ​នៅ​ជា​កណ្តាល
4 លំដាប់​នោះ មាន​ទាហាន​ម្នាក់​ឈ្មោះ​កូលី‌យ៉ាត ដែល​នៅ​ក្រុង​កាថ វា​ចេញ​ពី​ពួក​ភីលីស្ទីន​មក អ្នក​នោះ​មាន​កំពស់​៦​ហត្ថ​១​ចំអាម
5 ពាក់​មួក​លង្ហិន ហើយ​ពាក់​អាវ​ក្រោះ​ធ្វើ​ពី​លង្ហិន មាន​ទំងន់​៥​ពាន់​ដំឡឹង
6 ក៏​មាន​ស្រោម​លង្ហិន​ស្រោប​ជើង ហើយ​មាន​ប្រដាប់​លង្ហិន​បាំង​ពី​ខាង​ខ្នង​ដែរ
7 ឯ​ដង​លំពែង​របស់​វា នោះ​ប្រៀប​ដោយ​ផ្សំ​នៃ​ដំបាញ ហើយ​ផ្លែ​ធ្វើ​ពី​ដែក ទំងន់​៦០០​ដំឡឹង មាន​អ្នក​កាន់​ខែល​ដើរ​ពី​មុខ
8 វា​ឈរ​ស្រែក​មក​ខាង​ពួក​ទ័ព​អ៊ីស្រា‌អែល​ថា ម្តេច​ក៏​ឯង​រាល់​គ្នា​ចេញ​មក​ដំរៀប​ទ័ព​សម្រាប់​ច្បាំង​ដូច្នេះ តើ​អញ​មិន​មែន​ជា​សាសន៍​ភីលីស្ទីន ហើយ​ឯង​រាល់​គ្នា​ជា​ខ្ញុំ​របស់​សូល​ទេ​ឬ​អី ចូរ​រើស​ម្នាក់​ឲ្យ​ចុះ​មក​ច្បាំង​នឹង​អញ​មើល
9 បើ​វា​អាច​នឹង​ត​ដៃ​សម្លាប់​អញ​បាន នោះ​យើង​នឹង​ធ្វើ​ជា​បាវ​បម្រើ​ឯង តែ​បើ​អញ​ឈ្នះ ហើយ​សម្លាប់​វា​បាន នោះ​ឯង​រាល់​គ្នា​ត្រូវ​ធ្វើ​ជា​បាវ​បម្រើ​យើង​វិញ
10 វា​ប្រកួត​នឹង​ពួក​ទ័ព​អ៊ីស្រា‌អែល​ថា នៅ​ថ្ងៃ​នេះ ចូរ​ឲ្យ​មនុស្ស​ម្នាក់​ចេញ​មក​ត​នឹង​អញ​ល​មើល​ចុះ
11 កាល​សូល និង​ពួក​អ៊ីស្រា‌អែល​ទាំង​អស់ បាន​ឮ​ពាក្យ​របស់​សាសន៍​ភីលីស្ទីន​នោះ​និយាយ​ដូច្នោះ គេ​ក៏​មាន​គំនិត​វិល‌វល់ ហើយ​ភ័យ​ខ្លាច​ជា​ខ្លាំង។
12 រីឯ​ដាវីឌ ជា​កូន​របស់​ពួក​អេប្រាតា​ម្នាក់ នៅ​បេថ្លេ‌ហិម-យូដា ឈ្មោះ​អ៊ីសាយ ឯ​អ៊ីសាយ មាន​កូន​ប្រុស​៨​នាក់ ហើយ​នៅ​ជំនាន់​ស្តេច​សូល គាត់​ចាស់​ណាស់ មាន​វ័យ​កន្លង​ហើយ
13 កូន​ប្រុស​ច្បង​របស់​អ៊ីសាយ​៣​នាក់​បាន​តាម​សូល​ទៅ​ច្បាំង កូន​ទាំង​៣​នាក់​ដែល​ទៅ​ច្បាំង​នោះ គឺ​ច្បង​បង្អស់​ឈ្មោះ​អេលាប បន្ទាប់​មក​ឈ្មោះ​អ័ប៊ី‌ន៉ាដាប់ ហើយ​ទី​៣​ឈ្មោះ​សាំម៉ា
14 អ្នក​ទាំង​៣​នោះ​បាន​តាម​សូល​ទៅ ឯ​ដាវីឌ​គាត់​ជា​កូន​ពៅ
15 ក៏​តែង​ធ្លាប់​ទៅ​មក​ពី​សូល ទៅ​ឯ​ឪពុក​នៅ​បេថ្លេ‌ហិម ដើម្បី​ឃ្វាល​ចៀម
16 រីឯ​សាសន៍​ភីលីស្ទីន​ម្នាក់​នោះ វា​ចេះ​តែ​ចូល​មក​ជិត ទាំង​ព្រឹក​ទាំង​ល្ងាច ក៏​ប្រកាស​ខ្លួន​ដូច្នោះ អស់​រវាង​៤០​ថ្ងៃ។
17 នៅ​គ្រា​នោះ អ៊ីសាយ​ប្រាប់​ដាវីឌ​ជា​កូន​ថា ចូរ​ឯង​យក​លាជ​១​ថាំង និង​នំបុ័ង​១០​ដុំ​នេះ​ទៅ​ឲ្យ​ដល់​ពួក​បង​ឯង នៅ​ឯ​ទី​បោះ​ទ័ព​ជា​ប្រញាប់​ទៅ
18 ហើយ​នាំ​យក​ទឹក​ដោះ​ខះ​១០​ផែន​នេះ ទៅ​ជូន​ដល់​មេ‌ទ័ព​របស់​វា​ទៅ រួច​ចូរ​មើល​ដែល​បង​ឯង​សុខ​សប្បាយ ឬ​យ៉ាង​ណា ហើយ​នាំ​យក​របស់​អ្វី​១​ជា​គ្រឿង​សម្គាល់​ពី​វា​មក​វិញ
19 ចំណែក​សូល និង​អ្នក​ទាំង​៣​នោះ ព្រម​ទាំង​ពួក​អ៊ីស្រា‌អែល​ទាំង​អស់ គេ​នៅ​ច្រក​ភ្នំ​អេឡា កំពុង​តែ​ច្បាំង​នឹង​ពួក​ភីលីស្ទីន
20 ដូច្នេះ ដាវីឌ​ក៏​ក្រោក​ពី​ព្រលឹម ប្រគល់​ចៀម​ទុក​នឹង​អ្នក​គង្វាល​ម្នាក់ រួច​យក​អីវ៉ាន់​ចេញ​ទៅ ដូច​ជា​ឪពុក​បាន​បង្គាប់ ក៏​បាន​ទៅ​ដល់​ទី​បោះ​ទ័ព ក្នុង​កាល​ដែល​ពួក​ពល​កំពុង​តែ​ចេញ​ទៅ​ឯ​ទី​ចម្បាំង ទាំង​ស្រែក​សម្រែក​សង្គ្រាម
21 ហើយ​ពួក​អ៊ីស្រា‌អែល និង​ពួក​ភីលីស្ទីន គេ​ដំរៀប​ទ័ព​ប្រទល់​គ្នា រៀប​នឹង​ត​ដៃ​ហើយ
22 ដាវីឌ​ក៏​ប្រគល់​អីវ៉ាន់​ទុក​នឹង​អ្នក​ដែល​រក្សា​អីវ៉ាន់​របស់​ពួក​ទ័ព រួច​រត់​ចូល​ទៅ​ក្នុង​ចំណោម​ទ័ព ដើម្បី​នឹង​ជម្រាប​សួរ​ដល់​ពួក​បង
23 គ្រា​ដែល​កំពុង​តែ​និយាយ​នឹង​ពួក​បង នោះ​មើល ទាហាន​របស់​សាសន៍​ភីលីស្ទីន​ម្នាក់​នោះ ពី​ក្រុង​កាថ ឈ្មោះ​កូលី‌យ៉ាត ក៏​ចេញ​ពី​ខាង​ទ័ព​ភីលីស្ទីន មក​ប្រកាស​ជា​ពាក្យ​ដដែល​ទៀត ហើយ​ដាវីឌ​ក៏​បាន​ឮ
24 កាល​ពួក​អ៊ីស្រា‌អែល​ទាំង​ប៉ុន្មាន​បាន​ឃើញ​អ្នក​នោះ គេ​ក៏​រត់​ពី​វា​ទៅ ដោយ​ភ័យ​ខ្លាច​ជា​ខ្លាំង
25 រួច​ពួក​អ៊ីស្រា‌អែល​និយាយ​គ្នា​ថា បាន​ឃើញ​មនុស្ស​នោះ ដែល​ឡើង​មក​ឬ​ទេ វា​បាន​ឡើង​មក ដើម្បី​ប្រកួត​នឹង​សាសន៍​អ៊ីស្រា‌អែល​យើង​នេះ​ជា​ប្រាកដ បើ​អ្នក​ណា​សម្លាប់​វា​បាន នោះ​ស្តេច​នឹង​ប្រទាន​ទ្រព្យ​សម្បត្តិ​ដ៏​វិសេស​ដល់​អ្នក​នោះ ព្រម​ទាំង​ឲ្យ​ព្រះ‌រាជ​បុត្រី​ទ្រង់​ផង ក៏​នឹង​ប្រោស​ប្រណី​ដល់​គ្រួ​ឪពុក​របស់​អ្នក​នោះ ឲ្យ​រួច​ពន្ធ​ក្នុង​សាសន៍​អ៊ីស្រា‌អែល​ត​ទៅ
26 ដូច្នេះ ដាវីឌ​ក៏​សួរ​ដល់​ពួក​អ្នក​ឈរ​នៅ​ជិត​ថា ឯ​អ្នក​ណា​ដែល​នឹង​សម្លាប់​សាសន៍​ភីលីស្ទីន​នេះ ហើយ​ដក​សេចក្ដី​ដំណៀល​ពី​អ៊ីស្រា‌អែល​ចេញ នោះ​នឹង​បាន​ដូច​ម្តេច​ខ្លះ ដ្បិត​តើ​សាសន៍​ភីលីស្ទីន​ដែល​ឥត​កាត់​ស្បែក​នេះ​ជា​អ្វី បាន​ជា​ហ៊ាន​ប្រកួត​នឹង​ពល​ទ័ព​នៃ​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​រស់​ដូច្នេះ
27 គេ​ក៏​ឆ្លើយ​ប្រាប់​តាម​ពាក្យ​ដដែល​នោះ​ថា អ្នក​ណា​ដែល​នឹង​សម្លាប់​វា​បាន នោះ​នឹង​បាន​ដូច្នេះ​ឯង។
28 គ្រា​ដែល​ដាវីឌ​កំពុង​និយាយ​នឹង​គេ នោះ​អេលាប​ជា​បង​បង្អស់​ក៏​ឮ ហើយ​កើត​មាន​សេចក្ដី​កំហឹង​ទាស់​នឹង​ប្អូន​ថា ឯង​បាន​ចុះ​មក​ធ្វើ​អី តើ​បាន​ប្រគល់​ហ្វូង​ចៀម​តូច​នោះ ដែល​នៅ​ទី​រហោ‌ស្ថាន​ទុក​នឹង​អ្នក​ណា អញ​ស្គាល់​សេចក្ដី​អំនួត និង​សេចក្ដី​អាក្រក់​ដែល​នៅ​ក្នុង​ចិត្ត​ឯង​ហើយ ដ្បិត​ឯង​បាន​ចុះ​មក​ដើម្បី​ឲ្យ​តែ​បាន​មើល​ចម្បាំង​ទេ
29 តែ​ដាវីឌ​ឆ្លើយ​ថា តើ​ខ្ញុំ​មាន​ធ្វើ​អី ខ្ញុំ​គ្រាន់​តែ​និយាយ​១​ម៉ាត់​ទេ​តើ
30 រួច​ក៏​បែរ​ចេញ​ពី​បង​ទៅ​សួរ​ម្នាក់​ទៀត តាម​ពាក្យ​ដដែល​នោះ ហើយ​គេ​ឆ្លើយ​ប្រាប់​ដូច​ជា​ពាក្យ​មុន។
31 កាល​គេ​បាន​ឮ​ពាក្យ​ដែល​ដាវីឌ​និយាយ​ដូច្នោះ នោះ​គេ​នាំ​ដំណឹង​ទៅ​ក្រាប​ទូល​ដល់​សូល រួច​ទ្រង់​ចាត់​គេ​ឲ្យ​ទៅ​ហៅ​ដាវីឌ​មក
32 ដាវីឌ​ទូល​ដល់​សូល​ថា សូម​កុំ​ឲ្យ​អ្នក​ណា​ស្លុត​ចិត្ត​ដោយ​ព្រោះ​វា​ឡើយ ទូល‌បង្គំ​ជា​បាវ​បម្រើ​របស់​ទ្រង់​នឹង​សូម​ចេញ​ទៅ​ត‌យុទ្ធ​នឹង​សាសន៍​ភីលីស្ទីន​នោះ
33 តែ​សូល​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ឯង​នឹង​ចេញ​ទៅ​ត‌យុទ្ធ​នឹង​សាសន៍​ភីលីស្ទីន​នោះ​មិន​បាន​ទេ ដ្បិត​ឯង​នៅ​ក្មេង​ណាស់ ឯ​គេ​ជា​មនុស្ស​ស្ទាត់​ចម្បាំង​តាំង​តែ​ពី​ក្មេង​មក​ហើយ
34 នោះ​ដាវីឌ​ដំណាល​រឿង​ទូល​សូល​ថា ពី​ដើម​ដែល​ទូល‌បង្គំ​ជា​បាវ​បម្រើ​ទ្រង់ ធ្លាប់​ឃ្វាល​ចៀម​របស់​ឪពុក នោះ​វេលា​ណា​ដែល​មាន​សិង្ហ ឬ​ខ្លា‌ឃ្មុំ មក​ចាប់​យក​កូន​ចៀម​ពី​ហ្វូង​ទៅ
35 ទូល‌បង្គំ​ក៏​ដេញ​តាម​ប្រហារ​វា ដោះ​ចៀម​នោះ​ឲ្យ​រួច​ចេញ​ពី​មាត់​វា​មក បើ​កាល​ណា​វា​ស្ទុះ​មក​លើ​ទូល‌បង្គំ នោះ​ទូល‌បង្គំ​បាន​ចាប់​វា​ត្រង់​ពុក‌ចង្កា​វាយ​សម្លាប់​ទៅ
36 ទូល‌បង្គំ​ជា​បាវ​បម្រើ​ទ្រង់ បាន​ប្រហារ​ទាំង​សត្វ​សិង្ហ និង​ខ្លា‌ឃ្មុំ​ផង ដូច្នេះ សាសន៍​ភីលីស្ទីន​ដែល​ឥត​កាត់​ស្បែក​នេះ នឹង​បាន​ដូច​ជា​សត្វ​១​នោះ​ដែរ ដ្បិត​វា​បាន​ប្រកួត​នឹង​ពល​ទ័ព​នៃ​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​រស់​ហើយ
37 ដាវីឌ​ក៏​ទូល​ទៀត​ថា ឯ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​ដែល​បាន​ជួយ​ទូល‌បង្គំ ឲ្យ​រួច​ពី​ក្រចក​សិង្ហ និង​ខ្លា‌ឃ្មុំ ទ្រង់​ក៏​នឹង​ជួយ​ឲ្យ​រួច​ពី​កណ្តាប់​ដៃ​សាសន៍​ភីលីស្ទីន​នោះ​ដែរ ខណៈ​នោះ សូល​មាន​ព្រះ‌បន្ទូល​ថា ដូច្នេះ ចូរ​ទៅ​ចុះ សូម​ឲ្យ​ព្រះ‌យេហូវ៉ា​គង់​ជា​មួយ​នឹង​ឯង
38 ទើប​ស្តេច​បំពាក់​គ្រឿង​របស់​ទ្រង់​ឲ្យ​ដាវីឌ គឺ​មួក​លង្ហិន​នៅ​លើ​ក្បាល និង​អាវ​ក្រោះ​ដែរ
39 នោះ​ដាវីឌ​ក៏​ក្រវាត់​ដាវ​ពី​លើ​គ្រឿង​ប្រដាប់​នោះ ហើយ​ខំ​ដើរ​ល្បង​មើល ដ្បិត​មិន​ដែល​បាន​ល​ម្តង​សោះ រួច​ទូល​ទៅ​សូល​ថា ទូល‌បង្គំ​នឹង​ពាក់​គ្រឿង​ទាំង​នេះ​ទៅ​មិន​បាន​ទេ ដ្បិត​ទូល‌បង្គំ​មិន​ដែល​ល​ម្តង​ឡើយ ដូច្នេះ ដាវីឌ​ក៏​ដោះ​គ្រឿង​ទាំង​នោះ​ចេញ
40 រួច​យក​តែ​ដំបង​របស់​ខ្លួន​មក​កាន់​នៅ​ដៃ ហើយ​រើស​ក្រួស​រលីងៗ​ចំនួន​៥​ដុំ​ពី​ក្នុង​ទឹក​ជ្រោះ​ដាក់​ចុះ​ក្នុង​យាម គឺ​ក្នុង​ប្លោក​របស់​ខ្លួន ហើយ​កាន់​ខ្សែ​ដង្ហក់​នៅ​ដៃ ដើរ​តម្រង់​ចូល​ទៅ​ឯ​សាសន៍​ភីលីស្ទីន​នោះ។
41 ចំណែក​សាសន៍​ភីលីស្ទីន​នោះ​ក៏​ដើរ​ចូល​មក​ឯ​ដាវីឌ មាន​ទាំង​អ្នក​កាន់​ខែល​ដើរ​ពី​មុខ​ផង
42 កាល​វា​ក្រឡេក​ឃើញ​ដាវីឌ នោះ​ក៏​តាំង​ចិត្ត​មើល‌ងាយ ដោយ​ព្រោះ​ដាវីឌ​នៅ​ក្មេង មាន​ថ្ពាល់​ក្រហម ហើយ​មាន​រូប‌ឆោម​ស្រស់​ល្អ
43 រួច​វា​និយាយ​ទៅ​ដាវីឌ​ថា តើ​អញ​ជា​ឆ្កែ​ឬ​អី បាន​ជា​ឯង​មក​ឯ​អញ​ទាំង​កាន់​ដំបង​ដូច្នេះ ហើយ​ក៏​ប្រទេច​ផ្តាសា​ដល់​ដាវីឌ​ដោយ​នូវ​ព្រះ​របស់​វា
44 រួច​ប្រាប់​ថា ចូរ​មក​ឯ​អញ​ចុះ អញ​នឹង​ឲ្យ​សាច់​ឯង ដល់​សត្វ​ហើរ​លើ​អាកាស និង​សត្វ​ព្រៃ​ផង
45 ដាវីឌ​ឆ្លើយ​តប​ទៅ​វិញ​ថា ចំណែក​ឯង បាន​មក​ឯ​អញ ទាំង​កាន់​ដាវ​កាន់​លំពែង ហើយ​និង​ដែក​ពួយ​ផង តែ​ឯ​អញ​វិញ អញ​មក​ឯ​ឯង​ដោយ​នូវ​ព្រះ‌នាម​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល​បរិវារ គឺ​ជា​ព្រះ​នៃ​ពួក​ពល​សាសន៍​អ៊ីស្រា‌អែល ដែល​ឯង​បាន​ប្រកួត​នឹង​គេ​នោះ
46 នៅ​ថ្ងៃ​នេះ ព្រះ‌យេហូវ៉ា​នឹង​ប្រគល់​ឯង​មក​ក្នុង​កណ្តាប់​ដៃ​នៃ​អញ​ហើយ អញ​នឹង​វាយ​ឯង ហើយ​និង​កាត់​យក​ក្បាល​ឯង​ទៅ នៅ​ថ្ងៃ​នេះ អញ​នឹង​ឲ្យ​ខ្មោច​នៃ​ពួក​ទ័ព​ភីលីស្ទីន​ដល់​សត្វ​ហើរ​នៅ​លើ​អាកាស និង​ដល់​សត្វ​ព្រៃ​នៅ​ផែនដី​វិញ ដើម្បី​ឲ្យ​ផែនដី​ទាំង​មូល​បាន​ដឹង​ថា មាន​ព្រះ​នៅ​ខាង​ពួក​អ៊ីស្រា‌អែល​ពិត
47 ហើយ​ឲ្យ​ជំនុំ​មនុស្ស​ទាំង​នេះ​បាន​ដឹង​ថា ព្រះ‌យេហូវ៉ា​ទ្រង់​មិន​ជួយ​សង្គ្រោះ​ដោយ‌សារ​ដាវ ឬ​លំពែង​ទេ ដ្បិត​ចម្បាំង​នេះ​ស្រេច​នៅ​ព្រះ‌យេហូវ៉ា​វិញ គឺ​ទ្រង់​នឹង​ប្រគល់​ឯង​រាល់​គ្នា​មក​ក្នុង​កណ្តាប់​ដៃ​នៃ​យើង
48 កាល​សាសន៍​ភីលីស្ទីន​ម្នាក់​នោះ​បាន​ចូល​មក​ជិត ដើម្បី​ជួប​នឹង​ដាវីឌ​ហើយ នោះ​ដាវីឌ​ក៏​ប្រញាប់‌ប្រញាល់​រត់​ចូល​ទៅ​ខាង​គេ ដើម្បី​ជួប​គ្នា
49 ទើប​លូក​ដៃ​ទៅ​ក្នុង​យាម ចាប់​យក​ក្រួស​១​គ្រាប់​បាញ់​ទៅ ត្រូវ​ចំ​ត្រង់​ថ្ងាស​នៃ​សាសន៍​ភីលីស្ទីន​នោះ ទ្រុឌ​ចូល​ទៅ​ក្នុង​ថ្ងាស ហើយ​វា​ដួល​ផ្កាប់​មុខ​នៅ​ដី​ទៅ។
50 ដូច្នេះ ដាវីឌ​បាន​ឈ្នះ​សាសន៍​ភីលីស្ទីន​ម្នាក់​នោះ ដោយ‌សារ​តែ​ខ្សែ​ដង្ហក់ និង​ក្រួស​១​គ្រាប់​ប៉ុណ្ណោះ គឺ​បាន​ប្រហារ​សាសន៍​ភីលីស្ទីន​នោះ​ឲ្យ​ស្លាប់​ទៅ ដោយ​ឥត​មាន​កាន់​ដាវ​នៅ​ដៃ​ឡើយ
51 រួច​ក៏​រត់​ទៅ​ឈរ​នៅ​លើ​វា ចាប់​ហូត​យក​ដាវ​របស់​វា​ចេញ​ពី​ស្រោម​មក​សម្លាប់​វា​ទៅ ព្រម​ទាំង​កាត់​បណ្តាច់​ក្បាល​ចេញ កាល​ពួក​ទ័ព​ភីលីស្ទីន​បាន​ឃើញ​ថា ទាហាន​ដំណាង​របស់​គេ​បាន​ស្លាប់​ហើយ នោះ​គេ​ក៏​រត់​អស់​រលីង​ទៅ
52 ឯ​ពួក​អ៊ីស្រា‌អែល និង​ពួក​យូដា​ក៏​ក្រោក​ឡើង​ស្រែក​ហ៊ោ​ទាំង​អស់​គ្នា ដេញ​តាម​ពួក​ភីលីស្ទីន​ទៅ​ក្នុង​វាល​ច្រក​ភ្នំ រហូត​ដល់​ទ្វារ​ក្រុង​អេក្រុន ហើយ​ពួក​ភីលីស្ទីន​ដែល​ត្រូវ​របួស គេ​ក៏​ដួល​តាម​ផ្លូវ​ដែល​ទៅ​ឯ​ស្អារ៉ែម រហូត​ដល់​ក្រុង​កាថ និង​ក្រុង​អេក្រុន
53 នោះ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល គេ​វិល​ត្រឡប់​ពី​ដេញ​តាម​ពួក​ភីលីស្ទីន​មក​វិញ ចូល​ប្លន់​ទី​បោះ​ទ័ព​របស់​គេ
54 ចំណែក​ដាវីឌ​ក៏​យក​ក្បាល​នៃ​សាសន៍​ភីលីស្ទីន​នោះ នាំ​ទៅ​ដល់​ក្រុង​យេរូ‌សាឡឹម ឯ​គ្រឿង​ប្រដាប់​វា​ទាំង​ប៉ុន្មាន នោះ​ក៏​យក​ទៅ​ទុក​នៅ​ក្នុង​ត្រសាល​របស់​ខ្លួន។
55 រីឯ​កាល​សូល​ទ្រង់​ឃើញ​ដាវីឌ​ចេញ​ទៅ​ទាស់​នឹង​សាសន៍​ភីលីស្ទីន នោះ​ក៏​សួរ​អ័ប៊ី‌នើរ​ជា​មេ‌ទ័ព​ទ្រង់​ថា អ័ប៊ី‌នើរ​អើយ តើ​ក្មេង​នោះ​ជា​កូន​អ្នក​ណា អ័ប៊ី‌នើរ​ទូល​ឆ្លើយ​ថា ឱ​ព្រះ‌ករុណា​អើយ ទូល‌បង្គំ​ស្បថ​ដោយ​នូវ​ព្រះ‌ជន្ម​ទ្រង់​ដ៏​រស់​នៅ​ថា ទូល‌បង្គំ​មិន​ដឹង​សោះ​ឡើយ
56 ស្តេច​ក៏​បង្គាប់​ថា ចូរ​ស៊ើប​សួរ​មើល តើ​ក្មេង​ជំទង់​នេះ​ជា​កូន​អ្នក​ណា
57 ដូច្នេះ កាល​ដាវីឌ​បាន​ត្រឡប់​មក​ពី​សម្លាប់​សាសន៍​ភីលីស្ទីន​វិញ នោះ​អ័ប៊ី‌នើរ​ក៏​នាំ​ចូល​មក​នៅ​ចំពោះ​សូល មាន​ទាំង​ក្បាល​នៃ​សាសន៍​ភីលីស្ទីន​នោះ​កាន់​នៅ​ដៃ
58 សូល​ទ្រង់​សួរ​ថា អ្នក​កំលោះ​អើយ តើ​ឯង​ជា​កូន​អ្នក​ណា នោះ​ដាវីឌ​ទូល​ឆ្លើយ​ថា ទូល‌បង្គំ​ជា​កូន​របស់​អ៊ីសាយ ជា​អ្នក​បម្រើ​ទ្រង់ ដែល​នៅ​ក្រុង​បេថ្លេ‌ហិម។